សង្គម​ស៊ីវិល​ស្នើ​តុលាការ​ដោះ​លែង​កញ្ញា សេង ធារី ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ សុជីវី
2023.10.10
សង្គម​ស៊ីវិល​ស្នើ​តុលាការ​ដោះ​លែង​កញ្ញា សេង ធារី ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ កញ្ញា សេង ធារី ​ពេលអាជ្ញាធរ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដាច់​ស្រយាល​ក្នុង​ខេត្ត​ព្រះវិហារ បន្ទាប់​ពី​ចាប់​ខ្លួន​បាន​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២២។
រូបពីពលរដ្ឋ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​និង​ដោះលែង​អ្នក​ជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​វិញ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ។ ពួក​គេ​លើក​ឡើង​ថា ការ​បន្ត​ឃុំ​ខ្លួន​កញ្ញា សេង ធារី នឹង​មិន​បាន​ផល​ចំណេញ​អ្វី​ដល់​សង្គមជាតិ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ដោះ​លែង​កញ្ញា សេង ធារី ក្នុង​ឱកាស​នេះ ជា​ការ​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ និង​ដើម្បី​កាត់​បន្ធូរបន្ថយ​ការ​រិះគន់​ពី​សហគមន៍​ជាតិ​ និង​អន្តរជាតិ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១០ តុលា​ថា នៅ​ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ម្ដងៗ ពលរដ្ឋ​ខ្មែរ​នៅ​ទី​ជិត​ឆ្ងាយ​តែង​ទន្ទឹង​រង់ចាំ​សាច់ញាតិ​របស់​ខ្លួន​មក​ជួប​ជុំ​គ្នា។ ដូច្នេះ​លោក​ថា តុលាការ​គួរតែ​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​វិញ ក្នុង​ឱកាស​បុណ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ។

លោក អំ សំអាត៖ «បើ​សិន​ជា​អាច​មាន​ការ​ដោះលែង ក៏​វា​កាន់​តែ​ល្អ​ដែរ ដោយសារ​តែ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​វា​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ដែល​ក្រុម​គ្រួសារ​នីមួយៗ ត្រូវ​ការ​ជួប​ជុំ​ក្រុម​គ្រួសារ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា យល់​ឃើញ​ថា កញ្ញា សេង ធារី គឺ​ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដ៏​ឆ្នើម​ម្នាក់​ខាង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាប់​អារម្មណ៍​ខ្លាំង។ លោក​បញ្ជាក់​ថា ដើម្បី​ស្ដារ​មុខមាត់​រដ្ឋាភិបាល តុលាការ​គួរតែ​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​វិញ ដោយ​ឥត​លក្ខខណ្ឌ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

លោក ស៊ឹង សែន​ករុណា៖ «យើង​ចង់​ឱ្យ​ឃើញ​ឱ្យ​គាត់​ហ្នឹង​មាន​សេរីភាព​ ដើម្បី​បាន​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ ឬ​ក៏​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​របស់​គាត់​ឡើង​វិញ​នឹង​​ដោយ​សេរីភាព​ដោយ​ពុំ​មាន​សំពាធ​អី​ផ្សេងៗ ដែរ។ ដោយសារ​តែ​កន្លង​មក​យើង​ឃើញ​ហើយ​រង​ការ​រិះគន់​ច្រើន​ក្នុង​ការ​ចាត់​វិធាន​ការ​ឃុំ​ខ្លួន ឬ​ក៏​ចោទ​ប្រកាន់​កញ្ញា សេង ចាន់​ធារី នឹង​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​កន្លង​មក​បាទ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​ លោក ប្លង់ សំណាង​ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​ការ​ស្នើ​សុំ​​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១០ តុលា។

អ្នក​ជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ​កញ្ញា សេង ធារី ​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដាច់​ស្រយាល​ក្នុង​ខេត្ត​ព្រះវិហារ បន្ទាប់​ពី​ចាប់​ខ្លួន​បាន​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោម​ហេតុ​ផល ដើម្បី​ធានា​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ។ កញ្ញា សេង ធារី ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦ឆ្នាំ ពី​បទ​ចោទ​រួម​គំនិត​ក្បត់ ក្នុង​សំណុំ​រឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ចំណាត់​ការ​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ជាពិសេស រំលោភ​សិទ្ធិ​របស់​ជន​ជាប់​ឃុំ។

កញ្ញា សេង ធារី ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ពី​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ «ម២» នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែកញ្ញា។ ការ​បញ្ជូន​កញ្ញា​ទៅ​ឃុំ​ខ្លួន​នៅ​ភ្នំពេញ​នេះ ដោយសារ​តែ​កាល​ពី​ពេល​ថ្មីៗ នេះ សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យ​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ថ្មី​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​វិញ ដើម្បី​ធានា​ថា ពលរដ្ឋ​ខ្មែរ​ទាំង​អស់​អាច​ចូលរួម​បាន​ដោយ​សេរី​ក្នុង​ដំណើរ​ការ​នយោបាយ ហើយ​ដោះលែង​បុគ្គល និង​សកម្មជន​នយោបាយ រួមមាន​សកម្មជន​សិទ្ធិមនុស្ស​សញ្ជាតិ-ខ្មែរ​អាម៉េរិកាំង គឺ​កញ្ញា សេង ធារី ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
គ្រួសារ​រៀបចំ​ពិធី​បញ្ចុះសព​លោក លិម គិមយ៉ា នៅ​ជាយ​ទីក្រុង​ប៉ារីស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។