គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្ដើម​យុទ្ធនាការ​ពង្រឹង​​សមាជិក​បក្ស​តាម​មូលដ្ឋាន ដើម្បី​ទទួល​បាន​​ការ​​គាំទ្រ​​ពី​​ប្រជាពលរដ្ឋ

ដោយ មាន ឫទ្ធិ
2023.01.29
Share on WhatsApp
Share on WhatsApp
គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្ដើម​យុទ្ធនាការ​ពង្រឹង​​សមាជិក​បក្ស​តាម​មូលដ្ឋាន ដើម្បី​ទទួល​បាន​​ការ​​គាំទ្រ​​ពី​​ប្រជាពលរដ្ឋ គណបក្សភ្លើងទៀនតែងតាំងលោក លី ម៉េងឃៀង (រូបកណ្តាលទទួលត្រា) ជាប្រធានប្រតិបត្តិគណបក្សខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន ណែនាំ​ឱ្យ​ក្រុម​ការងារ​របស់​បក្ស​ចាប់​ផ្ដើម​ពង្រឹង​សមត្ថភាព​សមាជិក​គណបក្ស​នៅ​តាម​មូលដ្ឋាន ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ ក្នុង​ខែ​កក្កដា ឆ្នាំ២០២៣ខាង​មុខ​នេះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ គណបក្ស​ភ្លើង​ទៀន ក្នុង​ការ​ដែល​ចុះ​ទៅ​ពង្រឹង​សមាជិក​នៅ​តាម​មូលដ្ឋាន​ឱ្យ​ធ្វើការ​ប្រកប​ដោយ​ក្រម​សីលធម៌ ដើម្បី​ជៀស​វៀង​ការ​គំរាម​កំហែង​ពី​គណបក្ស​កាន់​អំណាច។

លោក ទាវ វណ្ណុល.jpg
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន។

ស្រប​ពេល​គណបក្ស​កាន់​អំណាច​កំពុង​ប្រារព្ធ​ពិធី​សមាជ​យ៉ាង​គគ្រឹក​គគ្រេង នៅ​វិមាន​៧មករា ដ៏​ស្កឹមស្កៃ​នោះ មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ពង្រឹង​សមាជិក​បក្ស​តាម​មូលដ្ឋាន​ដែរ។ ការ​ប្រកាស​ឱ្យ​មាន​ការ​ពង្រឹង​សមាជិក​គណបក្ស​តាម​មូលដ្ឋាន​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​សុពលភាព គណៈកម្មាធិការ​ប្រតិបត្តិ និង​ក្រុម​ការងារ​គណបក្ស​ខេត្ត​កណ្ដាល ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​គណបក្ស​ភ្លើង​ទៀន​ជាង​៧រយនាក់ (៧០០នាក់នៅ​ថ្ងៃ​ទី២៩ ខែមករា។

ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល បាន​តែងតាំង​លោក លី ម៉េងឃៀង ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​កណ្ដាល និង​លោក ទឹម សាវឿន ជា​អនុ​ប្រធាន។ ដោយ​ឡែក ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​នេះ ក៏​បាន​ប្រកាស​សុពលភាព​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​៣០នាក់ និង​ក្រុម​ការងារ​ចំនួន​៧៣នាក់​ផ្សេង​ទៀត​ដែរ ដើម្បី​ឱ្យ​ពួកគេ​ពង្រឹង​សមត្ថភាព​សមាជិក​គណបក្ស​ភ្លើង​ទៀន​នៅ​តាម​មូលដ្ឋាន។

គណបក្សភ្លើងទៀនតែងតាំងលោក លី ម៉េងឃាង ជាប្រធានប្រតិបត្តិគណបក្សខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ 1.jpg
លោក លី ម៉េងឃៀង (កណ្តាល) ពេលទទួលត្រាគណបក្សពីលោក សុន ឆ័យ កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គឹមសួរ ភីរិទ្ធ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ការ​ពង្រឹង​សមត្ថភាព​សមាជិក​គណបក្ស​ភ្លើង​ទៀន គឺ​សំដៅ​លើ​ការ​បញ្ជ្រាប​គោល​នយោបាយ និង​វិន័យ​របស់​គណបក្ស ទៅ​ដល់​សកម្មជន​បក្ស​ភ្លើង​ទៀន​ជួរ​មុខ។ លោក​បន្ថែម​ថា សកម្មជន​តាម​មូលដ្ឋាន​របស់​គណបក្ស​គឺជា​កម្លាំង​ស្នូល​ដែល​អាច​គៀង​គរ​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ដូច្នេះ​ហើយ​គណបក្ស​ភ្លើង​ទៀន នឹង​ពង្រឹង​ភាព​សាមគ្គី​ផ្ទៃ​ក្នុង​របស់​បក្ស និង​បង្កើន​សកម្មភាព​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដោយ​ប្រកាន់​ភ្ជាប់​អត្តចរិត​ដែល​មាន​ក្រមសីលធម៌​ខ្ពស់។ លោក គឹមសួរ ភីរិទ្ធ បន្ថែម​ថា​គណបក្ស​ភ្លើង​ទៀន​នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​យ៉ាង​ច្រើន​លើស​លប់ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ប្រកប​ដោយ​តម្លាភាព និង​សមធម៌ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ដោយ​និរន្តរភាព៖

«ខ្ញុំ​នៅ​តែ​ជឿជាក់​ថា បើ​សិន​ណា​គណបក្ស​ភ្លើង​ទៀន មាន​សកម្មភាព​ល្អ គួប​ផ្សំ​នឹង​ការងារ​សកម្ម ហើយ​គួបផ្សំ​នឹង​ក្រម​សីលធម៌​របស់​យើង​ដែល​បាន​ពង្រឹង​ហ្នឹង​ល្អ និយាយ​រួម​គោល​នយោបាយ និង​សារ​នយោបាយ​ទាក់ទាញ បញ្ជាក់​អ្នក​បោះ​ឆ្នោត​ថា តើ​គាត់​ទទួល​បាន​អ្វី​នៅ​ពេល​ដែល​គាត់​បោះឆ្នោត​គាំទ្រ​ឱ្យ​គណបក្ស​ភ្លើង​ទៀន អាច​នឹង​ទៅ​ដឹក​នាំ​ប្រទេស​នោះ គាត់​នឹង​ពិចារណា ហើយ​គាត់​នឹង​បន្ត​ការ​គាំទ្រ​ទៀត ដោយសារ​តែ​សារ​នយោបាយ និង​គោល​នយោបាយ​របស់​យើង​ហ្នឹង បម្រើ​ផល​ប្រយោជន៍​របស់​គាត់​នៅ​ថ្ងៃ​អនាគត និង​ជីវភាព​របស់​គាត់​កំពុង​ប្រឈម»

បើ​ទោះបីជា​ទើប​តែ​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ ត្រឹមតែ​រយៈ​ពេល​៤ខែ​មុន​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ កាល​ពី​ឆ្នាំ​២០២២​ក៏​ដោយ ក៏​គណបក្ស​ភ្លើង​ទៀន គឺជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​តែ​មួយ ដែល​ទទួល​បាន​អាសនៈ​ឃុំ-សង្កាត់​ច្រើន​ជាងគេ​បន្ទាប់​ពី​គណបក្ស​កាន់​អំណាច ដោយ​គណបក្ស​នេះ​ទទួល​បាន​ការ​គាំទ្រ​រហូត​ដល់​ជាង​២ពាន់​អាសនៈ (២១៩៨ អាសនៈឃុំ សង្កាត់។

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនពេលតែងតាំងលោក លី ម៉េងឃាង ជាប្រធានប្រតិបត្តិគណបក្សខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ 1.jpg
ក្រុមថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា និចហ្វិក លោក សំ គន្ធាមី គាំទ្រ​ចំពោះ​គោលការណ៍​ពង្រឹង​សមត្ថភាព​សមាជិក​គណបក្ស​ភ្លើង​ទៀន ដែល​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ខ្ពស់​ជា​ចម្បង ព្រោះ​ការ​ប្រកាន់​ភ្ជាប់​បែប​នេះ​មិន​ត្រឹម​តែ​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​លោក​ថា​ក៏​អាច​បង្ការ​ហានិភ័យ​ពី​ការ​គំរាម​កំហែង​ផង​ដែរ។ លោក សំ គន្ធាមី បន្ថែម​ថា គណបក្ស​ភ្លើង​ទៀន​ក៏​គួរ​តែ​បើក​ចិត្ត​ឱ្យ​ទូលាយ ដើម្បី​ទទួល​យក​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ពី​ខាង​ក្រៅ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ក្នុង​ការ​ប្រកួត​នយោបាយ​ក្នុង​ឆ្នាំ​២០២៣នេះ។ ជាមួយ​គ្នា​នេះ ដើម្បី​ឱ្យ​អ្នក​ឈ្នះ​ទទួល​បាន​កិត្តិយស និង​អ្នក​ចាញ់​ចាញ់​ដោយ​អស់​ចិត្ត ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ក្នុង​ពេល​ខាង​មុខ លោក សំ គន្ធាមី សំណូមពរ​ឱ្យ​រដ្ឋាភិបាល​គួរ​បញ្ឈប់​ការ​គំរាម​កំហែង ទៅ​លើ​ដៃ​គូរ​ប្រកួត​ប្រជែង​នយោបាយ ដោយ​ត្រូវ​រក្សា​ទុក​ចោល​នូវ​បណ្ដឹង​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​ជា​មួយ​អ្នក​នយោបាយ៖

«ខ្ញុំ​មាន​សំណូមពរ ដើម្បី​រៀប​ចំ​ការ​បោះឆ្នោត​ហ្នឹង​ឱ្យ​ដំណើរ​ការ​រលូន មុន​ដំណើរ​ការ​បោះ​ឆ្នោត​ហ្នឹង ដូចជា​មាន​បណ្ដឹង​មាន​អី​សូម​ព្យួរ​ទុក​មួយ​ឡែក​សិន​ទៅ ហើយ​អនុញ្ញាត​ឱ្យ​ពួកគាត់​ហ្នឹង​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី២៩ ខែមករា។

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនពេលតែងតាំងលោក លី ម៉េងឃៀង ជាប្រធានប្រតិបត្តិគណបក្សខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ 2.jpg
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនពេលតែងតាំងលោក លី ម៉េងឃៀង ជាប្រធានប្រតិបត្តិគណបក្សខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។

ខណៈ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់ គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​នយោបាយ​តែ​មួយ​គត់ អាច​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច ត្រូវ​បាន​គេ​មើល​ឃើញ​ថា កាន់​តែ​ទទួល​រង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង។ ថ្នាក់​ដឹកនាំ និង​សមាជិក​ជា​​ច្រើន​របស់​គណបក្ស​ភ្លើង​ទៀន​នេះ ត្រូវ​បាន​រង​បទ​ចោទ​ប្រកាន់​ជា​បន្តបន្ទាប់​ពី​សំណាក់​តុលាការ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​លើក​ឡើង​ថា បើសិនជា​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ គណបក្ស​គណបក្ស​ភ្លើង​ទៀន​នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​លើសលប់​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។