ក្រសួង​ការ​បរទេស​កម្ពុជា​ថា ទណ្ឌកម្ម​លើ​ឧកញ៉ា ទ្រី ភាព និង​លោក គន់ គីម ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន

0:00 / 0:00

ក្រសួង​ការបរទេស​កម្ពុជា​ខក​ចិត្ត ចំពោះ​ចំណាត់​ការ​​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​ជំនិត ២នាក់​របស់​លោក ហ៊ុន សែន ដែល​ដាក់​ចេញ​ដោយ​ក្រសួង​រតនាគារ​ជាតិ​សហរដ្ឋ​អាមេរិក។ អ្នក​​ជំនាញ​​អះអាង រដ្ឋាភិបាល​កម្ពុជា ឬ​បុគ្គលដែល​​រង​ទណ្ឌកម្មនេះ អាច​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​លាង​ជម្រះ​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ដែល​ខ្លួន​យល់​ថា មិន​ត្រឹម​ត្រូវ​នោះ។

ក្រសួង​ការបរទេស​កម្ពុជា​ចាត់​​ទុក​​​ទណ្ឌកម្ម​លើឧកញ៉ា ទ្រី ភាព និង​លោក គន់ គីម គឺ​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរលើគោល​ការណ៍​ស្មើភាព​នៃ​អធិបតេយ្យ និង​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ច​​ការផ្ទៃក្នុង​​របស់​ប្រទេស​ដទៃ ដូច​មាន​ចែង​ក្នុង​​ធម្មនុញ្ញ​អង្គការ​សហប្រជាតិ និង​ច្បាប់​អន្តរជាតិ​​ដទៃទៀត។ ក្រសួង​បញ្ជាក់​ទៀតថា ការ​សម្រេចចិត្ត​​របស់​​សហរដ្ឋ​អាមេរិ​កនេះ ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​​មិន​គោរពដល់​ឯករាជ្យ​នៃ​ច្បាប់ និង​យុត្តិធម៌​របស់​កម្ពុជា។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​​សេចក្តីថ្លែងការណ៍​​នៅ​ថ្ងៃទី១០ ធ្នូថា ទណ្ឌកម្ម​នេះ​ គឺ​ជា​ការ​វាយ​​ប្រហារ​ប្រឆាំង​នឹង​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​ស្តារទំនុក​ចិត្ត និង​ភាព​ជឿជាក់​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដែល​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​​ឆ្លើយ​ឆ្លង​គ្នា​កាល​ពីពេល​ថ្មីៗ នេះ។ ក្រសួង​អះអាងថា លោក គន់ គីម បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​​កិច្ច​ការពារ​ និង​ថែរក្សា​សុខ​សន្តិភាព ស្ថេរភាព និង​សណ្តាប់ធ្នាប់​សង្គម ស្រប​ពេល​ដែល​ឧកញ៉ា ទ្រី ភាព វិញ គឺ​ជា​អ្នក​ដែល​បាន​ដើរ​តួនាទី​ដ៏​សកម្ម​ក្នុង​​ការ​ទ្រទ្រង់​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា។ ទោះ​ជា​យ៉ាង​ណាក្រសួង​ការ​បរទេស​កម្ពុជា​មិន​បាន​បង្ហាញ​នូវ​ភស្តុតាង​ណា​មួយ​ ដែល​បញ្ជាក់​ថាអ្នក​ទាំង​ពីរ​ពិត​ជា​មាន​​គុណវុឌ្ឍ និង​មិន​​​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ពុក​​រលួយ​នោះ​ឡើយ។

ក្រសួងការបរទេសបញ្ចេញ​​ប្រតិកម្ម​បែបនេះ ជា​ការ​ឆ្លើយ​តប​ទៅនឹង​ក្រសួង​រតនាគារ​អាមេរិក​​ដែល​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​មនុស្ស​ជំនិត ២រូប​របស់​លោក​​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​ឈ្មួញ​​ឈើ​ដ៏​​ល្បី​ឈ្មោះ លោក ទ្រី ភាព និង​លោក​ផ្កាយ៤ គន់ គីម។ សហរដ្ឋ​អាមេរិក​បាន​រក​​ឃើញ​ថា មនុស្ស​​មាន​​ឥទ្ធិពល​នៅ​ស្រុក​ខ្មែរ​ទាំង ២រូប​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ការ​រំលោភ​អំណាច និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ​នៅ​កម្ពុជា។ សហរដ្ឋ​អាមេរិក​បាន​ប្រើ​ច្បាប់ គ្លូបល មែគនីតស្គីអ៊ែកថ៍ (Global Magnitsky Act) ដើម្បី​​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចំនួន១១ របស់​ឧកញ៉ា ទ្រី ភាព និង​ក្រុមហ៊ុន​​ចំនួន៥ ដែល​គ្រប់​គ្រង​ដោយ​គ្រួសារ​លោក គន់ គីម ហើយ​ទណ្ឌកម្ម​បង្កក​​ ឬរាំង​ខ្ទប់​ទ្រព្យ​សម្បត្តិ​​របស់​អ្នក​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​អាមេរិក​​​ប្រកាស​ឱ្យ​ដឹង​នៅ​​ថ្ងៃ​ទី៩ ធ្នូ ដែល​ចំ​ថ្ងៃ​ទិវា​ប្រឆាំង​អំពើ​ពុក​​រលួយ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​នាំពាក្យ​របបក្រុ​ងភ្នំពេញ លោក ផៃ ស៊ីផាន អះអាងផ្ទុយ​ពី​ក្រសួង​ការ​បរទេសដោយ​គូស​បញ្ជាក់​ថា ទំនាក់​ទនង​រវា​ង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក នឹង​មិន​រង​ផល​ប៉ះពាល់​ដោយ​សារ​ទណ្ឌកម្ម​នេះ​ឡើយ។ លោក​​សរសេរ​ក្នុង​​​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១០ធ្នូ​ថា កិច្ច​​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នៅ​តែ​បន្ត​ក្នុង​ភាពស្វាហាប់ និងគោរព​គ្នា​ទៅវិញ​ទៅ​មកក្នុង​នាម​ជា​ប្រទេស​ដែល​មាន​​អធិបតេយ្យ។​

( អ្នក​នាំពាក្យ​របបក្រុ​ងភ្នំពេញ លោក ផៃ ស៊ីផាន)

អ្នក​​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែង​ថា វិធាន​ការ​​​​របស់​សហរដ្ឋ​​អាមេរិក​នេះ​​មិន​ផ្ទុយ​នឹង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​​ទេ ព្រោះ​ជា​ទណ្ឌកម្ម​​ប្រឆាំង​នឹង​បុគ្គល​ មិន​មែន​ប្រឆាំង​នឹង​រដ្ឋ​អធិបតេយ្យ​នោះ​ឡើយ។ លោក​ជឿថា មុន​នឹង​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ណាម្នាក់​ សហរដ្ឋ​អាមេរិក​ប្រាកដ​ជា​​មាន​ភស្តុតាង​រឹងមាំ ឬ​របាយការណ៍​ច្បាស់លាស់ មិន​មែន​ចេះ​តែ​ធ្វើ​ច្បោលៗ​ នោះ​ឡើយ។ លោក​​ថា បុគ្គល​ដែល​​រង​ទណ្ឌកម្ម​​ក្រោម​ច្បាប់​​អាមេរិក អាច​ប្តឹង​ទាស់​ទៅ​តុលាការ​អន្តរជាតិ ប្រសិន​ពួក​គេ​មិន​​ពេញ​​ចិត្ត​​ចំពោះ​ការ​សម្រេច​នេះ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​អាច​ធ្វើ​បែប​នេះ​បាន​ដូច​គ្នា ប្រសិន​បើ​ចង់​ការពារ​មន្រ្តី​របស់​ខ្លួន៖ « ដើម្បី​​ដោះស្រាយ​​ ដើម្បី​​បង្ហាញ​​ភាព​​ស្អាត​ស្អំ ត្រូវ​បង្ហាញ​​ចេញ​​ពី​អន្តរជាតិ។ វា​មិន​មែន​កម្ពុជា​ថា ឬក៏​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ការពារ​ហ្នឹង​ វា​គ្រប់​គ្រាន់​សម្រាប់​លាង​សម្អាត​ភាព​មន្ទិល​សង្ស័យ ឬ​ការ​ប្រកាស​របស់​សហរដ្ឋ​អាមេរិក​ទេ។ ត្រូវ​មាន​តុលាការ​អន្តរជាតិ អា​ហ្នឹង​បាន​យើង​ហៅ​ថា ស្មើភាព​គ្នា​។ វា​សម​ស្រប​ទៅ​នឹង​ការ​លុប​បំបាត់​ភាព​ល្អក់​កករ​ក្នុង​​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​​អាមេរិក​ពាក់ព័ន្ធ​នឹង មែគនីតស្គី អ៊ែកថ៍ ហ្នឹង»

ក្រសួង​​រតនាគារ​ជាតិ​អាមេរិក​រកឃើញថា ឧកញ៉ា ទ្រី ភាព និង​​លោក​​ គន់ គីម គឺ​ជា​អ្នក​ទទួល​​ខុស​ទទួល​ខុសត្រូវ និង​ប្រព្រឹត្តិ​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ក្នុង​អំពើ​ពុក​រលួយ​ រួម​មាន ​អំពើ​កឹ​បកេង​ទ្រព្យសម្បត្តិ​រដ្ឋ​ ការ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ឯកជន​មក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​ការ​អនុវត្ត​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ អំពើ​កេង​ប្រវញ្ច​លើ​ធនធាន​ធម្មជាតិ​ ឬ​ការ​​សូកប៉ាន់​ជាដើម​។

ក្រសួង​រតនាគារជាតិ​អាមេរិក​ទម្លាយ​​ថា​ លោក​ ទ្រី​ ភាព​ បាន​ប្រើប្រាស់​ខ្សែ​បណ្តាញ​ដ៏​សម្បើម​របស់​លោក​នៅ​កម្ពុជា​ ដើម្បី​បង្កើត​អាជីវកម្ម​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ ដោយ​បាន​ពឹង​ផ្អែក​ទៅ​លើ​អំពើ​ស៊ុមគ្រលុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ និង​ទទួល​បាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល​ និង​មន្ត្រី​យោធា​ ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​ខុស​ច្បាប់​របស់​លោក។ ក្រៅ​ពី​នេះលោក​បាន​ប្រើប្រាស់​បណ្តាញ​យោធា​ ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​ យក​ទៅ​លក់​ឲ្យ​ប្រទេស​វៀតណាម​ ចិន​ អឺរ៉ុប​ និង​រុស្ស៊ី​ ជាដើម​។

ដោយឡែក​ចំពោះ​លោក​ គន់​ គីម​ វិញ​ ក្រសួង​រតនាគារ​អាមេរិក​ លាត​ត្រដាង​ថា លោក​គឺជា​ឧត្តមសេនីយ៍​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ ហើយ​គឺ​បុគ្គល​ចម្បង ដែល​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ខេត្ត​កោះកុង​ ហើយ​បាន​ទទួល​ផល​ប្រយោជន៍​ហិរ​ញ្ញ​វត្ថុ​យ៉ាង​សម្បើម​ពី​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​នៃ​ប្រទេស​ចិន។ លោក​ គន់​ គីម​ បាន​ប្រើប្រាស់​​កងយោធពល​ខេមរភូមិន្ទ​ ដើម្បី​បំភិតបំភ័យ រឹបអូស ឬ​ឆ្កា​ដី​ ដែល​ក្រុមហ៊ុន​ចិន​ចង់​បាន។ ក្រសួង​រតនាគារ​អាមេរិក​បន្ត​ថា លោក​ គន់​ គីម​ ត្រូវ​បាន​ផ្លាស់​តួនាទី​ពី​នាយ​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​គឺ​ដោយសារ​តែ​លោក​មិន​បាន​ចែក​រំលែក​ផល​ចំណេញ​ពី​អាជីវកម្ម​ខុស​ច្បាប់​របស់​លោក​ ទៅ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

អាស៊ីសេរី​​មិន​អាចសុំ​ការ​ឆ្លើយ​តប​រឿង​ទណ្ឌកម្ម​នេះ​ពី​លោក គន់ គីម និង​ឧកញ៉ា ទ្រី ភាព បាន​ទេ នៅ​ថ្ងៃ​ទី១០ ធ្នូ។

មក​ដល់​ពេល​នេះ មនុស្សជំនិត​របស់លោក ហ៊ុន សែន ចំនួន​ ៣នាក់ហើយ ដែល​រង​ទណ្ឌកម្ម​បង្កកទ្រព្យសម្បត្តិ​ពី​ក្រសួង​រតនាគារ​អាមេរិក ក្រោម​ច្បាប់ គ្លូបល មែគនីតស្គីអ៊ែកថ៍ (Global Magnitsky Act)។ មន្ត្រី​របបក្រុ​ងភ្នំពេញ​​ដំបូង​គេ​ដែល​រង​ទណ្ឌកម្ម​នេះ គឺ​មេកងអង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង។ អ្នក​តាម​ដាន​​ស្ថានការណ៍​កម្ពុជាយល់ថា មន្ត្រី​របបក្រុងភ្នំពេញ និង​អ្នក​​ជំនួញ​​កម្ពុជា​មួយ​​ចំនួនទៀត ក៏​អាច​នឹង​ប្រឈម​ទណ្ឌកម្ម​ពីសហរដ្ឋ​អាមេរិកក្រោម​​ច្បាប់ គ្លូបល មែគនីតស្គីអ៊ែកថ៍ (Global Magnitsky Act) នេះដែរ ប្រសិន​បើ​អាមេរិក​​រកឃើញ​ថា បុគ្គល​ទាំងនោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​ផ្ទុយ​នឹង​គោលការណ៍​របស់​អាមេរិក​។

កាល​ពី​​ពេល​កន្លងទៅ សមាជិក​សភាអាមេរិក​​ធ្លាប់​បាន​​ស្នើ​ឈ្មោះក្រុម​​មេដឹកនាំ​របបក្រុង​ភ្នំពេញ​ចំនួន​ ១៧នាក់​ ដើម្បី​ដាក់​ទណ្ឌកម្ម​ផង​ដែរ។ អ្ន​កទាំងនោះ​ រួមមាន​ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន រ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក​ ទៀ​ បាញ់​ និង​រដ្ឋមន្ត្រី​ជា​ច្រើន​រូប​ផ្សេង​ទៀត។ ចំណែក កូនប្រុស​ច្បង​លោក​ ហ៊ុន​ សែន​ គឺ​លោក ហ៊ុន ម៉ាណែ​ត និង​កូន​ស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី​ ហ៊ុន​ ម៉ា​ណា​ ព្រម​ទាំងកូនប្រសា​រលោក ហ៊ុន សែន គឺ​លោក សុខ ពុទ្ធី​វុធ​ ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​​ស្នើ​ឱ្យ​ដាក់​ទណ្ឌកម្ម​នោះ​ដែរ។ទោះ​ជា​យ៉ាង​ណា ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​អាមេរិក​ ដោយ​ពុំ​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។