ប្រមុខ​ការ​ទូត​ចិន​មក​ទស្សនកិច្ច ចំ​ពេល​អាមេរិក​មិន​សប្បាយ​ចិត្ត​នឹង​កម្ពុជា

ដោយ ហេង រស្មី
2020-10-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ក្នុង​ជំនួប​នា​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​២០១៨។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ក្នុង​ជំនួប​នា​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook page

ប្រមុខ​ការទូត​ចិន​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍។ ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​ចិន​រូប​នេះ ធ្វើ​ឡើង​ចំ​ពេល​កម្ពុជា និង​អាមេរិក កំពុង​មាន​ភាព​រកាំរកូស ជាពិសេស​​ក្នុង​ទំនាក់​ទំនង​លើ​វិស័យ​យោធា។ អ្នក​សង្កេត​ការណ៍​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​រក្សា​អព្យាក្រឹតភាព​របស់​ខ្លួន​ក្នុង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មហាអំណាច ដើម្បី​កុំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​សមរភូមិ​នៃ​ការ​ប្រជែង​គ្នា​រវាង​ប្រទេស​មហាអំណាច​ ដូច​ក្នុង​​អតីតកាល។

ក្នុង​ដំណើរ​មក​កាន់​ដែន​ដី​អាស៊ី​អាគ្នេយ៍​រយៈ​ពេល ៥ថ្ងៃ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​ជ្រើស​រើស​យក​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ ដែល​លោក​ត្រូវ​មក​បំពេញ​ទស្សនកិច្ច។ លោក​គ្រោង​ចំណាយ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា គឺ​ថ្ងៃ​ទី១១ និង​ទី១២ ខែតុលា មុន​នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ឡាវ ថៃ ហើយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី១៥ តុលា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក វ៉ាង យី មិនមាន​គម្រោង​ទៅ​ប្រទេស​វៀតណាម និង​ហ្វីលីពីន ដែល​កំពុង​មាន​ទំនាស់​ស្រួចស្រាល់​ជុំវិញ​បញ្ហា​​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។

កាសែត គ្លូបល ថាមស៍ (Global Times) ដែល​ដើរ​តាម​មាគ៌ា​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​ចិន ផ្សាយ​ថា ការ​បំពេញ​ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​ចិន​រូប​នេះ គឺដើម្បី​រឹត​ចំណង​ទាក់ទង​កាន់​តែ​ស្អិត​រមួត​រវាង​ចិន និង​ប្រទេស​សមាជិក​អាស៊ាន។ កាសែត​ដដែល​នេះ​សង្កត់​ធ្ងន់​ថា ទស្សនកិច្ច​នេះ គឺ​នៅ​ចំ​ពេល​សហរដ្ឋ​អាមេរិក​កំពុង​បង្កើតរឿង​មិន​ទុក​ចិត្ត​គ្នា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បំផុស​គំនិត​ប្រឆាំង​ចិន​នៅ​ក្នុង​តំបន់។

ដោយ​ឡែក ចំពោះ​ករណី​កម្ពុជា​វិញ ក្រសួង​ការ​បរទេស​កម្ពុជា​អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី៩​ តុលា​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក វ៉ាង យី លើក​នេះ នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ចំណង​មិត្ត​ភាព​ជា​ប្រពៃណី​ដ៏​យូរ​លង់ សាមគ្គីភាព ភាព​ជា​បងប្អូន និង​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែ​ផ្កា​រវាង​កម្ពុជា និង​ចិន ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាសាកល​នៃ​ជំងឺ​កូវីដ-១៩។ ជាពិសេស ភាគី​ទាំងពីរ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ឯកសារ​មួយ​ចំនួន​ទៀត។

អ្ន​ក​តាម​ដាន​ស្ថានការណ៍​នយោបាយ និង​ជា​អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា ទិសដៅ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​មក​កម្ពុជា​នេះ មិន​មែន ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នោះ​ទេ ព្រោះ​កិច្ច​ការ​នេះ​បាន​ដំណើរ​ការ​យ៉ាង​រលូន​រួច​ទៅ​ហើយ។ លោក​ជឿ​ថា មន្ត្រី​ជាន់ខ្ពស់​ចិន​មក​កម្ពុជា​ពេល​នេះ គឺ​ដើម្បី​បង្ហាញ​ថា ប៉េកាំង​នៅ​តែ​ជា​បង្អែក​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​កម្ពុជា ខណៈ​​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ការ​ខក​ចិត្ត​ជា​ខ្លាំង ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​កម្ពុជា ក្នុងរយៈពេល​ចុងក្រោយ​នេះ៖ «រដ្ឋាភិបាល​កម្ពុជា​ចាប់ចង​យុវជន​ជា​ច្រើន​នាក់​ថ្មីៗ​ហ្នឹង យើង​ឃើញ​ថា ចិន​បាន​ថ្លែង​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​ហ្នឹង គឺ​​គាំទ្រ​កម្ពុជា​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង។ អ៊ីចឹង​ជា​រួម​មក ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ជា​ការ​បញ្ជាក់​ជំហរ​របស់​ចិន​ទៅកាន់​រដ្ឋាភិបាល​ខ្មែរ​ថា ចិន​នឹង​នៅ​ពី​ក្រោយ​គ្រប់​កាលៈទេសៈ​ ហើយ​កម្ពុជា​មិន​គួរ​ព្រួយ​បារម្ភ​ទៅ​នឹង​​សម្ពាធ​​អន្តរជាតិ​ ឬក៏​ប្រតិកម្ម​របស់​ប្រទេស​​សេរី​ហ្នឹង​ទេ»

រឿង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ តាម​ការពិត​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា លោក​នឹង​ទៅចុះ​ហត្ថលេខា​នៅ​ទីក្រុង​ប៉េកាំង​ឯណោះ​ទេ។ ចំណែក លោក​ ហោ ណាំហុង ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទំនាក់​ទំនង​កម្ពុជា-ចិន​វិញ ក៏​ធ្លាប់​អះអាង​ដែរ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ចុះហត្ថលេខា មុន​ថ្ងៃ​ទី១២ សីហា ពោល​គឺ​មុន​សហភាព​អឺរ៉ុប​​ប្រកាស​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ជា​ផ្លូវការ ដើម្បី​ជា​សារ​ប្រាប់​ទៅ​សហភាព​អឺរ៉ុប​ថា កម្ពុជា​មាន​ជម្រើស​ទីផ្សារ​ធំ ក្រៅ​ពី​អឺរ៉ុប។

ទោះ​ជា​យ៉ាង​ណា ផែន​ការ​ទាំងនេះ​មិនបាន​​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក​​ឡើយ ហើយ​របប​លោក ហ៊ុន សែន បាន​រក្សា​ភាព​ស្ងប់ស្ងាត់ រហូត​ទាល់តែ​ដល់​ថ្ងៃ​ទី៩ តុលា ទើប​ប្រកាស​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន នឹង​ត្រូវ​បាន​​ចុះហត្ថលេខា ​អំឡុង​​ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី មក​កាន់​កម្ពុជា។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ដែរ តែ​លោក​មិន​លើក​ទូរស័ព្ទ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង ក៏​មិន​ទទួល​ទូរស័ព្ទ​ដូច​គ្នា នៅ​ថ្ងៃ​ទី១០ តុលា។

ដំណើរ​មក​កាន់​កម្ពុជា​​របស់​លោក វ៉ាង យី នៅ​ពេល​នេះ គឺ​នៅ​ក្រោយ​ពេល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន យូឌីជី (UDG) ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។ ក្រុមហ៊ុន​ចិន UDG រង​ការសង្ស័យ​ថា កំពុង​អនុវត្ត​គម្រោងការ​សម្ងាត់​ឲ្យ​រដ្ឋអំណាច និង​យោធា​បក្ស​កុម្មុយនិស្ត​ចិន ដើម្បី​បម្រើ​ឲ្យ​គោលដៅ​យោធា​របស់​ចិន។ នៅ​តំបន់​តារា​សាគរ​ក្នុង​ខេត្ត​កោះកុង ក្រុមហ៊ុន​នេះ​​កំពុង​អភិវឌ្ឍ​វាល​​យន្តហោះ​ខ្នាតធំ និង​កំពង់ផែ​ទឹកជ្រៅ ដែល​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​​សន្តិសុខ​វាយ​តម្លៃ​ថា ​ជា​ទីតាំង​ដែល​អាច​ឱ្យ​យន្តហោះ​ និង​នាវាចម្បាំង​ចិន​អាច​ចូល​ចត​បាន។

ម្យ៉ាងវិញទៀត របប​លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ នេះ បាន​វាយ​កម្ទេច​អាគារ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។ សហរដ្ឋ​អាមេរិក​ តាម​រយៈ​ស្ថាន​ទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា បាន​ប្រតិកម្ម​ដោយ​ក្ដី​កង្វល់​​ថា ការ​វាយ​កម្ទេច​អាគារ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ដោយ​ស្ងាត់ៗ បែប​នេះ អាច​មាន​ជាប់​ទាក់ទង​នឹង​ផែន​ការ​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ដាក់​កង​ទ័ព និង​អាវុធ​យុទ្ធភណ្ឌ​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ក៏​ប៉ុន្តែ​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​បដិសេធ។

ក្រុម​អ្នក​ជំនាញ​វាយ​តម្លៃ​ថា ប្រសិន​បើ​​​ចិន​អាច​បង្កើត​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​​រាម និង​មាន​កន្លែង​ផ្ទុក​យន្តហោះ​ចម្បាំង​នៅ​ខេត្ត​កោះកុង​​មែន នោះ​​​ចិន​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​​ក្នុង​ការ​ទាម​ទារ​យក​តំបន់​ជម្លោះ​ក្នុង​​សមុទ្រ​ចិន​ខាង​ត្បូង និង​​មាន​​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​​យ៉ាង​ច្រើន​សម្បើម​។ លើស​ពី​​នេះ​ទៅទៀត ចិន​នឹង​អាច​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​បន្ថែម​ទៀត​លើ​ច្រក​សមុទ្រ​ម៉ាឡាកា (Malacca) ដែល​ជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នៅ​ក្នុង​​តំបន់។ នេះ​ជា​សេណារីយោ​ដ៏​គ្រោះថ្នាក់ និង​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ប្រទេស​​សម្ពន្ធ​មិត្ត​របស់​​អាមេរិក​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ហើយដែល​សហរដ្ឋ​អាមេរិក​មិន​អាច​ឱប​ដៃ​ឈរ​មើល​បាន​ឡើយ។

ក្នុង​ន័យ​នេះ សហរដ្ឋ​អាមេរិក​បាន​​ដាស់តឿន​របប​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត​ថា វត្តមាន​របស់​យោធា​ចិន​នៅ​កម្ពុជា នឹង​ប៉ះពាល់​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ហើយ​បង្ក​ការ​រំខាន និង​អស្ថិរភាព​ដល់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ទាំងមូល។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា ក្រុម​លោក ហ៊ុន សែន កំពុង​លេង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​ដ៏​គ្រោះថ្នាក់ ដោយ​​ជ្រើស​រើស​នៅ​ខាង​ចិន និង​ប្រឈម​មុខ​ជាមួយ​សហរដ្ឋ​អាមេរិក។ លោក​ថា លោក ហ៊ុន សែន លម្អៀង​ទៅ​រក​ចិន ដោយសារ​​មេ​ដឹក​នាំ​ក្រាញ​អំណាច​រូបនេះ ត្រូវ​ការ​ចិន​ជា​ខ្នងបង្អែក​ការពារ​អំណាច​របស់​គាត់៖ «បើ​យើង​មើល​ទិដ្ឋភាព​នៅ​ពី​ក្រោយ​ហ្នឹង គឺ​ជា​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​របប ហ៊ុន សែន ហ្នឹង​កាន់​តែ​បន្ត​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​ច្បាស់​អំពី​ឯករាជភាព អព្យាក្រឹតភាព​របស់​ខ្លួន រំលោភ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស។ ហើយ​ចំណុច​នេះឯង ដែល​ជា​ចំណុច​គន្លឹះ​ដែល​ធ្វើ​ឱ្យ​​​កម្ពុជា​ហ្នឹង ក្លាយ​ជា​ប្រទេស​រង​គ្រោះ​ដោយ​សារ​តែ​របប​លោក ហ៊ុន សែ​ន ចាប់​យក​នយោបាយ​ការបរទេស​ហ្នឹង​ទៅ​ឱប​ចិន ឱ្យ​ចិន​ធ្វើ​អ្វីៗ តាមតែ​​ទំនើង​ចិត្ត»

មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន មិន​បក​ស្រាយ​អំពី​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ចិន​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​សារភាព​ហើយ​ថា លោក​ដឹកនាំ​លម្អៀង​ទៅ​រក​ចិន ព្រោះ​ងាយ​ធ្វើការ​ជាមួយ៖ «វា​សុទ្ធតែ​ថា កម្ពុជា​ដឹក​នាំ​ប្រទេស​ទៅ​ជិត​ចិន ចុះបើ​ចិន​គេ​ស្រួល​ជាមួយ​ខ្ញុំ មិន​ឱ្យ​ទៅ​ជិត​ជាមួយ​គ្នា​យ៉ាង​ម៉េច

ក្រៅ​ពី​នេះ លោក ហ៊ុន សែន បាន​ចេញមុខ​ការពារ​ចិន​ម្ដង​ហើយ​ម្ដង​ទៀត រហូត​ដល់​លោក​បោះ​ពាក្យ​ថា ប្រសិន​បើ​ចិន​មិន​ជួយ​ទេ តើ​ប្រទេស​ណា​ជា​អ្នក​​ជួយ​​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ និង​គម្រោង​វិនិយោគ​ធំៗ នៅ​កម្ពុជា។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​ព្រមាន​ថា របប​លោក ហ៊ុន សែន គួរ​តែ​រក្សា​ឱ្យ​បាន​នូវ​គោល​នយោបាយ​អព្យាក្រឹត្យ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ជាពិសេស​ត្រូវតែ​ធានា​ឱ្យ​បាន​ថា ពិត​ជា​គ្មាន​វត្តមាន​យោធា​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​តំបន់​តារា​សាគរ​ខេត្ត​កោះកុង​ដូច​ការ​អះអាង​មែន។ បើ​ពុំ​ដូច្នេះ​ទេ កម្ពុជា​អាច​នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ម្ដង​ទៀត គឺ​ក្លាយ​ជា​សមរភូមិ​នៃ​ការ​ប្រជែង​អំណាច​គ្នា​រវាង​មហាអំណាច​​ចិន និង​សហរដ្ឋ​អាមេរិក៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល