បក្ស​ប្រឆាំង​ថា​អ្នក​ដែល​បញ្ជា​ឲ្យ​គប់​គ្រាប់​បែក​នៅ​មុខ​សភា​ចាស់​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ

ដោយ ម៉ម មុនីរតន៍
2014-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក​​នៅ​មុខ​អគារ​រដ្ឋ​សភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៤។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក​​នៅ​មុខ​អគារ​រដ្ឋ​សភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៤។
RFA/Uon Chhin

នៅ​ថ្ងៃ​ទី​៣០ មីនា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​មុខ​ចេតិយ​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ដោយសារ​ត្រូវ​គេ​គប់​គ្រាប់​បែក​ដៃ​កាល​ពី ១៧​ឆ្នាំ​មុន​ថា អ្នក​ដែល​បញ្ជា និង​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​រង​របួស​ប្រមាណ​ជិត ២០០​នាក់​នោះ ត្រូវ​គេ​ដឹង និង​ស្គាល់​មុខ​ជា​ទូទៅ​ច្បាស់​អស់​ហើយ​មក​ដល់​ពេល​នេះ។ ក៏​ប៉ុន្តែ​ថា ភាព​យឺតយ៉ាវ​ដែល​មិន​អាច​នាំ​អ្នក​ប្រព្រឹត្ត​បទល្មើស​មក​ផ្ដន្ទាទោស​បាន​នៅ​ពេល​នេះ ដោយ​ហេតុ​ថា ជន​ដៃដល់​កំពុង​នៅ​មាន​អំណាច និង​ឥទ្ធិពល​នៅឡើយ។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ប្រមាណ ២​ពាន់​នាក់ ដែល​ចូល​រួម​រំលឹក​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​កាល​ពី ១៧​ឆ្នាំ​មុន មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អ្នក​ដែល​បញ្ជា​ឲ្យ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​អ្នក​ប្រព្រឹត្ត​ដោយ​ផ្ទាល់ នឹង​ត្រូវ​ប្រឈម​មុខ​ពី​បទ​ឧក្រិដ្ឋ ដែល​ធ្វើ​ឲ្យ​ជីវិត​ប្រជាជន​កម្ពុជា មិន​តិច​ជាង ១០០​នាក់​ស្លាប់ និង​រង​របួស ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ នៅ​មុខ​អតីត​អាគារ​រដ្ឋសភា ក្បែរ​សួនច្បារ​វត្ត​បទុមវតី។

ការ​ប្រកាស​ដូច​នេះ របស់​មេ​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​ចំ​ពេល​មាន​បណ្ដឹង​ជា​ច្រើន​សំណុំ​រឿង ពី​បទ​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​ល្មើស​ឧក្រិដ្ឋ ដែល​ទាមទារ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការ​ស៊ើប​អង្កេត​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ថា នៅ​ពេល​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ដោយ​ពេញលេញ និង​ប្រទេស​មាន​យុត្តិធម៌​សង្គម​ដ៏​ពិត​ប្រាកដ ពេល​នោះ​ឃាតក​ដែល​សម្លាប់​ប្រជាពលរដ្ឋ​នឹង​ចៀស​មិន​ផុត​ពី​​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ។ ការ​ព្រមាន​ដោយ​មិន​សំដៅ​ឈ្មោះ​របស់​លោក កឹម សុខា ដែល​អះអាង​ថា មេ​ឃាតក និង​បរិវារ ត្រូវ​បាន​គេ​ស្គាល់​មុខ​អស់​ហើយ​នោះ ទំនង​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ។

លោក កឹម សុខា៖ «ដោយសារ​ឃាតក​នៅ​មាន​អំណាច​រឹងមាំ​នៅ​ឡើយ មិន​ទាន់​បាត់បង់​អំណាច។ដូច្នេះ​ហើយ​ដោយសារ​សង្គម​របស់​យើង តុលាការ​មិន​មាន​យុត្តិធម៌ យើង​មិន​ទាន់​ចាប់​យក​ឃាតក​ទាំង​នោះ​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ពេញ​ចិត្ត​នឹង​វិញ្ញាណក្ខន្ធ​របស់​វីរបាតុករ​យើង។ ក៏ប៉ុន្តែ យើង​ខ្ញុំ​មាន​ក្តី​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ឃាតក​ដែល​សម្លាប់​វីរ​បាតុករ​យើង​នឹង​ដេក​ក្នុង​ជា​មិន​ខាន»

ពិធី​រំលឹក​ខួប​ការ​គប់គ្រាប់​បែកដៃ កាល​ពី ១៧​ឆ្នាំ​មុន នៅ​ព្រឹក​​ថ្ងៃ​ទី​៣០ មីនា នៅ​មុខ​ចេតិយ​សួន​ច្បារ​វត្ត​បទុមវតី ក្រៅ​ពី​មេដឹកនាំ​ថ្លែង​សារ​នយោបាយ និង​ជនរងគ្រោះ​ថ្លែង​វិយោគកថា​ហើយ លើល​ពី​នេះ​ទៀត ក៏​មាន​រៀប​ចំ​ពិធី​តាម​បែប​សាសនា និង​រាប់បាត្រ​ព្រះសង្ឃ​ថែម​ទៀត​ផង។

ព្រឹត្តិការណ៍​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ មាន​មនុស្ស ១៦​នាក់​បាន​ស្លាប់ និង​ជិត ២០០​នាក់​ទៀត​រង​របួស។ ហេតុការណ៍​កាល​ណោះ មាន​គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់​ត្រូវ​បាន​គប់​ចូល​ក្នុង​ហ្វូង​បាតុករ ដែល​ឈ​នៅ​មុខ​រដ្ឋសភា​ចាស់ ខណៈ​ពួក​គេ​ទាមទារ​ឲ្យ​តុលាការ​អនុវត្ត​ការងារ​ដោយ​យុត្តិធម៌ និង​កាត់​ក្ដី​ដោយ​តម្លាភាព មិន​ត្រូវ​រើស​អើង​អ្នក​ធំ ឬ​អ្នក​តូចតាច​អ្វី​ឡើយ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មាន​មេដឹកនាំ​សព្វថ្ងៃ​មួយ​ចំនួន និង​អ្នក​តែង​ការពារ​អតីត​មេដឹកនាំ​ក្នុង​របប​ខ្មែរ​ក្រហម​ផង នឹង​មិន​អាច​គេច​​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ។លោក​ចាត់​ទុក​ថា មេដឹកនាំ​នោះ​អាច​មាន​ទោស ព្រោះ​​ប្រឆាំង​ការ​រារាំង​ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​របស់​តុលាការ។ លោក​បន្ត​ថា មាន​ទឡ្ហីករណ៍​រួច​មក​ហើយ ដែល​តុលាការ​ខ្មែរ​ក្រហ​ មិន​អាច​បំពេញ​កិច្ចការ​របស់​ខ្លួន​ដោយ​ឯករាជ្យ ដូច​ជា​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រម​ទាំង​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ផង។

លោក សម រង្ស៊ី៖ «តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​បាន​កោះ​លោក ហៅ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស គេ​កោះ​ហៅ​ស្រុក​គេ​ណា តែ​ចៅ​ក្រុម​កោះ​ហើយ បើ​អត់​ទៅ​ទេ​ជាប់​គុក។ តែ​នៅ​ស្រុក​យើង អាង​តែ​ខ្លួន​ឯង​ធ្វើ​អី អំណាច​ស្អី តុលាការ​គឺ​គេ​អត់​គិត​ទេ​រឿង​ហ្នឹង។ ហៅ​អត់​ទៅ ពីព្រោះ​មាន​មេ​ម្នាក់​ការពារ ថា​កុំ​ទៅ មិន​ចាំបាច់​ទៅ។ អ៊ូ! អា​ហ្នឹង​ងាប់​ទាំង​ឪ ងាប់​ទាំង​កូន​ហើយ។ ម្នាក់​ទៀត​ឈ្មោះ​លោក គាត ឈន់ ជា​ឧបនាយករដ្ឋមន្ត្រី​ផង ឥឡូវ​គេ​ឲ្យ​ការងារ​ជា​ឧបនាយករដ្ឋមន្ត្រី​អី អចិន្ត្រៃយ៍​ណាស់ វា​មិន​ដែល​ឃើញ​ឧបនាយករដ្ឋមន្ត្រី​អចិន្ត្រៃយ៍ ធ្លាប់​កាន់​ក្រសួង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ធ្លាប់​ធ្វើ​ដៃ​ស្កាំ ប៉ុល ពត»

បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ថា សារ​របស់​មេ​បក្ស​ប្រឆាំង​នេះ ពុំ​មាន​ឥទ្ធិពល​អ្វី​ចំពោះ​ការ​បំពេញ​កិច្ចការ​ដោយ​ឯករាជ្យ​របស់​តុលាការ​ក្នុង​ពេល​បច្ចុប្បន្ន។ ហើយ​រដ្ឋាភិបាល​ក៏​ពុំ​ដែល​លូកលាន់​ណា​មួយ​ចូល​ក្នុង​កិច្ចការ​របស់​ប្រព័ន្ធ​យុត្តិធម៌​នោះ​ម្ដង​ណា​ដែរ។

លោក​ចាត់​ទុក​ថា នេះ​ជា​ទម្លាប់​របស់​លោក សម រង្ស៊ី ប៉ុណ្ណោះ៖ «ខ្ញុំ​ដូច​ជា​គ្មាន​អី​ភ្ញាក់ផ្អើល​ទេ សំដី​របស់​ឯកឧត្ដម សម រង្ស៊ី។ គាត់​និយាយ​តាំង​ពី​គាត់​ចូល​មក​កាន់​ស្រុក​ខ្មែរ គាត់​និយាយ​អ៊ីចឹង តាំង​ពី​ដើម​ទី​មក។ វា​អត់​មាន​អ្វី​ប្លែក សារ​ដដែល អត់​មាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដទៃ​ទៀត»

ចំណែក​អតីត​ជំទប់​ទី​ពីរ​គណបក្ស​ប្រឆាំង នៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល អ្នកស្រី ទៅ ហេង ដែល​មាន​កូន​ស្រី ២​នាក់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​កាល​ពី ១៧​ឆ្នាំ​មុន ក្នុង​ចំណោម​ជនរងគ្រោះ​មួយ​ចំនួន​ទៀត ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​គប្បី​បើក​ការ​ស៊ើបអង្កេត​ដោយ​ស្មោះត្រង់ ដើម្បី​នាំ​យក​អ្នក​បញ្ជា និង​ឃាតក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។

លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ពុំ​ដែល​ព្រងើយកន្តើយ​ក្នុង​ការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​ម្ដង​ណា​ឡើយ ហើយ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ទៀត​សោត កំពុង​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​នៅឡើយ​ដែរ៖ «ថា​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​គឺ​ថា មិន​ទាន់​បិទ​សំណុំរឿង​នេះ​នៅ​ឡើយ​ទេ។ បាន​សេចក្ដី​ថា សំណុំរឿង​នេះ យើង​ហៅ​ថា ករណី ៣០៣ នេះ​នៅ​តែ​ដំណើរ​ការ​បើក​ចំហ​នៅ​ឡើយ»

និយាយ​ពី​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​វិញ របាំង​ការពារ​ផ្លូវ ត្រូវ​បាន​ពង្រាយ​យ៉ាង​តឹងរ៉ឹង​នៅ​តាម​ច្រក​ចូល​សំខាន់ៗ និង​មហាវិថី​មួយ​ចំនួន ដែល​ចូល​មក​កាន់​ពិធី។

បញ្ហា​នេះ លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​ឃ្លាំមើល​ព្រឹត្តិការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា មាន​ប្រសាសន៍​ថា នេះ​ជា​ការ​អនុវត្ត​រំលោភ​ច្បាប់ ដែល​រដ្ឋាភិបាល​តែង​អនុវត្ត​ក្នុង​ពេល​កន្លង​ទៅ​នេះ៖ «ខ្ញុំ​មើល​ឃើញ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ហ្នឹង បាន​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា​យើង​ជា​ច្រើន​ខណ្ឌ​ហើយ រួម​ទាំង​មាត្រា ៣៧ ដែល​និយាយ​អំពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី»

បើ​ទោះ​ជា​ព្រឹត្តិការណ៍​រំលឹក​ខួប​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ត្រូវ​បាន​រឹត​បន្តឹង​ផ្នែក​សន្តិសុខ និង​កម្លាំង​ត្រូវ​គេ​ពង្រាយ​ច្រើន​ខុស​ពី​ថ្ងៃ​សព្វ​មួយ​ដង​ក្ដី ក៏​ពិធី​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​ការ​ប៉ះទង្គិច និង​ហិង្សា​ទេ ហើយ​ពិធី​ត្រូវ​រំសាយ​ទៅ​វិញ​មុន​ម៉ោង ១២​ថ្ងៃ​ត្រង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

KON SREY KHMER

ពី BOREY RAM

17 yeas ago no one could bring a killer to justice ,so 17 more years all of killers will die and justice won' be serve.That is completely wrong for this regime.GET UP all khmer people fight back our freedom,better life etc...I think no one can do this so let ICC take care of us.

Mar 31, 2014 01:44 AM

y2kxiv

ពី Lexington

Phay Siphan is a former khmerouge commie radical group and fled to u.s in earlier 1983 , Lowell , MA resident .No school ,no job , no education , slept on welfare benefit ,illegal sports gambling, mobsters-mafia ,face criminal charge , fugitive most wanted . That's what dictator H.Sen wanted his ex-khmerouge rogue executor Phay Siphan back to join his authoritarian rule by offered to be H.Sen's statesman .Phay Siphan can't landing any entry level job here , so he has to contacted to his former khmerouge boss to get the job done .Beware an opportunism ,less work ,cowardice ,traitor , violation , criminal , outlaw man , wild man roam on the street .

Mar 30, 2014 10:45 AM

Anonimous

ពី Kg. Cham

I am curious to see ICC take this action very soon!!!

Mar 30, 2014 09:13 AM

អ្នក​អាន​អនាមិក

I like that. the party that respected Humman life and their sacrified for other in the name of fairness.

Mar 30, 2014 12:09 AM

គេហទំព័រ​ទាំងមូល