អ្នកឃ្លាំមើលលើកឡើងថា មេដឹកនាំកម្ពុជា និងថៃ កំពុងកេងចំណេញនយោបាយ ជុំវិញភាពស្ងប់ស្ងាត់រឿងកោះគជ់
អ្នកឃ្លាំមើលលើកឡើងថា មេដឹកនាំរដ្ឋាភិបាលកម្ពុជា និងថៃ កំពុងទាញយកផលប្រយោជន៍នយោបាយ បន្ទាប់ពីរឿងវិវាទនៅក្នុងតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» និងបញ្ហាកោះគជ់ បានស្ងប់ស្ងាត់អស់មួយរយៈពេលមកនេះ។ ពួកគាត់លើកឡើងថា ភាពស្ងប់ស្ងាត់នេះ នឹងធ្វើឱ្យមេដឹកនាំកម្ពុជា និងថៃ បានចំណេញលើផ្នែកនយោបាយ ប៉ុន្តែបញ្ហានេះ នឹងធ្វើឱ្យកម្ពុជាបាត់បង់ឱកាសទាមទារចំណែកនៃកោះគជ់យកមកគ្រប់គ្រងវិញ។
អស់រយៈពេលជិត ២ខែមកហើយ ដែលភាគីថៃ មិនបានបង្ហាញពីបច្ចុប្បន្នភាព នៃការបង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ(JTC) ដើម្បីមកចរចាជាមួយកម្ពុជានៅក្នុងរឿងតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» និងវិវាទរឿងកោះគជ់ តាមការកំណត់នោះឡើយ ខណៈមេដឹកនាំកម្ពុជា នៅតែបន្តស្ងៀមស្ងាត់ដូចគ្នា។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែមករា ថា ភាពស្ងប់ស្ងាត់នៅក្នុងដំណើរការ នៃកិច្ចចរចារឿងជម្លោះដែនសមុទ្រកម្ពុជា ថៃនេះ អាចជាចេតនារបស់មេដឹកនាំកម្ពុជា និងថៃ ដើម្បីកេងចំណេញលើផ្នែកនយោបាយ ដែលគ្រួសារមេដឹកនាំនៃប្រទេសទាំង២ បានរងសម្ពាធពីក្រុមអ្នកជាតិនិយម នៅក្នុងរឿងជម្លោះកោះគជ់។
លោក អ៊ុំ សំអាន៖ «ការពន្យារពេលនៅក្នុងការចរចាហ្នឹង គឺបានផលទៅភាគីថៃច្រើនជាង ដោយសារថៃគេគ្រប់គ្រងកោះគជ់ទាំងស្រុង ហើយគេមានប្រព័ន្ធរដ្ឋបាលរបស់គេ ដូចជាសាលាស្រុក មន្ទីរពេទ្យ និងទីស្នាក់ការប៉ូលិសជាដើម។ អ៊ីចឹងថ្ងៃក្រោយ ប្រសិនបើកម្ពុជាទាមទារកោះគជ់មកវិញ ឬក៏ការចរចាហ្នឹង យើងអត់មានភស្តុតាង ឬក៏មូលដ្ឋានមកសំអាងថា កម្ពុជាបានកាន់កាប់កោះគជ់នេះនោះទេ»។
នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paethongthan Shinawatra) បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលរបស់អ្នកស្រីនឹងដោះស្រាយបញ្ហាតំបន់ ដែលអះអាងថា «ត្រួតស៊ីគ្នា» ជាមួយកម្ពុជា នៅពាក់កណ្ដាលខែវិច្ឆិកា។ ប៉ុន្តែក្រោយមកអ្នកស្រីបានចេញមកបញ្ជាក់ជាថ្មីម្ដងទៀតថា ការបង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ(JTC) ដើម្បីចរចាតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» ជាមួយកម្ពុជានោះ នៅតែបន្តទៅមុខ ប៉ុន្តែនៅមានភាពស្មុគស្មាញមួយចំនួន ដែលតម្រូវឱ្យមានការចាត់តាំងគណៈកម្មាធិការថ្មី ទើបធ្វើឱ្យមានបញ្ហាជាប់គាំងយូរបែបនេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៣ ខែមករា។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្ត្រីថៃ និងជាឪពុករបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានអះអាងថា កោះគជ់ គឺជាកម្មសិទ្ធិរបស់ថៃ ១លានភាគរយ ដោយគ្មានប្រទេសណា អាចដណ្ដើមកាន់កាប់បានឡើយ។ ជាងនេះទៅទៀត មេដឹកនាំថៃ ត្រកូល ស៊ីណាវ៉ាត់ បានប្រកាសពីគោលជំហរមុតមាំ នៅក្នុងការកាន់កាប់កោះគជ់ផ្ដាច់មុខ ព្រមទាំងចរចាយកប្រយោជន៍បន្ថែមទៀត លើតំបន់ដែលគេអះអាងថា «ត្រួតស៊ីគ្នា» ជាមួយកម្ពុជានោះទៀតផង។
ចំណែកមេដឹកនាំកម្ពុជាពីរនាក់ឪពុក និងកូន គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត វិញ ពួកលោកមិនបានឆ្លើយតបទៅកាន់លោក ថាក់ស៊ីន ឡើយ ប៉ុន្តែបែរជាចោទប្រកាន់ពលរដ្ឋខ្មែរ ដែលលើកឡើងពីបញ្ហាកោះគជ់ថា ជាក្រុមប្រឆាំងជ្រុលនិយម និងបានព្រមានបង្កើតច្បាប់ភេរវកម្មដាក់បញ្ចូលឈ្មោះបុគ្គលទាំងនោះចូលក្នុងបញ្ជីភេរវករទៅវិញ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត សង្កេតឃើញថា មូលហេតុនៃការជាប់គាំងក្នុងដំណើរការកិច្ចចរចាតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» នៅពេលនេះ មិនជាប់ពាក់ព័ន្ធនឹងបាតុភូតនយោបាយ និងសង្គម ដូចកាលពីលើកមុននោះឡើយ ប៉ុន្តែ គឺកើតចេញពីចេតនារបស់មេដឹកនាំកម្ពុជា និងថៃ ដែលមិនចង់ឱ្យក្រុមអ្នកជាតិនិយម និងអ្នកប្រឆាំងយករឿងជម្លោះនេះ មកដាក់សម្ពាធលើរដ្ឋាភិបាល។
លោក ម៉ែន ណាត៖ «ពេលដែលលោក ហ៊ុន សែន និងលោក សុខ អាន ចរចាដំបូងរឿង MOU ឆ្នាំ២០០១ ហ្នឹង លោក សុខ អាន និងលោក ហ៊ុន សែន ហ្នឹង សុខចិត្ត ឆ្វៀលកោះគជ់ ចេញពីតំបន់ត្រួតស៊ីគ្នា។ កាត់ឆ្វៀលកោះគជ់ហើយ នៅតែថៃទាមទារ ភាគចំណែកធំនៅក្នុងការរុករករ៉ែរួមគ្នាហ្នឹងដែរ។ ហើយការជាប់គាំងក្នុងរឿងនេះ វាមិនមែនតែភាគីកម្ពុជាទេ។ ភាគីកម្ពុជា មែនទែនទៅ ល្មមៗព្រមហើយ បើតាមគោលជំហរលោក ហ៊ុន សែន នោះ។ ប៉ុន្តែបញ្ហាគឺនៅភាគីថៃ»។
ជម្លោះទាមទារសិទ្ធិអភិវឌ្ឍលើតំបន់ដែលរដ្ឋាភិបាលកម្ពុជា និងថៃអះអាងថា«ត្រួតស៊ីគ្នា»ក្នុងឈូងសមុទ្រថៃនេះ បានចាប់ផ្ដើមតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០ មកម្ល៉េះ។ វិវាទទាមទារផលប្រយោជន៍នេះ បានជំរុញឱ្យកម្ពុជា និងថៃបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ស្ដីពីការអភិវឌ្ឍន៍រួមគ្នាសម្រាប់វិស័យធនធានថាមពល (OCA) ដែលហៅកាត់ថា MOU44 កាលពីឆ្នាំ២០០១។ ក៏ប៉ុន្តែ កិច្ចចរចានេះបានផ្អាកទៅវិញ នៅពេលថៃប្ដូរនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០០៩ និងជាប់គាំងជាលើកទី២ ដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩។
ពាក់ព័ន្ធទៅនឹងបញ្ហាកោះគជ់នេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា កាលនៅមានជីវិត លោកបានរិះគន់មេដឹកនាំកម្ពុជា ដែលរក្សាភាពស្ងៀមស្ងាត់ ក្នុងរឿងជម្លោះកោះគជ់ ដោយលោកចោទថា មេដឹកនាំកម្ពុជា របស់ត្រកូលហ៊ុន និងមេដឹកនាំថៃ នៃត្រកូល ស៊ីណាវ៉ាត់ បានឃុបឃិតគ្នា ចែកផលប្រយោជន៍គ្នា នៅក្នុងតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា»។ ក្រោយមក លោក លិម គិមយ៉ា ត្រូវបានសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន បានបញ្ជាឱ្យខ្មាន់កាំភ្លើង បាញ់សម្លាប់រូបលោក នៅទីក្រុងបាងកក ប្រទេសថៃ ចំខួបទិវាជ័យជម្នះ ៧មករា នៃគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេស នៅតែបន្តនាំគ្នាធ្វើបាតុកម្ម ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្ដឹងទៅតុលាការអន្តរជាតិទាមទារអធិបតេយ្យរបស់ខ្លួននៅលើកោះគជ់ពីប្រទេសថៃមកវិញ៕
អត្ថបទទាក់ទងរឿងកោះគជ់នេះ៖
អ្នកប្រើបណ្ដាញសង្គមចង់ឱ្យរដ្ឋាភិបាលប្រើយន្តការតុលាការអន្តរជាតិដោះស្រាយបញ្ហាកោះគជ់
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងពន្យល់អំពីមូលហេតុ ដែលរដ្ឋាភិបាលត្រកូល ហ៊ុន មិនតវ៉ារឿងកោះគជ់
លោក ហ៊ុន ម៉ាណែត ថា កម្ពុជាបន្តចរចាព្រំដែនសមុទ្រជាមួយថៃ តែលោកមិនបញ្ជាក់ចំណែកកម្ពុជានៅលើកោះគជ់
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។