ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើ​យុទ្ធនាការ​ទាមទារ​រដ្ឋាភិបាល​ប្តឹង​ករណី​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ

0:00 / 0:00

ពលរដ្ឋខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តប្រមូលកម្លាំង​ខ្មែរ​គ្រប់​ទិសទីរួមរួបគ្នា​ជា​សំឡេង​តែមួយ​ធ្វើ​សកម្មភាព​ការពារបូរណភាព​ទឹកដី​កម្ពុជា ជាពិសេ​ទាមទារ​ចំណែក​កម្ពុជា​នៅលើ​កោះគជ់ តាមយន្តការ​ជំរុញ​ឱ្យ​កម្ពុជា​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ អ្នកឃ្លាំមើល​ថា សំណើ​របស់​ពលរដ្ឋ​ជារឿង​ត្រឹមត្រូវ ស្រប​តាម​ច្បាប់ ដែល​រដ្ឋាភិបាល​គួរតែ​យក​ទៅ​ដោះស្រាយ ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​លុបលាង​ឈ្មោះ​អាស្រូវ​ដែល​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដឹកនាំ​ប្រទេស​ធ្វើឱ្យ​បាត់បង់​ទឹកដី​ទៅ​ឱ្យ​ប្រទេស​ជិតខាង។

បន្ទាប់ពី​ពលរដ្ឋខ្មែរ-អាមេរិកាំង ចាប់ផ្ដើម​ធ្វើ​សមាជ​ស្តីពី​កោះគជ់​ជាលើកដំបូង​នៅទីក្រុង​ឡុងប៊ិច​(Long Beach) នៃ​រដ្ឋកាលីហ្វរនីញ៉ា (California) រួចហើយ​នោះ ពលរដ្ឋខ្មែរ-អាមេរិកាំង​នៅ​ឆ្នេរសមុទ្រ​ប៉ែកខាងកើត​នៅ​រដ្ឋសោត៍ខារ៉ូឡាញណា (South Carolina) ប្រមាណ​១០០នាក់ បាន​ជួបជុំគ្នា​ធ្វើ​សមាជ​ជាលើក​ទីពីរ​ នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ ដើម្បី​តស៊ូមតិ​អំពី​បញ្ហា​បូរណភាព​ទឹកដី សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ វាគ្មិន​សំខាន់ៗ​ក្នុង​កម្មវិធី​ជួបជុំ​នេះ រួមមាន​ប្រធាន​ចលនាខ្មែរ​ដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ចូលរួម​ដោយផ្ទាល់ និង​អតីត​តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ​មណ្ឌលសៀមរាប​លោក អ៊ំ សំអាន និង​អ្នកសិក្សា​ការអភិវឌ្ឍសង្គម​បណ្ឌិត សេង សារី ចូលរួម​តាម​ប្រព័ន្ធ​អនឡាញ។

សមាជ​លើកនេះ​ដែរ ពលរដ្ឋខ្មែរ-អាមេរិកាំង បាន​ចូលរួម​ជជែក ផ្តល់​មតិយោបល់​យ៉ាង​ផុលផុស ហើយ​អ្នកខ្លះ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា អសមត្ថភាព​ក្នុង​ការការពារ​ធិបតេយ្យភាពជាតិ។ ពួកគាត់​ជំរុញ​ឱ្យ​ពលរដ្ឋខ្មែរទាំងអស់​តម្កល់​ផលប្រយោជន៍ជាតិ​ជា​ធំ និង​នាំគ្នា​ក្រោកឈរ​ការពារ​កោះគជ់ដោយ​ទាមទារ​ឱ្យ​កម្ពុជា​ប្តឹង​ករណីនេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ប្រធាន​ចលនាខ្មែរ​ដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហូរ ថ្លែង​សារ​ទៅ​កាន់​អ្នកចូលរួម​ថា ការរៀបចំសមាជនេះ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយព័ត៌មាន​ពិត​អំពី​កោះគជ់ និង​ការលើក​ទឹកចិត្ត​ដល់​ពលរដ្ឋខ្មែរ​ក្នុង​ការចូល​ការពារអធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ខ្មែរ​ឱ្យ​បាន​គង់វង្ស ខណៈ​កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​គ្រួសារ​ត្រកូលហ៊ុន​បាន​គាស់រំលើង​ប្រជាធិបតេយ្យ បំបិទ​សិទ្ធិសេរីភាព ជាពិសេស​ប្រជាពលរដ្ឋ​ក្នុងប្រទេស។ អ្នកស្រី​បញ្ជាក់​ថា អ្នក​ស្នេហា​ជាតិអ្នក​ការពារ​សិទ្ធិមនុស្ស ឬ​ពលរដ្ឋខ្មែរ​ដែល​និយាយ​អំពី​បញ្ហាទឹកដី​មិនមែន​ជា​ក្រុមឧទ្ទាម ឬ​ក្រុម​ភេរវករ​ដូច​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ទេ។ អ្នកស្រី​រំលឹក​ថា ពលរដ្ឋ​ខ្មែរ​តែងតែ​ចេញ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​យក​ករណី​កោះគជ់​ទៅ​ដោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​ការដាក់ពាក្យ​ប្តឹង​ទៅ​តុលាការអន្តរជាតិ ហើយ​អ្នកស្រី​ច្រានចោល​ចំពោះ​ការលើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ចោទ​ក្រុមប្រឆាំង​យក​បញ្ហានេះ​បង្ក​ជម្លោះ​រវាង​ខ្មែរ​និង​ថៃ។

អ្នកស្រី មូរ សុខហូរ៖«ជា​ដាច់ខាត​យើង​អត់​ឱ្យ​មាន​ជម្លោះ​រវាង​ខ្មែរ​និង​ថៃ​ទេ ខ្ញុំ​សុំ​យកវេទិកា​នេះ​ ជម្រាប​ទៅ​លោក ហ៊ុន ម៉ាណែត ថា យើងខ្ញុំ​មិន​ដែល​និយាយ​អំពីជម្លោះ​រវាង​ខ្មែរ​និង​ថៃ​ទេជា​ពិសេស​ពលរដ្ឋខ្មែរ និង​ថៃ យើង​អត់​មាន​និយាយ​អំពី​ចម្បាំង​ទេ ផ្ទុយទៅវិញ​យើង​និយាយ​ពី​ការ​យក​រឿង​កោះគជ់​យក​ទៅ​តុលាការ​អន្តរជាតិពិត​អត់​បងប្អូន ពិត!យើង​នៅតែ​រក្សា​ជំហរ​នេះ​ជានិច្ច ហើយ​យើង​ចាំមើល​ការដោះស្រាយ​របស់​រដ្ឋាភិបាល​កម្ពុជា​រឿង​ហ្នឹង»។

ចំណែក​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ក្នុង​កម្មវិធី​នេះ​ដែរ​ថា រដ្ឋធម្មនុញ្ញ​ តម្រូវ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ទទួល​សំណើ​របស់​ពលរដ្ឋ​យក​ទៅ​ដោះស្រាយដោយ​យកចិត្តទុកដាក់។ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​ត្រឹម​មិន​ស្តាប់​សំឡេង​ពលរដ្ឋ​ទេ បែរ​ជា​គំរាមកំហែង វាយ​ប្រហារ​អ្នក​ដែល​ឈឺឆ្អាល​រឿង​ទឹកដី​បូករួមទាំង​ព្រះអង្គ​ថែមទៀត។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់​ថា បើទោះបីជា​រដ្ឋាភិបាលថៃ​យក​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ២០០១ អះអាង​ថា​ត្រកូលហ៊ុន​មិន​បាន​ទាមទារ​កោះគុជ​ក្តី តែ​ពលរដ្ឋខ្មែរ​មិន​បាន​យល់​ស្រប​ម្តងណា​ទេ ដូច្នេះ​ព្រះអង្គ​ផ្តល់​ឱវាទ​ដល់​ពលរដ្ឋខ្មែរ​ត្រូវ​នាំគ្នា​តវ៉ា​ប្រឆាំង និង​ប្តឹង​រឿង​កោះគជ់នេះ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​កាន់កាប់​កោះគជ់​មក​វិញ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖«ចាប់ពី​ពេលនេះ​ទៅ ឆ្នាំ​ថ្មី​មក​ដល់​ឆ្នាំ២០២៥ យើង​ត្រូវ​កត់ចំណាំ​ក្នុង​ចិត្ត​មិន​ដូច​ថៃ​និយាយ​ទេ ដែល​​ថៃ​បញ្ជាក់​ច្បាស់​ហើយ​ថា​រដ្ឋាភិបាល​ហ៊ុន សែន មិន​បាន​ទាមទារ​កោះគជ់​ទេ នៅ​ក្នុង​កិច្ចព្រមព្រៀង​MOUឆ្នាំ២០០១ ប៉ុន្តែ​រដ្ឋាភិបាលថៃ​មិន​បាន​ថា​ពលរដ្ឋខ្មែរ​អត់បាន​ទាមទារ​រឿង​ហ្នឹង​ឯណា ដូច្នេះយើង​ត្រូវតែ​ចេញ​ទាមទារ»។

បច្ចុប្បន្ន​នេះកោះគជ់​កំពុង​ស្ថិត​ក្រោម​ការគ្រប់គ្រង​ផ្ដាច់មុខ​របស់​ប្រទេសថៃ ដោយ​បាន​អភិវឌ្ឍ​ទីនោះ​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ។ ប្រជាជន​ថៃ​ជាច្រើន បាន​រស់​នៅទីនោះ មាន​ទាំង​សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ទឹក ភ្លើង និង​មានមូលដ្ឋាន​ទ័ពថៃ​ទៀតផង ខណៈ​ពលរដ្ឋខ្មែរ​នៅ​ទីនោះ គឺ​គ្រាន់តែ​ជា​ជនចំណាកស្រុក​ស៊ីឈ្នួល​ឲ្យ​ជនជាតិថៃ​ប៉ុណ្ណោះ។

ងាក​មក​មើល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឪពុក​របស់​លោក​ដែល​ជាមេបក្ស​កាន់​អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មក​ទល់​ពេល​នេះ​មិន​បាន​បង្ហាញ​ជំហរ​ច្បាស់​លាស់​ក្នុង​ការ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​កោះគជ់​នោះទេ។ នេះ​ខុស​ពី​មេ​ដឹកនាំថៃ​ទាំង​ឪពុក និង​កូន​ត្រកូល​ស៊ីណាវ៉ាត់ បាន​ប្រកាស​ពី​គោលជំហរ​ច្បាស់ៗ​ថា កោះគជ់​ជា​កម្មសិទ្ធិ​របស់ថៃ​ដោយ​គ្មាន​ប្រទេស​ណា អាច​ដណ្ដើម​កាន់​កាប់​បាន​ឡើយ។

ថ្លែង​ក្នុង​ពិធី​បញ្ចប់​ការវាស់វែង​ដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី២១ ខែ​ធ្នូ លោក ហ៊ុន ម៉ាណែត ចោទ​ក្រុមប្រឆាំង​ថា យក​បញ្ហា​កោះគជ់​តាម​រករឿង​រដ្ឋាភិបាល​របស់​លោក​ឥតឈប់។ លោកអះអាង​សាជាថ្មី​ថា​មូលហេតុ​ដែល​រដ្ឋាភិបាល​របស់​លោក​មិន​ឆ្លើយតប​ក្រុមប្រឆាំង​នៅក្រៅប្រទេស​ជុំវិញ​បញ្ហា​កោះគជ់​កន្លងមក ដោយសារ​គណៈកម្មាធិការ​ព្រំដែនកម្ពុជា​នៅ​បន្ត​ចរចា​ជាមូយ​ភាគីថៃ ប៉ុន្តែ​យន្តការ​នេះ​មិនទាន់​ឯកភាព​គ្នា​នៅឡើយ​ជុំវិញ​បញ្ហា​ព្រំដែនទឹក​ដែល​កម្ពុជា​ទាមទារ​ផលប្រយោជន៍​នោះ។

លោក ហ៊ុន ម៉ាណែត៖«ខ្ញុំ​ប្រាប់​មួយ​ម៉ាត់ ខ្ញុំ​អត់​លេង​ល្បែង​អស់​លោក​ទេ មួយ​ថ្ងៃៗឃើញ​នៅតែ​ថា​ហេតុអ្វី​រដ្ឋាភិបាល​មិន​ប្តឹង ឥឡូវ​គេ​បង្កើត​វេទិកា​ហៅ​ប្រជាជន​នៅក្រៅប្រទេស​ទៅ។ រឿង​គេ​ចចារ​រាប់សិប​ឆ្នាំ​មកហើយ ហើយ​គណៈកម្មាធិការ​ព្រំដែន​របស់យើង​នៅតែ​ចរចា មិនទាន់​ឯកភាព​គ្នា​ទេ​លើ​ព្រំដែនទឹក យើង​ទាមទារ​ផលប្រយោជន៍ ហើយ​គេទា​មទារ​អ៊ីចឹង​ បាន​ចរចា​មិន​ទាន់​ចប់ មិច​ចង់​វ៉ៃ​(ដាក់ទ័ពច្បាំង)គ្នា​ទៀត​អី នៅក្រៅ​ប្រទេស​ពូកែ​ណាស់​ខាង​ហៅ​គេ​វ៉ៃ​គ្នា»។

ទោះបីជា​លោក ហ៊ុន ម៉ាណែត លើកឡើង​បែបនេះ​ក្តី មន្រ្តី​បក្សប្រឆាំង និង​អ្នកឃ្លាំមើល​យល់​ថា​ការណ៍​ដែល​រដ្ឋាភិបាល ហ៊ុន ម៉ាណែត នៅបន្ត​ចរចា​ចែក​ផលប្រយោជន៍​ប្រេង និង​ឧស្ម័ន​ជាមួយ​ភាគីថៃ​ផ្អែក​លើ​អនុស្សរណៈ​យោគយល់គ្នា​ឆ្នាំ២០០១​ MOU44 នឹង​ធ្វើឱ្យ​កម្ពុជា​បាត់បង់​កោះគជ់ ហើយ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូលហ៊ុន​ត្រូវ​ទទួលខុស​ បើសិន​ធ្វើឱ្យ​បាត់​កោះគជ់។

ជុំវិញ​រឿង​នេះអ្នក​ជំនាញច្បាប់ និង​អភិបាលកិច្ច​បែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​ដោយ​កត់សម្គាល់​ថា ប្រជាពលរដ្ឋខ្មែរ​ដែល​តស៊ូមតិ​បាន​បំពេញ​កាតព្វកិច្ច​ឈឺឆ្អាល​ការពារ​ទឹកដី​របស់ខ្លួន​រួច​ហើយ តែ​នៅឡើយ​រដ្ឋាភិបាល​មិន​ហ៊ាន​ចេញ​មុខ​ប្រកាស​ចំណែក​របស់​កម្ពុជា​នៅលើ​កោះគជ់។ លោកមើលឃើញ​ការ​បកស្រាយ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា​រដ្ឋាភិបាល​កំពុង​ចចារ​ជាមួយ​ភាគីថៃ ដោយ​លោក​មិន​លេងល្បែង​ទឹកដី​ជាមួយ​ប្រទេស​ជិតខាងនោះ​គ្រាន់តែ​ជា​ការនិយាយ​បង្វែរដាន​ក្នុង​ការ​គេចវេស​ពី​ការទទួល​ខុសត្រូវ ហើយ​នេះ​បង្ហាញ​ពី​ទស្សននយោបាយ​កំសាក គ្មាន​ឆន្ទៈ​ការពារបញ្ហា​កោះគជ់​ជាមួយ​ភាគីថៃ។

លោក វ៉ន ចាន់ឡូត៖«ពីព្រោះ​រឿង​នេះ​មិនមែន​ជារឿង​សម្ងាត់​ដែល​ត្រូវ​លាក់បាំង​ពលរដ្ឋ​ទេ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​វាយ​តម្លៃ​ជា​រួម ​គ្មាន​ទេ​ការចចារ​ណាមួយ​ជាមួយ​​ភាគីថៃ បើមាន​ការចរចា​មែន វា​មាន​ត្រឹម​ការចរចា​ដើម្បី​គិត​ទៅលើ​ប្រយោជន៍នយោបាយ​របស់​រដ្ឋាភិបាល​នៃ​គណបក្សប្រជាជនកម្ពុជា​ច្រើន​ជាង ​គិត​អំពី​បូរណភាព​ទឹកដី ជាពិសេស​ការទាមទារ​កម្មសិទ្ធិ​មួយ​ផ្នែក​នៃ​កោះគជ់»។

លោក វ៉ន ចាន់ឡូត បញ្ជាក់​ថា បើ​ផ្អែកលើ​សទ្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ គឺពលរដ្ឋខ្មែរ​ទូទៅ​បាន​ដឹង​ថា​កោះគជ់​មាន​ចំណែក​កម្មសិទ្ធិ​មួយ​ផ្នែក​ជា​របស់​កម្ពុជា ដូច្នេះ​អ្វី​ដែល​ពលរដ្ឋខ្មែរ​ចង់ឃើញ​នៅ​ចំពោះមុខ តើ​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​បក្សប្រជាជកម្ពុជា ក្លាហាន​ប្រកាស​អំពី​ភាព​ជាម្ចាស់​នៃ​កោះគជ់​ដូច​មេដឹកនាំថៃ​ប្រកាស​ប្រាប់​ពលរដ្ឋ​គេ​ដែរ​ឬទេ។ លោក វ៉ន ចាន់ឡូត លើកឡើង​ថា ការដោះស្រាយ​ដើម្បី​បញ្ជៀស​សង្គ្រាម និង​ធ្វើឱ្យ​ពលរដ្ឋខ្មែរ​ជឿទុកចិត្ត គឺ​រដ្ឋាភិបាលកម្ពុជា​គួរតែ​ធ្វើ​កំណត់​ទូត​ទៅកាន់​ភាគីថៃ ឬ​កោះហៅ​ឯកអគ្គរាជទូត​ថៃ​មក​សួរនាំ​អំពី​ការប្រកាស​ទាំង​បំពាន​របស់​រដ្ឋាភិបាលថៃ ហើយការដោះស្រាយ​ដោយ​​សន្តិវិធី​មួយទៀត គឺ​នាយករដ្ឋមន្រ្តី​កម្ពុជា​ត្រូវ​ប្រកាស​ជា​សាធារណៈ​ពី​ភាព​ជាម្ចាស់​កម្មសិទ្ធិ មួយផ្នែក​នៅលើ​កោះគជ់។

បញ្ហា​កោះគជ់​នេះ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​គ្រោង​នាំគ្នា​ជួបជុំ​ធ្វើ​សមាជ និង​ចេញ​ធ្វើ​មហាបាតុកម្ម​នៅ​តាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក ដូចជា​នៅ​ទីក្រុងឡុងប៊ិច​(Long Beach) នៃ​រដ្ឋកាលីហ្វរនីញ៉ា នៅ​ថ្ងៃ​អាទិត្យ​ទី១៩ ខែមករា ឆ្នាំ២០២៥ ហើយ​នៅ​ថ្ងៃ​ដដែល​ ពួកគាត់​មួយ​ក្រុមទៀត​ក៏​គ្រោង​ជួបជុំ​ធ្វើសមាជ​នៅ​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋម៉ាស្សាឈូសេត្ស​(Massachusetts)​ដែរ។ ជាមួយគ្នានេះ ពលរដ្ឋខ្មែរ​នៅ​សហរដ្ឋអាមេរិក​ក៏​នឹង​ជួបជុំ​គ្នា​ចេញ​សម្ដែង​មតិ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី៤ ខែ​មេសា។ ចំណែកប្រជាពលរដ្ឋខ្មែរ​នៅ​ប្រទេស​អូស្រ្តាលី និង​យុវជន​ខ្មែរ​ធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​វិញ គ្រោង​រៀបចំ​មហាបាតុកម្ម​ស្តីពី​កោះគជ់​នេះ នៅ​អំឡុង​ខែ​មករាឆ្នាំ​២០២៥ ខាងមុខ​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។