មន្រ្តីការបរទេសកម្ពុជា អះអាងថា កម្ពុជានៅតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬហៅថា ASEM លើកទី១៣ ដដែល នៅខែវិច្ឆិកាខាងមុខ។
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំ ASEMលើកទី១៣ លោក លុយ ដាវីត បានឲ្យសារព័ត៌មានក្នុងស្រុកដឹងថា គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និង លេខាធិការដ្ឋាន នៃគណៈកម្មការជាតិនេះ នៅតែបន្តរៀបចំកិច្ចប្រជុំកំពូលនេះដូច ដែលថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុបបានឯកភាពគ្នាកាលពីមុន។ លោកបញ្ជាក់ថា កម្ពុជាបានបញ្ជូនលិខិតអញ្ជើញមេដឹកនាំ ASEM និងមាន ថ្នាក់ដឹកនាំមួយចំនួនបានឆ្លើយតប និងបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះរួចហើយដែរ។ ទោះជាយ៉ាងនេះក្ដី លោកបន្ថែមថា កិច្ចប្រជុំ នឹងអាចត្រូវផ្លាស់ប្ដូរទៅតាមស្ថានភាពជាក់ស្ដែងនៃជំងឺកូវីត១៩។
កិច្ចប្រជុំកំពូល អាសឹម ASEM គឺជាការជួបគ្នាពីរឆ្នាំម្តង របស់ប្រមុខដឹកនាំរដ្ឋ ប្រធាននៃក្រុមប្រឹក្សាអឺរ៉ុប ប្រធាននៃស្នងការអឺរ៉ុប និងអគ្គលេខាធិការនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។ កម្ពុជាបានក្លាយជាសមាជិករបស់ ASEM កាលពីឆ្នាំ២០០៤ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
