សកម្មជន​បក្ស​ប្រឆាំង​នៅ​ស្វាយរៀង​ម្នាក់ បង្ហាញ​ខ្លួន​វិញ ក្រោយ​បាត់​ដំណឹង​ជាង​កន្លះ​ខែ

សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​ម្នាក់ ឈ្មោះ មុំ នឿន ដែល​បាត់​ដំណឹង​ជាង​កន្លះ​ខែ​នោះ បាន​បង្ហាញ​ខ្លួន​វិញ​ហើយ និង​បាន​អះអាង​ថា សមត្ថកិច្ច មិន​បាន​ចាប់​ខ្លួន​លោក​នោះ​ទេ។

មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក មុំ លីដា ប្រាប់​អាស៊ី​សេរី​ថា លោក មុំ នឿន បាន​ទូរស័ព្ទ​ប្រាប់​លោក កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា​ថា គាត់​បាន​ភូត កុហក​គ្រួសារ​របស់​ខ្លួន​ថា សមត្ថកិច្ច​ចាប់​ខ្លួន និង​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ត្រពាំង​ផ្លុង (ម៣) ប៉ុន្តែ​តាម​ការ​ពិត ពុំ​មាន​សមត្ថកិច្ច​ណា​មួយ​ចាប់​ខ្លួន​លោក​នោះ​ទេ។ លោក មុំ លីដា បន្ត​ថា សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ប្រាប់​លោក​ទៀត​ថា គាត់​បាន​រត់​ទៅ​សម្ងំ​រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្នុង​បំណង​ឆ្លង​ទៅ​ប្រទេស​ថៃ ដោយសារ​ព្រួយ​បារម្ភ​ខ្លួន​ឯង​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ឃើញ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​មួយ​ចំនួន ដូច​ជា លោក ញ៉ែម វាន និង លោក ហិន ឆាន ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ កាល​ពី​ពេល ថ្មីៗនេះ។

ចំណែក​ភរិយា របស់​លោក មុំ នឿន ក៏​បាន​ទទួល​ស្គាល់​ថា លោក មុំ នឿន ពិត​ជា​កុហក​ពួក​គាត់​មែន ហើយ​មិន​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។