សកម្មជនគណបក្សភ្លើងទៀន នៅខេត្តស្ទឹងត្រែងចោទប្រកាន់ មន្ត្រីគណបក្សកាន់អំណាចថា គំរាមពួកគេឱ្យដកឈ្មោះចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំស្រែក្រសាំង ស្រុកសៀមបូក។
សកម្មជនគណបក្សភ្លើងទៀនឃុំស្រែក្រសាំង លោក ធួន ធូ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ មេសាថា មានមនុស្សមួយក្រុម ដែលលោកមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកគំរាមលោក ជាច្រើនលើកច្រើនសារ បង្ខំឱ្យលោក ដកឈ្មោះចេញ ពីបញ្ជីបេក្ខជនបោះឆ្នោតឃុំ/សង្កាត់ជាបន្ទាន់ ប្រសិនបើមិនចង់មានបញ្ហាដល់អាយុជីវិត។ លោកបន្ថែមថា ពួកលោកបានរាយការណ៍រឿងនេះ ទៅថ្នាក់លើរួចហើយ ដើម្បីតាមដានកំណត់មុខសញ្ញាជន ដែលបានគំរាមកំហែងនោះ។ លោកសង្ស័យថា អ្នកដែលបានគំរាមលោកនេះ ជាមន្ត្រីគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន ដើម្បីបំភិតបំភ័យពួកលោក ដែលកំពុងធ្វើសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន៖ «ពេលខ្ញុំដាក់លិខិតបញ្ជីបេក្ខជនឈរឈ្មោះ ល្ងាចវាខល គំរាមឱ្យដកឈ្មោះចេញពីបញ្ជីបេក្ខជនឈរឈ្មោះ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បាននៅឡើយទេ នៅថ្ងៃទី៤ មេសា។
ជាមួយគ្នានេះដែរ នៅថ្ងៃដដែលនេះ គណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍មួយ សោកស្ដាយយ៉ាងខ្លាំង ចំពោះ គ.ជ.ប ដែលសម្រេចលុបបញ្ជីបេក្ខជន របស់គណបក្សភ្លើងទៀនចំនួន ១១ឃុំ/សង្កាត់ នៅទូទាំងប្រទេស មិនឱ្យចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នេះ។
គណបក្សភ្លើងទៀន ចាត់ទុកសេចក្ដីសម្រេចនេះថា ជារឿងអយុត្តិធម៌ និងធ្វើឡើងតាមទំនោរ នយោបាយ ដោយពុំបានស៊ើបអង្កេតច្បាស់លាស់។
គណបក្សភ្លើងទៀន អំពាវនាវឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិចារណាឡើងវិញក្នុងរឿងនេះ ដោយត្រូវរក្សាទុកបញ្ជីឈ្មោះបេក្ខជនគណបក្សភ្លើងទៀនឡើងវិញ ដើម្បីធានាថា ការបោះឆ្នោតធ្វើឡើងដោយអព្យាក្រឹត្យ យុត្តិធម៌ និងតម្លាភាព ដែលពលរដ្ឋជឿទុកចិត្ត។
គណបក្សភ្លើងទៀន ក៏អំពាវនាវឱ្យអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិល និង អង្គទូតនានា ជាពិសេស រដ្ឋាភិបាល ជប៉ុន ដែលជួយពង្រឹងដល់ដំណើរការរៀបចំការបោះឆ្នោត នៅកម្ពុជា គួរតែជួយកែលម្អ និងឃ្លាំមើល គ.ជ.ប គ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យលទ្ធផលនៃការបោះឆ្នោត ឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋពិតប្រាកដ និងអាចទទួលយកបាន ពីគ្រប់គណបក្សនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។