គណបក្សភ្លើងទៀន និងអង្គការក្រៅរដ្ឋាភិបាល ប្រតិកម្មទៅអភិបាលខេត្តកំពង់ធំ ដែលមិនបានបែងចែកបន្ទប់ធ្វើការ ភារកិច្ចការងារ និងឯកសណ្ឋានសម្រាប់មន្ត្រីឃុំ មកពីគណបក្សភ្លើងទៀនឲ្យបានសមរម្យ គឺជាការរើសអើងនយោបាយ និងបំពានច្បាប់។ ពួកគាត់យល់ថា ពេលដែលមន្ត្រីរាជការពុំមានកន្លែងធ្វើការឲ្យបានត្រឹមត្រូវ នោះនឹងប៉ះពាល់ដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងអាចខកខានបាត់បង់ប្រយោជន៍របស់អ្នករងគ្រោះ។
មន្ត្រីគណបក្សភ្លើងទៀន និងសង្គមស៊ីវិល ចាត់ទុកថា ការដែលរដ្ឋបាលខេត្តកំពង់ធំមិនបានបែងចែកសម្ភារៈសម្រាប់បំពេញការងារដល់មន្ត្រីឃុំជាប់ឆ្នោតមកពីបក្សភ្លើងទៀន គឺជាការបំពេញផ្ទុយទៅនឹងអនុក្រឹត្យ ស្ដីពីឯកសណ្ឋានការងារ និងសញ្ញាស័ក្ដិសម្រាប់សម្គាល់មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងអាចជាការមើលងាយដល់សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបានបោះឲ្យគណបក្សភ្លើងទៀនកន្លងមក។
ប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ លោក ស៊ុន ចន្ធី ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី៦ ខែសីហាថា តាំងពីការបែងចែកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ជាផ្លូវការជាង១ខែមកហើយ សមាជិករបស់គណបក្សភ្លើងទៀនដែលជាប់ឆ្នោតនៅក្នុងឃុំទាំង៤៤ ក្នុងខេត្តកំពង់ធំ នៅមិនទាន់មានបន្ទប់ធ្វើការ និងឯកសណ្ឋានឲ្យបានសមរម្យនៅឡើយទេ។ លោកបន្តថា គណបក្សភ្លើងទៀនបានដាក់សំណើទៅផ្នែករដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៤ ខែសីហា ដើម្បីសុំអន្តរាគមន៍ពីថ្នាក់ខេត្ត តែនៅមិនទាន់ទទួលបានការឆ្លើយតបនោះដែរ។ លោកបន្ថែមថា មន្ត្រីឃុំ សង្កាត់ ខាងគណបក្សប្រជាជន គឺគេមានរបស់របរទាំងនេះគ្រប់គ្រាន់សម្រាប់ធ្វើការ មិនមានការខ្វះខាតអ្វីឡើយ។
លោកយល់ថា ពេលដែលមន្ត្រីថ្នាក់លើ ចាត់ចែងកន្លែងធ្វើការ ភារកិច្ចការងារ និងឯកសណ្ឋានសម្រាប់មន្ត្រីឃុំមិនស្មើភាពគ្នា ហាក់ដូចជាមិនឲ្យតម្លៃមន្ត្រីរាជការ ដែលពលរដ្ឋបានបោះឆ្នោតឲ្យ និងអាចជាការរើសអើងលម្អៀងទៅខាងបក្សកាន់អំណាចជ្រុលពេក៖ «គាត់មិនបានយកចិត្តទុកដាក់ថា ក្រុមប្រឹក្សាហ្នឹងជាប់ឆ្នោតផ្លូវការដោយការបោះឆ្នោតទេ អ៊ីចឹងហើយបានគាត់មិនខ្វាយខ្វល់ប្រគល់កន្លែងធ្វើការងារឲ្យបានត្រឹមត្រូវដូចមានកំណត់នៅក្នុងច្បាប់ប្រគល់ឯកសណ្ឋានឲ្យបានត្រឹមត្រូវដូចមានកំណត់នៅក្នុងច្បាប់ទេ។ តែដោយឡែកសម្រាប់មន្ត្រីក្រុមប្រឹក្សាឃុំជាប់ឆ្នោតទាំងអស់មកពីគណបក្សកាន់អំណាច គេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របទៅនឹងច្បាប់កំណត់ ។ អ៊ីចឹងបានយើងសន្និដ្ឋានថា ចំណុចពីរ ទី១ជាការរើសអើងផ្នែកនយោបាយ ទី២ជាការមាក់ងាយទៅដល់ម្ចាស់ឆ្នោតតែម្ដងបាទ !»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីអភិបាលខេត្តកំពង់ធំលោក ងួន រតនៈ បានទេ នៅថ្ងៃទី៦ ខែសីហា ដោយទូរស័ព្ទហៅចូលតែពុំមានអ្នកទទួល។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើងថា ករណីមន្ត្រីថ្នាក់លើបែងចែកកន្លែងសម្រាប់ធ្វើការងារ ក៏ដូចជាឯកសណ្ឋានមិនបានត្រឹមត្រូវដល់មន្ត្រីឃុំ សង្កាត់ អាចធ្វើឲ្យរអាក់រអួលដល់ការបំពេញតម្រូវការជូនពលរដ្ឋ និងឆ្លុះបញ្ចាំងឲ្យឃើញថាថ្នាក់ខេត្តមិនបានគោរពទៅតាមនីតិវិធីដែលបានចេញជាធរមាន ដោយក្រសួងមហាផ្ទៃ។ លោកយល់ឃើញថា មន្ត្រីអាជ្ញាធរឃុំ សង្កាត់ គួរតែរួបរួមគ្នាដើម្បីបម្រើសេវាកម្មជូនពលរដ្ឋឲ្យទទួលបានភាពកក់ក្ដៅ មិនត្រូវបែងចែកបក្សពួកក្នុងស្ថាប័នរដ្ឋទេ ជៀសវាងជះឥទ្ធិពលអាក្រក់ដល់សង្គម និងមិនបានបំពេញកាតព្វកិច្ចបម្រើពលរដ្ឋឲ្យបានល្អ៖ «ប៉ះពាល់ទៅដល់បញ្ហា ដល់ការរស់នៅរបស់ពួកគាត់អីជាដើម អីចឹងវាមិនគួរគប្បីមានអំពើបែបហ្នឹងទេ គួរតែមានភាពចាស់ទុំផ្នែកនយោបាយហើយ ព្រោះកម្ពុជាយើងយើងជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ ។ ហើយអ្នកនៅមូលដ្ឋានហ្នឹងក៏គាត់គួរតែដឹងដែរថា ក្រោយការបោះឆ្នោតត្រូវតែរួមគ្នាដើម្បីធ្វើកិច្ចការងារបម្រើជាតិ បម្រើពលរដ្ឋ មិនមែននៅតែពាក់ស្លាកគណបក្សនយោបាយទៅរើសអើងគ្នា មិនជួយសម្របសម្រួលការងារគ្នាបែបហ្នឹងទេបាទ»។
ប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ លោក ស៊ុន ចន្ធី ស្នើលោកអភិបាលខេត្តកំពង់ធំ ជួយធ្វើអន្តរាគមន៍ប្រគល់បន្ទប់ធ្វើការ ភារកិច្ចការងារ និងឯកសណ្ឋាន ឲ្យទៅជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមកពីគណបក្សភ្លើងទៀន ដើម្បីឲ្យកិច្ចការរដ្ឋបាលឃុំ សង្កាត់ ប្រព្រឹត្តទៅកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត ក្នុងការផ្ដល់សេវានានាជូនប្រជាពលរដ្ឋស្របទៅតាមគោលការណ៍ច្បាប់។
គណបក្សភ្លើងទៀនអះអាងថា រដ្ឋបាលឃុំ សង្កាត់ អាណត្តិទី៥នេះ គឺបានសហការយ៉ាងល្អជាមួយគណបក្សដែលមាននិន្នាការផ្ទុយគ្នា ដើម្បីបម្រើសេវាកម្មជូនប្រជាពលរដ្ឋឲ្យទទួលបានភាពកក់ក្ដៅនៅពេលដែលពលរដ្ឋមានទុក្ខលំបាក ហើយមករកឲ្យខាងមន្ត្រីឃុំ សង្កាត់ ដោះស្រាយ។ ក៏ប៉ុន្តែគណបក្សភ្លើងទៀនថា នៅខ្វះបន្ទប់ធ្វើការ១៨បន្ទប់ និងខ្វះឯកសណ្ឋានជំទប់ទី១ ជំទប់ទី២ និងសមាជិកចំនួន៤២ឯកសណ្ឋាន ដែលរដ្ឋបាលឃុំ សង្កាត់ ទាំងនេះមិនទាន់ទទួលបាន ក្នុងបណ្ដាឃុំ សង្កាត់ ទាំង៤៤របស់ខេត្តកំពង់ធំ និងស្នើដល់រដ្ឋបាលខេត្តជួយពន្លឿនផ្ដល់ឧបករណ៍ទាំងនេះដល់មន្ត្រីដែលមកពីគណបក្សភ្លើងទៀង ដើម្បីឲ្យពួកគេងាយបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។