សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ លោក គង់ ម៉ាស់ មិនរំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ ឬដោះលែងរូបលោកឱ្យមានសេរីភាពឡើងវិញក្នុងពេលឆាប់ៗ នេះឡើយ ល្គឹកណាតុលាការនៅតែជាតុលាការ ដែលបម្រើនយោបាយឱ្យគណបក្សកាន់អំណាច។
លោក គង់ ម៉ាស់ បានផ្ដាំផ្ញើពាក្យពេចន៍ទាំងនេះតាមរយៈប្រពន្ធរបស់លោក គឺលោក ស្រី កុល សាត នៅពេលដែលលោក និងសកម្មជនគណបក្សប្រឆាំងម្នាក់ទៀត គឺលោក ខាន់ ប៊ុនផេង ត្រូវអាជ្ញាធរនាំខ្លួនពន្ធនាគារព្រៃសទៅតុលាការ ដើម្បីសាកសួរបន្តទៀត នៅរសៀល ថ្ងៃទី២៣ ខែមីនា នេះ។
ប្រពន្ធលោក គង់ ម៉ាស់ គឺលោកស្រី កុល សាត រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីភ្លាមៗ ក្រោយចៅក្រមបញ្ចប់ការសាកសួរនោះថា ប្ដីរបស់លោកស្រីមិនសប្បាយចិត្តនឹងតុលាការ ដែលបន្តសាកសួរច្រើនលើកច្រើនសារ ដោយចោទសំនួរដដែលៗ។ លោកស្រីបន្តថា គង់ ម៉ាស់ ចង់ឱ្យតុលាការបញ្ចប់ការសាកសួរ ហើយបន្តនីតិវិធីកាត់ក្ដីលោកឱ្យបានឆាប់ បើទោះបីជាលោកមិនរំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់រូបលោកឡើយ៖ «
នេះជាការសាកសួរលើកទី៣ ហើយ បន្ទាប់ពីលោក គង់ ម៉ាស់ និងលោក ខាន់ ប៊ុនផេង ត្រូវចាប់ដាក់ពន្ធនាគារ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុកជាលើកទី២ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីដើមខែមករា ឆ្នាំ២០២១។ នៅចំពោះមុខចៅក្រមស៊ើបសួរអ្នកទាំង២ បន្តបដិសេធរាល់ការចោទប្រកាន់របស់តុលាការ និងថា ពួកគេមិនពាក់ព័ន្ធនឹងសកម្មភាពរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសឡើយ។
សកម្មជនបក្សប្រឆាំងលោក គង់ ម៉ាស់ ធ្លាប់ជាប់ពន្ធនាគារ ១៨ខែ និង ១៥ថ្ងៃ ពីបទញុះញង់ និងបរិហារកេរ្តិ៍មន្ត្រីរាជការសាធារណៈ ដែលលោកចាត់ទុកថា ជារឿងអយុត្តិធម៌ម្ដងរួចទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។