មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ចាម​ ​គ្រោង​ដាក់​បណ្ដឹង​ទៅ​ក្រសួងមហាផ្ទៃ​​និង​​អាជ្ញាធរ​ខេត្ត​ ​រឿង​រារាំង​​មិន​​ឲ្យ​លើកស្លា​កគណ​បក្ស

ដោយ មួង ណារ៉េត
2022.01.17
មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ចាម​ ​គ្រោង​ដាក់​បណ្ដឹង​ទៅ​ក្រសួងមហាផ្ទៃ​​និង​​អាជ្ញាធរ​ខេត្ត​ ​រឿង​រារាំង​​មិន​​ឲ្យ​លើកស្លា​កគណ​បក្ស លោក​ ​ម៉ន​ ​ហេ​ន​ ​ចៅសង្កាត់​វាលវង់​ ​ខេត្ត​កំពង់ចាម​​ ដែលរងការចោទប្រកាន់ថា បានរារាំងមន្ត្រីគណបក្សភ្លើងទៀនលើកស្លាកនៅក្បែវត្ត​ដី​ដុះ​​កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។
រូប៖ សកម្មជនផ្តល់ឱ្យ។

មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ​ប្រចាំ​ខេត្ត​កំពង់ចាម​ ​គ្រោង​ដាក់​​បណ្តឹង​ទៅ​​ក្រសួងមហាផ្ទៃ​ ​និង​​អាជ្ញាធរ​ខេត្ត​ ​នៅ​ក្នុង​​សប្តាហ៍​នេះ​ ​ដើម្បី​ប្តឹង​​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ ​ពី​​បទ​​រារាំង​​មិន​​ឲ្យ​លើកស្លា​កគណ​បក្ស​នៅ​ទី​សាធារណៈ​។​

មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ​ប្រចាំ​ខេត្ត​កំពង់ចាម​ ​ថា​ការណ៍​ដែល​ត្រូវ​បង្ខំចិត្ត​ ​ត្រូវ​គ្រោង​រៀបចំ​ដាក់​បណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ ​និង​អភិបាល​ខេត្ត​កំពង់ចាម​នេះ​ ​គឺ​ដោយសារតែ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែ​​មករា​ ​ចៅសង្កាត់​វាលវង់​​បាន​ចុះទៅ​ធ្វើទុក្ខបុកម្នេញ​មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ​មិន​ឲ្យ​លើកស្លា​ក​គណបក្ស​នេះ​ ​នៅ​ទីតាំង​មុខ​វត្ត​ដី​ដុះ​។​

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ ​ប្រចាំ​ខេត្ត​កំពង់ចាម​លោក​ ​គា​ ​វិសាល​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​​កាលពី​យប់​ថ្ងៃ​ទី​​១​ ​ខែ​​មករា​ ​ថា​គណបក្ស​ភ្លើង​ទៀន​ ​បាន​គោរព​តាមច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​និង​សេចក្តីជូនដំណឹង​អំពី​ការ​លើកស្លា​ក​គណបក្ស​នេះ​ថ្នាក់​ខេត្ត​អស់ហើយ​ ​និង​ទទួល​បាន​ការអនុញ្ញាត​ពី​ព្រះ​ចៅអធិការ​វត្ត​ដី​ដុះ​រួចហើយ​ដែរ​ ​ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​នៅ​សង្កាត់​វាលវង់​ ​បែរជា​មក​រករឿង​មិន​ឲ្យ​លើកស្លា​ក​បក្ស​នេះ​។​ ​លោក​ចោទ​ចៅសង្កាត់​វាលវង់​ ​ថា​មានគំនិត​អាក្រក់​ ​និង​រើសអើង​គណបក្ស​ភ្លើង​ទៀន​ដោយចំហ​៖ «ចៅសង្កាត់​វាលវង់​នេះ​ ​គឺជា​មនុស្ស​គេ​ហៅថា​គំនិត​ទុច្ចរិត​ ​មិន​ចង់ឲ្យ​គណបក្ស​ភ្លើង​ទៀន​យើង​លើកស្លាក​! ​វា​មាន​ចេតនា​អាក្រក់​ ​គឺ​មិន​ចង់​ប្រកួតប្រជែង​ ​ដោយ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​។​ ​រឿង​ចៅសង្កាត់​នេះ​ ​ពួក​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់​ ​កាលពី​ពួក​អតីត​សកម្មជន​របស់​ពួក​ខ្ញុំ​ជាប់​ជា​ចៅសង្កាត់​នៅ​ក្រុង​កំពង់ចាម​ដណ្តើមយក​តំណែង​បាន​ ​គឺ​ពួក​ហ្នឹង​តែងតែ​មាន​គំនុំ​គុំកួន​ ​ដោយសារ​ថា​ប្រជាពលរដ្ឋ​មិន​ទុកចិត្ត​ ​មិន​គាំទ្រ​ពួក​ចៅសង្កាត់​នៃ​គណបក្សប្រជាជន​ហ្នឹង​»។

ការ​ឈាន​ទៅ​រកការ​ដាក់​បណ្តឹង​នេះ​ ​កើតមានឡើង​ក្រោយ​ចៅសង្កាត់​វាលវង់​ ​ខេត្ត​កំពង់ចាម​លោក​ ​ម៉ន​ ​ហេ​ន​ ​កាលពី​ថ្ងៃ​ទី​ ​១៦​ ​ខែ​ ​មករា​ ​បាន​ចុះទៅ​រារាំង​ ​និង​មិន​ឲ្យ​មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ​លើកស្លាក​គណបក្ស​នៅ​ទីតាំង​មុខ​វត្ត​ដី​ដុះ​នោះ​។

រូបភាព​វីដេអូ​ ​ដែល​មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ​បាន​ផ្ញើ​មក​វិទ្យុ​អាស៊ី​សេរី​ ​បង្ហាញ​ឲ្យ​ឃើញ​ចៅសង្កាត់​វាល់​វង់​លោក​ ​ម៉ន​ ​ហេ​ន​ ​យកជើង​វាស​ដី​លុប​កន្លែង​ដែល​មន្រ្តី​បក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ចាម​ ​ដែល​មាន​លោក​ ​គង់​ ​ធារ៉េត​ ​ផង​នាំគ្នា​ជីក​ដើម្បី​លើកស្លា​ក​។​ ​លោក​ ​ម៉ន​ ​ហេ​ន​ ​ព្យាយាម​កៀស​អ្នក​ជីកដី​ទាំងនោះ​ចេញ​ ​និង​ជជែក​គ្នា​តឹង​សរសៃ​ក​។

នៅមុខ​វត្ត​ដី​ដុះ​នោះ​ ​មាន​ស្លាក​គណបក្សប្រជាជន​កម្ពុជា​ ​និង​ស្លាក​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត​ដែរ​។​ ​ដោយសារ​ទីតាំង​នោះ​ ​នៅមុខ​វត្ត​ដី​ដុះ​ ​មន្រ្តី​គណបក្ស​​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​កំពង់ចាម​លោក​ ​គង់​ ​ធា​រ៉េត​ ​បាន​ចូល​សុំ​ចៅអធិការ​វត្ត​នេះ​។​ ​ចៅអធិការ​វត្ត​ដី​ដុះ​លោកតា​ធន​ ​បាន​យល់ព្រម​ឲ្យ​លើកស្លា​ក​នោះ «ដាក់​ទៅ​...»។​

ប៉ុន្តែ​ ​ចៅសង្កាត់​វាលវង់​លោក​ ​ម៉ន​ ​ហេ​ន​ ​ថា​កុំឲ្យ​ស្តាប់​លោកតា​ធន​ ​ព្រោះ​លោក​ភ្លេច​ច្រើន​ ​មិន​អាច​​​យកជាការ​បាន​នោះ​ទេ​ «អត់មាន​សុំ​វត្ត​ទេ​! ​លោក​ឯង​កុំ​ទៅ​ស្ដាប់​អា​ក្បាល​ខូច​ហ្នឹង​! ​វា​ទៅ​សុំ​លោកតា​ធន​ ​លោក​វង្វេងវង្វាន់​អស់ហើយ»។

ទោះ​ជា​យ៉ាងនេះ​ក្តី​ ​លោក​ ​ម៉ន​ ​ហេ​ន​ ​ទទួលស្គាល់​ថា​ ​មន្រ្តី​របស់​គណបក្ស​ភ្លើង​ទៀន​ ​ពិតជា​បាន​ទៅ​ជូនដំណឹង​ដល់​លោក​ ​អំពី​ការ​លើកស្លា​ក​គណបក្ស​នេះ​ដែរ​ ​ប៉ុន្តែ​លោក​ចោទ​មន្រ្តី​បក្ស​ភ្លើង​ទៀន​ ​ថា​និយាយ​មិន​ចេះ​ស្ដាប់គ្នា​៖ «ការ​លើកស្លា​ក​វា​មាន​អ្នក​ទៅ​ទាក់ទង​ ​វា​ហាក់ដូចជា​មិនដឹងជា​នរ​ណាខ្លះ​។​ ​មក​ហ្នឹង​គឺ​គ្មាន​ឧទ្ទេសនាម​គណបក្ស​អ្វី​បោះត្រា​អ្វី​ទេ​ ​កាន់តែ​ក្រដាស​ហ្វូតូ​ហ្នឹង​ ​ពីរបី​នាក់​! ​ម្តង​អ្នកនេះ​ ​ម្តង​អ្នកនោះ​! ​ហើយ​ការងារ​ទីតាំង​ដែល​ត្រូវ​ដាក់​ ​មិន​ឲ្យ​ដាក់​គឺ​យើង​មិន​អនុញ្ញាត​។​ ​កន្លែងណា​ដែល​មូលដ្ឋាន​មាន​ការអនុញ្ញាត​ ​បានឲ្យ​ដាក់​។​ ​ហើយ​ពួក​កា​ពូជ​នេះ​ណា៎​ ​ខ្ញុំ​ប្រាប់​លោក​ឯង​ ​មុន​ក៏​អ៊‌ីចឹង​ដែរ​ ​កាល​ធ្វើបុណ្យ​កែម​ឡី ​ខ្ញុំ​ប្រាប់​ថាបើ​រៀប​ធ្វើបុណ្យ​ត្រូវ​សុំច្បាប់​ ​វា​ឆ្លើយ​ថាបើ​មិន​ឲ្យ​ធ្វើ​ក៏​វា​ធ្វើ​ដែរ​! ​អានេះ​ពូជ​ហ្នឹង​គឺ​វាអ៊‍ីចឹ​ង​! ​រៀប​ដាក់​ផ្លាក​នេះ​ ​ខ្ញុំ​ថា​អត់​ទាន់​ឲ្យ​ដាក់​ទេ​។​ ​ស្រាប់តែ​វា​ថា​មិន​ឲ្យ​ដាក់​ ​គឺ​វា​ដាក់​ដែរ​! ​រួច​មិន​ដឹង​វា​តួនាទី​ជា​ស្អី​អា​ហ្នឹង​ឈ្មោះ​ ​គង់​ ​ធា​រ៉េត»។

នៅ​ទីតាំង​មុខ​វត្ត​ដី​ដុះ​នោះ​ ​មាន​ស្លាក​គណបក្ស​នយោបាយ​ជាច្រើន​ ​រួម​មាន​ទាំង​ស្លាក​គណបក្សប្រជាជន​កម្ពុជា​ផង​ដែរ​។​ ​ប៉ុន្តែ​ ​អាជ្ញាធរ​សង្កាត់​នេះ​ ​មិនបាន​ហាមឃាត់​នោះ​ឡើយ​។

ឆ្លើយតប​ទៅ​នឹង​វិទ្យុ​អាស៊ី​សេរី​ ​ដែល​សួ​រលោក​ ​ម៉ន​ ​ហេ​ន​ ​ដែល​ថាបើ​កន្លែង​មុខ​វត្ត​នោះ​លើកស្លា​ក​មិនបាន​ ​ចុះ​ហេតុអ្វី​ស្លាក​គណបក្ស​នយោបាយ​ដទៃ​មាន​ហូរហែ​ ​អាច​លើក​បាន​ ​លោក​ឆ្លើយ​ថា​ ​ស្លាក​ទាំងនោះ​គេ​លើក​តាំងពី​រ​យូរ​មក​ហើយ​ ​មិនមែន​ទើប​លើក​ឥឡូវនេះ​ទេ​។​ ​វិទ្យុ​អាស៊ី​សេរី​សួ​រលោក​ ​ម៉ន​ ​ហេ​ន​ ​ទៀត​ថា​ ​ចុះបើ​ទីតាំង​ហ្នឹង​លើក​មិនបាន​ ​ស្លាក​គណបក្ស​ដែលលើក​មុន​ៗ​ទាំងអស់​នោះ​ ​ម្តេច​មិន​រើចេញ​ឲ្យអស់​ ​ឲ្យ​ស្មើភាព​គ្នា​ ​លោក​ថា​ដាក់​ហើយ​គឺ​ហើយ​ៗ​៖ «អា​មុខ​នេះ​គេ​ដាក់​តាំងពី​យូរ​មក​ហើយ​! ​ចាស់​អស់ហើយ​! ​បាត់​រូបភាព​អស់ហើយ​! ​បាទ​! ​អានេះ​ខ្ញុំ​មានរឿង​អ្វី​ទៅ​រើ»។

ផ្ទុយពី​ការ​អះអាង​របស់​លោក​ ​ម៉ន​ ​ហេ​ន​ ​ដែល​ថា​ស្លាក​គណបក្ស​ដទៃ​ចាស់​អស់​ ​ដែល​មិន​ចាំបាច់​រុះរើ​នោះ​ ​ស្លាក​គណបក្សប្រជាជន​កម្ពុជា​នៅ​មុខមាត់​ដី​ដុះ​ ​នៅ​មាន​​​រូបភាព​ច្បាស់​ ​អក្សរ​ច្បាស់​ ​និង​រម្លេច​រូបលោក​ ​ហេង​ ​សំ​រិន​ ​និង​លោក​ ​ហ៊ុន​ ​សែន​ ​និង​រូប​ទេវតា​បាចផ្កា​គ្មាន​រលាត់​មួយ​ដុំ​។​

មន្រ្តី​ឃ្លាំមើល​ការបោះឆ្នោត​ ​បារម្ភ​ថា​អាជ្ញាធរ​មូលដ្ឋាន​ ​រើសអើង​គណបក្ស​នយោបាយ​ ​ក្នុង​ការ​លើកស្លា​ក​គណបក្ស​ ​ក្នុង​ករណី​ដែល​អាជ្ញាធរ​ខ្វះ​ភាព​ច្បាស់លាស់​ ​ក្នុង​ការ​យក​ច្បាប់​ណាម​ក​ធ្វើជា​ស​ម្អា​ង​ ​ដែល​ឲ្យ​គណបក្ស​ខ្លះ​លើកស្លា​ក​បាន​ ​តែ​ហាម​គណបក្ស​ខ្លះទៀត​បែប​នេះ​។​

មន្ត្រី​សម្របសម្រួល​ ​និង​អង្កេត​នៃ​អង្គការ​ខុមហ្រ្វែល​ (Comfrel) ​លោក​ ​កន​ ​សាវាង្ស ​ថា​មុខងារ​របស់​អាជ្ញាធរ​មូលដ្ឋាន​ ​គឺ​ត្រូវ​សម្រប​ស្រម្រួល​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ ​អាច​លើកស្លា​ក​របស់​ខ្លួន​បាន​ដោយ​ស្មើភាព​គ្នា​ ​និង​ថាបើ​មិន​ឲ្យ​លើកស្លា​ក​ ​គឺ​មិន​ឲ្យ​លើក​ទាំងអស់គ្នា​ ​ហើយ​ត្រូវ​មាន​សម្អាង​ហេតុ​ ​និង​ច្បាប់​ត្រឹមត្រូវ​ផង​៖ «ទាក់ទង​នឹង​ច្បាប់​ហ្នឹង​ ​ទាល់តែ​បញ្ជាក់​ថា​ច្បាប់​ហ្នឹង​ច្បាប់​ណាមួយ​។​ ​ច្បាប់​ណា​ដែល​និយាយ​ថា​ពីមុន​មក​ដាក់​បាន​ ​ហើយ​ច្បាប់​ឥឡូវហ្នឹង​ដាក់​មិនបាន​។​ ​នៅ​ក្នុង​មាត្រា​ណា​? ​នៅ​ក្នុង​ច្បាប់​អ្វី​គេ​? ​ហើយ​បទបញ្ជា​នីតិវិធី​ស្អី​គេ​? ​តើ​ច្បាប់​ហ្នឹង​ ​ទទួល​ការណែនាំ​ទេ​ ​បង្ហាញ​ជា​ផ្លូវការ​ទេ​ ​មានប្រកាស​ជា​សាធារណៈ​ទេ​?»។

តាំងតែពី​គណបក្ស​ភ្លើង​ទៀន​ ​ប្រកាស​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ពេញទំហឹង​ ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខាងមុខ​ ​និង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ​២០២៣​ ​គណបក្ស​នេះ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ជាច្រើន​ករណី​ ​និង​ច្រើន​ខេត្ត​ក្រុង​ ​គួរ​ឱ្យ​កត់​សម្គាល់​ជាបន្តបន្ទាប់​។​ ​ករណី​ភាគច្រើន​ ​គឺ​អាជ្ញាធរ​មូលដ្ឋាន​រារាំង​មិន​ឲ្យ​លើកស្លា​ក​ ​ឬ​វាយ​កម្ទេច​ស្លាក​គណបក្ស​នេះ​ ​ក្នុង​នោះ​មាន​ដូចជា​នៅ​ខេត្ត​កំពង់ចាម​ ​ត្បូងឃ្មុំ​ ​ខេត្ត​សៀមរាប​ ​និង​ខេត្ត​កំពត​ជាដើម​។​ ​លើស​ពី​នេះ​ ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​ឧត្តរមានជ័យ​គឺ​លោក​ ​សុខ​ ​វិល​ ​កាលពី​ចុង​ឆ្នាំ​ ​២០២១​ ​ត្រូវ​អាជ្ញាធរ​ខេត្ត​នេះ​ ​ចាប់​ដាក់​ពន្ធ​នាគារ​ ​ក្រោយ​គាត់​ត្រៀម​ខ្លួន​ចូល​គណបក្ស​ភ្លើង​ទៀន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។