សមាជិក​បក្ស​ប្រឆាំង លោក ស៊ូ យាន ជាប់​ពន្ធនាគារ​ ២​ដង ​ដោយសារការតស៊ូ​មតិ​ផ្នែក​​នយោបាយ

ដោយ មាន ឫទ្ធិ
2021-02-13
Share
សមាជិក​បក្ស​ប្រឆាំង លោក ស៊ូ យាន ជាប់​ពន្ធនាគារ​ ២​ដង ​ដោយសារការតស៊ូ​មតិ​ផ្នែក​​នយោបាយ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ដ៏​លេចធ្លោ នៅ​ខេត្ត​ត្បូងឃ្មុំ លោក ស៊ូ យាន កំពុង​ជាប់​​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាមជា​លើក​ទី​២។
ពលរដ្ឋ

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ដ៏​លេចធ្លោ នៅ​ខេត្ត​ត្បូងឃ្មុំ លោក ស៊ូ យាន កំពុង​ជាប់​​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម ​ជា​លើក​ទី​២ អស់​រយៈ​ពេល​ជាង ​៣​ខែ​ហើយ។ ការ​ចាប់​ខ្លួន​ជា​ថ្មី កាល​នោះ ធ្វើ​ឡើង​ក្រោយ​ពេល ​​លោក ស៊ូ យាន ​បាន​នាំ​​សាច់​ញាតិ និង​ប្រពន្ធ ទៅ​​ចូល​រួម​​សកម្មភាព​​​នៅ​​ភ្នំពេញ ​ទាមទារ​​ឲ្យ​ដោះលែង​សកម្មជន​​បក្ស​​ប្រឆាំង​​ទាំង​អស់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ប្រពន្ធ​របស់​​លោក ស៊ូ យាន គឺ លោកស្រី ស្រី​ សៀត ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ពន្ធនាគារ​ លោក ស៊ូ យាន​ មាន​​សភាព​ទ្រុឌទ្រោម​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​​ ដោយសារ​ការ​ចង្អៀត​ណែន និង​មាន​ជំងឺ​ប្រចាំ​កាយ។ លោកមាន​ជំងឺ​ស្ពឹក​ជើង​មួយ​ចំហៀង​ធ្ងន់ធ្ងរ​ ហ៊ឹង​ត្រចៀក និង​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​​។

លោកស្រី ស្រី សៀត បញ្ជាក់​ថា ក្រុម​គ្រួសារលោកស្រីមាន​វិបត្តិ​​ផ្លូវ​ចិត្ត​ទាំងអស់គ្នា ដោយសារ​ការ​ចាប់​ខ្លួន​នេះ និងការ​ពិបាក​​ផ្នែក​ជីវភាព​ប្រចាំ​ថ្ងៃ​ធ្ងន់ធ្ងរ​។ ក្នុង​មួយ​ខែ​ លោកស្រី មាន​លទ្ធភាព​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី បាន​ម្ដង ទៅ​ពីរ​ដង​។ ឯ ​ការ​ចាយ​វាយ​ក្នុង​ពន្ធនាគារ ប្តីលោកស្រី ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ខ្លះ ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេស៖ «ខ្ញុំ​អំពាវនាវ​ឲ្យ​ សម្ដេច​ហ៊ុន សែន ជួយ​ដោះលែង​ប្ដី​របស់​ខ្ញុំ​ទៅ ហើយ​អង្គការ​ទាំង​អស់​ ដែល​នៅ​ប្រទេស​ខ្មែរ ជួយ​ប្ដី​របស់​ខ្ញុំ​ផង។ ​(អង្គការ)​​នៅ​បរទេស​​ក៏​អ៊ីចឹង​ដែរ ជួយ​ប្ដី​របស់​ខ្ញុំ​ផង ព្រោះ​ប្ដី​របស់​ខ្ញុំ​អត់​ខុស​អ្វី​ទេ គាត់​គ្រាន់​តែ​ពាក់​អាវ ហើយ​គេ​ជួយ​លុយ​គាត់ ហើយ​និង​ទៅ​បាតុកម្ម​នៅ​ភ្នំពេញ​ហ្នឹង។ ប៉ិន​ហ្នឹង​ទេ»។

​​លោក ស៊ូ​ យាន អាយុ ៥០ឆ្នាំ គឺ​ជា​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ ​នៅ​ខេត្ត​​នេះ។ តុលាការ​ខេត្ត​កំពង់ចាមបាន​កាត់​ទោសលោកឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយឆ្នាំ ពី​​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​ពាក់ព័ន្ធ​ នឹង​គម្រោង​​មាតុភូមិ​និវត្តន៍​​របស់​ប្រធាន​ស្ដីទី​​គណបក្ស​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី កាល​ពីចុង​ឆ្នាំ​២០១៩។

តុលាការ​បាន​ដោះលែង លោក ស៊ូ យាន នៅ​ខែ​ មេសា ឆ្នាំ​២០២០ ក្រោយ​អនុវត្ត​ទោស​ពន្ធនាគារ​គ្រប់​ចំនួន​ ១​ឆ្នាំ​។ ក្រោយ​ចេញពីពន្ធនាគារ លោក ស៊ូ យាន អះអាង​ថា ការ​ចាប់​ខ្លួន និង​កាត់​ទោស​លោក​ដាក់​ពន្ធនាគារ ​រយៈ​ពេល​ ១​ឆ្នាំ កាល​នោះ ជា​ការ​គុំកួន​នយោបាយ ដោយសារលោក​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច តាម​ការ​បញ្ចុះបញ្ចូល​។

ចាប់​តាំង​ពី​ពេល​នោះមក លោក ស៊ូ យាន បាន​នាំ​ប្រពន្ធ និង​កូន​៣នាក់ ទៅ​ចិញ្ចឹម​មាន់​ នៅ​ក្នុង​ដី​ចម្ការ​មួយ​កន្លែង​ដែល​នៅ​ឆ្ងាយ​ពី​ភូមិម្ករ​​អ្នកស្រុក តែរក្សា​គោល​ជំហរ និង​ឆន្ទៈ​នយោបាយ មិន​ចេញពី​បក្ស​ប្រឆាំង​ដាច់​ខាត។

ទោះជាយ៉ាងណា នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចាប់​ខ្លួន លោក ស៊ូ យាន ​ជា​លើក​ទី២ ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​តុលា ឆ្នាំ​២០២០​ ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សង្គម»។ ​ចៅក្រម​ស៊ើប​សួរ សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ ​បាន​សម្រេច​​ឃុំ​ខ្លួន លោក ស៊ូ យាន​ បណ្ដោះ​អាសន្ន និង​​​ត្រូវ​បញ្ជូន​​ទៅ​ឃុំ​ខ្លួន​ នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម។ សំណុំ​រឿង​នេះ​ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ ដោយតុលាការមិន​ទាន់​បើក​សវនាការ​នៅឡើយទេ។ 

លោកស្រី ស្រី សៀត ប្រាប់​ថា ដើម​ហេតុ​នៃ​ការ​ចាប់​ខ្លួន ​ប្តីលោកស្រី​ ជាលើកទីពីរនេះ គឺ​នគរបាល​ ចោទ​ថា គាត់បាន​ទទួល​យក​លុយ​ពី​មនុស្ស​នៅ​ក្រៅ​ប្រទេស មក​បោះពុម្ព​អាវ​យឺត ​ដែល​សរសេរ​អក្សរ​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​រដ្ឋធម្មនុញ្ញ ហើយ​ឡើង​មក​តវ៉ា​នៅភ្នំពេញ៖ «បទ​ល្មើស​ហ្នឹង ខ្ញុំ​មើល​ទៅ​ជាក់​ស្ដែង​ហ្នឹង វា​មិន​ខុស​អ្វី​ទេ ពាក់​អាវ ហើយ​និង​គេ​ជួយ​លុយ​ប្ដី​របស់​ខ្ញុំ​ហ្នឹង ហើយ​រឿង​ទៅ​ទាមទារ​ដោះលែង ២៦​ហ្នឹង​ណា គាត់​ខុស​តែ​ប៉ុណ្ណោះ​ទេ។ ប៉ូលិស​គេ​អត់​ចាប់​ទេ រឿង​អាវ​​គេ​ជួយ​លុយ​គាត់ រឿង​គាត់​ទៅ​ទាមទារ​នៅ​ភ្នំពេញ​ ពេល​ មួរ សុខហួរ​ មក ក៏​ខ្ញុំ​ទៅ​ទាមទារ​ដែរ តែ​គេ​អត់​ចាប់​ខ្ញុំ​ផង ចាប់​តែ​ប្ដី​ខ្ញុំ។ រឿង​នយោបាយ ខ្ញុំ​ថា អ៊ីចឹង​»។

លោក ស៊ូ យាន គឺ​ជាកសិករនៅ​​ស្រុក​មេមត់​ មុន​ពេល​ប្រឡូក​ចូល​នយោបាយ។ លោក បាន​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​ គណបក្ស​សម រង្ស៊ី ជាច្រើន​ឆ្នាំ​​​មក​ហើយ​ និង​បន្ត​ចូលរួម ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ។ កាល​ពី​ឆ្នាំ​២០២០ លោក ស៊ូ យាន ធ្លាប់​បង្ហាញ​ជំហរ​ថា លោក មិន​ដែល​តក់​ស្លុត​ ចំពោះ​ការ​ចាប់​ខ្លួន​ ​ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ ម្ដង​ណា​​ឡើយ។​ លោក​ ប្ដេជ្ញា​ ថា​លោក នឹង​ចូលរួម​សកម្មភាព​តស៊ូ​មតិ​ផ្នែក​នយោបាយ និង​សង្គម​​ដដែល​៖ «ការ​ជួយ​សង្គម​ គឺ​យើង​មិន​អាច​រាងចាល ពី​ព្រោះ​យើង​អត់​បាន​ប្រព្រឹត្តិ​អ្វី​ខុស ហើយ​គេ​មក​ចាប់​ទាំង​បំពាន​អ៊ីចឹង គឺ​ជា​រឿង​មួយ​ ដែល​យើង​មិន​អាច​ទទួល​យក​បាន​ ហើយ​ដំណើរ​ឆ្ពោះ​ទៅ​ការ​តស៊ូ​ទៅ​មុខ យើង​នៅ​តែ​ធ្វើ​ដដែល។»

​​ស្នងការ​ខេត្តត្បូងឃ្មុំ លោក ប៉ែន រ័ត្ន ធ្លាប់​ប្រាប់​អាស៊ី​សេរីថា លោក ស៊ូ យាន ត្រូវ​បាន​ចាប់​ខ្លួន ​​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់​ស្ដែង​ ដោយសារ​ លោក ​ត្រៀម​ដឹក​នាំ​កម្លាំង​ទៅ​តវ៉ា ​នៅ​មុខ​ស្ថាន​ទូត​ចិន​ ក្នុង​ទី​ក្រុងភ្នំពេញ ​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ ​តុលា។ លោក ប៉ែន រ័ត្ន អះអាង​ថា នគរបាល​​ជំនាញ រក​ឃើញ​​ភស្តុតាង​មួយ​ចំនួន ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់ ​លោក ស៊ូ យាន ​ទើប​តុលាការ សម្រេច​ចោទ​ប្រកាន់ និង​ ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេង​ហាន សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​ សមាជិក​បក្ស​ប្រឆាំង​​​​ខេត្ត​ត្បូងឃ្មុំ​កន្លង​មក ជាប់​ពាក់ព័ន្ធ​​នឹង​​រឿង​នយោបាយ។ លោក ថា សមាជិក​បក្ស​ប្រឆាំង​​ ដែល​រង​ការ​ចោទ​ប្រកាន់​ភាគច្រើនបាន​​​​ប្រើ​សិទ្ធិ​សម្ដែង​មតិ​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះជំរុញ​ឲ្យអាជ្ញាធរ​​កុំ​ចាប់​ខ្លួនពលរដ្ឋ ដោយ​សារ​តែ​ការ​សម្ដែង​មតិ​នយោបាយ៖ «អ៊ីចឹងហើយ​ យើង​យល់​ឃើញ​ថា ការ​សម្ដែង​មតិ​របស់​គាត់ សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​ច្បាប់​។ អ៊ីចឹង​ហើយ គួរ​តែ​បាន​កិច្ចការ​ពារ​ ឬ​ក៏​ហៅ​ថា ក្រៅពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ យើង​គួរ​តែ​រក​វិធី​សាស្ត្រ​អ្វី​ផ្សេង​ទៀត ចៀស​វាង​ពី​ការ​ចាប់​ចងមក​លើក​កម្ពស់​សេរីភាព​ការ​បញ្ចេញ​មតិ​វិញ»។

​តាំងពីលោក ស៊ូ យាន ជាប់​ពន្ធនាគារ ​ជាលើកទីពីរមក ប្រពន្ធរបស់លោក គឺលោកស្រី ស្រី សៀត ​គ្មាន​លទ្ធភាព​មើល​ថែ​​ និង​ផ្គត់ផ្គង់​ម្ហូប​អាហារ​ សម្រាប់​កូន​តូចៗ ទាំង​៣​នាក់​ទេ។ ​ដូច្នេះ​ទើប ​​លោកស្រី ទៅ​សុំ​​ស្នាក់​នៅ​ជាមួយ​ម្ដាយ​ជរា នៅ​ភូមិ​ក្បែរ​គ្នា​ ក្នុងស្រុក​មេមត់។ តែ​យ៉ាង​ណា លោកស្រី និយាយ​ថា បើ​មាន​​ឱកាស លោកស្រី នឹង​ចូលរួម ​ជាមួយ ​ក្រុម​ប្រពន្ធ ​សកម្មជន​បក្ស​ប្រឆាំង​ផ្សេង​ទៀត ដើម្បី​តវ៉ា​ ​ទាមទារ​ដោះលែង​ប្ដី និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល