ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនាំគ្នាធ្វើបាតុកម្ម ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិទាមទារអធិបតេយ្យរបស់ខ្លួននៅលើកោះគជ់ពីប្រទេសថៃមកវិញ។ ពួកគាត់ថារដ្ឋាភិបាលត្រកូលហ៊ុនត្រូវទទួលខុសត្រូវ បើសិនធ្វើឱ្យបាត់កោះគជ់ទាំងស្រុងទៅភាគីប្រទេសថៃ។អ្នកឃ្លាំមើលយល់ថា រដ្ឋាភិបាលគួរតែស្ដាប់សំឡេងប្រជាពលរដ្ឋ ដើម្បីយកទៅដោះស្រាយដោយសន្តិវិធី និងបញ្ចៀសជម្លោះជាមួយប្រទេសជិតខាងកម្ពុជា។
ស្របពេលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានប្រកាសជំហរជាក់លាក់ជុំវិញអធិបតេយ្យរបស់កម្ពុជានៅតំបន់កោះគជ់នោះ ចលនានៃការតវ៉ាពីសំណាក់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ចាប់ផ្តើមកក្រើកឡើងដែរ បន្ទាប់ពីពួកគាត់បានតស៊ូមតិ ដោយដាក់សម្ពាធឱ្យមេដឹកនាំក្រុងភ្នំពេញលុបចោលកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV) ទទួលបានជោគជ័យកន្លងមក។
ជាក់ស្តែងពលរដ្ឋខ្មែរអាមេរិកកាំង នៅទីក្រុងឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វរញ៉ា(California) ប្រមាណ២០០នាក់ នៅថ្ងៃទី១៩ ខែមករា បានប្រម្តុំគ្នាធ្វើបាតុកម្ម ក្នុងគោលបំណងជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ជាមួយប្រទេសថៃ ហៅកាត់ថា MOU44 ហើយប្តឹងទាមទារចំណែករបស់កម្ពុជានៅលើកោះគជ់ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ នៅថ្ងៃជាមួយគ្នានេះ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យដឹកនាំអ្នកស្រី មូរ សុខហួរ ក៏បានរៀបសមាជស្តីពីកោះគជ់ នៅទីក្រុងឡូវែល(Lowell) នៃរដ្ឋម៉ាស្សាឈូសេត្ស (Massachusetts) ដោយមានពលរដ្ឋខ្មែរនៅទីនោះចូលរួមជាង ១០០នាក់។
អតីតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន ដែលដឹកនាំបាតុកម្មថ្លែងទៅកាន់ក្រុមអ្នកចូលរួមថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលរដ្ឋាភិបាលត្រកូលហ៊ុនចរចាអភិវឌ្ឍរួមគ្នាធនធានរ៉ែប្រេង និងឧស្ម័នជាមួយភាគីថៃ កំពុងធ្វើឱ្យកម្ពុជាបាត់កោះគជ់។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះ កោះគជ់កំពុងស្ថិតក្រោមការគ្រប់គ្រងផ្ដាច់មុខរបស់ប្រទេសថៃ តែកម្ពុជានៅតែមានឱកាសគ្រប់គ្រប់កោះនេះមកវិញ បើរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ។
លោក អ៊ំ សំអាន៖«គាត់(រដ្ឋាភិបាល)មិនប្តឹងករណីកោះគជ់ទៅតុលាការអន្តរជាតិ ធ្វើមិច(ជាថ្នូរ)ថៃទៅចាប់សកម្មជនបក្សប្រឆាំងបញ្ជូនមកស្រុកខ្មែរវិញ បង្រ្កាបបក្សប្រឆាំងកម្ពុជាដែលរស់នៅថៃហ្នឹង ធ្វើមិចអាចសម្លាប់លោក លិម គិមយ៉ា បាន ដូច្នេះមូលហេតុហ្នឹងហើយ គឺអំណាចធំជាទឹកដីនេះហើយទើបធ្វើឱ្យត្រកូលហ៊ុនមិនអាចប្តឹងថៃទៅកាន់តុលាការអន្តរជាតិ»។
ក្រុមអ្នកចូលរួមបានបង្ហាញទឹកចិត្តឈឺឆ្អាល និងការប្តេជ្ញាចិត្តតស៊ូក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស ពីព្រោះពួកគាត់មិនចង់ឃើញកោះគជ់ មានវាសនាដូចទៅនឹងកោះត្រល់ដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ពីអតីតកាល។
ពលរដ្ឋខ្មែរ-អាមេរិកកាំង លោក សុ ធា ថ្លែងថា ប្រទេសកម្ពុជាបានបាត់បង់ទឹកដីទៅប្រទេសជិតខាង ចំណែកពលរដ្ឋខ្មែររងទុក្ខលំបាកឥតស្រាកស្រាន្ត ក្រោមការដឹកនាំរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ លោកបន្ថែមថា បើពលរដ្ឋខ្មែរមិននាំគ្នាងើបតវ៉ានៅពេលនេះទេ នោះទឹកដីកម្ពុជានឹងបាត់បង់បន្ថែមទៀតក្រោមអំណាចរដ្ឋាភិបាលក្រុងភ្នំពេញមិនខាន។
លោក សុ ធា៖«យើងទាំងអស់គ្នាត្រូវតែជំរុញឱ្យបានខ្លាំងក្លា មានតែយើងនៅក្រៅប្រទេសនេះទេ មានសិទ្ធិជំរុញចំពោះគាត់(រដ្ឋាភិបាល)ឱ្យធ្វើរឿងនេះ ហើយបើសិនគាត់មិនធ្វើទេ យើងចាត់ទុកត្រកូលហ៊ុនសែន គឺជាត្រកូលក្បត់ជាតិនៅក្នុងប្រវត្តិសាស្រ្ត ពិតមែនទេបងប្អូន មែនៗ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី២០ ខែមករា។
កន្លងមក ក្រៅពីការគំរាមកំហែង និងវាយប្រហារលើអ្នកនយោបាយបក្សប្រឆាំងហើយ លោក ហ៊ុន ម៉ាណែត ចោទក្រុមប្រឆាំងថាយកបញ្ហាកោះគជ់តាមរករឿងរដ្ឋាភិបាលរបស់លោក ដើម្បីកេងចំណេញនយោបាយ។ លោកអះអាងថា រដ្ឋាភិបាលរបស់លោករក្សាភាពស្ងៀមស្ងាត់ក្នុងរឿងនេះ គឺជាភាពចាស់ទុំផ្នែកនយោបាយ និងថារដ្ឋាភិបាលប្រកាន់គោលការណ៍«មិនយកភ្លើងចូលផ្ទះ»។
មកទល់ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោកដែលជាមេបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មិនទាន់បង្ហាញជំហរច្បាស់លាស់ក្នុងការទាមទារសិទ្ធិគ្រប់គ្រងកោះគជ់នៅឡើយទេ។ នេះគឺខុសពីមេដឹកនាំថៃទាំងឪពុក និងកូនត្រកូលថាក់ស៊ីន ដែល បានប្រកាសពីគោលជំហរច្បាស់ៗថាកោះគជ់ជាកម្មសិទ្ធិរបស់ថៃ។
ជុំវិញរឿងនេះ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ ប្រចាំប្រទេសអូស្រ្តាលីលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សទ្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បានបញ្ជាក់ច្បាស់ថា កោះគជ់មានចំណែកកម្មសិទ្ធិមួយផ្នែកជារបស់កម្ពុជា។ លោកថាមូលហេតុដែលពលរដ្ឋខ្មែរគ្រប់មជ្ឍដ្ឋានប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់ចេញតវ៉ា ជុំវិញបញ្ហាកោះគជ់ជាបន្តបន្ទាប់ ដោយសារពួកគាត់បាត់ទំនុកចិត្តលើរដ្ឋាភិបាលដឹកនាំប្រទេសបច្ចុប្បន្ន ដែលធ្លាប់ធ្វើឱ្យកម្ពុជាបាត់បង់កោះត្រល់ រួមទាំងទឹកដីនៅតាមបន្ទាត់ព្រំដែនកន្លងទៅ។ លោកយល់ថារដ្ឋាភិបាលកម្ពុជា ត្រូវយកសំណុំរឿងកោះគជ់ប្តឹងទៅតុលាការអន្តរជាតិ(ICJ) តាមការទាមទាររបស់អ្នកតវ៉ា ដើម្បីបញ្ចៀសជម្លោះរវាងកម្ពុជានិងថៃ ព្រមទាំងស្តារទំនុកចិត្តពីប្រជាពលរដ្ឋខ្មែរឡើងវិញ។ លោក ស៊ឹង សែនករុណា ជឿថាបើសិនរដ្ឋាភិបាលមិនដោះស្រាយរឿងកោះគជ់ឱ្យបានត្រឹមត្រូវទេនោះ ចរន្តនៃការតវ៉ាពីពលរដ្ឋខ្មែរនឹងរីកកាន់តែធំថែមទៀត។
លោក ស៊ឹង សែនករុណា៖«មានតែអ្នកប្រព្រឹត្តអំពើមិនត្រឹមត្រូវទេ ដែលខ្លាចតុលាការអន្តរជាតិ អ៊ីចឹងហើយអំពើហ្នឹងដែលគេសង្ស័យថា ជារឿងឃុបឃិតគ្នារវាងមេដឹកនាំប្រទេសថៃបច្ចុប្បន្ន និងមេដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន។ អ៊ីចឹងហើយបានជាគេ(អ្នកតវ៉ា)ចង់ឱ្យមានការបញ្ជាក់ឱ្យច្បាស់ តែវាអត់មានការសម្រេចណាមួយដែលគេអាចជឿជាក់បានទេ ហើយការទាមទារ តវ៉ាវាជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ ដែលចង់ឱ្យរដ្ឋាភិបាលដែលដឹកនាំប្រទេសត្រូវបង្ហាញពីតម្លាភាព និងគណន្យភាពក្នុងការដឹកនាំរបស់ខ្លួនបាទ»។
បញ្ហាកោះគជ់នេះដែរ ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលី និងយុវជនខ្មែរធ្វើការនិងរស់នៅប្រទេសកូរ៉េខាងត្បូងវិញ គ្រោងរៀបចំមហាបាតុកម្មស្តីពីកោះគជ់នេះ នៅចុងខែមករានេះ។ ក្រោយការប្រមូលយកមតិយោបល់ពីពលរដ្ឋនៅតាមបណ្តាប្រទេសជុំវិញពិភពលោករួចហើយ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ នឹងដឹកនាំប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកចេញសម្តែងមតិ និងដាក់ញត្តិនៅស្ថានទូតខ្មែរ ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន នៅថ្ងៃទី៤ ខែមេសា ដើម្បីយកបញ្ហាកោះគជ់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។