កម្ពុជា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជា​ផ្លូវការ​ជាមួយ​ចិន

ដោយ ទីន ហ្សាការីយ៉ា
2020-10-12
Share
ទង់ជាតិ​កម្ពុជា​ចិន ៨៥៥ រូប​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។
Photo: RFA

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និយាយ​ថា EBA គង់​មាន​ថ្ងៃ​ណា​មួយ​នឹង​បាត់បង់ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ទី​ផ្សារ​សេរី​កម្ពុជា​ចិន គឺ​នៅ​កម្ពុជា​ជា​រៀង​រហូត។ ការ​លើកឡើង​នេះ ក្នុង​ពេល​ភាគី​កម្ពុជា និង​ចិន បាន​ហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ហៅ​កាត់​ថា FTA ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី១២ ខែ​តុលា។

មន្រ្តី​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្ហាញ​ក្ដី​រំពឹង​ខ្ពស់​ថា​នឹង​ធ្វើឲ្យ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ចិន​កើន​ឡើង​ថែម​ទៀត ហើយ​ទី​ផ្សារ​សេរី​មួយ​នេះ​នឹង​នៅ​ជាមួយ​កម្ពុជា​គ្មាន​ថ្ងៃ​របូត​ឡើយ។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក អ៊ាង សុផល្លែត ឱ្យ​អ្នក​សារ​ព័ត៌មាន​ដឹង​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ពេល​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប ២០ភាគ​រយ។ លោក អ៊ាង សុផល្លែត ក៏​បាន​ផ្លែផ្កា​ទៅ​សហភាព​អឺរ៉ុប​ថា EBA គង់​មាន​ថ្ងៃ​ណា​មួយ​នឹង​បាត់បង់​ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ទី​ផ្សារ​សេរី​កម្ពុជា-ចិន គឺ​នៅ​កម្ពុជា​ជា​រៀង​រហូត”៖ «ឯកឧត្ដម​មាន​ប្រសាសន៍​ថា កិច្ច​ពិភាក្សា​បាន​ឈាន​ដល់​ការ​យល់​ព្រម​ភាគី​ទាំង​ពីរ​ថា​ នឹង​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត ហើយ​ពី​នោះ​ទៅ​ទៀត ចិន​នៅ​តែ​គាំទ្រ​កម្ពុជា​យ៉ាង​រឹង​មាំ​ជាទី​បម​ផុត​ធ្វើ​យ៉ាង​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​អធិបតេយ្យ និង​ភាព​ថ្លៃថ្នូរ​របស់​កម្ពុជា»

ពិធី​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ចិន​ហៅ​កាត់​ថា FTA ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី១២ ខែ​តុលា។ របាយការណ៍​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ទំនិញ​កម្ពុជា​ជាង ៣០០មុខ​អាច​នាំ​ទៅ​ចិន​ដោយ​មិន​គិត​ពន្ធ​នៅ​ពេល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​កម្ពុជា​ចិន (FTA) ចូល​ជា​ធរមាន។ រដ្ឋាភិបាល​លោក ហ៊ុន សែន រំពឹង​កិច្ចព្រមព្រៀង​នឹង​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ចិន​កើន​ឡើង​ប្រមាណ ២៥%

លោក ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា ក្រៅពី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ភាគី​ទាំង​ពីរ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​សម្រាប់​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង។ លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ និង​លិខិត​ប្ដូរ​សារ​ស្ដីពី​ការ​សិក្សា​សមិទ្ធិ លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះ​សីហនុ និង​ពិធី​ប្រគល់​ទទួល​ជំនួយ​ឧបករណ៍​វេជ្ជសាស្ត្រ​ពី​ប្រទេស​ចិន។

បន្ទាប់ពី​ពិធី​ចុះ​ហត្ថលេខា​រដ្ឋមន្ត្រីក្រសួងការបរទេស​ចិន​និង​ជា​ទីប្រឹក្សារដ្ឋ លោក វ៉ាង យី (Wang Yi) បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​ប្រទេស​មួយ​ចំនួន​ទៀត នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

អ្នក​ឃ្លាំមើល​សង្គម បណ្ឌិត សេង សារី យល់​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ជា​សញ្ញា​ល្អ​មួយ ប៉ុន្តែ​លោក​យល់​ថា កម្ពុជា​គួរតែ​ប្រឹងប្រែង​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទៅកាន់​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ដែល​ជា​ទី​ផ្សារ​ធំ។ លោក​ថា បើ​ទោះ​ជា​កន្លង​មក ក្រុម​ប្រទេស​សេរី​ទាំង​នេះ​មាន​ទាមទារ​មាន​លក្ខខណ្ឌ​ខ្លះ ប៉ុន្តែ​លោក​យល់​ថា កម្ពុជា​អាច​ធ្វើ​បាន៖ «ឃើញ​ថា ខាង​ប្រទេស​អឺរ៉ុប​ប្រទេស​អាមេរិក​គេ​បាន​ស្នើ​ឱ្យ​យើង​ធ្វើ​តែ​ពីរបី​ចំណុច​ទេ​ទី​មួយ​គឺ បន្ធូរបន្ថយ​បរិយាកាស​នយោបាយ​ ​ទី២ ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​សិទ្ធិ​បញ្ចេញមតិ​ជា​មូលដ្ឋាន​ឡើងវិញ​ហើយ​នៅ​ពេល​យើង​អាច​ធ្វើ​រឿង​ពីរបី​ចំណុច​នេះ​បាន​ខ្ញុំ​យល់ថា ស្ថានភាព​ទំនាក់​ប្រទេស​ជាមួយ​ប្រទេស​មហាអំណាច​ដែល​មាន​គោល​ការ​ជា​ប្រទេស​សេរី​អាច​ប្រសើរ​ឡើងវិញ»

រីឯ​អនុ​ប្រធានប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចិត្រា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​យល់​ថា លោក​សង្កេត​ឃើញ​ថា បណ្ដា​ប្រទេស​ក្រក្រី និង​ពុករលួយ​ដែល​រកស៊ី​ជាមួយ​ចិន​មិន​ទទួល​ផល​ចំណេញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ជំពាក់​បំណុល​ចិន​ទ្វេ​ដង។ លោក​ព្រួយ​បារម្ភ​ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ពេលនេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​កម្ពុជា ហើយ​នឹង​ធ្វើ​ឱ្យ​ចិន​លេប​ត្របាក់​ធនធាន​ធម្មជាតិ​របស់​កម្ពុជ៖ «បាទ​សូម​ផ្ដាំផ្ញើ​ទៅ​របប​ក្រុងភ្នំពេញ​ផង​ដែរ​ដែល​មាន​លោក ហ៊ុន សែន ជា​អ្នកដឹកនាំ​សព្វថ្ងៃ​យើង​មិន​គួរ​ទៅ​ចាប់​យក​ចិន​ទេ​ព្រោះ​ចិន​អត់​គិត​ពី​ផល​លំបាក ឬ​សុខទុក្ខ​ពលរដ្ឋ ឬ​បញ្ហា​សិទ្ធិមនុស្ស​គេ​គិតតែ​ធ្វើ​ម៉េច​រកស៊ី​មាន​ចំណេញ​មានបាន​យក​ទៅ​ស្រុក​គេ​តែ​ប៉ុណ្ណោះ»

ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​ចិន​រូប​នេះ​ធ្វើ​ឡើង​ចំ​ពេល​កម្ពុជា និង​អាមេរិក​កំពុង​មាន​ភាព​រកាំរកូស​ជាពិសេស ក្នុង​ទំនាក់ទំនង​លើ​វិស័យ​យោធា និង​ក្រោយ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​វាយ​កម្ទេច​អគារ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្មី​នេះ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។