មេដឹកនាំគណបក្សថ្មីមួយដែលស្និទ្ធនឹងលោក កឹម សុខា លើកឡើងថា បក្សកាន់អំណាចឬរដ្ឋាភិបាលនៅរយៈពេលចុងក្រោយនេះ កំពុងរឹតត្បិតសិទ្ធិធ្វើនយោបាយនៃអតីតមន្ត្រីបក្សប្រឆាំង។ ស្ថាបនិកគណបក្សកំណែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បារម្ភថា ការរឹតបន្តឹងនេះធ្វើឱ្យប៉ះពាល់លម្ហសេរីភាព និងប៉ះពាល់ដល់ប្រជាធិបតេយ្យនៅកម្ពុជា។
ស្ថាបនិកគណបក្សកំណែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយថា រដ្ឋាភិបាល លោក ហ៊ុន សែន មានការប្រុងប្រយ័ត្នខ្លាំងលើការសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតមន្ត្រីបក្សប្រឆាំង។ លោកថា ក្រៅពីការរឹតត្បិតហើយ ថ្មីៗ នេះក្រសួងមហាផ្ទៃទើបព្រមានពីសកម្មភាពចុះមូលដ្ឋានរបស់គណបក្សកែទម្រង់កម្ពុជា។ លោកស្នើទៅរដ្ឋាភិបាលបើកលម្ហសិទ្ធិសេរីដល់អ្នកនយោបាយដើម្បីបើកឱកាសដល់ពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសតំណាងរបស់ខ្លួនឱ្យបានទូលំទូលាយ៖ «ខ្ញុំមែនទែនដូចខ្ញុំលើកឡើងអ៊ីចឹង ខ្ញុំគិតថា គណបក្សកាន់អំណាចជាភាគីមួយត្រូវទទួលខុសត្រូវដែរត្រូវស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដូច្នេះលោកត្រូវតែពិចារណាត្រូវតែបើកលម្អសិទ្ធិសេរីភាព និងឈរលើប្រជាធិបតេយ្យឱ្យបានមាំទាំមែនទែន»។
ទាក់ទងដំណើរការបើកគណបក្សកំណែទម្រង់កម្ពុជានេះដែរ លោក អ៊ូ ច័ន្ទរ័ត្ន ឱ្យដឹងថា គណបក្សនឹងបញ្ជូនស្នាមមេដៃអ្នកគាំទ្រជាង ៤ពាន់នាក់ គោលនយោបាយគណបក្ស និងលក្ខន្តិកៈបក្ស ទៅក្រសួងមហាផ្ទៃនៅចុងខែកក្កដានេះតាមការកំណត់របស់ក្រសួងមហាផ្ទៃ។ ស្ថាបនិកគណបក្សរូបនេះឱ្យដឹងទៀតថា គណបក្សរបស់លោកបានស្នើសុំអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ជាប្រធានគណបក្សនេះ ហើយលោក ប៉ុល ហំម ក៏យល់ព្រមទទួលតាមសំណើនេះដែរ។ លោកថា នៅពេលក្រសួងមហាផ្ទៃយល់ព្រមចុះបញ្ជីផ្លូវការឱ្យគណបក្សកែទម្រង់កម្ពុជា គណបក្សលោកនឹងធ្វើសមាជដឹកនាំបក្ស និងរចនាសម័្ពន្ធគណបក្ស៖ «ខ្ញុំអាចបញ្ជាក់ជូនបានត្រង់ថា យើងបានដាក់សំណើជូនឯកឧត្តម ប៉ុល ហំម ហើយយើងឯកភាពគ្នាជាឯកឆន្ទទាំងអ្នកក្នុងប្រទេសទាំងអ្នកក្នុងប្រទេស យើងថា យើងគួរសម្រេចដាក់ឯកឧត្តម ប៉ុល ហំម ជាប្រធានហើយបានធ្វើសំណើទៅជូនលោកហើយ ហើយលោកក៏បានសម្រេចអឺអើមូលមាត់អីមួយចំនួនហើយ»។
ទាក់ទងសមាសភាពក្បាលម៉ាស៊ីនគណបក្សថ្មីនេះ អាស៊ីសេរីបានសុំការអត្ថាធិប្បាយពីអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ដែរ ប៉ុន្តែលោកសុំមិនទាន់និយាយអ្វីនៅពេលនេះទេ។
ជុំវិញការព្រួយបារម្ភរបស់មេដឹកនាំគណបក្សថ្មីនេះ អាស៊ីសេរីមិនទាន់អាចសុំប្រតិកម្មពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ នៅថ្ងៃទី២៣ ខែកក្កដា ដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល និងប្រព័ន្ធទូរស័ព្ទខ្លះមិនដំណើរការ។
ទាក់ទងនឹងរឿងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងពីរនាក់ទៀតដែលសុំសិទ្ធិធ្វើនយោបាយ គឺលោកមេធាវី ជូង ជូងី និងលោក ញឹម គឹមញ៉ុល នោះវិញ ពួកលោកទាំងពីរមិនទាន់ទទួលដំណឹងឆ្លើយតបបែបណាមួយពីក្រសួងមហាផ្ទៃនៅឡើយទេ ក្រោយពីដាក់លិខិតទៅក្រសួងតាំងពីថ្ងៃទី២៤ មិថុនានោះមក។ ពួកលោកទាំងពីរគឺជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះ។
ចំណែកគណបក្សនយោបាយដែលមានមេដឹកនាំ ឬស្ថាបនិកចេញពីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិវិញ ក៏ត្រូវក្រសួងមហាផ្ទៃចេញលិខិតព្រមាន និងមានការរិតត្បិតលើការចុះបញ្ជីដែរ។
រដ្ឋមន្ត្រីក្រសួងនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង នៅថ្ងៃទី២៣ ខែកក្កដា បានចេញលិខិតមួយច្បាប់ស្នើទៅស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក ឱ្យបង្ហាញអត្តសញ្ញាណ ឬប្រវត្តិស្ថាបនិកគណបក្សចំនួន ៣នាក់ឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ លោកត្រូវភ្ជាប់មកជាមួយនូវឯកសារសេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗ របស់គណបក្ស។ លោក ស ខេង ទុករយៈពេល ១៥ថ្ងៃជាកំហិតដោយគិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ ដើម្បីកែសម្រួលលក្ខន្តិកៈរបស់គណបក្ស និងត្រូវបំពេញបន្ថែមនូវសំណុំឯកសារជូនក្រសួងមហាផ្ទៃ។ លិខិតដដែលលើកឡើងទៀតថា លក្ខន្តិកៈរបស់គណបក្សនេះមានលក្ខណៈច្របូកច្របល់ និងមិនស្របតាមមាត្រា១០ និងមាត្រា១៧ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ ហើយថែមទាំងមានកំហុសអក្ខរាវិរុទ្ធជាច្រើនទៀតផង។
ជុំវិញលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពេលនេះ អាស៊ីសេរីមិនទាន់អាចសុំប្រតិកម្មពីស្ថាបនិកគណបក្សនេះ គឺលោក សៀម ភ្លុក បាននៅឡើយទេ នៅថ្ងៃទី២៣ ខែកក្កដា។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមលោក បណ្ឌិត សេង សារី និយាយថា មន្ត្រីគណបក្សប្រឆាំងណាដែលមិនរណបនឹងគណបក្សកាន់អំណាចអាចជួបការលំបាកក្នុងការសុំសិទ្ធិធ្វើនយោបាយ និងបើកគណបក្សនយោបាយ។
គិតមកដល់ពេលនេះ អតីតមន្ត្រីបក្សប្រឆាំងបានចេញទៅបង្កើតបក្សថ្មីយ៉ាងហោចណាស់ ៥គណបក្ស ប៉ុន្តែគណបក្សខ្លះក្រសួងមហាផ្ទៃមិនទាន់សម្រេចចុះបញ្ជីផ្លូវការឱ្យនៅឡើយទេ។ នៅចុងក្រោយនេះមានគណបក្សនយោបាយថ្មីមួយទៀត ឈ្មោះគណបក្សកម្ពុជានិយមបានស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។ ទោះយ៉ាងណាមេធាវីលោក កឹម សុខា គឺលោក ផែង ហេង សរសេរលើហ្វេសប៊ុកថា បើគ្មានដំណោះស្រាយនយោបាយជាតិរួមទេ ទោះមានបក្សច្រើន និងបក្សល្អៗយ៉ាងណា ក៏មិនមានន័យសម្រាប់ដំណើរការប្រជាធិបតេយ្យដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
