កម្ពុជា-ឡាវ សម្រេច​បង្កើត​សន្ធិសញ្ញា​ព្រំដែន និង​ដូរ​ដាក់​បង្គោល​ព្រំដែន​ថ្មី

ដោយ ថន ថារ៉ូ
2019-09-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​​នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ក្នុង​ជំនួប​ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៩។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​​នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ក្នុង​ជំនួប​ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៩។
Photo courtesy of Hun Sen Facebook page

មេដឹកនាំ​ឡាវ និង​កម្ពុជា​ឯកភាព​គ្នា​បង្កើត​សន្ធិសញ្ញា​ព្រំដែន​រួមគ្នា និង​ដូរ​បង្គោល​ព្រំដែន​ចាស់​ដាក់​បង្គោល​ព្រំដែន​ថ្មី​ជំនួស ហើយ​បន្ត​ដោះស្រាយ​បញ្ហា នៅ​សេសសល់​ជាង​១០​ភាគរយ​ទៀត​។ ចំណែក​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​យល់ថា ភាគី​កម្ពុជា​គួរ​ប្រើ​ប្រាស់​ផែនទី​គូស​ដោយ​បារាំង​ដែល​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ ឬ​នៅ​ប្រទេស​បារាំង ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ឡាវ មិន​គួរ​យក​ផែនទី​ដែល​គូស​នៅ​ប្រទេស​វៀតណាម ទៅ​ប្រើ​ប្រាស់​ឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រាប់​សន្និសីទ​សារព័ត៌មាន​រួម​នឹង​នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ថា បង្គោល​ព្រំដែន​បច្ចុប្បន្ន ប្រមាណ​ជាង ១​រយ​បង្គោល​ដែល​បាន​បោះ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ឡាវ នឹង​ត្រូវ​ជំនួស​មកវិញ​បង្គោល​ថ្មី ហើយ​ភាគី​ទាំងពីរ​នឹង​សិក្សា​ពី​លទ្ធភាព​បោះ​បង្គោល​ព្រំដែន​បន្ថែម​ទៀត៖ «នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​សម្រេច​ប្រគល់​ភារកិច្ច​ឲ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើការ​គូស​ជា​ប្លង់​បង្គោល​ដើម្បី​ឆ្លង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ។ ហើយ​ក៏បាន​ព្រមព្រៀងគ្នា​ចែក​ការចំណាយ​ពាក់កណ្ដាល​ម្នាក់ ការផលិត​បង្គោល​ដើម្បី​ជំនួស​បង្គោល​ចាស់​ដែល​បាន​បោះ ដោយសារតែ​បង្គោល​ព្រំដែន​របស់​យើង​មាន​ចំនួន​តិច​។ យើង​ក៏បាន​ព្រមព្រៀងគ្នា សិក្សា​ឲ្យ​បង្គោល​បន្ថែម ប៉ុន្មាន​បង្គោល​ទៀត ក៏​មាន​ការព្រមព្រៀង​គ្នា​អំពី​បញ្ហា​នេះ​។ កន្លងទៅ​ព្រំដែន​រាប់​រយ​គីឡូម៉ែត្រ បោះ​បានតែ​១២១​បង្គោល​តែប៉ុណ្ណោះ»

ឆ្លើយតប​នឹង​លោក ហ៊ុន សែន លោក ថងលូន ស៊ីស៊ូលីត អះអាង​ថា លោក យល់ព្រម​តាម​សំណើ​របស់​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ៖ «៨៦%​ដែល​យើង​បាន​កំណត់​ខ្សែ​ព្រំដែន​ជាមួយគ្នា​នៅ​ពេល​កន្លងមក យើង​នឹង​មាន​បង្គោល​សីមា​ព្រំដែន​ល្អ។ បង្គោល​ណា​មិន​ទាន់​បាន​បោះ គូស​ជា​ប្លង់​បង្គោល​ឲ្យ​បាន​ធំ​ជាង​មុន ជា​បង្គោល​ស្អាត​ហើយ​ល្អ​ទៀត​។ ខ្ញុំ​ស្នើ​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​គូស​ប្លង់​ដើម្បី​ឲ្យ​នាយករដ្ឋមន្ត្រី​ទាំងពីរ​យក​បាន»

លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ សម្រេច​ឲ្យ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ រួមគ្នា​ព្រាង​ឯកសារ​គតិយុត្តិ​ផ្សេងៗ ឱ្យ​បាន​ឆាប់​ទាក់ទង​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា ឡាវ ជុំវិញ​ការកំណត់​ព្រំដែន​ដែល​សម្រេច​បាន​៨៦% ហើយ​នឹង​បន្ត​ដោះស្រាយ​បញ្ហា​នៅសល់​១៤%​ទៀត។

សកម្មជន​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន យល់​ថា ដើម្បី​ឲ្យ​មាន​សុក្រឹតភាព​ក្នុង​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ឡាវ មេដឹកនាំ​របប​ក្រុងភ្នំពេញ គួរ​យក​ផែនទី​របស់​ទេសាភិបាល​បារាំង​ប្រចាំ​កម្ពុជា ខ្នាត​១ លើ​១​រយ​ពាន់ ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ធ្វើជា​មូលដ្ឋានគ្រឹះ ដោះស្រាយ​រឿង​នេះ​។ លោក​បន្ត​ថា បើ​របប​ក្រុងភ្នំពេញ នៅតែ​បន្ត​ប្រើប្រាស់​ផែនទី​ដែល​គូស​នៅ​ប្រទេស​វៀតណាម យក​ទៅ​ដោះស្រាយ​បញ្ហា​ជាមួយ​ភាគី​ឡាវ នោះ​កម្ពុជា នឹង​អាច​បាត់បង់​ទឹកដី​ទៅ​ប្រទេសជិតខាង​បន្ថែម​ទៀត៖ «យើង​ត្រូវតែ​យក​អ្វី​ដែល​ជា​មរតក​បារាំង ហើយ​កុំ​យក​ទៅ​តាម​ការរស់នៅ​ជាក់ស្ដែង ព្រោះ​កន្លងមក យើង​ឃើញ​ថា ដោះស្រាយ​ជាមួយ​យួន​នោះ គឺ​កំណត់​ទៅតាម​ការរស់នៅ​ជាក់ស្ដែង មានន័យថា​យួន​ចូល​ប៉ុន្មាន ក៏​ឲ្យ​យួន​ប៉ុណ្ណឹង​ទៅ​។ អ៊ីចឹង​!​បើសិនជា​ឡាវ​ចូល​ប៉ុន្មាន ក៏​ឲ្យ​ឡាវ ប៉ុណ្ណឹង​ទៅ គឺ​វា​ខាតបង់​។ កន្លងមក​មានតែ​ប្រទេសជិតខាង​ទេ ដែល​ចូល​មក​ដី​យើង បើ​យើង​ចូល​ទៅ​ដី​គេ មិន​មាន​ទេ​។ យើង​ឃើញ​ថា ការ​ដោះស្រាយ​កន្លងមក គឺ​មិន​សូវ​មាន​តម្លាភាព​ទេ»

បច្ចុប្បន្ន​តំបន់​ជម្លោះព្រំដែន​វាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ភាគី​ទាំង​ពីរ​បាន​ដកទ័ព​ចេញ​រៀងខ្លួន​អស់ហើយ និង​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​គ្នា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា ការ​ប្រឈម​ដាក់​មុខ​គ្នា​រឿង​ព្រំដែន កម្ពុជា ឡាវ កើតឡើង​ដោយសារ តំបន់​នោះ​នៅ​មិនទាន់​បោះ​បង្គោល​ព្រំដែន​ដាច់ស្រេច​។ លោក​ថា នៅ​ពេល​ពលរដ្ឋ​ខ្មែរ​ឃើញ​ដី​ទំនេរ បាន​ទៅ​បង្កបង្កើនផល ហើយ​កងទ័ព​ឡាវ​បាន​មក​ដក​ដំណាំ​នោះ​ចោល ទើប​ពួកគេ​រាយការណ៍​ទៅ​អាជ្ញាធរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល