មន្ត្រីរដ្ឋាភិបាលកម្ពុជាសម្ដែងមោទនភាពដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសហរដ្ឋអាមេរិកអញ្ជើញឱ្យទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលអាចប្រព្រឹត្តទៅនៅសេតវិមានប្រធានាធិបតី (White House) នៅរដ្ឋធានីវ៉ាស៊ីនតុន (White House) នាពេលខាងមុខនេះ។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថា បើកុំតែកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន ឬដើម្បីក្របខ័ណ្ឌតំបន់នោះទេ នោះសហរដ្ឋអាមេរិកក៏នឹងមិនអញ្ជើញមេដឹកនាំដែលមានប្រវត្តិរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរូបនេះ ជាលក្ខណៈទ្វេភាគី ឬក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋនោះដែរ ជាពិសេសស្របពេលដែលសហរដ្ឋអាមេរិកកំពុងដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។
បើទោះបីជាគិតរហូតមកទល់ពេលនេះ គេនៅមិនទាន់ប្រាកដនៅឡើយថា តើកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនេះ អាចនឹងត្រូវធ្វើឡើងនៅពេលណា និងនៅទីកន្លែងណាជាក់លាក់ក៏ដោយ ក៏មន្ត្រីរដ្ឋាភិបាលកម្ពុជាបានឆ្លៀតឱកាសប្រើប្រាស់លិខិតដំបូងរបស់ប្រធានាធិបតីអាមេរិក យកមកឃោសនាសម្ដែងមោទនភាពរបស់កម្ពុជា ខណៈទណ្ឌកម្មដែលអាមេរិកដាក់មកលើមន្ត្រីរដ្ឋាភិបាលកម្ពុជានៅមិនបាត់ចំហាយក្តៅនៅឡើយផងនោះ។
មន្ត្រីកម្ពុជាដែលធ្លាប់តែប្រើប្រាស់វោហាស័ព្ទប្រឆាំងអាមេរិក និងថ្លែងកោតសរសើរមិត្តដែកថែបចិនមិនដាច់ពីមាត់នោះ ឥឡូវនេះលោកប្រកាសថា ការអញ្ជើញរបស់អាមេរិកនេះជាមោទនភាពរបស់កម្ពុជា។
មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៨ ខែកុម្ភៈ ដោយអះអាងថា នេះគឺជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលសហរដ្ឋអាមេរិកអញ្ជើញមេដឹកនាំកម្ពុជាឱ្យទៅចូលរួមប្រជុំដល់សេតវិមានរបស់ប្រធានាធិបតីអាមេរិក។ លោកបន្តថា នេះគឺជាមោទនភាពមួយរបស់កម្ពុជា៖ « ដូច្នេះនេះជាលើកទីមួយរបស់ប្រវត្តិសាស្ត្ររបស់កម្ពុជា ថ្នាក់ដឹកនាំកម្ពុជាតាំងពី១៩៥៣មក គឺកម្ពុជាមិនដែលមានថ្នាក់ដឹកនាំរបស់កម្ពុជាទៅចូលក្នុង White House [ សេតវិមាន ] នោះទេ។ នេះគឺជាលើកទីមួយជាមោទនភាពរបស់កម្ពុជាដែលមានថ្នាក់ដឹកនាំរបស់កម្ពុជាចូលទៅធ្វើកិច្ចការជាមួយប្រធានាធិបតីរបស់សហរដ្ឋអាមេរិក »។
ការអះអាងរបស់មន្ត្រីនាំពាក្យរដ្ឋាភិបាលរូបនេះ ធ្វើឡើងនៅរយៈពេលប៉ុន្មានថ្ងៃក្រោយរដ្ឋាភិបាលបានបញ្ចេញខ្លឹមសារទាំងស្រុងនៃលិខិតឆ្លើយឆ្លងរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើតាមរដ្ឋាភិបាលកម្ពុជា លិខិតរបស់ប្រធានាធិបតីអាមេរិកនេះ ធ្វើឡើងតាំងពីពាក់កណ្តាលខែមករា គឺក្រោយពេលដែលលោក ហ៊ុន សែន ជម្នះទៅធ្វើទស្សនកិច្ចដ៏ចម្រូងចម្រាសទៅជួបមេដឹកនាំរបបសឹកភូមា។ លិខិតនោះ បញ្ជាក់ពីចេតនារបស់ប្រធានាធិបតីអាមេរិកក្នុងការអញ្ជើញក្រុមមេដឹកនាំអាស៊ានទាំងអស់ គឺមិនមែនតែលោក ហ៊ុន សែន ម្នាក់ឯងឡើយឱ្យមកចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតុន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ដោយមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយ។
វិទ្យុអាស៊ីសេរី កំពុងទាក់ទងក្រសួងការបរទេសអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតុន ដើម្បីសុំការបញ្ជាក់បន្ថែមពីពេលវេលា និងទីកន្លែងជាក់លាក់នៃកិច្ចប្រជុំពិសេសនេះ។ ក៏ប៉ុន្តែ នៅពុំទទួលបានការឆ្លើយតបនៅឡើយគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា យល់ថា កម្ពុជាមិនគួរប្រញ៉ាប់បង្ហាញពីមោទនភាពនោះទេ ពីព្រោះនេះ គឺជាការអញ្ជើញទៅចូលរួមកិច្ចប្រជុំជាលក្ខណៈពហុភាគីសម្រាប់តំបន់ទាំងមូល មិនមែនសម្រាប់កម្ពុជាតែឯងនោះទេ៖ «បើយើងនិយាយនៅក្នុងក្របខ័ណ្ឌតំបន់ កម្ពុជាគឺជាប្រធានអាស៊ាន ហើយសហរដ្ឋអាមេរិកចង់បាននយោបាយមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គឺឥណ្ឌូប៉ាស៊ីហ្វិក។ ដូច្នេះហើយ វាគឺជាតំបន់មួយដែលត្រួតស៊ីគ្នារវាងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ហើយនឹងគំនិតផ្តួចផ្តើម BRI របស់ចិន។ ប៉ុន្តែ ប្រសិនបើក្នុងក្របខ័ណ្ឌទ្វេភាគី ខ្ញុំគិតថា កម្ពុជាពុំទាន់អាចប្រកូកប្រកាសថា ជាមោទនភាពសម្រាប់ក្នុងការដែលសហរដ្ឋអាមេរិកអញ្ជើញមេដឹកនាំកម្ពុជាទៅ White House ទេ ក្នុងលក្ខណៈទ្វេភាគី»។
មោទនភាពដែលមន្ត្រីកម្ពុជាលើកឡើងនេះ កើតមានឡើងក្នុងពេលដែលសហរដ្ឋអាមេរិកបានបន្តដាក់ទណ្ឌកម្មជាក់លាក់មកលើមន្ត្រីជាន់ខ្ពស់កម្ពុជាជាបន្តបន្ទាប់ស្ទើរតែរៀងរាល់ឆ្នាំចាប់តាំងពីមានការរម្លាយគណបក្សសង្គ្រោះជាតិមក។ យ៉ាងហោចណាស់ មន្ត្រីនិងមេឈ្មួញកម្ពុជា ចំនួន៥នាក់ ព្រមទាំងសមាជិកសាច់ញាតិបង្កើតនៃក្រុមគ្រួសារ និងក្រុមហ៊ុនរបស់ពួកគេ ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មបន្ថែមលើការរឹតត្បិតការលក់សព្វាវុធមកឱ្យកម្ពុជាផងដែរ។ លើសពីនេះទៀត កាលពីចុងឆ្នាំ២០២១ សហរដ្ឋអាមេរិកក៏បានណែនាំដល់ក្រុមហ៊ុន និងវិនិយោគិនជនជាតិអាមេរិកាំងទាំងអស់ឱ្យប្រុងប្រយ័ត្នមុននឹងមកវិនិយោគលើវិស័យហានិភ័យមួយចំនួននៅកម្ពុជា ជាពិសេសវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងវិស័យកម្មន្តសាល និងឈើហ៊ុប ជាដើម ព្រោះថា វិស័យទាំងនោះអាចជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស សកម្មភាពឧក្រិដ្ឋ ឬអំពើពុករលួយ។
ក្នុងអាណត្តិរដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន ជាងមួយឆ្នាំមកនេះ មន្ត្រីជាន់ខ្ពស់បំផុតដែលអាមេរិកបានបញ្ជូនមកកម្ពុជា គឺមានត្រឹមអនុរដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះ ហើយសហរដ្ឋអាមេរិកក៏មិនដែលអញ្ជើញប្រមុខការទូតលោក ប្រាក់ សុខុន ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនិងរដ្ឋ ឬជាលក្ខណៈទ្វេភាគីនោះដែរ។ ម្តងម្កាល គេឃើញលោក ហ៊ុន សែន មានវត្តមាននៅលើទឹកដីអាមេរិក តែនៅពេលមានមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅបូរីញូវយ៉ក (New York) ប៉ុណ្ណោះ ជាទីដែលមេដឹកនាំពិភពលោកទូទៅរួមទាំងមេដឹកនាំផ្តាច់ការផងអាចទៅចូលរួមប្រជុំបានក្នុងនាមជាតំណាងរបស់ប្រទេសឬដែនដីរបស់ពួកគេ។
សហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកជាលើកដំបូង នៅឆ្នាំ២០១៦ ក្នុងអាណត្តិរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barak Obama) ដែលកាលនោះ លោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំមួយរូបនៃប្រទេសសមាជិកអាស៊ានក៏ត្រូវបានអាមេរិកអញ្ជើញឱ្យមកចូលរួមកិច្ចប្រជុំនេះដែរ។
កិច្ចប្រជុំនោះ ធ្វើឡើងនៅមជ្ឈមណ្ឌល សាន់នីឡែនស៍ (Sunnylands) នៅរដ្ឋកាលីហ្វ័រញ៉ា (California)។ កិច្ចប្រជុំនោះទៀតសោត មិនត្រូវបានធ្វើនៅវិមានប្រធានាធិបតីនៅរដ្ឋធានីវ៉ាស៊ីនតុនឡើយ។ កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនេះ ធ្វើឡើងក្រោយពេលសហរដ្ឋអាមេរិក និងអាស៊ានបានសម្រេចលើកកម្ពស់ទំនាក់ទំនងនេះឱ្យក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ កិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកចុងក្រោយ ដែលគ្រោងធ្វើនៅទីក្រុង ឡាស វេហ្គាស (Las Vegas) នៃរដ្ឋណេវ៉ាដា (Nevada) នៅខែមីនា ឆ្នាំ២០២០ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ត្រូវបានលុបចោលទៅវិញដោយសារវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។
អ្នកជំនាញច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិកញ្ញា សេង ធារី យល់ថា សហរដ្ឋអាមេរិករៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយក្រុមមេដឹកនាំអាស៊ាននេះឡើង គឺក្នុងគោលដៅដើម្បីរក្សាផលប្រយោជន៍របស់អាមេរិកក្នុងតំបន់អាស៊ានដើម្បីទប់ទល់ជាមួយនឹងឥទ្ធិពលរបស់ចិន។ កញ្ញាបន្តថា រដ្ឋាភិបាលអាមេរិកអាចនឹងពិចារណាលុបចោលកិច្ចប្រជុំនេះ ប្រសិនបើមានការដាក់សម្ពាធពីពលរដ្ឋអាមេរិកាំង តំណាងរាស្ត្រ និងសង្គមស៊ីវិលនៅអាមេរិកជាដើម៖ « វាទាក់ទងទៅលើសម្ពាធរបស់ប្រជាជនអាមេរិក ពិសេសខ្មែរអាមេរិកាំង អង្គការសង្គមស៊ីវិលដូច យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) នៅ ក្នុងការដាក់សម្ពាធទៅលើរដ្ឋាភិបាល ចូបៃ ឌិន ឱ្យគាត់យល់ដឹងថា គាត់អាចអាម៉ាស់មុខនៅក្នុងការចូលរួម នៅក្នុងការស្វាគមន៍លោក ហ៊ុន សែន មកកិច្ចប្រជុំកំពូលនេះ។ រឿងនេះវាស៊ីសងសម្ពាធពីសង្គមស៊ីវិល ហើយនឹងប្រជាពលរដ្ឋខ្មែរអាមេរិកាំង ឬពលរដ្ឋអាមេរិកាំងទាំងមូលតែម្តង។ យើងអត់ទាន់ដឹងទេ»។
ចំណែកឯអ្នកជំនាញកិច្ចការអន្តរជាតិមួយរូបទៀត គឺបណ្ឌិត អៀ សុផល លោកពន្យល់ថា សហរដ្ឋអាមេរិកមានផលប្រយោជន៍ច្រើនពីទំនាក់ទំនងជាមួយតំបន់អាស៊ានតាមរយៈការរៀបចំកិច្ចប្រជុំកំពូលពិសេសនេះ។ ក្នុងនោះ សហរដ្ឋអាមេរិកចង់ធានាថា ចិនមិនមានឥទ្ធិពលទៅលើអាស៊ានទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខ និងនយោបាយនោះទេ។ សហរដ្ឋអាមេរិកក៏ចង់បានការធានាលើបញ្ហាសេរីភាពនាវាចរណ៍ក្នុងតំបន់សមុទ្រចិនខាងត្បូង បញ្ហាប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមទាំងការរក្សាពាណិជ្ជកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងតំបន់អាស៊ាន និងសហរដ្ឋអាមេរិកជាដើម។
បណ្ឌិត អៀ សុផល បញ្ជាក់ថា ការណ៍ដែលសហរដ្ឋអាមេរិកអញ្ជើញមេដឹកនាំកម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានឱ្យមកចូលរួមកិច្ចប្រជុំពិសេសនេះ គឺជារឿងធម្មតា។ ក៏ប៉ុន្តែអ្នកជំនាញរូបនេះពន្យល់ថា អាមេរិកនឹងមិនអញ្ជើញមេដឹកនាំកម្ពុជាមកជាលក្ខណៈទ្វេភាគីដែលអនុញ្ញាតឱ្យលោក ហ៊ុន សែន អាចទៅប្រជុំក្នុងវិមានប្រធានាធិបតីអាមេរិកនោះឡើយ។ លោកថា ជាការប្រសើរប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើសយកទីកន្លែងប្រជុំផ្សេងខុសពីនៅសេតវិមានរបស់ប្រធានាធិបតីអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
