ការ​គ្រប់គ្រង​ដ្រូន «ជា​រឿង​អត់​ប្រយោជន៍ និង​ដើរ​តាម​ល្បិច​​លោក ហ៊ុន សែន បង្វែងដាន​បញ្ហា​ជាតិ​ធំៗ»

0:00 / 0:00

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា ក្រសួង​ចំនួន ៣ស្ថាប័ន​ដែល​ចេញ​ ប្រកាស​ស្ដីពី​ការ​គ្រប់គ្រង និង​ប្រមូល​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ដ្រូន (Drone) គឺជា​រឿង​អត់​ប្រយោជន៍ និង​ដើរ​តាម​ល្បិចកល​របស់​ប្រធាន​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បង្វែង​ដាន​បញ្ហា​ជាតិ​ធំៗ។ ក្រសួង​មហាផ្ទៃ ក្រសួង​កសិកម្ម និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល​បាន​ប្រកាស​ឱ្យ​អ្នក​ប្រើប្រាស់​ដ្រូន​ទាំង​អស់​ធ្វើ​ស្វ័យ​ប្រកាស ឬ​ប្រកាស​ដោយ​ខ្លួន​ឯង​ប្រាប់​ដល់​សមត្ថកិច្ច បន្ទាប់​ពី​លោក ហ៊ុន សែន ថ្មីៗ​នេះ​អះអាង​ថា មាន​គេ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក និង​គ្រួសារ​នៅ​ភូមិគ្រឹះ​ក្នុង​ក្រុង​តាខ្មៅ​តាមរយៈ​យន្ត​ហោះ​ដ្រូន។

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ជំរុញ​ឱ្យ​ស្ថាប័ន​ជំនាញ​ជាពិសេស​ក្រសួងមហាផ្ទៃ និង​ក្រសួងកសិកម្ម ពង្រឹង​យន្តការ និង​ស្វះស្វែង​រក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​សង្គម​ធំៗ​ដូចជា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ (Online) ការ​ជួញដូរ​មនុស្ស និង​ជួយ​រក​ទីផ្សារ​ជូន​កសិករ ឱ្យ​ដូច​ការ​ខិតខំ​ការពារ​សុវត្ថិភាព​ក្រុម​គ្រួសារ​លោក ហ៊ុន សែនដែរ។

អ្នកតាមដានសង្គម៖ លោក ហ៊ុន សែន កំពុង«​ដើរ​តួ​ជា​ជន​រងគ្រោះ»

ទោះ​ជា​យ៉ាងណា អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ​ថា ស្ថាប័ន​ក្រសួង​ចំនួន ៣ដែល​ចេញ​ប្រកាស​អន្តរ​ក្រសួង​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​យន្ត​ហោះ​គ្មាន​មនុស្ស ឬ​ដ្រូន គឺ​ជា​ការ​រៀបចំ​របស់​លោក ហ៊ុន សែន។ លោក គឹម សុខ បន្ថែម​ទៀត​ថា លោក ហ៊ុន សែន កំពុង​ដើរ​តួ​ជា​ជនរងគ្រោះ និង​តែងតែ​ប្រើ​យុទ្ធសាស្ត្រ​ចោទ​អ្នក​ដទៃ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដើម្បី​អាច​ជា​លេស​ពង្រឹង​អំណាច​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន និង​ត្រៀម​ផ្ទេរ​តំណែង​ប្រធាន​គណបក្ស​ប្រជាជន​ឱ្យ​កូន​ប្រុស​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត។

លោក គឹម សុខ៖«ទំនង​គាត់[លោក ហ៊ុន សែន]ត្រៀម​រៀប​ចំ​ឱ្យ​កូន​ប្រុស​របស់​គាត់​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រួច​ហើយ​ក៏​ប្រឌិត​ថា មាន​គេ​ចង់​សម្លាប់​គាត់​គ្រួសារ​គាត់ បង្ខំ​ឱ្យ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​ហ្នឹង​លើក​តំណែង​ឱ្យ​កូន​ប្រុស​របស់​គាត់​ឱ្យ​មាន​អំណាច​កាន់តែ​ធំ​ក្នុង​ការពារ​ខ្លួន នេះ​គឺ​ជា​លេស​របស់​លោក ហ៊ុន សែន។ ដើម្បី​ទប់ទល់​នឹង​សេណារីយ៉ូ​ប្រឌិត​រឿង​របស់​លោក ហ៊ុន សែន មាន​តែ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ការ​តវ៉ា​ឱ្យ​បាន​ខ្លាំងក្លា គណបក្ស​នយោបាយ​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ប្រទេស​បង្កើន​សកម្មភាព​ក្នុង​ការ​ទាមទារ​យុត្តិធម៌»។

ប្រកាស​អន្តរ​ក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​អាកាសយាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូន​ដែល​មាន​ក្រសួង​មហាផ្ទៃ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល កាល​ពី​ថ្ងៃ​ទី១៤ ខែកុម្ភៈ បាន​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​ដ្រូន​ទម្ងន់​ចាប់​ពី ២គីឡូ​ក្រាម​ឡើង​ទៅ​ធ្វើ​សេចក្ដី​ស្វ័យ​ប្រកាស ឬ​ប្រកាស​ដោយ​ខ្លួន​ឯង​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​នៃ​ទីកន្លែង​ដែល​អ្នក​ប្រើប្រាស់​ស្នាក់​នៅ។ ប្រកាស​ដដែល​ក៏​បាន​ហាម​ឃាត់​អ្នក​ប្រើប្រាស់​ដ្រូន​មិន​ឱ្យ​ធ្វើ​សកម្មភាព​បង្ហោះ​នៅ​ទីតាំង​សំខាន់​មួយ​ចំនួន​ប្រសិន​បើ​គ្មាន​ការ​អនុញ្ញាត​មាន​ដូចជា ព្រះបរមរាជវាំង ស្ថាប័នរដ្ឋ មន្ទីរពេទ្យ​សាលារៀន ផ្សារ ពហុកីឡាដ្ឋាន តំបន់​រមណីយដ្ឋាន​អង្គរ បរិវេណ​ប្រាសាទ លំនៅឋាន​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និវេសនដ្ឋាន​ទូត ស្ថានទូត អគ្គ​កុងស៊ុល និង​អង្គការ​អន្តរជាតិ។ ក្រៅ​ពី​នេះ ក្រសួង​ក៏​ហាម​ឃាត់​មិន​ឱ្យ​អ្នក​ប្រើប្រាស់​ដ្រូន​បង្ហោះ​នៅ​ទីតាំង​ងាយ​ផ្ទុះ​ដូចជា ស្ថានីយវិទ្យុ ទូរទស្សន៍ រោងចក្រ​ចម្រាញ់​ប្រេង ឧស្ម័ន រ៉ែ និង​អគ្គិសនី ជាដើម។

ហ៊ុន សែន ថា មានគេរៀបផែនការសម្លាប់

ប្រកាស​អន្តរក្រសួង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ថ្មីៗ​អះអាង​ថា មាន​គេ​រៀបចំ​ផែនការ​សម្លាប់​លោក ដោយ​ប្រើ​យន្តហោះ​ដ្រូន​វាយ​ប្រហារ​ចូល​ភូមិគ្រឹះ​របស់​លោក​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ កាល​ពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ លោក ហ៊ុន សែន ក៏​បាន​ទម្លាយ​សារ​សំឡេង​ចំនួន២ នៅ​លើ​បណ្ដាញ​សង្គម​ដែល​លោក​អះអាង​ថា ជា​ផែនការ​ភេរវកម្ម ប៉ុនប៉ង​ធ្វើ​ឃាត​លោក និង​គ្រួសារ។ លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ដឹង និង​ស្គាល់​ទីកន្លែង​ស្នាក់នៅ​របស់​មេខ្លោង​ដែល​ចង់​ធ្វើ​ឃាត​លោក ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ចេញ​ព័ត៌មាន​នេះ​បាន​នៅ​ឡើយ ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា នឹង​តាម​កម្ចាត់​អ្នក​ដែល​ចង់​សម្លាប់​លោក និង​ក្រុម​គ្រួសារ​លោក។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុខៈ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ។

ចំណែក អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ យល់​ថា ប្រកាស​របស់​អន្តរក្រសួង​គឺជា​សិទ្ធិ​របស់​ស្ថាប័ន​ជំនាញ​ទាំង​នោះ ប៉ុន្តែ​ទាមទារ​ឱ្យ​សមត្ថកិច្ច​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​អ្នក​ប្រើប្រាស់​ដ្រូន​ចំពោះ​ទីតាំង​ហាម​ឃាត់។

លោក សេក សុជាតិ៖«ប្រសិនបើ​កន្លែង​ផ្សេង​ទៀត​មាន​ការ​ដាក់[បម្រាម]ដែរ​គឺ​ជា​រឿង​មួយ​ដែល​មិន​ចាំ​បាច់​ទេ ព្រោះ​តំបន់​ខ្លះ​គឺ​ជា​តំបន់​សាធារណៈ​ដែល​ត្រូវ​ឱ្យ​ភាគី​ដែល​ពាក់ព័ន្ធ​គេ​ចង់​ដឹង គេ​អាច​ធ្វើ​កិច្ចការ​ទាំងអស់​ហ្នឹង​បាន។ ចំពោះ​តំបន់​មិន​មាន​ការ​គ្រប់គ្រង ឬ​ការ​ទទួល​ស្គាល់​ដោយ​ច្បាប់​ជា​តំបន់​ដែល​ប្រជាពលរដ្ឋ​អាច​ធ្វើ​កិច្ចការ ឬ​អ្នក​ជំនាញ​គាត់​អាច​ធ្វើ​ការ​ស៊ើបអង្កេត​បាន​ទាក់ទង​នឹង​តំបន់​ដែល​មាន​ការ​សង្ស័យ​បទល្មើស​ជាដើម។ ប៉ុន្តែ ក៏​គួរតែ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​អាជ្ញាធរ​ដែរ​ប្រសិន​ក្នុង​ករណី​នោះ​រសើប​ខ្លាំង ឬ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​សុវត្ថិភាព​របស់​អ្នក​ដែល​ពាក់ព័ន្ធ»។

អត្ថបទដែលទាក់ទង៖

លោក ហ៊ុន សែន ថា មាន​អ្នកប៉ុនប៉ង​សម្លាប់លោក​ដោយ​ប្រើ​យន្តហោះ​ដ្រូន ខណៈបក្សប្រឆាំង​ថា ជា​រឿង​ប្រឌិតOpens in new window ]

លោក ហ៊ុន សែន បញ្ចេញ​សារ​សំឡេង ដែល​លោក​ចោទ​ថា​ប៉ុនប៉ង​ធ្វើឃាត​លោកOpens in new window ]

នៅ​មុន​ឆ្នាំ១៩៩៧ លោក ហ៊ុន សែន ធ្លាប់​បញ្ជាក់​ថា មាន​គេ​ប៉ុនប៉ង​ចង់​ធ្វើ​ឃាត​លោក​តាមរយៈ​ការ​បាញ់​សម្លាប់​ដោយ​ការ​បញ្ជា​បំផ្ទុះ​គ្រាប់​បេ៤០ (B40)។ ប៉ុន្តែ អ្នក​តាម​ដាន​បញ្ហា​នយោបាយ​វាយ​តម្លៃ​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នៅ​អំឡុង​គ្រា​នោះ គឺ​ជា​លេស ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​ពី​អតីត​ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច​គឺ​សម្ដេច​ក្រុម​ព្រះនរោត្ដម រណឫទ្ធិ ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ទី១។

កាល​ពី​ខែធ្នូ ឆ្នាំ​២០២៤ លោក ហ៊ុន សែន ព្រមាន​ថា នឹង​បង្កើត​ច្បាប់ ដាក់​មនុស្ស​មួយ​ក្រុម​ជា​ក្រុម​ភេរវករ ប្រសិនបើ​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ហ៊ាន​បង្ហាញ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នៅ​ក្រៅ​ប្រទេស។ ស្រប​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​ថា មាន​អ្នក​ចង់​ធ្វើ​ឃាត​ថ្មីៗ​នេះ កម្ពុជា​កំពុង​ជួប​វិបត្តិ​សង្គម​ជា​ច្រើន​ដូចជា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ បញ្ហា​សេដ្ឋកិច្ច និង​ចលនា​ប្រជាពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​ប្រមូល​ម្ដុំ​គ្នា​តវ៉ា​ជា​បន្ត​បន្ទាប់ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្ដឹង​ទាមទារ​ចំណែក «កោះ​គជ់» ជាមួយ​ប្រទេស​ថៃ និង​ការ​ចោទ​ប្រកាន់​លើ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ថា ជា​មេខ្លោង​ធ្វើ​ឃាត​អតីត​តំណាង​រាស្ត្រ​ខេត្ត​កំពង់ធំ​លោក លិម គិមយ៉ា ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។