គ្រួសាររៀបចំពិធីបញ្ចុះសពលោក លិម គិមយ៉ា នៅជាយទីក្រុងប៉ារីស
2025.02.03

ក្រុមគ្រួសារ និងគណបក្សសង្គ្រោះជាតិរៀបចំពិធីបុណ្យបញ្ចុះសពលោក លិម គិមយ៉ា នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ។ អ្នកប្រជាធិបតេយ្យប្ដេជ្ញាចេញតស៊ូមតិឱ្យខ្លាំងក្លាដើម្បីជំរុញរដ្ឋាភិបាលបារាំងឱ្យយកចិត្តទុកដាក់ថែមទៀតក្នុងការស៊ើបអង្កេតរកយុត្តិធម៌ជូនលោក លិម គិមយ៉ា។
សពអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ត្រូវ បានបញ្ចុះហើយនៅ រសៀលថ្ងៃទី៣ ខែកុម្ភៈ នៅទីបញ្ចុះសពមួយកន្លែងស្ថិតក្នុងសង្កាត់ក្រេតី (Créteil) ជាយក្រុងប៉ារីស (Paris)។
អ្នករៀបចំពិធីបុណ្យសពលោក លិម គិមយ៉ា គឺលោក ហេង គីម ប្រាប់វិទ្យុអាស៊ីសេរីថា កម្មវិធីបុណ្យនេះចាប់ផ្តើមនៅម៉ោង ១រសៀល ដោយក្រុមគ្រួសារសព បងប្អូន ញាតិមិត្តជិតឆ្ងាយ និមន្តព្រះសង្ឃសូត្រមន្តឧទ្ទិសបុណ្យតាមបែបសាសនា បន្ទាប់មកដង្ហែសពលោក លិម គិមយ៉ា ពីវត្តពោធិវង្ស ហៅវត្តសង់សៀម៉ាន (Champs sur Marne) ឆ្ពោះទៅទីបញ្ចុះសពក្រេតី (Créteil)។ លោកបន្ថែមថា ក្រោយបញ្ចុះសពហើយ គ្រួសារសព និងអ្នកចូលរួមថ្លែងសាររំលឹកពីប្រវត្តិ និងការតស៊ូលះបង់របស់លោក លិម គិមយ៉ា ចំពោះបុព្វហេតុជាតិរហូតឃាតករបាញ់ផ្ដាច់ជីវិតដោយអយុត្តិធម៌។
លោក ហេង គីម៖ «យើងថ្លែងអំណរគុណដល់ក្រុមគ្រួសារ ភរិយា និងកូនប្រុសស្រីរបស់គាត់ ដែលបានអនុញ្ញាតឱ្យលោក លិម គិមយ៉ា ចូលរួមប្រឡូក ជួយស្រោចស្រង់ប្រទេសជាតិ មាតុភូមិយើង។ យើងចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព»។
ចំណែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ធំលោក ម៉ែន សុថាវរិន្ទ្រ ឱ្យដឹងថា លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង ក៏ចូលរួមកម្មវិធីបុណ្យនេះដែរ ដើម្បីជូនដំណើរលោក លិម គិមយ៉ា ជាលើកចុងក្រោយ និងឧទ្ទិសឱ្យវិញ្ញាណក្ខន្ធទៅកាន់សុគិតភព។ លោកបញ្ជាក់ថា លោក លិម គិមយ៉ា គឺអ្នកប្រជាធិបតេយ្យមួយរូបដែលមានឆន្ទៈ និងស្មារតីស្នេហាជាតិ ដោយហ៊ានប្រឆាំងនឹងមេដឹកនាំក្រុងភ្នំពេញ ហើយពលរដ្ឋខ្មែរ និងគណបក្សប្រឆាំងប្តេជ្ញាចិត្តរួមគ្នាធ្វើសកម្មភាពគ្រប់រូបភាព ដើម្បីរកយុត្តិធម៌ជូនលោក លិម គិមយ៉ា និងជនរងគ្រោះផ្សេងទៀតឱ្យទាល់តែបាន។
លោក ម៉ែន សុថាវរិន្ទ្រ៖ «វីរភាពដ៏ក្លាហានរបស់លោក លិម គិមយ៉ា ជាមួយគណបក្សសង្គ្រោះជាតិ ជាមួយយើងអស់រយៈពេលប៉ុន្មានមកនេះ គឺគាត់បានជួយគណបក្សផង និងជួយប្រជាពលរដ្ឋខ្មែរផង ហើយនៅក្នុងសភា គឺគាត់តតាំងជាមួយជនផ្ដាច់ការ យើងចូលរួមនេះសូមឱ្យគាត់បានទៅបរមសុខបាទ»។
លោក លិម គិមយ៉ា មានអាយុ៧៤ ឆ្នាំ ជាអតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំ មកពីគណបក្សសង្គ្រោះជាតិ និងមានសញ្ជាតិពីរ គឺខ្មែរ និងបារាំង។ លោកត្រូវបានឃាតករបាញ់សម្លាប់នៅលើដងវិថីមួយ ក្បែរវត្តបវ័ន្ដនិវេដ (Wat Bowonniwet Vihara) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា។
ក្រោយពីបាញ់សម្លាប់នេះ សមត្ថកិច្ចកម្ពុជាចាប់បានជនសង្ស័យជាឃាតករឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ហើយបញ្ជូនឱ្យសមត្ថកិច្ចថៃវិញ។ សហគមន៍ជាតិអន្តរជាតិចាត់ទុកអំពើឃាតកម្មនេះថា ជារឿងនយោបាយ។
ទាក់ទងរឿងនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ លោក ឆាយ គឹមខឿន មិនទាន់ឆ្លើយតបនឹងសំនួររបស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមនៅឡើយទេ គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ។
ប៉ុន្តែថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រឿងឃាតកម្ម លើលោក លិម គិមយ៉ា នេះមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
ទោះបីជាលោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្ដី តុលាការថៃបានចេញដីកាចាប់ខ្លួនជនសង្ស័យពីរនាក់ទៀតដែលជាជនជាតិខ្មែរ គឺឈ្មោះ ពេជ្រ គិមស្រ៊ិន និង លោក លី រតនៈរស្មី ដែលជាទីប្រឹក្សារបស់លោក ហ៊ុន សែន។ មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជានៅស្ងៀមស្ងាត់នៅឡើយ ដោយរដ្ឋាភិបាលមិនទាន់បង្ហាញជំហរថា តើនឹងសហការជាមួយអាជ្ញាធរចាប់ជនសង្ស័យទាំងពីរនាក់ បញ្ជូនឱ្យទៅភាគីថៃ ឬយ៉ាងណាឡើយទេ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន កាលពីថ្ងៃទី២៣ ខែមករា ឯកអគ្គរដ្ឋទូតបារាំងលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បានរំលឹកនៅចំពោះមុខលោក ប្រាក់ សុខុន ថា ប្រទេសបារាំង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើការស៊ើបអង្កេតស្ដីពីឃាតកម្មលើលោក លិម គិមយ៉ា ដែលជាពលរដ្ឋបារាំង និងជាសមាជិកបក្សប្រឆាំងកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។