សកម្មជនគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុម្នាក់ បន្តគេចខ្លួនមិនទាន់ហ៊ានត្រលប់ចូលផ្ទះវិញទេ ព្រោះខ្លាចរងការចាប់ខ្លួន ដោយសារទទួលបានព័ត៌មានពីមិត្តភ័ក្ដិម្នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ប្រាប់ថា សមត្ថកិច្ចបានបញ្ចាំងរូបថតលោក និងបង្គាប់ឱ្យចាប់ខ្លួន។ សមត្ថកិច្ចខេត្តព្រះសីហនុថា មិនបានទទួលដីកាបង្គាប់ឱ្យចាប់ខ្លួនសកម្មជនបក្សប្រឆាំងរូបនោះទេ និងចាត់ទុកថា លោកប្រឌិតរឿងដោយខ្លួនឯង។
ភរិយារបស់ លោក ម៉ៃ ប៊ុនស៊ាង សកម្មជនបក្សប្រឆាំង អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់ថា ស្វាមី បានរត់គេចខ្លួន តាំងពីថ្ងៃទី២១ ឧសភា មិនដែលហ៊ានត្រលប់មកផ្ទះម្ដងទេ ដោយសារភ័យខ្លាចការចាប់ខ្លួន។ អ្នកស្រីរៀបរាប់ថា ដើមហេតុដំបូង គឺថ្ងៃទី២០ ឧសភា មានមិត្តភ័ក្ដិម្នាក់ ជាមន្ត្រីជាន់ខ្ពស់ក្នុងបក្សអំណាច បានទូរស័ព្ទមកប្រាប់ប្ដីអ្នកស្រី ថា លោកមានឈ្មោះបញ្ជីផ្ទាំងរូបថត (Slide)ដែលត្រូវចាប់ខ្លួន ព្រោះតែហ៊ានបង្ហោះហ្វេសប៊ុករិះគន់រដ្ឋាភិបាល។
មួយថ្ងៃបន្ទាប់ ស្វាមីអ្នកស្រី បានរត់គេចខ្លួន និងបន្សល់ទុកកូនតូចៗ៣នាក់ ក្នុងបន្ទុកអ្នកស្រី តែម្នាក់ឯង។ អ្នកស្រីអះអាងថា ស្វាមី គឺ លោក ម៉ៃ ប៊ុនស៊ាង មិនបានបង្ហោះសារជេរប្រមាថនរណាទេ តែគាត់ចូលចិត្តបង្ហោះសាររិះគន់ ដើម្បីស្ថាបនាប្រទេសជាតិ៖ «គាត់បង្ហោះរិះគន់ហ្នឹង ក្នុងន័យស្ថាបនាទេ ហើយក៏មិននឹកស្មានថា ដល់ថ្នាក់ហ្នឹងដែរ ដល់គេមកចាប់អ្វីអ៊ីចឹង រត់ចោលប្រពន្ធកូន។ ខ្ញុំគ្រាន់តែឆ្ងល់ថា គាត់មិនដែលទៅលួចឆក់ប្លន់ អ្នកណាសោះ គ្រាន់តែរិះគន់តាមសង្គមសោះ ក៏ដេញចាប់គាត់ មិនសេរីភាពអ្វីបន្តិចសោះ»។
លោក ម៉ៃ ប៊ុនស៊ាង ជាអតីតប្រធានយុវជនគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ បន្ទាប់មកលោកបានលាលែងតំណែងនេះ ទុកឱ្យក្មេងៗស្រករក្រោយកាន់វិញ ដោយសុំធ្វើត្រឹមសកម្មជនធម្មតាប្រចាំខេត្តព្រះសីហនុ។ បើទោះលោក ម៉ៃ ប៊ុនស៊ាង គេចខ្លួនជិតមួយខែហើយក៏ដោយ ប៉ុន្តែ គេហទំព័រហ្វេសប៊ុក របស់ លោក ម៉ៃ ប៊ុនស៊ាង ឈ្មោះ «ទោះស្លាប់ ក៏ជាខ្មែរ» នៅតែបន្តចែករំលែកព័ត៌មាន និងបញ្ចេញមតិរិះគន់របបក្រុងភ្នំពេញ។
ភរិយា លោក ម៉ៃ ប៊ុនស៊ាង អ្នកស្រី គា ស៊ីសុគន្ធី អះអាងថា ក្រោយពេលស្វាមីអ្នកស្រី គេចចេញពីផ្ទះបានប៉ុន្មានថ្ងៃ មានសមត្ថកិច្ចជិះក្រឡឹងផ្ទះអ្នកស្រី ខុសពីធម្មតា និងមានជនចម្លែក២នាក់ បានឃ្លាំមើលផ្ទះអ្នកស្រី ២ថ្ងៃជាប់គ្នា កាលកំឡុងដើមខែមិថុនា។ អ្នកស្រីប្រាប់ថា មិនបានរាយការណ៍ជូនអាជ្ញាធរទេ ដោយសារបារម្ភពីសុវត្ថិភាពប្ដី។
ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់អាស៊ីសេរីថា ស្ថាប័នប៉ូលិស មិនបានដឹងពីគម្រោងឃាត់ខ្លួន ឬការរត់គេចខ្លួនរបស់ លោក ម៉ៃ ប៊ុនស៊ាង ឡើយ។ ស្នងការរូបនេះ យល់ថា នេះជាការភ័យខ្លាច ដោយខ្លួនឯង ព្រោះបើត្រឹមជាអតីតសកម្មជនបក្សប្រឆាំងគឺគ្មានទោសទេ តែបើលោក ម៉ៃ ប៊ុនស៊ាង បានប្រព្រឹត្តិល្មើសច្បាប់មែន មិនអាចរត់គេចបានទេ៖ «អ៊ីចឹងរឿងហ្នឹង រឿងតែគាត់ ស្អីក៏គាត់ទាំងអស់ណា។ សូមជម្រាបជូនថា ខ្ញុំអត់បានទទួលព័ត៌មានអ្វីដែរទេ ដល់សួរអ៊ីចឹងខ្ញុំឆ្ងល់ដែរ។ អ៊ីចឹង គាត់ប្រហែលជា គាត់ភ័យខ្លួនឯង ធ្វើប៉ូលិសខ្លួនឯង ស្អីធ្វើខ្លួនឯងទាំងអស់»។
បើទោះយ៉ាងណា ភរិយា លោក ម៉ៃ ប៊ុនស៊ាង អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់ថា ប្ដីរបស់អ្នកស្រីនៅតែបារម្ភថា អាជ្ញាធរអាចធ្វើទុក្ខបុកម្នេញគាត់ ដោយសារតែលោក នៅតែបន្តបង្ហោះសាររិះគន់រដ្ឋាភិបាល នៅ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ តាំងពីតុលាការកំពូលនៃរបបក្រុងភ្នំពេញ បិទសិទ្ធិគណបក្សប្រឆាំងមិនឱ្យធ្វើនយោបាយនៅកម្ពុជាមក សកម្មជន និងមន្ត្រីតាមមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ ច្រើននាក់ហើយ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោមបទចោទថា បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក រិះគន់របបឯកបក្ស។
ចំណែកនៅខេត្តព្រះសីហនុវិញ យ៉ាងហោចណាស់ មន្ត្រីបក្សប្រឆាំង២នាក់រួចហើយ រងការចាប់ខ្លួន ក្រោមហេតុផលថា ដឹកនាំពលរដ្ឋទន្ទ្រានយកដីរដ្ឋ នៅម្ដុំក្បាលឆាយ គឺចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ លោក អ៊ុក ចេត្តនី និងអតីតជំទប់ទី២ សង្កាត់លេខ១ នៃអាណត្តិទី៣ លោក ឆាយ រ័ត្ន។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បញ្ជាក់ថា ការបញ្ចេញមតិរិះគន់សង្គម ដោយគ្មានការជេរប្រមាថ ជាសិទ្ធិសេរីភាពបញ្ចេញមតិ មិនមែនជាបទល្មើសទេ៖ «ខ្ញុំថា បើគ្រាន់តែនិយាយអ៊ីចឹង អត់មានរឿងអ្វី ( សកម្មជន ) អតីតគណបក្សសង្គ្រោះជាតិ ហ្នឹង និយាយមិនបានទេ ព្រោះអារឿងហ្នឹងនរណា ក៏និយាយដែរ ប្រជាពលរដ្ឋទូទៅក៏និយាយដែរ។ តែ ក្រែងលោ ថា វាមានរឿងអ្វីផ្សេងពីហ្នឹងទៀត បានគេចាប់ ឬគេចាប់បានគេរកឃើញ។ ប៉ុន្តែខ្ញុំថាទាំងអស់ហ្នឹង ទោះបី គាត់និយាយអ្វីក៏ដោយ គ្រាន់តែជា សិទ្ធិនៃការបញ្ចេញមតិទេ មិនអាចទៅឃាឃាំង រារាំងប្រជាពលរដ្ឋទេ»។
តំណាងសង្គមស៊ីវិលរូបនេះ យល់ថា ប្រសិនបើ សមត្ថកិច្ចគ្មានគម្រោងចាប់ខ្លួន លោក ម៉ៃ ប៊ុនស៊ាង ទេ គួរទៅប្រាប់ភរិយា របស់ លោក ម៉ៃ ប៊ុនស៊ាង ឱ្យច្បាស់ ដើម្បីឱ្យមានទំនុកចិត្តថា ប្ដីអ្នកស្រី អាចវិលត្រលប់មកផ្ទះវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។