សកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃអះអាងថា ពួកគេនឹងបន្តធ្វើសកម្មភាពនយោបាយឱ្យកាន់តែខ្លាំង ដើម្បីដាក់សម្ពាធឱ្យមេដឹកនាំរបបក្រុងភ្នំពេញងាកមកស្ដារប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគាត់នៅតែជឿជាក់ថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នឹងវិលចូលស្រុកវិញនៅពេលដ៏ខ្លីខាងមុខ។
សកម្មជនគណបក្សប្រឆាំងដែលភៀសខ្លួននៅក្រៅប្រទេសលើកឡើងថា ស្ថានការណ៍នយោបាយបែបនេះ មានតែកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋទេ ដែលអាចធ្វើឱ្យលោក ហ៊ុន សែន ងាកមកដើរតាមគន្លងប្រជាធិបតេយ្យវិញ។
ប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ អ្នកស្រី គុណ ម៉ាច ថ្លែងនៅថ្ងៃទី៦ ធ្នូ ថា ពួកគាត់មិនអាចឈរអោបដៃមើលរបបលោក ហ៊ុន សែន បំផ្លាញប្រជាធិបតេយ្យ និងវាយធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីបន្តអំណាចរបស់ខ្លួនបានឡើយ។ អ្នកស្រីបន្តថា ពួកគាត់កំពុងតែដើរកៀរគរពលករខ្មែរនៅប្រទេសថៃ ឱ្យត្រៀមខ្លួនវិលចូលកម្ពុជាវិញជាថ្មីទៀត ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំង ទៅទាមទារអំណាចពីលោក ហ៊ុន សែន ជូនប្រជាពលរដ្ឋវិញ។ អ្នកស្រី ថា ចាប់ពីថ្ងៃនេះទៅពួកគាត់នៅក្រៅប្រទេសនឹងធ្វើសកម្មភាពនយោបាយឱ្យបានទ្វេដង ដោយសាររបបដឹកនាំសព្វថ្ងៃធ្វើឱ្យពួកគាត់ឈឺចាប់ម្ដងហើយម្ដងទៀត ដូចជាចាប់សកម្មជនគណបក្សប្រឆាំងជាច្រើននាក់ដាក់ពន្ធនាគារ និងមិនព្រមដោះលែងពួកគេឱ្យមានសិទ្ធិសេរីភាពពេញលេញវិញ។អ្នកស្រីយល់ថា ការធ្វើបែបនេះជាល្បិចកលរបស់លោក ហ៊ុន សែន ដើម្បីគំរាមកំហែងដល់សកម្មជនដទៃកុំឱ្យហ៊ានធ្វើសកម្មភាពប្រឆាំងនឹងរបបលោក។
រីឯសកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ឃ្លាំង ប៊ុនឡាយ ថ្លែងថា ទោះជារបបក្រុងភ្នំពេញបានដកហូតលិខិតឆ្លងដែនពីមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ក្ដី ក៏លោក និងសកម្មជនគណបក្សប្រឆាំងដទៃទៀតនៅតែសាមគ្គីគ្នារឹងមាំ ដើម្បីត្រៀមខ្លួនវិលចូលស្រុកវិញនៅពេលខាងមុខដដែល។ លោកបន្តថា ពួកលោកមិនចាញ់ល្បិចបោកបញ្ឆោតរបស់លោក ហ៊ុន សែន ដែលបានដោះលែងអ្នកទោសនយោបាយកន្លងមកដោយសាររងសម្ពាធពីសហគមន៍អន្តរជាតិនោះឡើយ។
កាលពីពេលថ្មីៗ នេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែងថា នៅកម្ពុជាគ្មានវិបត្តិនយោបាយដូចសកម្មជនគណបក្សប្រឆាំងនិយាយនោះទេ។ លោកថា អ្នកដែលរត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារពួកគេប្រព្រឹត្តខុសច្បាប់ ព្រោះបានរួមគំនិតជាមួយលោក សម រង្ស៊ី គ្រោងផ្ដួលរំលំរបបលោក។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា របបរបស់លោក មិនព្រួយបារម្ភ ចំពោះចលនារបស់សកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសនោះទេ។ លោកចោទក្រុមសកម្មជនបក្សប្រឆាំងទាំងនោះថា ជាក្រុមអត់មានការងារធ្វើត្រឹមត្រូវ ហើយការធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសថៃ គឺក្នុងបំណងចង់បានសិទ្ធិជ្រកកោននៅប្រទេសទី៣។ «»
ទោះយ៉ាងណាក្តី សកម្មជនដែលរត់ភៀសខ្លួននៅប្រទេសថៃ សុទ្ធតែអះអាងថា មូលហេតុដែលពួកគាត់បង្ខំ ចិត្តភៀសខ្លួនរស់នៅក្រៅប្រទេស ដោយសារតែរបបក្រុងភ្នំពេញប្លន់តួនាទីមុខ តំណែងរបស់គាត់ និងធ្វើទុក្ខបុកម្នេញគ្រប់យ៉ាង មិនឱ្យពួកគាត់អនុវត្តសិទ្ធិនយោបាយ និងសិទ្ធិបញ្ចេញមតិបានទេ។ ពួកគាត់បន្តថា ការភៀសខ្លួននៅក្រៅប្រទេស គឺគ្រាន់តែជាយុទ្ធសាស្ត្ររក្សាកម្លាំងសម្រាប់ចូលរួមអមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការចូលរួមគាំទ្រគណបក្សនយោបាយ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយស្របច្បាប់ ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។ លោកកត់សំគាល់ថា ថ្វីត្បិតតែថ្មីៗនេះរដ្ឋាភិបាលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនដល់លោក កឹម សុខា និងដោះលែងសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ក្ដី ក៏ស្ថានការណ៍នយោបាយនៅកម្ពុជាមិនទាន់ធូរស្រាលនៅឡើយ ពីព្រោះពួកគេមិនទាន់មានសិទ្ធិពេញលេញធ្វើនយោបាយនៅឡើយ។ «»
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបន្តថា សង្គមប្រជាធិបតេយ្យដែលល្អ ត្រូវមានគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ដែលមានអាសនៈនៅក្នុងរដ្ឋសភាប្រហាក់ប្រហែលគ្នា ដើម្បីតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាលឱ្យបំពេញការងារមានប្រសិទ្ធភាព និងបានប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញលោកបញ្ជាក់ថា ប្រទេសដែលគ្រប់ដោយរបបឯកបក្សនឹងធ្វើឱ្យប្រទេសនោះអភិវឌ្ឍមានចំណុចចន្លោះប្រហោងច្រើនជាងសង្គមប្រជាធិបតេយ្យ។
សកម្មជនគណបក្សប្រឆាំង នៅតែជឿជាក់ថា លោក សម រង្ស៊ី និងអាចរកច្រកចូលទៅកម្ពុជាបាននៅចុងឆ្នាំ២០១៩ នេះ ព្រោះពេលនេះ លោក សម រង្ស៊ី កំពុងតែធ្វើការទូតជាមួយសហគមន៍អន្តរជាតិជាថ្មីទៀត ដើម្បីដាក់សម្ពាធរបបក្រុងភ្នំពេញឱ្យងាកមកស្ដារប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។