សង្គមស៊ីវិលជំរុញឲ្យបក្សទាំងពីរបន្តចរចាគ្នាដើម្បីប្រយោជន៍ជាតិ
2014.03.12
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត អ៊ីរ៉ា (ERA) ជំរុញឲ្យមេដឹកនាំបក្សនយោបាយឈ្នះអាសនៈសភានីតិកាលទី៥ ទាំង២ ពន្លឿនសកម្មភាពជួបចរចាកែទម្រង់បោះឆ្នោតឲ្យបានញឹកញាប់ និងបញ្ចប់វិវាទនយោបាយនៅកម្ពុជា ឲ្យបានឆាប់។ ការផ្តល់អនុសាសន៍នេះ កើតឡើងបន្ទាប់ពីជំនួបចរចារវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែមីនា មិនមានលទ្ធផលវិជ្ជមាន។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត អ៊ីរ៉ា ដែលមានអង្គការមិនមែនរដ្ឋាភិបាលជាង ២០ស្ថាប័នជាសមាជិក បានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី១២ ខែមីនា នាការិយាល័យអង្គការខុមហ្វ្រែល (Comfrel) រាជធានីភ្នំពេញ ដើម្បីស្នើឲ្យគណបក្សនយោបាយទាំង២ កំណត់ពេលវេលាជួបចរចាឲ្យបានញឹកញាប់។
លោក គល់ បញ្ញា ជាប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល ជាសមាជិកម្នាក់របស់អ៊ីរ៉ា បានផ្តល់អនុសាសន៍ថា ក្រុមការងារគណបក្សទាំងពីរត្រូវតែរៀបចំផែនការសកម្មភាពការធ្វើកំណែទម្រង់ការបោះឆ្នោតនេះ ដោយកំណត់ពេលវេលាឲ្យបានច្បាស់លាស់ និងត្រូវបង្កើតអនុគណៈកម្មការបច្ចេកទេសផ្សេងៗគ្នា ដើម្បីជជែកលម្អិតទៅលើប្រធាននីមួយៗ មានដូចជា ការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យ ការចុះឈ្មោះបោះឆ្នោត និងធ្វើបញ្ជីឈ្មោះបោះឆ្នោត យន្តការដោះស្រាយវិវាទនៃការបោះឆ្នោត និងការរៀបចំបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយ ជាដើម។
ជាងនេះ លោក គល់ បញ្ញា បញ្ជាក់ថា គណៈកម្មការចម្រុះនេះក៏ត្រូវតែជួបប្រជុំឲ្យបានញឹកញាប់ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាជាតិពិតប្រាកដ៖ «ការជជែកគ្នានេះ មើលទៅមានការយឺតយ៉ាវ ហើយមានពេលខ្លះមិនមានលទ្ធផលអីគួរឲ្យចាប់អារម្មណ៍ទេ ហើយដំណើរការនេះ មិនមានការជជែកគ្នាឲ្យមានការស៊ីជម្រៅទេ។ អ៊ីចឹង យើងធ្វើសន្និសីទកាសែតថ្ងៃនេះ ដើម្បីផ្តល់ជាការចាប់អារម្មណ៍របស់យើងចំពោះដំណើរការគណៈកម្មការចម្រុះ នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទាក់ទិនកំណែទម្រង់ការបោះឆ្នោត។ ហើយយើងផ្តល់ជាអនុសាសន៍ខ្លះ ដើម្បីឲ្យកំណែទម្រង់ការបោះឆ្នោតហ្នឹង ប្រព្រឹត្តបានជោគជ័យ»។
លោកបន្ថែមថា ទៅថ្ងៃអនាគត បើសិនជាក្រុមការងារគណបក្សនយោបាយទាំងពីរត្រូវការជំនួយពីសង្គមស៊ីវិលឲ្យចូលរួមផ្តល់ជាអនុសាសន៍ ក្នុងកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ឲ្យមានឯករាជ្យនាថ្ងៃអនាគត អ៊ីរ៉ា រង់ចាំស្វាគមន៍ជានិច្ច។
កាលពីថ្ងៃទី១០ ខែមីនា ក្រុមការងារជួបចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនបានចេញសេចក្តីថ្លែងការណ៍រួមដូចជំនួបចរចាលើកមុនទេ។ ប៉ុន្តែ គណបក្សទាំងសងខាងនឹងបន្តជួបចរចាជាថ្មីទៀត នៅព្រឹកថ្ងៃច័ន្ទ ទី១៧ ខែមីនា។
លោក ប៊ិន ឈិន ប្រធានក្រុមការងារជួបចរចារបស់គណបក្សប្រជាជនកម្ពុជា ថ្លែងថា កិច្ចពិភាក្សាកាលពីថ្ងៃទី១០ ខែមីនា ក្រុមការងារបក្សទាំងពីរបានខ្វែងគំនិតគ្នាទៅលើបញ្ហាប្រើពាក្យបច្ចេកទេសខ្លះ ប៉ុន្តែក្រុមការងារបក្សទាំងពីរមានឧត្តមគតិរួមគ្នា។ លោកបន្តថា គណបក្សទាំងពីរបានព្រមព្រៀងគ្នាខ្លះៗលើចំណុចទាក់ទងការកែទម្រង់ការបោះឆ្នោត ហើយចំណុចសល់ នឹងលើកយកទៅពិភាក្សាគ្នានៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ។
ទោះយ៉ាងណា លោក សុន ឆ័យ ប្រធានក្រុមការងារជួបចរចារបស់គណបក្សសង្គ្រោះជាតិ ថ្លែងថា ការជួបចរចាមិនបានលទ្ធផលវិជ្ជមាន កាលពីថ្ងៃទី១០ ខែមីនា ដោយសារតែក្រុមការងារបក្សប្រជាជនកម្ពុជា គ្មានចេតនាកែទម្រង់ការបោះឆ្នោតទេ ដោយលើកយកប្រធានបទផ្សេងមកជជែក៖ «ដូច្នេះហើយចង់បានឲ្យជជែកអំពីករណីគណៈកម្មការបោះឆ្នោតនេះឲ្យដាច់ស្រេច។ ប៉ុន្តែ បែរជាគណបក្សប្រជាជន លោកលើកពីការបង្កើតច្បាប់ស្ដីពីអង្គការសង្គមស៊ីវិលណាព្រងើយទៅវិញអ៊ីចឹងទៅ! វាអត់មានអីពាក់ព័ន្ធនឹងការបោះឆ្នោតសោះ។ ហើយគាត់ឲ្យជជែកម្តងមួយ តើប្រើពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំបានចង់»។
បញ្ហានេះដែរ សម្រាប់អ្នកវិភាគឯករាជ្យមួយចំនួនបានចោទថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា មិនមានចេតនាពិតប្រាកដ ដើម្បីកែទម្រង់ការបោះឆ្នោត ឬឲ្យមានការរៀបចំបោះឆ្នោតមុនអាណត្តិទេ ប៉ុន្តែមានចេតនាអូសបន្លាយស្ថានការណ៍នយោបាយជាប់គាំងនេះ។
ទោះយ៉ាងណា ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ បានកំណត់យកថ្ងៃច័ន្ទ ទី១៧ ខែមីនា ខាងមុខ ដើម្បីជួបចរចាជាថ្មីលើការកែទម្រង់ការបោះឆ្នោត និងបញ្ហាផ្សេងៗមួយចំនួនទៀត៕