សកម្មជនគណបក្សសង្គ្រោះជាតិ នៅខណ្ឌសែនសុខ ក្រុងភ្នំពេញ លោក ស្រី ច័ន្ទតារា ដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាបថា នឹងដាក់ពាក្យប្តឹងទៅអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ដើម្បីឱ្យជួយតាមដាន និងឃ្លាំមើលសុវត្ថិភាពរបស់លោក។
ការស្វែងរកអន្តរាគមន៍ពីអង្គការសង្គមស៊ីវិលបែបនេះ ព្រោះលោកថា មិនសូវមានជំនឿលើប្រសិទ្ធភាពនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចនៃរបបក្រុងភ្នំពេញ ដោយព្រួយបារម្ភថា ខ្លាចមានការប្រកាន់និន្នាការនយោបាយ ព្រោះលោកមានអតីតភាពជាមន្ត្រីគណបក្សសង្គ្រោះជាតិ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ស្រី ច័ន្ទតារា ឱ្យអាស៊ីសេរីដឹងថា ក្រោយពេលលោកដាក់បណ្ដឹងកាលពីថ្ងៃកើតហេតុ សមត្ថកិច្ចបាននិយាយថា ករណីហិង្សាលើរូបអាចជាករណីវាយច្រឡំមនុស្ស។ ប៉ុន្តែលោកយល់ថា ជនប្រព្រឹត្តដែលវាយធ្វើបាបលោក គឺមានចេតនាព្រោះជនប្រព្រឹត្តិបានតាមចេញវាយលោកម្ដងហើយម្ដងទៀត រហូតដល់លោកស្រែកថា ចោរៗទើបគេឈប់ដេញតាម៖ «ខ្ញុំអត់ដែលមានទំនាស់ជាមួយអ្នកណាទេ ប៉ូលិសគេចុះមកស៊ើបអង្កេតកន្លែងកើតហេតុ គេទៅពិនិត្យទ្រុងមាន់ខ្ញុំអីទៅ រឿងហ្នឹងគេសន្និដ្ឋានប្រហែលជាគេវាយច្រឡំ»។
លោក ស្រី ច័ន្ទតារា គឺជាសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខពីរនាក់ដេញវាយធ្វើបាប បណ្ដាលឱ្យបែកក្បាលរងរបួសធ្ងន់ធ្ងរកាលពីថ្ងៃទី២៨ ខែសីហា ក្នុងពេលលោកកំពុងធ្វើដំណើរតាមផ្លូវ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ឱ្យដឹងថា សមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីនេះ។ ប៉ុន្តែ រាល់ពេលមានការវាយធ្វើបាបលើមន្ត្រីគណបក្សសង្គ្រោះជាតិ គេកម្រឃើញសមត្ថកិច្ចចាប់បានជនប្រព្រឹត្តយកមកផ្ដន្ទាទោសណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។