មន្ត្រី​បក្ស​ភ្លើង​ទៀន​ខេត្ត​បាត់ដំបង​ថា​អាជ្ញាធរ​​បង្កើន​ការ​អូសទាញ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឱ្យ​​ចុះ​ចូល​បក្ស​កាន់​អំណាច

ដោយ ទីន ហ្សាការីយ៉ា
2023.11.29
មន្ត្រី​បក្ស​ភ្លើង​ទៀន​ខេត្ត​បាត់ដំបង​ថា​អាជ្ញាធរ​​បង្កើន​ការ​អូសទាញ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឱ្យ​​ចុះ​ចូល​បក្ស​កាន់​អំណាច លោក ភូ សុវណ្ណថា (ឈរកណ្ដាល) ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​បាត់ដំបង ក្នុង​កិច្ចប្រជុំ​សមាជិកគណបក្ស នៅ​ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​បាត់ដំបង​​អះអាង​​ថា អាជ្ញាធរ​គណបក្ស​កាន់​អំណាច​បង្កើន​​ការ​ដើរ​អូសទាញ​​និង​គំរាម​​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បក្ស​ខ្លួន​ឱ្យ​ចុះ​ចូល​ជា​មួយ​បក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​មន្ត្រី​គណបក្ស​កាន់​អំណាច ច្រាល​ចោល​​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ ចាត់​ទុក​យុទ្ធសាស្ត្រ​​របស់​អាជ្ញាធរ​បក្ស​កាន់​អំណាច​នេះ​ថា ​ជា​ឧបាយកល​ស្មោកគ្រោក​ដើម្បី​​ចង់​ឈ្នះ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ពេល​ខាង​មុខ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​បាត់ដំបង លោក ភូ សុវណ្ណថា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៨​ វិច្ឆិកា​ថា ​​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​​ អាជ្ញាធរ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើន​ការ​ដើរ​អូសទាញ​​​ផង ​និង​គំរាម​ផង​ ដើម្បី​បង្ខំ​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​គណបក្ស​ខ្លួន​​ឱ្យ​ចុះ​ចូល​ជា​មួយ​បក្ស​កាន់​អំណាច​​។ លោក​បញ្ជាក់​ថា ​​អាជ្ញាធរ​​បក្ស​កាន់​អំណាច​​​​បាន​ប្រាប់​ពួកគេ​ថា ​​គណបក្ស​ភ្លើង​ទៀន​នឹង​ត្រូវ​រំលាយ​ចោល​នៅ​ពេល​ខាង​មុខ​ ដូច្នេះ​ដើម្បី​រក្សា​តំណែង​នៅ​ដដែល ពួកគេ​ត្រូវ​​តែ​​ទៅ​រួម​រស់​​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ភូ សុវណ្ណថា៖ «ហើយ​ការ​អូសទាញ​គឺ​មាន​លក្ខណៈ​ក្ដៅ​មែន​ទែន​ គឺ មាន​​គ្រប់​រូប​ភាព​ គឺ​រហូត​ដល់​មេ​ប៉ុស្តិ៍​ មេ​ឃុំ​ជំទប់​ឃុំ​ កន្លង​ខ្លះ​ប្រើ​ដល់​មេ​ទាហាន​ទៀត​ រហូត​ដល់​ប្រើ​ឈ្មោះ​ជា​ទីប្រឹក្សា​ លោក ហ៊ុន សែន  មក​អូសទាញ​ទៀត​។ នេះ​ជា​ទង្វើ​មួយ​មិន​ល្អ​សម្រាប់​គណបក្ស​ដៃ​គួរ​ប្រកួតប្រជែង​នៅ​ក្នុង​ប្រទេស​ ទោះ​បី​​មាន​សកម្មជន​មិន​ច្រើន​ក្ដី​តែ​ពួក​យើង​ទាំង​អស់​គ្នា​នៅ​តែ​រក្សា​ជំហរ និង​ឆន្ទៈ​ពួក​យើង​អត់​ផ្លាស់​ប្ដូរ​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អភិបាល​រង​ខេត្ត​បាត់ដំបង​ លោក​ សឿម ប៊ុនរិទ្ធិ និង​លោក យឹម សៀប ​ដើម្បី​​សាកសួរ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៨ វិច្ឆិកា។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា  ​បក្ស​កាន់អំណាច​​​មាន​អង្គ​បោះឆ្នោត​គ្រប់​គ្រាន់​ដែល​អាច​យក​ឈ្នះ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​បាន​ហើយ​ ដូច្នេះ​លោក​ថា ​គណបក្ស​​លោក​មិន​ចាំ​បាច់​ដើរ​អូសទាញ​​សកម្មជន​បក្ស​ដទៃ​ឱ្យ​ចុះ​ចូល​នោះ​ទេ។

លោក សុខ ឥសាន៖ «គាត់​អះអាង​តែ​ខ្លួន​ឯង ហើយ​ចង់​លើក​កម្ពស់​តែ​ខ្លួន​ឯង ថា​ខ្លួន​ឯង​ល្អ​ខ្លួន​ឯង​ខ្លាំង។ អា​ហ្នឹង​វា​​ទម្លាប់​វប្បធម៌​របស់​បក្ស​ភ្លើង​ទៀន​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​មុន​មក​តើ។​អា​ហ្នឹង​វា​អ៊ីចឹង វា​អត់​មាន​ករណី​បែប​នឹង​កើត​ឡើង​ទេ បើ​មក​​ស្មោះស្ម័គ្រ​ចាក​ចេញ​ដោយ​មិន​ទុក​ចិត្ត​ មិន​ដើរ​តាម​គណបក្ស​ខ្លួន​​ហើយ​មក​ចូល​រួម​ជា​មួយ​គណបក្ស​ប្រជាជន​អាហ្នឹង​មាន​ហូរហែ»

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស (Adhoc) ខេត្ត​បាត់ដំបង​ និង​ប៉ៃលិន លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា រឿង​នេះ​ប្រសិន​បើ​អាជ្ញាធរ​គ្រាន់​តែ​បញ្ចុះ​បញ្ចូល​ក្រុម​ប្រឹក្សា​បក្ស​ភ្លើង​ទៀន​ឱ្យ​ចុះ​ចូល​ជា​មួយ​បក្ស​កាន់​អំណាច​​ពុំ​មាន​បញ្ហា​នោះ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​គំរាម​កំហែង​ឬ​បង្ខំ​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នោះ​ឱ្យ​ចុះ​ចូល​ជា​អំពើ​ខុស​ច្បាប់។

លោក យិន ម៉េងលី៖ «ព្រោះ​ខ្លួន​ជា​មន្ត្រី​នគរបាល​ថ្នាក់​ប៉ុស្តិ៍​ថ្នាក់​ស្រុក​គឺ​ជា​មន្ត្រី​នគរបាល​របស់​ជាតិ មិន​មែន​ជា​អ្នក​នយោបាយ​ដូច​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទេ ។​អីចឹង​អំពើ​របស់​មន្ត្រី​បើ​សិន​ជា​មាន​​ចូល​រួម​នៅ​ក្នុង​សកម្មភាព​នេះ​គឺ​ជា​អំពើ​ល្មើស​ច្បាប់​​ដែល​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា មន្ត្រី​សូម្បី​តែ​ថ្នាក់​មូលដ្ឋាន​ក៏​គណបក្ស​​នយោបាយ​ហើយ។ អ៊ីចឹង វា​មាន​អី​ជា​ទី​ពឹង​របស់​គណបក្ស​ផ្សេង​ទៀត​នោះ»

មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​ដឹង​ថា ក្រៅ​ពី​ការ​ដើរ​អូសទាញ​សកម្មជន​​ហើយ ​អាជ្ញាធរ​មូលដ្ឋាន​​​ខ្លះ​ក៏​មិន​ព្រម​ចុះ​ហត្ថលេខា​ប្ដូរ​សមាសភាព​​ក្រុម​ប្រឹក្សា​ឃុំ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ឡើយ។ ​កាល​ពី​ថ្ងៃ​ទី​២៨​សីហា​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​មេឃុំ​ស្នឹង ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ដើម្បី​​ប្ដូរ​សមាសភាព​ជំទប់​ទី​២​ឃុំ​ស្នឹង​​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មេឃុំ​ស្នឹង​និង​អាជ្ញាធរ​ពាក់ព័ន្ធ​​មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ។ ​​រីឯ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​​នៅ​ខេត្ត​កណ្ដាល​កាល​ពី​​ថ្ងៃ​ទី​១​កញ្ញា​កន្លង​ទៅ​ ក៏​បាន​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ករណី​ចៅ​សង្កាត់​ស្វាយ​រលំ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែល​មិន​ព្រម​ចុះ​ហត្ថលេខា​​លើ​ឯកសារ​​ប្ដូរ​សមាសភាព​ចៅសង្កាត់​រង​ទី​២​ដែរ។

សកម្មភាព​របស់​អាជ្ញាធរ​បក្ស​កាន់​អំណាច​ធ្វើ​បែប​នេះ​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​​នីតិកាល​ទី៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២៤ ខាង​មុខ។

ច្បាប់​ស្ដី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា មាត្រា ១០ ចែង​ថា ​អ្នក​បោះឆ្នោត និង​អង្គ​បោះឆ្នោត​គឺ​ជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់​ក្នុង​តំណែង។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា បញ្ហា​នេះ​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​​អនុវត្ត​បាន​ជោគជ័យ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​លទ្ធផល​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បន្ត​តែង​តាំង​អ្នក​មាន​ប្រវត្តិ​ជា​ឧក្រិដ្ឋជន ធ្វើ​ជា​ទី​ប្រឹក្សា​លោក ហ៊ុន សែន និង​រដ្ឋាភិបាល ធ្វើ​ឱ្យ​ជាតិ​ខូច​ប្រយោជន៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។