ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងប្រមាណ៣ពាន់ ធ្វើមហាបាតុកម្មប្រឆាំង CLV ម្តងទៀត
2024.09.02
ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណ៣ពាន់នាក់ បានបន្តប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្មសាជាថ្មីទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម (CLV-DTA) ដើម្បីការពារទឹកដីទុកសម្រាប់កូនខ្មែរ។ បាតុកម្មលើកទីពីរនេះ កើតមានឡើងបន្ទាប់ពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនព្រមដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CVL តាមសំណើរបស់ពលរដ្ឋទូទៅ ប៉ុន្តែដ្ឋាភិបាលត្រកូលហ៊ុនបានបន្តបង្ក្រាបលើអ្នករិះគន់ទៅវិញ។
ក្រុមបាតុករខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណ៣ពាន់នាក់បាននាំគ្នាស្រែកទាមទារ និងលើកបដាអមដោយសំឡេងសស្រែកកងរំពងពេញទីលានប្រជាធិបតេយ្យជុងកាក់ នៅក្នុងទីក្រុងសេអ៊ូល (Seoul) សាជាថ្មី នៅថ្ងៃទី០១ ខែកញ្ញា។
មិនខុសពីបាតុកម្មលើកមុន អ្នកតវ៉ាឈរក្រោមកំដៅថ្ងៃ ពួកគាត់បង្ហាញក្តីបារម្ភថាកិច្ចសហប្រតិបត្តិការតំបន់កោណអភិវឌ្ឍន៍ (CLV-DTA) នឹងអាចធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាម ហើយអ្នកខ្លះឡើងសម្តែងមតិខឹងសម្បារ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលពួកគាត់ថាដឹកនាំប្រទេសកាន់តែអន់ថយ បំបិទសិទ្ធិសេរីភាពពលរដ្ឋ ដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យនាំឱ្យគ្រោះថ្នាក់ដល់ជាតិ និងផ្តល់គំរូអាក្រក់ដល់ក្មេងជំនាន់ក្រោយ។
ទន្ទឹមនឹងនេះ ក្រុមបាតុករបានស្រែកព្រមៗគ្នាថាពួកគាត់មិនត្រូវការកិច្ចសហប្រតិបត្តិការ CLV នេះទេ ហើយទាមទារឱ្យរដ្ឋាភិបាលឪពុកនិងកូនដកកម្ពុជាចេញជាបន្ទាន់ដើម្បីការពារបូរណភាពទឹកដីខ្មែរឱ្យនៅគង់វង្ស។
ពលករខ្មែរធ្វើការតំបន់ក្វាងជូធំ នៅប្រទេសកូរ៉េខាងត្បូង លោកស្រី ស៊ុំ ណារ៉ាក់ ស្ថិតក្នុងចំណោមបាតុកររាប់ពាន់នាក់ដែលចូលរួមមហាបាតុកម្មបានឡើងសម្តែងមតិដោយរៀបរាប់ថា លោកស្រីមិនដែលធ្លាប់ចូលការងារសង្គមពីមុនទេ ប៉ុន្តែការឈឺចាប់ដោយសារបញ្ហាបាត់បង់ទឹកដី និងរឿងអយុត្តិធមក្នុងសង្គមទៀតនោះ បានជំរុញទឹកចិត្តលោកស្រីឱ្យហ៊ានចេញមុខតស៊ូមតិជាមួយពលរដ្ឋខ្មែរផ្សេងទៀត ដោយមិនខ្លាចការគាបសង្កត់ពីរដ្ឋាភិបាលកម្ពុជាឡើយ។ លោកស្រីបញ្ជាក់ថា ការចេញទាមទារឲ្យរដ្ឋាភិបាលដកខេត្តខ្មែរទាំង៤ចេញពីកិច្ចសហប្រតិបត្តិការ CLV នៅពេលនេះ គឺដើម្បីកុំឲ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាមហើយពិបាកទាមទារនៅថ្ងៃក្រោយទៀត។
លោកស្រី ស៊ុំ ណារ៉ាក់៖ «ខ្ញុំមានការឈឺចាប់ ពីព្រោះខ្ញុំជាម្ចាស់ប្រទេស ហេតុអ្វីយើងចេញមុខការពារប្រទេស និយាយពីសង្គមនៅស្រុកខ្មែរមិនបាន ប្រទេសយើងមានបញ្ហា ខ្ញុំនៅមានដង្ហើម មានជីវិត អ៊ីចឹងខ្ញុំត្រូវតែក្លាហាន»។
ស្រដៀងគ្នានេះពលករខ្មែរម្នាក់ទៀត លោក នាង លីសារ ថ្លែងថាបច្ចុប្បន្នកម្ពុជាគ្មានប្រជាធិបតេយ្យទេ ក្រោមអំណាចគាបសង្កត់បិទសិទ្ធិសេរីភាពពលរដ្ឋខ្មែរឥតស្រាកស្រាន្តពីសំណាក់គ្រួសារត្រកូលហ៊ុន។ ពលកររូបនេះឱ្យដឹងថាគោលបំណងដែលពួកលោកបន្តចូលរួមបាតុកម្មនេះ ចង់ផ្ញើសារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV តាមសំណើ និងក្តីកង្វល់របស់ពលរដ្ឋខ្មែរ។
លោក នាង លីសារ៖ «ប្រទេសយើងប្រកាន់លទ្ធិប្រជាធិបតេយ្យមែនអត់ អ៊ីចឹងហេតុអ្វីបានជាយើងមិនហ៊ានសម្តែងមតិ ប៉ុន្តែដោយសាររដ្ឋាភិបាលយើងកាន់របបអ្វីដឹងអត់? គឺផ្តាច់ការតែម្តង ខ្ញុំហ៊ាននិយាយអ៊ីចឹង ខ្ញុំត្រូវតែប្រឆាំងដើម្បីជាតិយើងមែនទេ? ក្នុងនាមជាខ្មែរ យើងឈឺចាប់ទេ មានមេដឹកនាំអ៊ីចឹងៗ យើងត្រូវតែប្រឆាំងដាច់ខាត »។
ចំណែកពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េ លោកស្រី ស យូណា រៀបរាប់ថាលោកស្រីនិងពលករខ្មែរដទៃទៀតចូលរួមបាតុកម្មនេះចំណាយថវិកាផ្ទាល់ខ្លួន ដោយសារការឈឺចាប់នឹងរដ្ឋាភិបាលក្រុងភ្នំពេញ ជាពិសេសខ្លាចកម្ពុជាបាត់បង់ដី ដើរជាន់ដានប្រវត្តិសាស្ត្រដូចទឹកដីកម្ពុជាក្រោមបាត់បង់ទៅប្រទេសវៀតណាម ធ្វើឱ្យពលរដ្ឋខ្មែរនៅទីនោះរស់នៅរងទុក្ខវេទនា គ្មានសិទ្ធិជាម្ចាស់ស្រុកមកទល់សព្វថ្ងៃ។ លោកស្រីបញ្ជាក់ជំហរថា បើសិនរដ្ឋាភិបាលមិនព្រមដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការCLVនេះទេ ពលរដ្ឋខ្មែរជាពិសេសយុវជននៅប្រទេសកូរ៉េនៅតែប្តេជ្ញាចិត្តនាំគ្នាចេញធ្វើបាតុកម្មឱ្យបានផុលផុសបន្តទៀតដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងមួយនេះ។
លោកស្រី ស យូណា៖ «បើសិនជាយើងខ្មែរកណ្តាលអត់ប្រឹងពុះពារ យើងនៅតែបណ្តោយ យើងនៅតែសម្ងំយកសុខរៀងៗខ្លួន តើប្រទេសជាតិយើងរួចផុតពីរបបនេះទេ គឺអត់ទេ ខ្ញុំឃើញអ៊ីចឹងវាឈឺចាប់ពេក ពីព្រោះយើងត្រូវតែក្រោកឈរទាំងអស់គ្នាណាបងប្អូន សម្រាប់នាងខ្ញុំអត់ទៅចោលបងប្អូនទេ នាងខ្ញុំសន្យានៅតែធ្វើដើម្បីប្រទេសជាតិ បងប្អូនចូលទាំងអស់គ្នាចំណាយប្រាក់ខ្លួនឯងមែនទេ? មែន! អត់មានអ្នកឧបត្ថម្ភ អត់មានអ្នកណាសូកប៉ាន់ទេមែនអត់? មែន! »។
មហាបាតុកម្មរបស់ពលរដ្ឋខ្មែររស់នៅនិងធ្វើការនៅប្រទេសកូរ៉េខាងត្បូងជាលើកទី២នេះ កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនព្រមដកខេត្តខ្មែរចំនួន៤ចេញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) តាមសំណើប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនោះទេ។
ផ្ទុយទៅវិញ រដ្ឋាភិបាលរបស់ត្រកូលហ៊ុនបែរជាបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន ព្រមានបង្ក្រាបបង្ហូរឈាម និងប្រើប្រាស់គុកច្រវ៉ាក់ចំពោះពលរដ្ឋដែលហ៊ានធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ និងបញ្ចេញមតិរឿងទឹកដីនេះទៅវិញ។ ចំណែកសាច់ញាតិរបស់សកម្មជននយោបាយ និងមេបាតុកម្មនៅក្រៅប្រទេសមួយចំនួនត្រូវអាជ្ញាធររដ្ឋាភិបាលតាមធ្វើទុក្ខបុកម្នេញ គំរាមកំហែងដល់សមាជិកក្រុមគ្រួសារនៅស្រុកខ្មែរ ហើយធ្ងន់ធ្ងរជាងនេះរដ្ឋាភិបាលត្រកូល «ហ៊ុន» បានចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងដូចជាករណីប្អូនប្រុសបង្កើតលោក ហៃ វណ្ណា គឺលោក ហៃ វណ្ណនិត ជាដើម។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបជុំវិញបញ្ហានេះពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី០១ ខែកញ្ញា។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងទៅកាន់ក្រុមបាតុករនៅប្រទេសកូរ៉េតាមប្រព័ន្ធអនឡាញ (Online) ថា ពលរដ្ឋខ្មែរធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV គឺជារឿងត្រឹមត្រូវ និងស្របតាមច្បាប់ ពីព្រោះកិច្ចសហប្រតិបត្តិការនេះបង្កគ្រោះថ្នាក់ដល់ជោគវាសនាប្រទេសជាតិ។ លោក គឹម សុខ ជំរុញឱ្យពលរដ្ឋខ្មែរនៅគ្រប់មជ្ឈដ្ឋានបន្តរួមសាមគ្គីគ្នា តស៊ូ គិតគូរបញ្ហាទឹកដី ទើបទទួលបានជោគជ័យ។
លោក គឹម សុខ៖ «កម្ពុជារបស់យើងរងហានិភ័យខ្ពស់ហើយ បាត់បង់នៅថ្ងៃអនាគតហើយ ខ្ញុំបាននិយាយម្តងហើយម្តងទៀត ពេលនេះទៅដល់៥០ឆ្នាំទេ បើយើងមិនទាមទារឱ្យរដ្ឋាភិបាលត្រកូលហ៊ុនដកទឹកដីកម្ពុជាចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍របស់វៀតណាម ដកខ្លួន ដកខ្លួន »។
ស្របពេលចរន្តធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការ CVL នៅតែមានសន្ទុះខ្លាំង មេបក្សប្រឆាំង និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ក៏បានផ្ញើសារជាវីដេអូនៅហ្វេសប៊ុកនៅថ្ងៃទី០១ ខែកញ្ញាដោយលោកថាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលមានសិទ្ធិសេរីភាពសម្តែងមតិពេញលេញចេញធ្វើបាតុកម្មនេះ ដើម្បីការពារផលប្រយោជន៍ជាតិ ទឹកដី ការពារអធិបតេយ្យភាពជាតិ។ លោក សម រង្ស៊ី ថា សំឡេងយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូងចេញធ្វើបាតុកម្មនៅពេលនេះគឺបង្ហាញពីទឹកចិត្តស្នេហាជាតិ និងតំណាងឱ្យទឹកចិត្តរបស់ពលរដ្ឋខ្មែរទូទៅដែលចង់ឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោក សម រង្ស៊ី៖ «ក្មួយៗនៅប្រទេសកូរ៉េតែងតែបង្ហាញទឹកចិត្តដ៏បរិសុទ្ធ ដ៏ឧត្តុង្គឧត្តមចំពោះការស្រឡាញ់ជាតិ និងស្រឡាញ់យុត្តិធម៌ សូមក្មួយៗបន្តសកម្មភាពស្នេហាជាតិរបស់ក្មួយៗ ហើយសូមក្មួយៗនៅប្រទេសកូរ៉េដែលតំណាងឱ្យទឹកចិត្តរបស់ពលរដ្ឋខ្មែរទាំងមូល គឺក្មួយៗហ្នឹងហើយដែលនាំមកលទ្ធិប្រជាធិបតេយ្យមកប្រទេសកម្ពុជា»។
ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសអ្នកតវ៉ានៅក្រៅប្រទេស និងក្នុងបណ្ដាញសង្គមបន្តរក្សាជំហរទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការដាក់ខេត្តខ្មែរចំនួន៤នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាមនិងឡាវតទៅទៀត ពីព្រោះពួកគាត់មើលឃើញថា មេដឹកនាំក្រុងភ្នំពេញមិនមានតម្លាភាព និងអាចចាញ់បោកការបោកបញ្ឆោតរបស់វៀតណាមក្នុងរឿងផែនការ CLV នេះ ដោយកម្ពុជាអាចបាត់បង់ទឹកដីរបស់ខ្លួនដូចកម្ពុជាក្រោមដែរ។ ដូច្នេះពួកគាត់ថា ពលរដ្ឋខ្មែរត្រូវងើបតវ៉ាប្រឆាំង CLV នេះជាមុន ដើម្បីកុំឱ្យបាត់បង់ទើបសោកស្តាយដូចរឿងរ៉ាវប្រវត្តិសាស្រ្តដែលកើតឡើងកន្លងមកទៀត។ ពួកគាត់បន្ថែមថា បើសិនរដ្ឋាភិបាលត្រកូលហ៊ុនចង់ជៀសផុតពីការចោទប្រកាន់ពីមហាជនថា កាត់ទឹកដីកម្ពុជាសងគុណវៀតណាមនោះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវងាកមកស្តាប់មតិរបស់ប្រជាពលរដ្ឋ ដោយប្រកាសដកខ្លួនចេញកិច្ចសហប្រតិបត្តិការ CLV ជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។