ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេល បន្តនីតិវិធីសាកសួរ លើសកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង ទៅថ្ងៃច័ន្ទ ទី១២ សីហា វិញ ដោយមូលហេតុចៅក្រមជាប់រវល់។ មេធាវីការពារក្ដី ឱ្យលោក ម៉ៃ ហុងស្រៀង គឺ លោកមេធាវី កែត ឃី ប្រាប់ថា តាមគម្រោងលោក ម៉ៃ ហុងស្រៀង ត្រូវបន្តនីតិវិធីសាកសួរបន្ថែម នៅថ្ងៃទី៨ សីហា តែចៅក្រមលើកពេល។
លោកមេធាវី ឱ្យដឹងថា ស្ថានភាពសុខភាពរបស់ លោក ម៉ៃ ហុងស្រៀង ធម្មតា។ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ មេធាវីនឹងស្នើសុំឱ្យប្រគល់សម្ភារៈ ដែលសមត្ថកិច្ចចាប់បាន ប្រគល់ឱ្យមកគ្រួសារ លោក ម៉ៃ ហុងស្រៀង វិញ និងពិភាក្សាជាមួយកូនក្ដី ដើម្បីស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន។
លោក ម៉ៃ ហុងស្រៀង ជាសកម្មជនបក្សប្រឆាំងប្រចាំក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងជាសមាជិកបក្សប្រឆាំងទី១៤ ដែលត្រូវចាប់ខ្លួនក្នុងឆ្នាំ២០១៩។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រៀល សភិន បានសម្រេចឃុំខ្លួន លោក ម៉ៃ ហុងស្រៀង បណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១ សីហា ក្រោមបទចោទ ជេរប្រមាថរបបក្រុងភ្នំពេញ និងញុះញង់ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
គ្រួសារក្រុមអ្នកការពារសិទ្ធិមនុស្ស និងគណបក្សប្រឆាំង ទាមទារឱ្យដោះលែង លោក ម៉ៃ ហុងស្រៀង វិញ ព្រោះការចាប់ខ្លួននេះ ជារូបភាពនយោបាយ គំរាមកំហែង រំលោភសិទ្ធិ សេរីភាព និងគឃ្លើនច្បាប់ ពីសំណាក់របបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
