ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត

ដោយ សុជីវី
2023.09.18
ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពលករ​ខ្មែរ​រួម​ជាមួយ​សកម្មជន​គណបក្ស​ប្រឆាំង និង​និស្សិត​នៅ​ប្រទេស​ថៃ​ប្រមាណ​៦០នាក់ ​ផ្ដុំ​គ្នា​នៅ​តំបន់​សួនលួងឡកាវ ក្នុង​ក្រុង​បាងកក (Bangkok) កាលពីថ្ងៃទី១៧ កញ្ញា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលករ​ខ្មែរ​រួម​ជាមួយ​សកម្មជន​គណបក្ស​ប្រឆាំង និង​និស្សិត​នៅ​ប្រទេស​ថៃ​ប្រមាណ​៦០នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តំបន់​សួនលួងឡកាវ ក្នុង​ក្រុង​បាងកក (Bangkok) ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត។ ក្រៅ​ពី​ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល ឱ្យ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ហើយ​នោះ ក្រុម​អ្នក​តវ៉ា​ក៏​បាន​លើក​បដា​ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ អន្តរាគមន៍​ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​ទាំងអស់ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃទី១៧ ខែ​កញ្ញា។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​នេះ គឺលោក ឆន សុខឃឿន ប្រាប់​វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែ​កញ្ញា ថា អង្គការ​សហប្រជាជាតិ​មិន​ត្រូវ​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ​នោះ​ឡើយ។ លោក​អះអាង​ថា ក្រុម​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ថៃ នឹង​បន្ត​ការ​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ឱ្យ​អង្គការ​សហប្រជាជាតិ​ស្នើ​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើង​វិញ​ផង​ដែរ។

លោក ឆន សុខឃឿន៖ «ព្រោះអី​យើង​ដឹង​ហើយ​ថា ការ​បោះ​ឆ្នោត​នេះ មិន​មែន​ជា​ការ​បោះ​ឆ្នោត​បញ្ជាក់​ឱ្យ​ឃើញ​ពី​ត្រឹម​ត្រូវ​សេរី យុត្តិធម៌​អី​ទេ ព្រោះ​បក្ស​ប្រឆាំង​ដ៏​ធំ​បំផុត មិន​បាន​ចូលរួម​បោះឆ្នោត ម្ល៉ោះ​ហើយ​គឺ​ពួក​យើង​មិន​បញ្ឈប់​សកម្មភាព​ដាច់ខាត»

កាល​ពី​ខែ​សីហា កន្លង​ទៅ ក្រុម​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក៏​បាន​ដាក់​ញត្តិ​នៅ​តាម​ស្ថាន​ទូត​ដែល​ជា​ម្ចាស់​ហត្ថលេខី នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចំនួន​៦ប្រទេស មាន​ដូចជា ស្ថានទូត​អាមេរិក (US) អាល្មឺម៉ង់ (Germany) និងឥណ្ឌូនេស៊ី (Indonesia) ជាដើម ដើម្បី​ស្នើ​ឱ្យ​បណ្ដា​ប្រទេស​ទាំង​នោះ កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​ពួកគេ​អះអាង​ថា កើត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​មិន​សេរី មិន​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។