ពលរដ្ឋមួយចំនួនចាប់ផ្តើមធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលប្តឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិ
2024.11.27
ពលរដ្ឋមួយចំនួនទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ចាប់ផ្តើមធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ប្តឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិ។ ការទាមទារនេះ ដោយសារពួកគាត់ មិនជឿទុកចិត្តទៅលើយន្តការដោះស្រាយទ្វេភាគី រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ។
បញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ កំពុងក្លាយជាក្តីកង្វល់ធំមួយទៀតរបស់ពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងនៅក្រៅស្រុក បន្ទាប់ពីបញ្ហាបូរណភាពទឹកដីជាមួយប្រទេសវៀតណាម ហាក់ស្ងប់ស្ងាត់ទៅវិញ។ នៅពេលនេះ ពលរដ្ឋខ្មែរមួយចំនួនចាប់ផ្តើមកំណត់ថ្ងៃធ្វើបាតុកម្ម និងចាប់ផ្តើមបង្ហោះសារលើបណ្ដាញសង្គមដើម្បីទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ប្តឹងរឿងកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។
ប្រធានគណៈកម្មការនាយកនៃចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណី ថ្លែងថា ពលករនៅប្រទេសកូរ៉េខាងត្បូង នឹងប្រមូលផ្តុំ គ្នាធ្វើបាតុកម្មនៅថ្ងៃទី៨ ខែធ្នូ ខាងមុខ ក្នុងតំបន់យ៉ុងសាន់ (Yong San) ទីក្រុងសេអ៊ូល (Seoul) ក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ប្តឹងរឿងកោះ គជ់ទៅតុលាការអន្តរជាតិ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាល មិនប្តឹងទាមទារកាន់កាប់ទឹកដីមួយចំណែកនៅកោះគជ់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់ភាគីថៃទេ នោះ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នឹងជាប់ឈ្មោះជាមេដឹកនាំក្បត់ជាតិ។
លោក ម៉ាត់ វណ្ណី៖ «យើងយល់ថា មានតែយន្តការអន្តរជាតិនេះដែលអាចធានានិងការពារបូរណភាពទឹកដីយើងបាន ព្រោះយើងខ្សោយ។ កាលណាយើងខ្សោយទាំងសេដ្ឋកិច្ច ទាំងយោធា និងនយោបាយការទូត យើងទៅចរចា ជាមួយគេទ្វេភាគី គឺយើងចាញ់ប្រៀបគេរួចស្រេចទៅហើយ។ ដូច្នេះហើយបានជា យើងពឹងពាក់លើអាជ្ញាកណ្តាល តាមរយៈតុលាការអន្តរជាតិ»។
ជាមួយគ្នានេះ សកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក វ៉ាន់
ចាន់ធឿន យល់ស្របថា រដ្ឋាភិបាលកម្ពុជា ត្រូវតែប្តឹងរឿងកោះគជ់នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទាមទារសិទ្ធិកាន់កាប់កោះគជ់មកវិញ។
លោក វ៉ាន់ ចាន់ធឿន៖ «បើគាត់(លោក ហ៊ុន សែន ) ស្មើនឹងលោក ហ៊ុន សែន ក្បត់ជាតិ។ គាត់ប្រគល់ទឹកដីឲ្យគេទៀត។ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំគ្មានជំនឿលើរាជរដ្ឋាភិបាលដឹកនាំដោយត្រកូលហ៊ុនសោះ តាំងពីកោះត្រល់ ទល់ដែនខ្មែរ អួតអាងមានអីមានតែរលាយមានតែហិនហោច ពលរដ្ឋខ្មែរមានតែរងទុក្ខ ស្រណុកតែក្រុមគ្រួសាររបស់អ្នកដែលអួតអាងអ្នកដែលដឹកនាំ»។
ចំណែកពលរដ្ឋខ្មែរនៅឯប្រទេសជប៉ុនវិញ ពួកគាត់ ក៏មិននៅស្ងៀមដែរ។ ប្រធានស្តីទីចលនាសង្គ្រោះជាតិប្រចាំប្រទេសជប៉ុន អ្នកស្រី មាស ភារ៉ា ឲ្យដឹងថា ពលរដ្ឋខ្មែរនៅជប៉ុន នឹងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោសនយោបាយទាំងអស់ និងប្តឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិ ក្នុងពេលដែលពួកគាត់ចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី៨ ធ្នូ ជាមួយជាតិសាសន៍ផ្សេងៗទៀត។
អ្នកស្រី មាស ភារ៉ា៖ «កាលណាយើងប្តឹងទៅតុលាការអន្តរជាតិ យើងដឹងសខ្មៅ ទោះយើងបានប៉ុណ្ណាក៏យើងអស់ចិត្ត បើគេកាត់ក្តីឲ្យប៉ុណ្ណា ក៏ភាគីទាំងសងខាងអស់ចិត្ត ហើយប្រជាពលរដ្ឋ ក៏ទទួលយកបានដែរ។ អ៊ីចឹងដើម្បីជាសេចក្តីថ្លៃថ្នូររបស់រដ្ឋាភិបាល ជាទំនុកចិត្តរបស់ពលរដ្ឋ ខ្ញុំគិតថា រដ្ឋាភិបាលខ្មែរយើង គួរណាស់តែប្តឹងទៅតុលាការអន្តរជាតិឲ្យជួយដោះស្រាយរឿងនេះ»។
ពលរដ្ឋខ្មែរមួយចំនួនទៀត រួមទាំងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអានផង លើកឡើងថា ប្រសិនបើរដ្ឋាភិបាលត្រកូលហ៊ុន មិនប្តឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិទេ មានន័យថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំក្បត់ជាតិ ដោយសុខចិត្តបាត់បង់ទឹកដីខ្មែរ ជាថ្នូរនឹងឲ្យរដ្ឋាភិបាលថៃ លុបបំបាត់មិនឲ្យមានពលរដ្ឋខ្មែរ ប្រើប្រាស់ទឹកដីថៃ ដើម្បីរិះគន់ ឬប្រឆាំងការដឹកនាំរបស់ពួកលោក។ ពួកគាត់ មើលឃើញថា ករណីរដ្ឋាភិបាលថៃ ចាប់បញ្ជូនសកម្មជនបក្សប្រឆាំង និងជនភៀសខ្លួនខ្មែរជិត ១០នាក់ទៅដាក់គុកនៅ កម្ពុជាវិញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា អាចជាកាដូឲ្យលោក ហ៊ុន សែន ដែលកាត់កោះគជ់ឲ្យថៃ។
ទាក់ទងនឹងរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោកដែលជាមេបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ហាក់មិនបានបង្ហាញជំហរច្បាស់លាស់ក្នុងការទាមទារសិទ្ធិគ្រប់គ្រងកោះគជ់នោះទេ ដោយផ្ដោតតែទៅលើយន្តការចរចាទ្វេភាគីអំពីកិច្ចព្រមព្រៀង ឬ MoU កាលពីឆ្នាំ២០០១ ស្តីពីការអភិវឌ្ឍរួមគ្នានៃធនធានប្រេង និងឧស្ម័នជាមួយកម្ពុជា។ ខុសពីមេដឹកនាំថៃ ដែលព្យាយាមបង្ហាញជំហរថែរក្សាការពារកោះគជ់ដែលថៃកំពុងកាន់កាប់មិនឲ្យបានមកខ្មែរមួយចំណែកនោះ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត វិញ បែរជាឆ្លៀតឱកាសនេះ ថ្លែងវាយប្រហារ និងគំរាមកំហែងពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំងដែលឈឺឆ្អាលខ្លាចបាត់បង់កោះគជ់នេះ។
លោក ហ៊ុន សែន៖ «ឥឡូវនេះគេកំពុងឲ្យពលរដ្ឋធ្វើបាតុកម្មដើម្បីរុញឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិ។ ដំបៅមិនឈឺយកឈឺចាក់។ រឿងគេកំពុងជជែកគ្នា ឯយើងមករុញ តើនេះជាអ្វីទៅ ? ជាអំពើអ្វី? ម្តងហើយម្ដងទៀតរុញមិនឲ្យប្រជាជនបានសេចក្តីសុខណាមួយតាមរយៈនៃការបង្កើតចលនាប្រឆាំង។ ព្រះតេជព្រះគុណ តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ដើម្បីរៀបចំនៅច្បាប់ដាក់ក្រុមនេះ ជាក្រុមភេរវកម្មហើយឬនៅ?»។
ជុំវិញរឿងនេះ ព្រះសង្ឃដែលឈឺឆ្អាលរឿងសង្គម និងនយោបាយគង់នៅប្រទេសអូស្ត្រាលី ព្រះតេជព្រះគុណ ហេង គឹមឡាយ មានសង្ឃដីកាទាមទារឲ្យលោក ហ៊ុន សែន បញ្ឈប់ប្រើអំណាចបំបិទសិទ្ធិពលរដ្ឋខ្មែរ ហើយគួរតែយកពេលទៅរកវិធី ដោះស្រាយ និងប្តឹងទាមទារសិទ្ធិកាន់កាប់កោះគជ់ឡើងវិញ។
ព្រះតេជព្រះគុណ ហេង គឹមឡាយ៖ «ជំហររបស់យើង គឺទាមទារឲ្យរដ្ឋាភិបាល ត្រូវតែទាមទារមួយផ្នែកនៃកោះគជ់ ព្រោះអីយើងដឹងតើយើងបានមើលប្រវត្តិសាស្រ្ត យើងបានមើលឯកសារគ្រប់ជ្រុងជ្រោយអស់ហើយថា កោះគជ់មានចំណែករបស់ យើង ២ ភាគ៣ នៅទីនោះ»។
បច្ចុប្បន្ននេះ កោះគជ់ កំពុងស្ថិតក្រោមការគ្រប់គ្រងផ្ដាច់មុខរបស់ប្រទេសថៃ ដោយបានអភិវឌ្ឍទីនោះឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ។ ប្រជាជនថៃជាច្រើន បានរស់នៅទីនោះ មានទាំងសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹក ភ្លើង និងមានមូលដ្ឋានទ័ពថៃទៀតផង ខណៈពលរដ្ឋខ្មែរនៅទីនោះ គឺគ្រាន់តែជាជនចំណាកស្រុកស៊ីឈ្នួលឲ្យជនជាតិថៃប៉ុណ្ណោះ។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ថ្លែងថា ជុំវិញរឿងកោះគជ់នេះ រដ្ឋាភិបាលថៃ បានដើរមុនរដ្ឋាភិបាលកម្ពុជាឆ្ងាយដោយបានអភិវឌ្ឍទីនោះនិងដាក់រដ្ឋបាលគ្រប់គ្រងរួចជាស្រេច ដូច្នេះការចរចាទ្វេភាគីជាមួយថៃ នឹងមិនទទួលបានលទ្ធផលឡើយ។ លោក គាំទ្រចំពោះការទាមទារ របស់ពលរដ្ឋខ្មែរដែលចង់ឲ្យរដ្ឋាភិបាលកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ព្រោះជាជម្រើសល្អបំផុត ហើយកម្ពុជា ក៏ធ្លាប់ប្រើយន្តការនេះឈ្នះក្តី រឿងប្រាសាទព្រះវិហារដែរ។ បន្ថែមពីនេះ លោកស្នើឲ្យរដ្ឋាភិបាល គួរតែព្យាយាមបកស្រាយបែបផ្តល់ព័ត៌មានថ្មីៗនៃការចរចា ឬយន្តការដោះស្រាយនានា ជាជាងការគំរាមកំហែងលើពលរដ្ឋ។
លោក វ៉ន ចាន់ឡូត៖ «ទី១ ផលប្រយោជន៍នៃការប្តឹងនេះ រដ្ឋាភិបាលមិនជាប់ឈ្មោះជាជនក្បត់ជាតិទេ បើសិនជាមានសាលក្រមណាមួយពីតុលាការ។ ទី២ វាបង្ហាញពីភាពចាស់ទុំនៅក្នុងការដោះស្រាយបញ្ហាដែនអធិបតេយ្យជាមួយប្រទេសជិតខាង ព្រោះយើងមិនត្រូវការផ្ទុះសង្គ្រាម ផ្ទុះអាវុធដណ្តើមទឹកដីដូចសម័យបុរាណនោះទេ»។
កាលពីថ្មីៗនេះ ប្រធានចលនាជាតិតស៊ូ និងជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បានបង្ហោះសារលើហ្វេសប៊ុកដោយភ្ជាប់ជាមួយរូបភាពមួយចំនួនថា ផ្ទៃដីកោះគជ់លើសពីពាក់កណ្ដាល និងដែនសមុទ្រជាង ២ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡា ដែលគេថា «ត្រួតស៊ីគ្នា» នោះ តាមពិតជាកម្មសិទ្ធិរបស់កម្ពុជា ដោយយោងលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ភស្តុតាងក្នុងប្រវត្តិសាស្ត្រ ព្រមទាំងមានបារាំងជាសាក្សីផងដែរ។ លោក សម រង្ស៊ី ជំរុញឱ្យពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានបញ្ចេញសំឡេងទាមទារឱ្យរដ្ឋាភិបាលត្រកូលហ៊ុន ដាក់សំណុំរឿងកោះគជ់ និងដែនសមុទ្រ ២ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡានោះ ទៅតុលាការអន្តរជាតិឱ្យកាត់សេចក្ដី ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។