របប​ក្រុងភ្នំពេញ៖ ប្រជាធិបតេយ្យ​កម្ពុជា កំពុង​រីក​ដុះដាល​តាម​របៀប​ខ្លួន​ឯង

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ អះអាង​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រហស្បតិ៍​ទី៥ កញ្ញា ថា ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា កំពុង​រីក​ដុះដាល​ទៅតាម​របៀប​របស់​ខ្លួន​ឯង។ អ្នកវិភាគ និង​សង្គម​ស៊ីវិល យល់​ថា ការ​ព្យាយាម​បកស្រាយ បែបនេះ គឺ​មិន​អាច​ជួយ​ស្ដារ​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ និង​មុខមាត់​រដ្ឋាភិបាល​សព្វថ្ងៃ​បានទេ ហើយ​កម្ពុជា នៅតែ​ប្រឈម​ការ​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ដដែល។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ងី ចន្ទ្រផល អះអាង​ថា ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​រីក​ដុះដាល​ទៅមុខ​ជានិច្ច ពោល​គឺ​មិនបាន​ដើរ​ថយ​ក្រោយ​​ដូច​ការចោទប្រកាន់​ពី​មជ្ឈដ្ឋាន​មួយ ចំនួន​ឡើយ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «កម្ពុជា ​និង​លទ្ធិប្រជាធិបតេយ្យ​» ដែល​រៀបចំ​ដោយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា លោក ងី ចន្ទ្រផល លើក​ឡើង​​ថា ប្រទេស​ដទៃ​មិន​អាច​ធ្វើជា​គ្រូ​ប្រជាធិបតេយ្យ​របស់​កម្ពុជា ឬ​បង្ខំ​ឱ្យ​កម្ពុជា អនុវត្ត​ប្រជាធិបតេយ្យ​តាមរបៀប​ពួកគេ​ឡើយ ព្រោះ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​​​តាម​របៀប​​របស់​ខ្លួន​។ លោក​បន្ត​ថា ផ្អែក​តាម​កម្លាំង​សេដ្ឋកិច្ច និង ការ​ខិតខំ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ព្រមទាំង​អភិបាលកិច្ច​ជាដើម សុទ្ធតែ​បាន​រួម​ចំណែក ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «តាំងពី​យើង​បោះឆ្នោត​ឆ្នាំ​១៩៩៣ រហូតដល់​បច្ចុប្បន្ន​នេះ ប្រជាធិបតេយ្យ​យើង​មានការ​ជំរុញ​ប្រកបដោយ​ផ្លែផ្កា នីតិរដ្ឋ សេរីភាព​គ្រប់យ៉ាង​របស់​ប្រជាជន សេរីភាព​របស់​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ សកម្មភាព​របស់​បណ្ដាញ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល និង​រាល់​សេវា​សាធារណៈ និង​សុវត្ថិភាព​សំឡេង​ប្រឆាំង​នៃ​ការ​បោះឆ្នោត សុទ្ធតែ​បានការ​ពារ»។

អ្នកវិភាគ​និង​សង្គម​ស៊ីវិល មើល​ឃើញ​ថា ការ​បកស្រាយ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​នេះ គឺ​មិន​ឆ្លុះបញ្ចាំង​ពី​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

អ្នកនាំពាក្យ​សមាគម​ អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា កន្លងមក​គ្មាន​ប្រទេស​ជឿនលឿន​ណាមួយ​បង្ខំ​ឱ្យ​កម្ពុជា​អនុវត្ត​ប្រជាធិបតេយ្យ​តាម​បែប​ពួកគេ​នោះ​ទេ ប៉ុន្តែ​កម្ពុជា ​គួរតែ​អនុវត្ត​តាម​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​ក្នុង​គោលការណ៍​សកល និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​។ លោក ចោទ​ជា​សំណួរ​ថា តើ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រីក​ដុះដាល​យ៉ាង​ដូចម្ដេច ប្រសិនបើ​ស្ថាប័ន​ជាតិ សំខាន់ៗ មិនទាន់​ឯករាជ្យ​ជាពិសេស​អំណាច​ទាំង​បី គឺ​ស្ថាប័ន​​នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និង​តុលាការ មិនទាន់​បែងចែក​ដាក់​ពី​គ្នា​នោះ​។ លោក​មើល​ឃើញ​ថា ការដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​មិនទាន់​គោរព​តាម​រដ្ឋធម្មនុញ្ញ​ពេញលេញ​ហើយ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នៅតែ​កើតមាន​ជា​ហូរហែ ហើយ​មេដឹកនាំ​សព្វថ្ងៃ ចង់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​របស់​ខ្លួន៖ «កាលណា​ការ​អត្ថាធិប្បាយ​បែបនេះ បញ្ជាក់​ថា អត់​បាន​យល់​ដឹង​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​ទេ ជាហេតុ​ធ្វើ​ឱ្យ​មានការ​អនុវត្ត​ខុស​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ ម្ល៉ោះ​ហើយ​កាល​ណា​​អនុវត្ត​ខុស​គន្លង​បែបនេះ គឺ​អត់​មាន​ជះឥទ្ធិពល​អី​ដល់​អ្នក​ដែល​ទទួល​ព័ត៌មាន​ទេ​។ ផ្ទុយទៅវិញ​មាន​ផល​ជះ​ត្រឡប់​ទៅវិញ​បាន​ន័យ​ថា គេ​មើល​ឃើញ​ថា ដោយ​សារតែ​បញ្ហា​ទាំងអស់ នេះ​ហើយ​ទើប​រដ្ឋាភិបាល​ទទួល​រង​ការ​រិះគន់​ពី​សាធារណមតិ​ជាតិ​និង​អន្តរជាតិ»។

រីឯ​អ្នកវិភាគ​នយោបាយ ​និង​អ្នកស្រាវជ្រាវ​ការ​អភិឌ្ឍ​សង្គម លោក បណ្ឌិត មាស នី ថ្លែង​ថា រដ្ឋាភិបាល​មិន​អាច​វាស់វែង និង​អះអាង​តែ​ខ្លួនឯង​ថា ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ត្រឹមត្រូវ​នោះ​ទេ ពោល​គឺ​អ្នក​ឱ្យ​តម្លៃ​លើ​ប្រជាធិបតេយ្យ​គឺ​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ប្រសិនបើ​ប្រជា​ពលរដ្ឋ​ភាគច្រើន មើល​ឃើញ​ថា កម្ពុជា​មិន​ទាន់​មាន​ប្រជាធិបតេយ្យ​ពេញលេញ ដោយសារ​រដ្ឋាភិបាល​រឹតត្បិត​សិទ្ធិ​សេរីភាព​ជួបជុំ និង​ការ​បញ្ចេញមតិ ព្រមទាំង​រំលាយ​គណបក្ស​ដែល​ពួក​គេ បោះឆ្នោត​គាំទ្រ​ជាដើម​នោះ គឺ​រដ្ឋាភិបាល​គួរតែ​កែប្រែ​ឡើងវិញ៖ «យើង​មិន​អាច​យក​ប្រជាធិបតេយ្យ​ទៅ​ភ្ជាប់​នឹង​សេដ្ឋកិច្ច​បាន​ទេ ព្រោះ​ប្រជាធិបតេយ្យ​គឺជា​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​ផ្ទល់​សិទ្ធិ និង​សេរីភាព​ទៅ​ឱ្យ​ប្រជាពលរដ្ឋ។ ប្រទេស​កុម្មុយនិស្ត​ក៏​សេដ្ឋកិច្ច​គេ​រីកចម្រើន​ដែរ។ ចំណុច​ទី​២ យើង​មានការ​ពិបាក​ថា តើ​ខ្នាត​ប្រជាធិបតេយ្យ​នេះ ជា​ខ្នាត​បែប​ណា​មួយ​ដែល​ត្រូវ​នឹង​កម្ពុជា។ យើង​ឃើញ​របប​ខ្មែរ​ក្រហម​ក៏​អះអាង​ថា ប្រជាធិបតេយ្យ​ដែរ​រហូតដល់​ដាក់​ឈ្មោះ​ថា កម្ពុជា​​ប្រជាធិបតេយ្យ​ថែមទៀត​តែ​ទីបំផុត​ស្លាប់​អស់ ២​លាន​នាក់»។

សហគមន៍​ជាតិ និង​អន្តរជាតិ បាន​វាយ​តម្លៃ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាធិបតេយ្យ​នៅ​ក្នុង​កម្ពុជា បាន​ដើរ​ថយក្រោយ ពីព្រោះ​របប​លោក ហ៊ុន សែន បាន​បើក​យុទ្ធនា​ការ​កម្ទេច​បក្ស​ប្រឆាំង និង​បំបិទ​សំឡេង​ឯករាជ្យ​នៅមុន​ការបោះឆ្នោត​មក​ដល់​។ របប​នេះ​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រំលាយ​បក្ស​សង្គ្រោះជាតិ និង​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចំនួន ១១៨​នាក់។ ជាង​នេះ​ទៅ​ទៀត​នោះ របប​នេះ​បាន​យក​អាសនៈ​តំណាងរាស្ត្រ និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាង ៥​ពាន់​អាសនៈ ដែល​ពលរដ្ឋ​ខំ​បោះឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ យក​ទៅ​ចែក​គ្នា​កាន់កាប់ ប្រៀប​ដូចជា​គេ​កាត់​នំ​ចែក​គ្នា​ហូប​យ៉ាង​ដូច្នេះ​ដែរ។ ទន្ទឹម​នឹង​នេះ របប​លោក ហ៊ុន សែន បាន​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ប្ដឹងផ្ដល់ និង​ចាប់ខ្លួន​អ្នក​កាសែត​មួយ​ចំនួន​ដាក់​ពន្ធនាគារ​។ របប​នេះ​ក៏បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ឯករាជ្យ​ផង​ដែរ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ របប​ក្រុងភ្នំពេញ​កម្រ​អនុញ្ញាត​ឱ្យ​ក្រុម​ពលរដ្ឋ និង​សង្គម​ស៊ីវិល ជួប​ប្រជុំ ឬ​តវ៉ា​ដោយ​សន្តិវិធី​ណាស់ ដោយ​យក​លេស​ថា ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម។

គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​អ្នករងគ្រោះ​ដោយសារ​ស្នាដៃ​របប​ក្រុងភ្នំពេញ​នោះ បាន​ចាត់ទុក​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ប្រារព្ធ​ពិធី​មរណភាព​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ជា​ថ្ងៃ​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​របប​ប្រជាធិបតេយ្យ​ត្រូវ​ជំនួស​មកវិញ​ដោយ​ការដឹកនាំ​បែប​ឯក​បក្ស​ខុសច្បាប់ និង​អ​ធម្មនុញ្ញភាព។

សង្គម​ស៊ីវិល​ថា ការដឹកនាំ​ប្រទេស​ដើរ​ថយក្រោយ​ផ្ទុយ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ​នេះ​ហើយ ទើប​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ហើយ​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ក៏​កំពុង​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​រប​ប​ក្រុងភ្នំពេញ​ផង​ដែរ។ ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​ជឿជាក់​ថា មានតែ​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ទេ ទើប​របប​លោក ហ៊ុន សែន និង​ប្រជា​ជាតិខ្មែរ​ទាំងមូល អាច​ចៀស​ផុត​ពី​វិបត្តិ​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច​បាន និង​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​រីកចម្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។