គិតមកដល់ថ្ងៃទី២៧ សីហា នៅសល់តែ៧៤ថ្ងៃទៀតទេ ដល់ពេលលោក សម រង្ស៊ី វិលទៅស្រុកខ្មែរវិញហើយ គឺនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ នៅក្នុងពេលនេះ សកម្មជនគណបក្សប្រឆាំងនៅតាមខេត្តមួយចំនួន បន្តជួបប្រជុំគ្នាពង្រឹងសាមគ្គីភាពកាន់តែខ្លាំង ដើម្បីត្រៀមខ្លួនទៅទទួលថ្នាក់ដឹកនាំរបស់ពួកគាត់វិលចូលស្រុកវិញ។ ពួកគាត់សង្ឃឹមថា ការវិលចូលស្រុករបស់លោក សម រង្ស៊ី នឹងមានដំណោះស្រាយនយោបាយនៅកម្ពុជាជាមិនខាន។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក ឡី សុខុន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៧ សីហាថា ចាប់តាំងដឹងថ្ងៃវិលចូលស្រុកជាក់លាក់របស់ លោក សម រង្ស៊ី មក គឺពួកលោកតែងតែជួបប្រជុំគ្នាជាញឹកញាប់ ដូចជា បានជជែកគ្នាតាមទូរស័ព្ទ ជួបប្រជុំគ្នាតាមហាងកាហ្វេ និងនៅក្នុងពិធីបុណ្យទានផ្សេងៗ។ លោកបន្តថា ពួកលោកសប្បាយចិត្ត និងមានការពុះកញ្ជ្រោលបន់ឱ្យតែដល់ថ្ងៃកំណត់ លោក សម រង្ស៊ី វិលចូលស្រុកវិញឱ្យបានឆាប់ៗ ដើម្បីទៅទទួលលោក ឱ្យមកជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា៖ «អ្នកណាមិនចង់ជួបឪពុករបស់យើងអ្នកណាមិនចង់មានសេចក្ដីសុខជាមួយឪពុកយើង អ្វីដែលសំខាន់ការវិលត្រឡប់មកនេះ គឺការផ្លាស់ប្ដូររបបនយោបាយ ប្ដូរពីររបបផ្ដាច់ការមករបបប្រជាធិបតេយ្យពិតប្រាកដ យើងចង់បានសិទ្ធិសេរីភាពក្នុងការរស់នៅ ក្នុងការប្រកបអាជីវកម្ម»។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន ឯណោះវិញ អ្នកស្រី វ៉ែន ដារា មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ សកម្មជនគណបក្សរបស់អ្នកស្រីនៅតំបន់ខ្មែរក្រហមផ្ដាច់ខ្លួន បានពង្រឹងសាមគ្គីគ្នាកាន់តែខ្លាំង ហើយពួកគេជ្រើសយកការជួបគ្នាក្នុងពិធីបុណ្យទាន ពិធីឡើងផ្ទះ និងពេលធ្វើដំណើរទៅចម្ការ៖ «ឥឡូវនេះខ្ញុំចង់ធ្វើសាររឿងផ្ដាច់ពន្ធដែរ ប៉ុន្តែដល់ពេលគិតទៅថាកុំឱ្យខាតដល់ការងាររបស់ពួកគាត់ បើយើងបានត្រៀមខ្លួនស្រេចហើយឱ្យតែគាត់មកនឹងទៅទទួលហើយ ទោះបីប្រឈមមុខយ៉ាងម៉េចក៏ដោយ នៅតែទៅ។ កាលពីមុនតស៊ូក្នុងព្រៃផង ទូលគ្រាប់ ទូលអង្ករចង់ងាប់នៅតែធ្វើបាន ដល់ពេលនេះតស៊ូដើម្បីការបញ្ចេញមតិយើងខ្លាចអី»។
មួយរយៈចុងក្រោយនេះ សកម្មជនគណបក្សប្រឆាំងចាប់ផ្ដើមផុលផុសពង្រឹងសាមគ្គីគ្នាឡើងវិញស្ទើរគ្រប់ខេត្ត ដើម្បីត្រៀមខ្លួនចាំទទួលលោក សម រង្ស៊ី ក្នុងរូបភាពខុសៗ គ្នា ដោយអ្នកខ្លះជួបប្រជុំគ្នាតាមផ្ទះ និងខ្លះទៀតជួបជជែកគ្នាតាមពិធីជប់លៀង និងបុណ្យទាន ជាដើម។
ក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក ជាតិ ខេមរា ថ្លែងថា មូលដែលពួកលោកជួបប្រជុំគ្នាញឹកញាប់ ដោយសារចង់ស្ដារប្រជាធិបតេយ្យឱ្យរស់ឡើងវិញ និងចង់ឱ្យកម្ពុជារីកចំរើនជឿនលឿន ដូចប្រទេសលោកខាងលិចដែរ៖ «ផុលផុសខ្លាំងបើនិយាយទៅបើយើងប្រៀបធៀបឆ្នាំ២០១៨ គឺខុសគ្នា៣ដងឯណោះ មានន័យក្នុងចំណោម ១០នាក់យ៉ាងហោចណាស់មានមនុស្ស ៨នាក់ទៅហើយមានអារម្មណ៍ពុះកញ្ជ្រោលអីចឹង ដូចសឹងតែថា ទៅកន្លែងណាក៏ពួកគាត់សួរថា យ៉ាងម៉េចហើយគាត់មកវិញថ្ងៃណា ហើយពិតប្រាកដទេ។ យើងថាវាច្បាស់ហើយពីព្រោះគម្រោងរបស់គាត់គឺ ផ្សាយទូលំទូលាយ យើងទន្ទឹងចាំឱ្យតែដល់ពេលវេលាទេ»។
គណបក្សសង្គ្រោះជាតិប្រកាសថា លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ដែលចំថ្ងៃបុណ្យឯករាជ្យជាតិ។ ទោះជាយ៉ាងណា របបក្រុងភ្នំពេញបានបញ្ជាក់ម្តងហើយម្តងទៀតអំពីវិធានការលើលោក សម រង្ស៊ី និងអ្នកហែហម ប្រសិនបើហ៊ានវិលចូលកម្ពុជាតាមកាលកំណត់មែននោះ។ កាលពីថ្ងៃទី២៥ សីហាកន្លងទៅ លោក ហ៊ុន សែន បានបង្ហោះសារលែបខាយឌឺដងដាក់លោក សម រង្ស៊ី កុំឱ្យភ្លេចពាក្យសន្យា ថា វិលចូលស្រុកខ្មែរវិញនៅថ្ងៃទី៩ វិច្ឆិកា។ លោក ហ៊ុន សែន បញ្ជាក់ថា ពន្ធនាគារក៏កំពុងរង់ចាំស្វាគមន៍លោក សម រង្ស៊ី ប្រសិនបើមេបក្សប្រឆាំងរូបនេះមកដល់កម្ពុជាវិញនោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកគ្មានជំនឿថា លោកសម រង្ស៊ី នឹងវិលត្រលប់មកស្រុកខ្មែរវិញទេ។ លោកបន្ថែមថា កន្លងមកប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ ប្រកូកប្រកាសជាច្រើនដងរួចមកហើយ តែលោកមិនបានចូលស្រុកដូចការសន្យានោះទេ។ ទោះជាយ៉ាងណាលោកគំរាមថា ពលរដ្ឋដែលទៅអមដំណើរនោះ អាចប្រឈមបញ្ហាផ្លូវច្បាប់ ព្រោះលោក សម រង្ស៊ី ជាទណ្ឌិតមានដីកាចាប់ខ្លួនពីតុលាការ៖ «ហើយទី២ទណ្ឌិតដែលទៅនឹង ក្នុងនាមខ្លួនឯងជាប្រធានស្ដីទីគណបក្ស អ៊ីចឹងគណបក្សនឹងត្រូវរំលាយរួចហើយ វាអត់មានត្រូវច្បាប់ទេ ពីព្រោះយើងដឹងថា សាលដីការបស់តុលាការកំពូលជាសាលដីកាស្ថាពរនិងបិទផ្លូវតវ៉ា ដូច្នេះរាល់អ្នកណាគាំទ្រជនណាដែលមានដីកាពីតុលាការជននោះគឺ ផ្ទុយពីសាលដីកាតុលាការហើយ»។
អ្នកសម្របសម្រួល និងអង្កេតអង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើងថា ការចូលរួមកិច្ចការនយោបាយ និងការចូលរួមធ្វើបាតុកម្មដោយសន្តិវិធី គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ទទូចឱ្យមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងរកផ្លូវចរចាត្រូវរ៉ូវគ្នា ដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ ប្រសើរជាងទាស់ទែងគ្នានាំឱ្យខាតបង់ប្រយោជន៍ជាតិ៖ «គឺមានតែអ្នកនយោបាយទេដែលលោកអាចធ្វើការជជែក ជាពិសេសយើងមើលឃើញហើយ ការទាមទាររបស់សហគមន៍ជាតិ និងអន្តរជាតិ ទាក់ទងលើការងាររឿងសិទ្ធិមនុស្ស និងរឿងសិទ្ធិនយោបាយអីជាដើមនឹងដែលត្រូវគិតពិចារណាឡើងវិញ»។
សកម្មជនបក្សប្រឆាំងសង្ឃឹមថា នៅពេលដែលលោក សម រង្ស៊ី វិលចូលស្រុក ពេលនោះនឹងមានដំណោះស្រាយនយោបាយជាក់ជាមិនខាន។ ពួកគេយល់ថា លោក ហ៊ុន សែន មិនហ៊ានចាប់ខ្លួនលោក សម រង្ស៊ី ដូចការព្រមានឡើយ ពីព្រោះប្រទេសប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិកនិង សហភាពអឺរ៉ុប ជាដើម យល់ច្បាស់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ហើយប្រទេសទាំងនោះនឹងដាក់សម្ពាធផ្នែកសេដ្ឋកិច្ចលើរបបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
