មន្ត្រី​បក្ស​ភ្លើងទៀន​ ចុះដាស់​តឿន​ពលករខ្មែរ​នៅ​ប្រទេសថៃ​ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​

ដោយ មាន ឫទ្ធិ
2022.08.07
Share on WhatsApp
Share on WhatsApp
មន្ត្រី​បក្ស​ភ្លើងទៀន​ ចុះដាស់​តឿន​ពលករខ្មែរ​នៅ​ប្រទេសថៃ​ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ លោក ចៅ វាសនា អតីតចៅ​សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ចុះជួប​ពលករ​ខ្មែរ​នៅ​ប្រទេសថៃ​កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។
រូប៖ ចៅ វាសនា ខ្មែរក្រោម

មន្ត្រីគណបក្ស​ភ្លើងទៀន ចុះ​ផ្សព្វផ្សាយ ដល់​តំណាង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេសថៃ អោយ​ដាស់​តឿន​ពលករទៅ​ចុះឈ្មោះបោះ​ឆ្នោត​នៅ​កម្ពុជា​ឱ្យ​បាន​គ្រប់​គ្នា។ មន្ត្រី​សង្គមស៊ីវិល​យល់​ថា ការ​ធ្វើ​បែប​នេះ​របស់​សកម្មជន​គណបក្ស​នយោបាយ​ជារឿងត្រឹមត្រូវ ដែលបណ្តុះ​ស្មារតី​ពលករ​អោយ​យល់​ពី​សិទ្ធិ និង​ការ​ចេះ​យក​ចិត្តទុក​ដាក់​បញ្ហា​សង្គម​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ

ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ប្រមាណ៥នាក់​ដឹកនាំ​ដោយ​លោក ចៅ វាសនា ចុះជួប​តំណាង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេសថៃ ប្រមាណ​ជាង៦០នាក់ រយៈពេល៤ថ្ងៃ។ ពូកគេ​សង្កេត​ឃើញ​ថា ពលករ​ខ្មែរ​នៅ​ប្រទេសថៃ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចុះ​ឈ្មោះបោះឆ្នោត​នោះ​ទេ ប៉ុន្តែ​ពលករ​ពី ចូលរួម​ស្ដាប់​ការ​ផ្សាព្វផ្សាយ​ពីក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​មក ធ្វើ​ឱ្យ​ពួកគេយល់​ដឹង​និង​បាន​ផ្តល់​ព័ត៍មាន​ដល់​ក្រុម​គ្រួសារ​នៅក្នុង​ប្រទេស​អោយ​ត្រៀម​ឯកសារ​ផ្សេងៗ​ សម្រាប់ការ​ចុះឈ្មោះ​បោះឆ្នោត​នា​ពេល​ខាង​មុខ

ប្រធាន​ការងារ​គណបក្សភ្លើងទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទីខែសីហាថា លោកធ្វើដំណើរ​មក​ប្រទេស​ថៃ​ចំនួន៤ថ្ងៃ ដើម្បី​ជួបសំណេះសំណាល​ ជាមួយ​តំណាង​ពលករ​ខ្មែរ អោយ​ពួកគាត់​ដាស់តឿន​ពលករ​ផ្សេងៗ​ទៀត ទៅប្រាប់​ក្រុម​គ្រួសារ​ឱ្យ​ត្រៀម​ឯកសារ​គ្រប់គ្រាន់ ទៅចុះ​ឈ្មោះបោះឆ្នោត​អោយ​បាន​គ្រប់​គ្នា​នៅមុន ខែតុលា ខាង​មុខ ។  លោក​បន្តថា ពលករសប្បាយ​រីករាយ​និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះវត្តមាន​លោកក្នុង​ពេល​សំណេះសំណាល ​ហើយ​ពលករ​សង្ឃឹមថា គណបក្ស​ភ្លើងទៀន និង​បង្កើត​ក្រុម​ការងារ​គណបក្ស​នេះ​នៅ​ប្រទេស​ថៃ ដើម្បីងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ជួយ​ដល់​ពលករ៖ «ពួកគាត់​សង្ឃឹម​ថា ថ្ងៃ​ក្រោយ​ថ្នាក់​ជាតិ និងមក​រៀបចំ​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​នៅក្នុង​ប្រទេស​ថៃ​នេះ ដើម្បី​ពួក​គាត់​ងាយ និង​ដើរ​ជួប​កម្មករ ពលករ​ទាំង​អស់ ដែល​នៅ​តាម​រោង​ចក្រនានា​ តែតាម​ពិត​ទៅ​ពួក​គាត់​ចង់​បង្ហាញ​អំពី​ការ​ភ័យ​ខ្លាច ហើយ​នឹងការ​មិនយក​ចិត្តទុក​ដាក់​ពី​ពលករ​យើង​ដល់​រឿង​ការ​បោះឆ្នោត​អីចឹងគាត់​ឃើញ​ខ្ញុំ​មក​ចឹង គាត់​ថា​ចង់​បាន​ថ្នាក់​ដឹកនាំ​ដូចជា​ខ្ញុំ ហ៊ាន​លះបង់ ហ៊ាន​ធ្វើអ្វី​គ្រប់​យ៉ាង​ដើម្បី​ប្រជាពលរដ្ឋចឹង​គាត់​ចង់​អោយ​មនុស្ស​ក្លាហាន​ចឹង មក​និយាយ​ទៅ មានដើម​ទុន​នយោបាយ​និយាយ​ជា​មួយ​ពួកគាត់​ទៅ គាត់​អាច​យក​ចិត្តទុក​ដាក់​ច្រើន ដើម្បី​មាន​ឥទ្ធិពល​ពង្រីក​ និង​ពង្រឹង​ថែម​បន្ត​ទៀត»

តំណាងពលករ​នៅ​ប្រទេស​ថៃលោក ឆន សុឃឿន យល់​ឃើញ​ថា ការដាស់​តឿន​ដល់​ពលករ​អោយ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ពេល​ខាង​មុខ គឺជារឿង​សំខាន់ ព្រោះ​ដើម្បី​ការពារ​ប្រជាធិបតេយ្យ និង​ប្រទេសជាតិ។ លោកបន្តថា ការផ្សព្វផ្សាយ​នេះ មានការ​ចូលរួម​ពី​តំណាង​ពលករ​​ជាច្រើន​មកពី​តាម​បណ្តា​ខេត្ត អោយ​បាន​ស្គាល់​គ្នា និង​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​បានលោក​អះអាង​ថា កន្លងមក​ក៏មាន​មន្ត្រី​គណបក្ស​កាន់​អំណាច បាន​មករៀបចំ​រចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​ថៃ​ដែរ ប៉ុន្តែលោក​មិន​មាន​ចំណាប់​អារម្មណ៍ ចូលរួម​ឡើយ ព្រោះ​លោក​គិត​ថា គណបក្ស​កាន់អំណាច​បាន​សម្លាប់​ប្រជាធិបតេយ្យ​និង​បំផ្លាញ​ធនធាន​ធម្មជាតិ៖ «សូម​ផ្តាំ​ផ្ញើ​ទៅ​ដល់​បង​ប្អូន​ជនរួមជាតិ​ទាំងអស់​ថា គ្មាន​អ្វីខ្លាំង​ជាងការ​សាមគ្គី​ទេរូបខ្ញុំទោះ​តែខ្ញុំមិន​បាននៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំមក​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ក្តី ក៏ខ្ញុំ​នៅ​តែ​រួបរួម​សាមគ្គី ដើម្បីអោយ​មាន​កម្លាំង​ប្រជាធិបតេយ្យ​នេះ មាន​កាន់​តែ​ច្រើន​ឡើងជាពិសេស​ទៀត គឺខ្ញុំសូម​ផ្តាំ​ផ្ញើ​ដល់​បងប្អូន​ពលករ​ខ្មែរ​ទាំង​អស់នៅ​ប្រទេស​ថៃ សូម​អោយ​ចូលរួម និង​ទៅ​ចុះ​ឈ្មោះបោះឆ្នោត​នៅ​ថ្ងៃខាង​មុខ​ ព្រោះអី​យើងជិត​ដល់​ពេល​វេលា និង​ថ្ងៃបោះឆ្នោត​ហើយ គឺយើង​ទៅចូលរួម​អោយមាន​ឈ្មោះ​បោះឆ្នោត​ទាំងអស់​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា»

តំណាង​ពលករ​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​បានរៀបចំ​រចនាសម្ព័ន្ធ​ និង​ក្រុម​ការងារ​គណបក្ស​នៅ​ប្រទេស​ថៃ និង​បាន​ផ្តល់​ផលប្រយោជន៍​មួយ​ចំនួន​ដល់ តំណាង​ពលករ​ខ្មែរ ​និង​ក្រុម​ការងារ​ពលករ​មួយ​ចំនួន ដូចជា សម្ភារៈ ឡាន ជា​ដើម។

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន និង​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​បាន​ទេ ថ្ងៃទី៧ ខែសីហា។

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស លើក​ឡើង​ថា ការគៀគរ និង​ដាស់​តឿន​ផ្សព្វផ្សាយ​អោយ​ពលរដ្ឋទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត គឺ​ជា​រឿង​សំខាន់ និងជា​ការ​ចូលរួម​ជួយ​ដល់ស្ថាប័ន គ.ជ.មួយ​ផ្នែកលោក​បន្ត​ថា សកម្មភាព​នេះ គឺ​គ្មាន​អ្វី​ខុស​ឆ្គង​ឡើយ នៅពេល​ជួយ​ពន្យល់​ពលរដ្ឋ​អោយ​យល់​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក កន សាវាង្ស លើកឡើង​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ គឺតែង​មាន​សម្លេង​ខុសៗ​គ្នា​ទៅតាម​តំណាង​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដែល​ពលរដ្ឋ​គិត​ថា​ល្អ និង​បោះឆ្នោត​អោយ៖ «ជា​ធម្មតា នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង គឺ​ស្ថាប័ន..ដែល​ទទួល​បន្ទុក​នៃការ​រៀបចំ​ការ​បោះឆ្នោត គឺ​តែងតែ​អំពាវនាវ​អោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ អង្គការ​សង្គមស៊ីវិល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង អោយ​មាន​ការ​ចូលរួម​ជួយ​គៀរគ អប់រំ និង​អញ្ជើញ​ប្រជាពលរដ្ឋ ដើម្បី​អោយ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ គឺ​ជា​កត្តា​មួយ​សំខាន់អញ្ចឹង​ការ​ចូលរួម​របស់​ផ្នែក​ណា​មួយ ដើម្បី​គ្រាន់​តែ​អោយ​ប្រជាពលរដ្ឋ​មក​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត វាមិនមែន​ជា​កំហុស​ឆ្គង​ទេ វាជា​រឿង​ដែល​ល្អ នៅក្នុង​ការ​គៀរគ​ប្រជាពលរដ្ឋ​អោយ​តាម​ដាន​អំពី​បញ្ហា​សង្គម អំពីការ​ចូលរួម​ទាក់ទង​និង​ការ​បោះឆ្នោត​នេះ ដើម្បី​ជា​សារ​មួយ​ដែល​រំលឹក​ដល់​ពួកគាត់ ថាតើ​ពួកគាត់​បាន​ចុះឈ្មោះ​ហើយ​ឬ​នៅ បាន​ផ្ទៀងផ្ទាត់​ឈ្មោះគាត់​ហើយ​ឬ​នៅ​បាទ»

របាយការណ៍​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ហៅកាត់​ថា គ.ជ.បង្ហាញ​ថា ការត្រៀម​រៀបចំ​បម្រើការ​ពិនិត្យ​ឈ្មោះ និង​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២២ នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃទី១០ ខែសីហា ដល់​ថ្ងៃទី៣ ខែតុលា ខាង​មុខ​នេះ។ កម្ពុជា នឹងរៀបចំការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា នៅ​ឆ្នាំ២០២៣​ខាងមុខ។ របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់​និង​មិន​ស្របច្បាប់​​ប្រមាណ​២លាននាក់(២.០០០.០០០)ធ្វើ​ការ​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​បុរីញ៉ូវយ៉ក​សហរដ្ឋ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។