បាតុករខ្មែរនៅអាមេរិក និងកាណាដាអះអាងថា បាតុកម្មនៅវិមានព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី១៧កក្កដា ទទួលបានជោគជ័យខ្លាំង ដោយមានការគាំទ្រ ពីមន្ត្រីរដ្ឋសភាអាមេរិកជាច្រើនរូប។ តំណាងរាស្ត្រ អាមេរិកដែល បង្កើតច្បាប់ដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន បានសំដែងការគាំទ្រចំពោះបុព្វហេតុទាមទារ លទ្ធិប្រជាធិបតេយ្យរបស់គណបក្សប្រឆាំង និងការវិលត្រឡប់របស់លោក សម រង្ស៊ី ដោយសុវត្ថិភាពទៅកម្ពុជា។
ប្រជាពលរដ្ឋប្រមាណ៥រយនាក់ មកពីប្រទេសកាណាដា និងរដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក បានមកចូលរួមបាតុកម្ម កាលពីថ្ងៃទី១៧ ខែកក្កដា នៅវិមានរដ្ឋសភា (Capitol Hill) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទាមទារឱ្យរបបក្រុងភ្នំពេញ ស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ ពួកគេ ក៏បានទាមទារឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងរៀបចំការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ។
បន្ថែមពីនេះ ក្រុមអ្នកតវ៉ា ក៏បានទទូចដល់ព្រឹទ្ធសភាអាមេរិក ពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០១៩ (H.R 526) ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន។ តំណាងរាស្ត្រអាមេរិក លោក ស្ទីវ ឆាបុត (Steve Chabot) ដែលមានវត្តមាន នៅទីបាតុកម្មនោះ ក៏បានសំដែងការគាំទ្រ ចំពោះដំណើរវិលត្រឡប់ទៅកម្ពុជារបស់លោក សម រង្ស៊ី ដោយសុវត្ថិភាព និងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរ៖ «ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានមកទីនេះជាមួយលោក សម រង្ស៊ី ដែលជាមិត្តភ័ក្ដិរបស់ខ្ញុំ។ យើងគាំទ្រដំណើរវិលត្រឡប់ទៅកម្ពុជាវិញ របស់លោក សម រង្ស៊ី។ យើងជួយធ្វើយ៉ាងណា ឱ្យដំណើរមាតុភូមិនិវត្តន៍នោះ ប្រព្រឹត្តទៅដោយសុវត្ថិភាព។ ប្រជាពលរដ្ឋខ្មែរ ត្រូវមានសិទ្ធិសេរីភាពពេញលេញ។ លោក ហ៊ុន សែន និង ក្រុមអ្នកដឹកនាំផ្ដាច់ការនៅកម្ពុជា បានលួចប្លន់សេរីភាពជាច្រើន ពីប្រជាពលរដ្ឋខ្មែរ ដែលទង្វើបែបនេះ ជាអំពើខុសច្បាប់ មិនគួរឱ្យកើតមានទាល់តែសោះ និង គួរឱ្យខ្មាសអៀនណាស់។ ខ្ញុំគាំទ្រអស់ពីដួងចិត្ត ឱ្យកម្ពុជារៀបចំការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អ្នកចូលរួមតវ៉ា អះអាងថា ការតវ៉ានេះ គឺចារជាប្រវត្តិសាស្ត្រ ដោយមានមន្ត្រីតំណាងរាស្ត្រអាមេរិកជាច្រើនរូប ចុះពីរដ្ឋសភាមកចាប់ដៃ និងគាំទ្រការតវ៉ា ដែលនេះជាសារបញ្ជាក់ថា ថ្ងៃបញ្ចប់នៃរបៀបដឹកនាំបែបផ្ដាច់ការ ដូចសព្វថ្ងៃក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។
អ្នកតវ៉ាមកពីរដ្ឋកាលីហ្វ័រញ៉ា ភាគខាងជើង លោក សម វឌ្ឍនា ជឿជាក់ថា សន្ទុះនៃការគាំទ្ររបស់សហគមន៍អន្តរជាតិ ចំពោះការក្រោកឈរដើម្បីទាមទារប្រជាធិបតេយ្យមកវិញនេះ ធ្វើឱ្យអ្នកនិយមប្រជាធិបតេយ្យ កាន់តែមានកម្លាំងចិត្ត និង របបលោក ហ៊ុន សែន កាន់តែរងសម្ពាធធ្ងន់បន្ថែម៖ «កម្លាំងប្រជារាស្ត្រ គឺជាកម្លាំងអាវុធដ៏ធំជាងគេបង្អស់។ ជនផ្ដាច់ការដូចលោក ហ៊ុន សែន នឹងដួលរលំ»។
អ្នកតវ៉ាម្នាក់ទៀត មកពីក្រុងសាន់ហូស្ស៊េ រដ្ឋកាលីហ្វ័រញ៉ាខាងជើងដែរ គឺលោក ឡោ ឡៃសូ ឆ្លៀតឱកាស អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលនិយមប្រជាធិបតេយ្យនៅគ្រប់ទិសទី ជាពិសេសនៅប្រទេសកម្ពុជា ឱ្យជឿជាក់លើការប្តេជ្ញាបន្តតស៊ូមតិ លើឆាកអន្តរជាតិ ដើម្បីធ្វើយ៉ាងណាទាមទារយកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ មកវិញឱ្យបាន។ លោកក៏ឆ្លៀតផ្ញើសារទៅលោក ហ៊ុន សែន ឱ្យប្រញាប់កែខ្លួន កុំឱ្យយឺតពេលទាន់៖ «របបខ្មែរក្រហមរលាយហើយ។ របបលោក ហ៊ុន សែន ក៏នឹងរលាយដែរ បើដឹកនាំរបៀបនេះ។ ខ្ញុំសុំឱ្យលោកកែមកផ្លូវត្រូវវិញ បើស្លាប់ទៅ សុំឱ្យគេឱ្យតម្លៃផង»។
ចំណែកលោក ស៊ុម ទិត្យា ដែលធ្វើដំណើរតាំងពីរដ្ឋវ៉ាស៊ីនតោនស្តេត ដែលមានចម្ងាយផ្លូវជាង ៤ពាន់គីឡូម៉ែត្រ ថា ការតវ៉ានេះ ជោគជ័យខ្លាំង ដោយអាចផ្ញើសារដល់មន្ត្រីរដ្ឋសភាអាមេរិក អំពីការប្ដូរផ្ដាច់របស់ពលរដ្ឋខ្មែរ ដែលនិយមប្រជាធិបតេយ្យ ក្នុងការចង់បានសេរីភាព និងប្រជាធិបតេយ្យ រួចផុតពីការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន សែន។ លោកថាការតវ៉ានេះ ធ្វើឡើងដើម្បីជំរុញឱ្យសមាជិកសភាអាមេរិក បន្តពន្លឿនការធ្វើសេចក្ដីព្រៀងច្បាប់បីទៀត និងបញ្ជូនច្បាប់ដែលទើបអនុម័តរួចនេះ ទៅព្រឹទ្ធសភា និងប្រធានាធិបតី ដើម្បីអនុវត្តទណ្ឌកម្មលើលោក ហ៊ុន សែន និងមន្ត្រីរបបនេះ ឱ្យឆាប់តាមដែលអាចធ្វើទៅបាន៖ «ចុងក្រោយលោក ហ៊ុន សែន នឹងបន្ទាន់ឥរិយាបថ ដើម្បីផលប្រយោជន៍ខ្មែរទាំងមូល។ សង្ឃឹមថា គាត់នឹងនិយាយជាមួយខ្មែរ ដើម្បីផលប្រយោជន៍របស់កូនចៅយើងទៅអនាគត»។
ការតវ៉ាលើកនេះ មានភាពប្លែកជារាល់ដង ព្រោះធ្វើចំថ្ងៃធ្វើការ ដែលខុសពីលើកមុនៗ ដែលធ្វើចំតែថ្ងៃគេអត់ធ្វើការ។ ម្យ៉ាងទៀត លើកនេះ មានវត្តមានដ៏កម្ររបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ចូលរួមបាតុកម្មនៅអាមេរិក៖ «ឃើញថាបងប្អូនយើងតស៊ូ និងស្រលាញ់ជាតិណាស់។ នេះជាមហាគ្រួសារខ្មែរតែមួយ។ យើងមកធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិកនេះ តំណាងរាស្ត្រសហរដ្ឋអាមេរិកចុះមកផ្ទាល់ មកជួបពលរដ្ឋខ្មែរយើង។ គេយកចិត្តទុកដាក់ គេស្រលាញ់ និងអាណិតខ្មែរ។ គេជួយស្ដារប្រជាធិបតេយ្យនៅកម្ពុជា។ យើងដឹងគុណគេ»។
ការតវ៉ារបស់ពលរដ្ឋខ្មែរ នៅក្រៅប្រទេសលើកនេះ ធ្វើឡើងភ្លាមៗ ក្រោយរដ្ឋសភាអាមេរិក អនុម័ត ដោយគ្មានការជំទាស់ពីគណបក្សទាំងពីរក្នុងរដ្ឋសភា ទៅលើច្បាប់ដើម្បីដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្ត្រីរបបនេះ។
តំណាងរាស្ត្រអាមេរិកមួយរូបទៀត លោក អាឡាន់ ឡូវេនថល (Alan Lowenthal) ដែលចុះទៅចាប់ដៃអ្នកតវ៉ា និងថ្លែងសារគាំទ្រការតស៊ូមតិនេះថា លោកមានសេចក្តីសោមនស្ស ក្នុងការជួយគាំទ្រអ្នកនិយមប្រជាធិបតេយ្យទាំងអស់ ដើម្បីតស៊ូប្រឆាំងរបបផ្ដាច់ការ និងស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ លោកបន្តថា នៅកម្ពុជាមិនទាន់មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌នោះទេ។ ដូច្នេះ យើងទាមទារដាច់ខាត ឱ្យមានការរៀបចំការបោះឆ្នោតមួយ ដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌៖ «ច្បាប់ដែលទើបអនុម័តនេះ នឹងមានអនុភាពបង្កកទ្រព្យសម្បត្តិមន្ត្រីរបបលោក ហ៊ុន សែន ដែលមាននៅអាមេរិក។ ជាងនេះទៅទៀត យើងកំពុងសហការជាមួយសហភាពអឺរ៉ុប ដើម្បីសើរើឡើងវិញប្រពន្ធការអនុគ្រោះពន្ធ ព្រោះរបបលោក ហ៊ុន សែន បរាជ័យក្នុងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ យើងខ្ញុំសូមគោរពពលរដ្ឋខ្មែរទាំងអស់ ដែលក្រោកឡើង តតាំងនឹងរបបផ្ដាច់ការ។ គោលនយោបាយការបរទេសអាមេរិក ពិតជាជួយជ្រោមជ្រែងអ្នកស្រលាញ់ប្រជាធិបតេយ្យ។ យើងនឹងមិននៅស្ងៀមជាដាច់ខាត ដរាបណាលោក ហ៊ុន សែន នៅតែរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យបែបនេះ។ ខ្ញុំសង្ឃឹមថា កម្ពុជានឹងមានប្រជាធិបតេយ្យឡើងវិញឆាប់ៗ ហើយខ្ញុំគាំទ្រមិត្តខ្ញុំគឺលោក សម រង្ស៊ី ក្នុងការវិលត្រឡប់ទៅកម្ពុជាវិញ»។
ការតវ៉ាបានបញ្ចប់ទៅហើយ នៅឡើយតែដំណោះស្រាយនយោបាយ ដែលកំពុងធ្វើឱ្យរបបលោក ហ៊ុន សែន កំពុងរងសម្ពាធជុំទិសពីសហគមន៍អន្តរជាតិ ជាពិសេសពីសហភាពអឺរ៉ុប ដែលនឹងបិទបញ្ចប់នីតិវិធី ៦ ខែដំបូង ក្នុងការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី ១២ ខែសីហាខាងមុខ។
មជ្ឈដ្ឋានទូទៅ យល់ឃើញថា ច្រកចេញដែលសមស្របបំផុត តែមួយគត់ ដើម្បីអាចបញ្ចៀសទណ្ឌកម្មទាំងនេះបាន គឺរបបលោក ហ៊ុន សែន ត្រូវស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញឱ្យឆាប់តាមដែលអាចធ្វើទៅបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
