អាជ្ញាធរ​អាកាសចរ​ណ៍​ស៊ីវិល​ ហាម​ក្រុមហ៊ុន​យន្តហោះ​ដឹក​លោក សម រង្ស៊ី និង​បក្ខពួក​​ចូល​កម្ពុជា ហើយ​​ព្រមាន​ចោទ​​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ បើ​ហ៊ាន​​ល្មើស​​

0:00 / 0:00

រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា បាន​ចេញ​បម្រាម​ថ្មី​មួយ​ទៀត ដោយ​ហាម​ក្រុមហ៊ុន​យន្តហោះ​ដឹក​លោក សម រង្ស៊ី និង​បក្ខ​ពួក ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា និង​ព្រមាន​ចោទ​ក្រុមហ៊ុន​យន្តហោះ​ថា ចូលរួម​គំនិត​ក្បត់​ជាតិ បើ​ហ៊ាន​​ល្មើស​នឹង​បម្រាម​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង​ហៅ​វិធានការ​នេះ​ថា ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា របប​ក្រុង​ភ្នំពេញ​ខ្លាច​វត្តមាន លោក សម រង្ស៊ី។ អ្នក​វិភាគ​ថា វិធានការ​នេះ ​ជា​ការ​​បំភ័យ​​ ដើម្បី​រារាំង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​គណបក្ស​​សង្គ្រោះ​ជាតិ។

មន្ត្រី​របប​ក្រុង​ភ្នំពេញ អះអាង​ការ​ហាម​យន្តហោះ​ដឹក​លោក សម​ រង្ស៊ី និង​បក្ខ​ពួក ​ដោយសារ​តែ​សាល​ដីកា​សម្រេច​ទោស​ពី​តុលាការ និង​​​ជា​កាតព្វកិច្ច​​សមត្ថកិច្ច​ត្រូវ​​ការពារ​អ្នក​ដំណើរ និង​ស្ថិរភាព សន្តិសុខ​នៅ​ប្រទេស​កម្ពុជា។

អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​នៃ​អាកាសចរណ៍​ស៊ីវិល លោក ជា អូន ប្រាប់​អាស៊ី​សេរី​ថា អាកាសចរណ៍​ស៊ីវិល បាន​ហាមប្រាម​ក្រុមហ៊ុន​យន្តហោះ​រួច​ហើយ។ បើ​មាន​ក្រុមហ៊ុន​ណា ឬ​អ្នក​បើក​យន្តហោះ​ណា​ហ៊ាន​ដឹក​លោក សម រង្ស៊ី និង​បក្ខ​ពួក​មាន​សាលដីកា ក្រុមហ៊ុន​នោះ នឹង​ប្រឈម​វិធានការ​ច្បាប់ គឺ​ត្រូវ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់។​ លោក​ព្រមាន​ថា បើ​មាន​ក្រុមហ៊ុន​យន្តហោះ​ណា​ល្មើស ​គឺ​​មនុស្ស​នៅ​ក្នុង​ក្រុមហ៊ុន​យន្ត​ហោះ​ទាំង​អស់ នឹង​ត្រូវ​ចោទ​ប្រកាន់។ លោក​ថា ការ​ដាក់​បទ​បញ្ជា​នេះ​ គឺ​ជា​ច្បាប់​ពី​ថ្នាក់​លើ ហើយ​រដ្ឋ​លេខាធិការដ្ឋាន មាន​កាតព្វកិច្ច​ត្រូវ​គោរព​ និង​អនុវត្ត​តាម៖ «ក្រុម​ហ៊ុន​អស់​ហ្នឹង​ក៏​គាត់​មិន​ហ៊ាន​ដឹក​ដែរ។ មិន​អាច​ក្រុមហ៊ុន​យន្ត​ហោះ​ណា​ទៅ​ដឹក​អ្នក​ទោស​ម្ដេច​កើត។ ឲ្យ​តែ​មាន​ជាប់​ទោស​គេ​មិន​អាច​ដឹក​តាម​យន្ត​ហោះ​បាន​ទេ។ បើ​យើង​ដឹង​ថា ជន​ហ្នឹង មាន​បញ្ហា​ធ្ងន់ធ្ងរ​ បើ​យើង​ទៅ​ដឹក​ទៀត បាន​ន័យ​ថា យើង​ចូល​រួម​គំនិត​ជាមួយ​អ្នក​អស់​ហ្នុង។ អ៊ីចឹង ក្រុមហ៊ុន​ហ្នឹង​ក៏​ត្រូវ​ទទួល​ទោស​ដែរ តាម​ច្បាប់​​​ណា។ អា​​ហ្នឹង​ Pilot ( អ្នក​បើក​យន្តហោះ ) ហ្នឹង ក៏​ពីឡុត​ហើយ គាត់​អាច​មិន​ដឹង ក៏​ប៉ុន្តែ​ក្រុមហ៊ុន​គាត់​ត្រូវ​ដឹង។ អ៊ីចឹង​វា​រឿង​ពាក់ព័ន្ធ​ទាំង​អស់​ អ៊ីចឹង​ក្រុមហ៊ុន គាត់​ដឹង​ហើយ គាត់​មាន List ( បញ្ជី ) ឈ្មោះ​របស់​គាត់​ហើយ»

បម្រាម​ថ្មី​នេះ ធ្វើ​ផ្ទុយ​ទៅ​នឹង​ការ​សម្រេច​របស់​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ២០១៧ ដែល​​បញ្ជា​ឱ្យ​លុប​ចោល​បម្រាម ដែល​ហាម​មិន​ឲ្យ​យន្តហោះ​ដឹក​លោក សម រង្ស៊ី មក​កម្ពុជា​វិញ​នោះ។ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ហៅ​​ការ​ព្រមាន​ក្រុមហ៊ុន​យន្តហោះ​នេះ​ថា ជា​ការ​បង្ហាញ​ភាព​ភ័យខ្លាច​វត្តមាន​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំអក​ថា កន្លង​មក ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ បាន​ស្រែក​ស្វាគមន៍​លោក សម រង្ស៊ី ចូល​គ្រប់​ផ្លូវ និង​ត្រៀម​ចាប់​ខ្លួន​ជា​និច្ច។ តែ​​ការ​ពិត​មែនទែន​ទៅ​អ្នកស្រី មូរ សុខហួរ យល់​ថា របប​ក្រុង​ភ្នំពេញ ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី មិន​ហ៊ាន​ឲ្យ​វិល​ចូល​​ប្រទេស​កម្ពុជា​ឡើយ។ អ្នកស្រី មូរ សុខហួរ ប្រាប់​​ថា លទ្ធភាព​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា គឺ​​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង និង​ចូល​ទៅ​គ្រប់​ផ្លូវ​ទាំង​អស់ ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បង្ហើប​ថា បើ​ទោះ​​លទ្ធភាព ចូល​តាម​ផ្លូវ​គោក​ច្រើន​ តែ​អ្នកស្រី នឹង​នៅ​តែ​​ទិញ​ទាំង​សំបុត្រ​យន្តហោះ​។ អ្នកស្រី​ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន ហ៊ាន​ធ្វើ​តាម​ការ​លើក​ឡើង​កន្លង​មក​ គឺ​បើក​គ្រប់​ផ្លូវ​ ឲ្យ​​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង បាន​ចូល​ដល់​​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ហើយ​ធ្វើការ​ចាប់​ខ្លួន៖ « សួរ​ទៅ​លោក ហ៊ុន សែន ហេតុអ្វី​មិន​ចាប់​លោក​ប្រធាន​ទៅ ? ក្រែង​ថា មាន​ដីកា ដីកា​លោក​ប្រធាន​ឲ្យ​ចូល ! យើង​ទាំង​អស់​គ្នា​ចូល​ហ្នឹង គឺ​ដើម្បី​អ្វី ? បើ​ថា មាន​ដីកា​ចាប់​ទៅ ខ្លាច​អ្វី​ក៏​ខ្លាច​ម្ល៉េះ ? លោក ហ៊ុន សែន ខ្លាច​ឥទ្ធិពល​នៃ​លោក​ប្រធាន​ស្ដីទី​សម រង្ស៊ី ខ្លាច​នូវ​សំឡេង​ពលរដ្ឋ ដែល​លោក​ប្រធាន សម រង្ស៊ី មាន​ប្រសាសន៍​ហើយ គឺ​យក​អំណាច​ប្រជាពលរដ្ឋ​ ឈាន​ទៅ​រក​ការ​ផ្លាស់​ប្ដូរ​ដោយ​វិជ្ជមាន ដោយ​អហិង្សា​ នៅ​ក្នុង​ប្រទេស​យើង»

មេ​ដឹក​នាំ​បក្ស​ប្រឆាំង ៩នាក់ ដែល​​តុលាការ​របប​ក្រុង​ភ្នំពេញ បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​​បាន​ស្នើសុំ​ឲ្យ​ប្រទេស​អាស៊ាន​ជួយ​ចាប់ គឺ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខ​ហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហ៊ូ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និង​អ្នក​ស្រី ជូឡុង សូមូរ៉ា។ ​អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ លោក ជា អូន បញ្ជាក់​ថា ​​ឲ្យ​តែ​ជា​អ្នក​ទោស គឺ​យន្តហោះ​ មិន​អាច​ដឹក​ចូល​កម្ពុជា​បាន​ឡើយ។

គិត​ត្រឹម​រាត្រី​ថ្ងៃ​ទី១ វិច្ឆិកា គណបក្ស​ប្រឆាំង​អះអាង​ថា សល់ ៨ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ។ ក្រៅពី​​ការ​ទប់​ស្កាត់​លោក សម រង្ស៊ី ចូល​​តាម​ផ្លូវ​អាកាស របប​ក្រុង​ភ្នំពេញ ក៏​បាន​​ពង្រាយ​កង​ទ័ព និង​សព្វាវុធ​គ្រប់​ធុន​ តាម​ព្រំដែន​គោក​ដែរ។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហេង ច័ន្ទ​រស្មី យល់​ថា បើ​ទោះ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បង្ហាញ​ពី​ការ​ក្ដោបក្ដាប់​កង​ទ័ព​ពេញ​ដៃ​មែន​ តែ​​រដ្ឋាភិបាល​​នៅ​តែ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី​ និង​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ លោក​ថា ការ​ហាម​យន្ត​ហោះ និង​ការ​ដាក់​​ពង្រាយ​កងទ័ព​តាម​ព្រំដែន​​ ជា​យុទ្ធសាស្ត្រ​​គំរាម ផ្នែក​​ចិត្តសាស្ត្រ​លើ​គណបក្ស​ប្រឆាំង។ ទោះ​យ៉ាង​ណា​ក្ដី លោក​​ថ្លែង​ថា​យុទ្ធសាស្ត្រ​ទាំង​នេះ ពិបាក​ក្នុង​ការ​ទប់​ទល់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ក្រុម​មេ​ដឹក​នាំ​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ណាស់។ លោក​បន្ត​ថា​ ប្រសិន​បើ​ពលករ និង​ពលរដ្ឋ​ ទៅ​អម​ដំណើរ​មេ​បក្ស​ប្រឆាំង​ចូល​កម្ពុជា ថ្ងៃ​ទី៩ វិច្ឆិកា​មែន កង​កម្លាំង​ប្រដាប់​អាវុធ ពិបាក​នឹង​លើក​ដៃ​បង្ក្រាប​ណាស់ ព្រោះ​នេះ មិន​មែន​ជា​ការ​ធ្វើ​សង្គ្រាម តែ​ជា​ការ​ប្រឈម​មុខ​ជាមួយ​ជាតិ​សាសន៍​ឯង។ អ្នក​វិភាគ​រូប​នេះ​យល់​ថា មាន​តែ​ជម្រើស​ចរចា​នយោបាយ​មួយ​គត់ ជា​ជម្រើស​ល្អ​សម្រាប់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។