ប្រមុខដឹកនាំកម្ពុជា និងម៉ាឡេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ពីរ ក្នុងនោះមានអនុស្សរណៈយោគយល់គ្នាពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្តីពីការចៀសវាងយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចវេះពន្ធលើប្រាក់ចំណូល។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងអំឡុងពេលលោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ កញ្ញា។
សេចក្តីថ្លែងការណ៍រួមអំពីដំណើរទស្សកិច្ចផ្លូវការនេះ មេដឹកនាំប្រទេសទាំងពីរគឺ កម្ពុជា និងម៉ាឡេស៊ី បានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមមានពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍ ឧស្សាហកម្មហាឡាល (Halal) ការពារជាតិ និងសន្តិសុខ ទេសចរណ៍ កសិកម្ម និងការអប់រំ។ មេដឹកនាំទាំងពីរក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ ពិសេស ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ដើម្បីទប់ស្កាត់បញ្ហាប្រឈមសន្តិសុខ និងការគំរាមកំហែងក្នុងតំបន់។ យ៉ាងណាក៏ដោយ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយថា តើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ បានលើកឡើងជាមួយលោក ហ៊ុន សែន អំពីបញ្ហាមន្ទិលសង្ស័យកាន់តែខ្លាំងឡើងជុំវិញរឿងលទ្ធភាពដែលកម្ពុជាអាចអនុញ្ញាតឲ្យមហាយក្សចិន ដាក់វត្តមានយោធារបស់ខ្លួននៅលើទឹកដីកម្ពុជា យ៉ាងណានោះទេ។ អាស៊ីសេរី កំពុងទាក់ទងទៅស្ថានទូតម៉ាឡេស៊ីប្រចាំក្រុងភ្នំពេញ ដើម្បីបញ្ជាក់ពីបញ្ហានេះ។
ថ្នាក់ដឹកនាំទាំងពីរគ្រាន់តែគូសបញ្ជាក់ថា បញ្ហាសំខាន់ៗ មួយចំនួនក្នុងតំបន់ ដែលពួកគេបានលើកយកមកជជែកគ្នា រួមមានបញ្ហានៅសមុទ្រចិនខាងត្បូង បញ្ហាសន្តិសុខនាវាចរណ៍នៅតំបន់ច្រកម៉ាឡាកា បញ្ហានៅវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាក់ឃីន របស់ប្រទេសមីយ៉ាន់ម៉ា និងបញ្ហាប្រទេសទីម័រខាងកើត សុំចូលជាសមាជិកភាពនៃសមាគមអាស៊ានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។