គ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ កំពុងប្រឈមមុខនឹងការខ្វះខាតជីវភាពធ្ងន់ធ្ងរ ដោយសារសមត្ថកិច្ចនៃរបបក្រុងភ្នំពេញ បានចាប់ខ្លួនប្ដី និងឪពុករបស់ពួកគេដាក់ពន្ធនាគារ។ មន្ត្រីបក្សប្រឆាំងខេត្តកំពង់ធំ ប្រាប់ថា សកម្មជនទាំង៣នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន សុទ្ធតែជាមនុស្សស្លូតត្រង់ និងក្រីក្របំផុតនៅក្នុងភូមិ ហើយពួកគេខ្លះ មានកូនតូចក្នុងបន្ទុក។
គ្រួសារសកម្មជនបក្សប្រឆាំង នៅខេត្តកំពង់ធំ ប្រាប់ថា ជីវភាពរបស់ពួកគេធ្លាក់ចុះជាលំដាប់ នៅពេលមានការចាប់ខ្លួន សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតឃុំបារាយណ៍ លោក ស៊ុន ប៊ុនថុន និង លោក នូ ភឿន និងប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក រស់ គឹមស្រៀង។ ពួកគេទាំង៣នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ធំ បង្គាប់ឲ្យឃុំខ្លួន ពាក់ព័ន្ធនឹងបទចែកចាយសារតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ដែលធ្វើឲ្យប៉ះពាល់ដល់របបក្រុងភ្នំពេញ។
បងប្រុសរបស់ លោក ស៊ុន ប៊ុនថុន គឺលោក ស៊ុន ធន់ ប្រាប់អាស៊ីសេរីថា លោកទើបបាននាំកូនស្រីពៅរបស់ លោក ស៊ុន ប៊ុនថុន អាយុ ១២ឆ្នាំឱ្យចូលជួបឪពុកនាងក្នុងពន្ធនាគារខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ កញ្ញា។ លោកប្រាប់ថា ឆ្មាំពន្ធនាគារឲ្យលោក ស៊ុន ប៊ុនថុន ដេកនៅច្រកចេញចូលបង្គន់ ហើយគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ទេ គឺមានតែក្លិនស្អុយភាយចេញពីក្នុងបង្គន់៖ « គាត់ត្រូវបានគេយកទៅដាក់ក្នុងបន្ទប់ ហើយកន្លែងសម្រាកគាត់ជិតកន្លែងបន្ទប់បត់ជើង គាត់ស្អុយ ហើយគាត់ស្អុះស្អាប់។ អំបាញ់មិញនេះ ខ្ញុំបានទិញកង្ហារដាក់ឲ្យគាត់ ព្រោះគាត់ត្រូវការកង្ហារ។ សំណូមពរឲ្យខាងពន្ធនាគារឲ្យគាត់បានសម្រាន្តចេញឆ្ងាយពីពន្ធនាគារមក ព្រោះគាត់ធំស្អុយលាយមកចេញពីបន្ទប់ទឹកហ្នឹង»។
លោក ស៊ុន ធន់ រៀបរាប់ថា ប្អូនប្រុសរបស់លោកបានប្រកបរបរធ្វើស្រែ ក្រោយរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិ ហើយប្រពន្ធរបស់គេបានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយបន្សល់កូនប្រុសស្រី ៣នាក់ ឲ្យប្អូនប្រុសរបស់លោកចិញ្ចឹម។ លោកបន្តថា កូនស្រីច្បង អាយុ១៧ឆ្នាំ បានចំណាកស្រុកទៅស៊ីឈ្នួលនៅព្រំដែនបាវិត តាំងពីឆ្នាំមុន ក្រោយពេលនាងប្រឡងបាក់ឌុបចប់ ចំណែកកូនប្រុសទី២ អាយុ ១៥ឆ្នាំ ប្រកបរបរធ្វើស្រែជាមួយឪពុក។ លោកបន្តទៀតថា កូនស្រីពៅ របស់លោក ស៊ុន ប៊ុនថុន អាយុ ១២ឆ្នាំ បានទៅរស់នៅជាមួយសាច់ញាតិខាងម្ដាយ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនឪពុក។ លោក ស៊ុន ធន់ បញ្ជាក់ថា ក្មួយៗ របស់លោក សឹងតែប្រឈមការអត់បាយទៅហើយ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនឪពុក។ លោកហៅការចាប់ខ្លួនប្អូនប្រុសរបស់លោក គឺលោក ស៊ុន ប៊ុនថុន នេះថា ជាការគាបសង្កត់ផ្នែកនយោបាយ និងធ្វើបាបគ្រួសារលោកឱ្យបែកបាក់ ព្រាត់ប្រាសគ្នា និងកាន់តែលំបាក៖ « ប្អូនខ្ញុំជាអ្នកសកម្មកិច្ចការនយោបាយណាស់ ហើយលោក នូ ភឿន ហ្នឹងគាត់ជាអ្នកអាជីវករទេ។ ប៉ុន្តែគាត់សកម្មណាស់ ដោយសារទាំងពីរនាក់ហ្នឹងជាមនុស្សពិសេសប្រចាំមូលដ្ឋាន ធ្វើឲ្យភូមិចាក់ត្រឡោក ឃុំបារាយណ៍នេះ មានសំឡេងឈ្នះគណបក្សប្រជាជន ដោយសារមនុស្ស២នាក់នេះ ជាមនុស្សចាំបាច់សំខាន់។ ទាំងពីរនាក់ ចុះពន្យល់ពលរដ្ឋក្នុងមូលដ្ឋាន។ ដូច្នេះជាហេតុផលនយោបាយ»។
ចំណែក ស្ថានភាពរបស់សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតឃុំបារាយណ៍ម្នាក់ទៀត គឺលោក នូ ភឿន ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នានេះដែរ។ លោកស្រី សុក ថៃ ដែលជាភរិយា ឱ្យដឹងថា ស្វាមីលោកស្រីត្រូវគេឲ្យដេកនៅក្បែរបង្គន់ក្នុងបន្ទប់ឃុំឃាំង។ លោកស្រីបញ្ជាក់ថា ស្វាមីលោកស្រីត្រូវគេឃុំនៅបន្ទប់ផ្សេងគ្នាពីសកម្មជន២ រូបទៀត ហើយបន្ទប់ឃុំនោះ មានលក្ខណៈចង្អៀត គ្មានខ្យល់ចេញចូល ហើយសំបូរអ្នកជក់បារី។ លោកស្រី បន្តថា លោក នូ ភឿន ពិបាកសម្រាន្ត ហើយឈឺដោយសារ ក្នុងពន្ធនាគារគ្មានថ្នាំគ្រប់គ្រាន់ ឲ្យលោកព្យាបាលបញ្ហាក្រពះ និងបំពង់ក។
លោកស្រីបន្ថែមថា លោក នូ ភឿន បានផ្ដាំឱ្យលោកស្រីថែរក្សាកូនស្រីតូចៗ ទាំង២ ឲ្យល្អ ហើយខិតខំបន្តមុខរបរសិប្បកម្មទឹកសុទ្ធ ដើម្បីយកលុយចិញ្ចឹមគ្រួសារ។ ភរិយាសកម្មជនបក្សប្រឆាំងរូបនេះ ក៏មានអារម្មណ៍មិនខុសពីភរិយារបស់សកម្មជនបក្សប្រឆាំងផ្សេងទៀតដែរ គឺ យំជាមួយកូនរាល់យប់ ដោយសង្ឃឹមថា ស្វាមីនឹងត្រូវបានដោះលែងឆាប់ៗនេះ មុនបុណ្យភ្ជុំបិណ្ឌ៖ « ពិបាកមែនទែន ការរស់នៅរាល់ថ្ងៃហ្នឹង ដូចថា អារម្មណ៍មួយ ព្រួយពីប្ដី អារម្មណ៍មួយ កូននៅតូចៗ ដល់ពេលអ៊ីចឹងទៅ ឃើញគាត់អ៊ីចឹងទៀត ហើយគាត់ត្អូញត្អែរថា ពិបាករស់នៅក្នុងគុក អ៊ីចឹងទៅមកវិញ ខ្ញុំមានអារម្មណ៍មួយ ណែនទ្រូង ធ្វើម្ដេចខ្ញុំជួយអត់បាន។ កូនសួររាល់ថ្ងៃ សួររកប៉ារាល់ថ្ងៃ ថាថ្ងៃណា ថ្ងៃណាទៅ ខ្ញុំចេះតែនិយាយកុំភ័យ បន្តិចទៀតប៉ាមកវិញហើយ ចេះតែសម្រួលទៅ។ យើងអាចភរវាបានប៉ុណ្ណា ក៏ភរវាសិនទៅ។ ខ្ញុំចង់ណាស់ ចង់ឲ្យខាងហ្នុងជួយដោះលែងប្ដីខ្ញុំឲ្យត្រលប់មកផ្ទះវិញ។ សុំអំពាវនាវខាងអង្គការក្រៅប្រទេសក្ដី ក្នុងប្រទេសក្ដី តុលាការហ្នឹងក៏ដោយ សុំឲ្យជួយកាត់ ជួយបំភ្លឺ ថាគាត់មានទោសអ្វី សុំជួយដោះលែងគាត់មកវិញមក » ។
ចំណែកឯប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក រស់ គឹមស្រៀង វិញ សាច់ញាតិប្រាប់ថា មិនទាន់ដឹងពីស្ថានភាពក្នុងពន្ធនាគារទេ ដោយសារឆ្មាំពន្ធនាគារមិនអនុញ្ញាតឲ្យចូលជួបឡើយ។
បងប្រុសរបស់លោក រស់ គឹមស្រៀង ប្រាប់ថា មន្ត្រីពន្ធនាគារតែដេញលោកឲ្យត្រលប់មកវិញ ដូច្នេះលោកពុំបានដឹងពីស្ថានភាពប្អូននោះទេ។ លោកមិនដឹងពីការចាប់ខ្លួន ឬមូលហេតុ ដែលអាជ្ញាធរឃុំខ្លួនប្អូនប្រុសរបស់លោកឡើយ តែលោកគ្រាន់ដឹងថា ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពេលរូបគេ វិលត្រឡប់ពីក្រៅប្រទេសវិញ កាលពីពេលថ្មីៗ នេះ៖ « គេមិនទាន់ប្រាប់មូលហេតុទេ ប៉ិនគ្រាន់ថា សួរគេទៅ ផ្នែកសន្តិសុខ គេថាមិនទាន់ឲ្យជួបទេ។ វាមិនដែលបង្កហេតុអ្វីឲ្យអាក្រក់ទេ។ ខ្ញុំមិនសូវដឹងរឿងទេ អាការងារហ្នឹង មើលទៅវាទៅថៃ។ ស្រាប់តែកែពិន្ទុគ្រូ ( បាក់ឌុប ) ចប់ ខាងប៉ុស្តិ៍គេហៅទៅ » ។
សាច់ញាតិជនជាប់ឃុំទាំង៣នាក់ សុទ្ធតែចាត់ទុកថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងទាំង៣នាក់ ដោយសារនយោបាយ និងទទូចឲ្យអាជ្ញាធរ ដោះលែងឲ្យមានសេរីភាពឡើងវិញ ជាបន្ទាន់។ អង្គការលីកាដូ សង្កេតឃើញថា រយៈពេល៩ខែ សកម្មជនបក្សប្រឆាំងចំនួន ២១នាក់ ត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារ ខណៈសកម្មជន១៥៦នាក់ ត្រូវបានសមត្ថកិច្ច និងតុលាការកោះហៅ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក យល់ថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងកន្លងមកនេះ ជារឿងនយោបាយ ជាជាងការអនុវត្តច្បាប់។ លោកសង្កេតឃើញថា សកម្មជនបក្សប្រឆាំងទាំងនោះ មិនបានប្រព្រឹត្តិបទល្មើសញុះញង់ដូចការចោទប្រកាន់ឡើយ តែរដ្ឋាភិបាល មានចេតនារៀបចំជាប្រព័ន្ធ ដើម្បីបង្ក្រាបលើសកម្មជនបក្សប្រឆាំងច្រើនជាង៖ « ជារឿងនយោបាយច្រើនជាងរឿងអនុវត្តច្បាប់ ពីព្រោះយើងមើលទៅសកម្មជននៃអ្នកនយោបាយទាំងអស់ហ្នឹង។ គាត់ធ្វើសកម្មភាពក្នុងបែបនយោបាយ គាត់មិនបានទៅប្រព្រឹត្តិបទល្មើសអ្វីទេ ព្រោះសកម្មភាពទាំងអស់ហ្នឹង ក្នុងនាមជាពលរដ្ឋ ក្នុងនាមអ្នកនយោបាយ ជាទូទៅសកម្មភាពទាំងអស់ហ្នឹង គឺផ្ដល់សិទ្ធិដោយច្បាប់កំពូលរបស់ជាតិ ហើយនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិ » ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីខាងអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី០៨ កញ្ញា ដោយសារមិនទទួលទូរស័ព្ទ តែ លោកធ្លាប់អះអាងថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង កន្លងមក គឺជាការអនុវត្តច្បាប់។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ លោក ថោង វិបុលសុខុម អំពាវនាវឲ្យសប្បុរសជនជួយផ្ដល់ថវិកាខ្លះ សម្រាប់សកម្មជនបក្សប្រឆាំងទាំង៣ ដែលកំពុងជាប់ឃុំ ពិសេសគឺលោក ស៊ុន ប៊ុនថុន ដែលជាសកម្មជនបក្សប្រឆាំងក្រីក្រជាងគេ និងមានបន្ទុកចិញ្ចឹមកូនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
