កម្ពុជា​ស្នើ​អាមេរិក​ពិនិត្យ​លទ្ធភាព​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» រួមគ្នា​ឡើង​វិញ

0:00 / 0:00

អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​លោក វង្ស ពិសេន បាន​ស្នើ​ដល់​សហរដ្ឋអាមេរិក (US) ឱ្យ​ពិនិត្យ​មើល​លទ្ធភាព​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» និង​សមយុទ្ធ​ទេវតា​ប៉ាស៊ីហ្វិក (Pacific Angel) រួម​គ្នា​ឡើង​វិញ។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​យល់​ថា សំណើ​របស់​កម្ពុជា​នេះ​អាច​ជា​សញ្ញា​វិជ្ជមាន​មួយ ដើម្បី​បញ្ចៀស​កម្ពុជា​កុំ​ឱ្យ​បន្ត​ផ្ដេកផ្ដួល និង​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន (China) ដូច​ពេល​បច្ចុប្បន្ន។

កម្ពុជា​បាន​ស្នើ​សុំ​សហរដ្ឋ​អាមេរិក​មើល​លទ្ធភាព​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» ឡើងវិញ​ក្នុង​គ្រា​ដែល​អាមេរិក​កំពុង​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​រួម​គ្នា និង​បារម្ភ​អំពី​កំណើន​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។

អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​លោក វង្ស ពិសេន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី១៨ ខែធ្នូ​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​បង្រួបបង្រួម​ជាតិ ការ​កសាង និង​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា​នា​ទសវត្សរ៍​ឆ្នាំ៩០ និង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា​ច្រើន​វិស័យ។ លោក វង្ស ពិសេន បាន​ស្នើ​សហរដ្ឋអាមេរិក បង្កើន​វគ្គ​បណ្ដុះបណ្ដាល​ដល់​កងយោធពលខេមរភូមិន្ទ និង​ពិនិត្យ​លទ្ធភាព​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួម​ឡើង​វិញ​ដូច​ជា សមយុទ្ធ​ឆ្មាំ​អង្គរ (Angkor Sentinels) និង​សមយុទ្ធ​ទេវតា​ប៉ាស៊ីហ្វិក (Pacific Angel) ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ទប់ស្កាត់​រាល់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​បន្ត​រុក​រក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​បាត់​ខ្លួន​ក្នុង​ទឹកដី​កម្ពុជា។ ក្រៅ​ពី​នេះ លោក​ក៏​បាន​ស្នើ​ដល់​ភាគី​រដ្ឋាភិបាល​អាមេរិក​បង្កើត​ក្រុម​ការងារ កិច្ច​សន្ទនា​ទ្វេភាគី ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្រប់​កម្រិត និង​គ្រប់​ប្រភេទ​កងទ័ព។

លោក វង្ស ពិសេន ដាក់​សំណើ​ទៅ​សហរដ្ឋ​អាមេរិក​បែប​នេះ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​មេបញ្ជាការ​ប្រចាំ​នៅ​បញ្ជា​ការដ្ឋាន​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក លោក ស៊ែមញូល ផាផារ៉ូ(Samuel J. Paparo) នៅ​ពេល​ដែល​លោក​មក​បំពេញ​ទស្សនកិច្ច និង​ជួប​ថ្នាក់​ដឹកនាំ​កម្ពុជា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៃ​ការ​លើក​កម្ពស់​ស្ថិរភាព​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃ​ទី១៨ ខែធ្នូ។

Samuel_Paparo_US_Indo_Pacific_Commander_(L)_meets_Vong_Pisen_Commander_in_Chief_of_RCAF_121824_1.jpg
(ឆ្វេង) លោក ស៊ែមញូល ផាផារ៉ូ (Samuel J. Paparo) មេបញ្ជាការ​ប្រចាំ​នៅ​បញ្ជា​ការដ្ឋាន​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និងលោក វង្ស ពិសេន អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​​ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ ​នៅ​ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ​រូបថត៖ ហ្វេសប៊ុក​អគ្គ​មេបញ្ជាការ​ដ្ឋាន នៃ​កងយោធពលខេមរភូមិន្ទ​​

លោក វង្ស ពិសេស ឱ្យ​ដឹង​ថា ជា​ការ​ឆ្លើយតប លោក សាមូអែល ជេ.ប៉ាប៉ារូ បាន​បញ្ជាក់​ពី​គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​លោក​មក​កម្ពុជា​ក្នុង​បំណង​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ការ​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​ឡើង​វិញ​ដូច​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ខែមិថុនា។ លោក វង្ស ពិសេន អះអាង​ថា លោក សាមូអែល ជេ.ប៉ាប៉ារូ ក៏​បាន​បង្ហាញ​ពី​បំណង​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​កងទ័ព​ប្រទេស​ទាំង​ពីរ​ដែរ​ជាពិសេស ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា និង​វិស័យ​ផ្សេង​ទៀត​ដូចជា វិស័យ​ការពារ​ជាតិ ការ​ទប់ស្កាត់​គ្រោះ​មហន្តរាយ ការ​បំផ្លាញ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ការ​បោសសម្អាត​គ្រាប់​មីន និង​ការ​បណ្ដុះបណ្ដាល​ជា​ដើម ដែល​កម្ពុជា និង​អាមេរិក មាន​ឱកាស​ជា​ច្រើន​នៅ​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ជាមួយ​គ្នា។

នេះ គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​លោក វង្ស ពិសេន បាន​ស្នើ​ចំៗ សុំ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​មើល​លទ្ធភាព​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា «ឆ្មាំអង្គរ» រួម​គ្នា​ឡើង​វិញ បន្ទាប់​ពី​កម្ពុជា​បាន​ប្រកាស​លុប​ចោល​ដោយ​ខ្លួន​ឯង​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» ជាមួយ​សហរដ្ឋអាមេរិក និង​សមយុទ្ធ «ដនគោព្រៃ» ជាមួយ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ២០១៧។ បន្ទាប់​ពី​លុប​ចោល​ការ​ធ្វើ​ការ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក និង​អូស្ត្រាលី កម្ពុជា​បែរ​ជា​បើក​ដៃ​ឱ្យ​ចិន​ក្នុង​ការ​សម្ញែង​ឥទ្ធិពល​យោធា​នៅ​កម្ពុជា​កាន់​តែ​ខ្លាំង​តាមរយៈ​ការ​ធ្វើ​សមយុទ្ធ «នាគ​មាស» ស្ទើរ​ជា​រៀងរាល់​ឆ្នាំ​ដែល​ភាគី​កម្ពុជា និង​ចិន​អះអាង​ថា ធ្វើ​ឡើង​ស្រប​តាម​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។

សមយុទ្ធ​យោធា «នាគមាស» ប្រចាំ​ឆ្នាំ២០២៤ លើក​ទី៦ កាល​ពី​ខែឧសភា មាន​កងទ័ព​កម្ពុជា និង​ចិន ជាង ២ពាន់​នាក់ (២.០៧៥នាក់) ចូល​រួម​ក្នុង​ប្រតិបត្តិការ​ហ្វឹកហ្វឺន​រួម​គ្នា​ទាំង​នៅ​លើ​គោក បាញ់​កាំភ្លើង​គ្រាប់​ពិត បោសសម្អាត​ជំរំ​ភេរវករ និង​ប្រឆាំង​ដ្រូន (Drone) ស៊ើប​ការណ៍​សត្រូវ​ជាដើម។ រីឯ​ប្រតិបត្តិការ​ហាត់​សម​នៃ​កងទ័ព​ជើង​ទឹក​នៅ​កំពង់ផែ​ស្វយ័ត ក្នុង​ខេត្តព្រះសីហនុ កង​ទ័ព​កម្ពុជា និង​ចិន​បាន​ហាត់​សម​ការ​ប្រើប្រាស់​នាវា​ចម្បាំង​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ និង​ការ​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង។ កម្ពុជា និង​ចិន បាន​ធ្វើ​សមយុទ្ធ​យោធា​ចំនួន ៧លើក​មក​ហើយ។ កម្ពុជា​ក៏​មាន​បំណង​សុំ​ឱ្យ​ប្រទេស​ចិន​រៀបចំ​ការ​ធ្វើ​សមយុទ្ធ​យោធា​នៅ​លើ​លម្ហ​ដែន​អាកាស​រួម​គ្នា​ដែរ។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សំណើ​របស់​កម្ពុជា​សុំ​ឱ្យ​អាមេរិក​ពិនិត្យ​លើ​ការ​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ឡើង​វិញ​នេះ គឺជា​សញ្ញា​វិជ្ជមាន​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ខ្លួន​ឯង​អាច​រក្សា​បាន​តុល្យភាព​នៃ​ទំនាក់ទំនង​រវាង​មហា​អំណាច​អាមេរិក និង​ចិន​ដែល​កំពុង​ប្រកួតប្រជែង​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ។ ទោះ​ជា​យ៉ាងណា​ក្ដី លោក​ថា ការ​សម្រេច​ចិត្ត​របស់​អាមេរិក​អាច​មាន​រយៈពេល​យូរ​សម្រាប់​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ឡើង​វិញ​នេះ ដោយសារ​តែ​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​តែ​ត្រូវ​បាន​អាមេរិក​ជំរុញ និង​សម្ដែង​កង្វល់​ស្នើ​ឱ្យ​មាន​ការ​ស្ដារ​ស្ថានភាព​ឱ្យ​ល្អ​ប្រសើរ។

លោក ឯម សុវណ្ណារ៉ា៖«ការ​ស្នើ​ពី​ភាគី​កម្ពុជា​វា​ត្រូវ​ការ​ពេលវេលា​ត្រូវ​ការ​យន្តការ​មួយ​ចំនួន មុន​ពេល​ឈាន​មាន​សមយុទ្ធ​យោធា​រៀប​ចំ​ឡើង​វិញ ព្រោះ​វា​ត្រូវការ​ឡើងវិញ​វា​ត្រូវ​ការ​ឆ្លើយឆ្លង​គ្នា​បាន​ន័យ​ថា ការណ៍​ដែល​ភាគី​សហរដ្ឋ​អាមេរិក​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន ឧទាហរណ៍ លម្ហ​នយោបាយ​ទល់​តែ​មាន​ការ​ឆ្លើយតប​ទៅ​វិញ​ទៅ​មក​ដែរ ប្រសិន​ស្នើ​តែ​យើង ហើយ​គេ​លើក​ឡើង​មក គេ​ទាមទារ​ឱ្យ​យើង​បើក​លំហ​សេរីភាព យើង​មិន​ឆ្លើយតប មិន​ប្រាកដ​ថា វា​ជា​ចំណុច​វិជ្ជមាន​ទាំង​អស់​ទេ ប៉ុន្តែ​វា​ជា​ចំណុច​ទៅ​មុខ​ហើយ។ អ្វី​ដែល​ចាំ​បាច់​ហ្នឹង​កម្ពុជា​ត្រូវ​ពង្រឹង ឬ​ពង្រីក​ទំនាក់ទំនង​ជាមួយ​លោក​ខាង​លិច​ជា​សហរដ្ឋអាមេរិក​ជាដើម ហើយ​ម្យ៉ាង​ទៀត​វា​ជា​កិច្ចការ​ចាំ​បាច់​ដែល​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ទីផ្សារ​សហរដ្ឋអាមេរិក»។

រីឯ អ្នក​សិក្សា​បញ្ហា​សង្គម និង​នយោបាយ លោក ប៉ោ មករា ចាត់​ទុក​កិច្ច​ពិភាក្សា​រវាង​ក្រុម​មន្ត្រី​កម្ពុជា និង​អាមេរិក​ចុង​ក្រោយ​នេះ​គឺ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ដើម្បី​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់​ទំនង​វិស័យ​ការពារ​ជាតិ​ឡើង​វិញ។ លោក​កត់​សម្គាល់​ថា ក្នុង​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​ក្របខ័ណ្ឌ​យោធា និង​សន្តិសុខ​មិន​សូវ​មាន​សន្ទុះ​ខ្លាំងក្លា ដូច​ដែល​កម្ពុជា​ប្រឹងប្រែង​កសាង​ទំនាក់​ទំនង​ជាមួយ​ចិន​នោះ​ទេ ដែល​ជា​ហេតុ​បង្ក​ជា​ភាព​តានតឹង និង​ក្ដី​បារម្ភ​ពី​វត្តមាន​ឥទ្ធិពល​ចិន និង​រង​ការ​រិះគន់​អំពី​ជំហរ​នយោបាយ​កម្ពុជា​គ្មាន​ភាព​ឯករាជ្យ និង​អព្យាក្រឹត្យ។

លោក ប៉ោ មករា៖«យើង​អាច​និយាយ​បាន​ថា នៅ​ពេល​នេះ​បង្ហាញ​ពី​ភាព​ធ្វើ​ឱ្យ​មាន​តុល្យភាព​ក្នុង​ទំនាក់ទំនង​កម្ពុជា-សហរដ្ឋអាមេរិក ជាពិសេស​យើង​មើល​បញ្ហា​កន្លង​មក​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​ដាក់​ក្ដី​បារម្ភ​ពាក់ព័ន្ធ​ក្ដី​បារម្ភ​យោធា​របស់​ចិន​នៅ​កម្ពុជា អ៊ីចឹង​ចំណុច​ហ្នឹង​វា​គ្រាន់​តែ​បង្ហាញ ដើម្បី​ឱ្យ​កម្ពុជា​ចាប់ផ្ដើម​ត្រួត​ពិនិត្យ​អំពី​តុល្យភាព​នៃ​ទំនាក់ទំនង​រវាង​មហា​អំណាច​ទាំង​ពីរ[អាមេរិក និង​ចិន]»។

ក្រុម​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ​លើកឡើង​ថា ដោយសារ​តែ​កំណើន​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា​បែប​នេះ​ហើយ​ដែល​ជា​ចំណុច​ស្នូល​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ចាប់ផ្ដើម​ស្វែងរក​ឱកាស ដើម្បី​ស្ដារ​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​ជាមួយ​មិត្ត​ដែកថែប​ចិន គឺ​កម្ពុជា​ឡើងវិញ។ ពួកគេ​វាយ​តម្លៃ​ថា ជំហរ​អាមេរិក​បែប​នេះ គឺជា​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន កុំ​ឱ្យ​ផ្ដេកផ្ដួល​ទៅ​ចិន​តែ​ម្ខាង និង​ដើម្បី​ទប់ទល់​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា និង​នៅ​ក្នុង​តំបន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។