អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ថៃ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​គាំទ្រ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ជាថ្មី

អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ប្រមាណ ៤០​នាក់​នៅ​ប្រទេស​ថៃ ប្រមូលផ្ដុំ​គ្នា​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក បន្ត​គាំទ្រ​ឱ្យ​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឱ្យ​រស់​ឡើងវិញ​។ ពួកគេ​នៅតែ​មាន​សង្ឃឹមថា លោក សម រង្ស៊ី នឹង​អាច​រក​ច្រក​ធ្វើ​មាតុភូមិនិវត្តន៍​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ។

អ្នកគាំទ្រ​គណបក្សប្រឆាំង​ទាំងនេះ បាន​ប្ដេជ្ញា​ចិត្ត​ព្រម​គ្នា​នៅ​ពេល​ដែល​ពួកគេ​ប្រមូលផ្ដុំ​នៅ​ខេត្ត​នន់ថាក់បូរី (Nonthaburi) ជាប់​ទីក្រុង​បាងកក កាលពី​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា។

អ្នកចូលរួម​ក្នុង​ពិធី​ប្រមូល​ផ្ដុំ​គ្នា​ម្នាក់ លោក ស៊ុម សីហា ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា​ថា ការ​អភិវឌ្ឍន៍​របស់​ស្រុកទេស​នឹង​មិន​បាន​រីក​ចំរើន​ឡើយ ល្គឹកណា​គ្មាន​គណបក្ស​ប្រឆាំង ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ប្រដំប្រសងគ្នា​ជាមួយ​គណបក្ស​កាន់អំណាច ចូល​ប្រកួតប្រជែង​ក្នុង​បោះឆ្នោត​ជាតិ​នោះ​។ លោក​បន្ត​ថា បើ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​កុំ​ឱ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ចេះតែ​អូស​បន្លាយពេល នាំ​ឱ្យ​ខាតបង់​ដល់​ប្រយោជន៍​ជាតិ​។ លោក​បញ្ជាក់​ថា ពលករ​ខ្មែរ​នៅ​ថៃ​រាប់​ម៉ឺន​នាក់ កំពុង​រង់ចាំ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​ជាថ្មី ព្រោះ​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា បាន​ខកខាន​ដោយសារតែ​របប​ក្រុងភ្នំពេញ​រាំង​ខ្ទប់​គ្រប់​ច្រក ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​វិល​ចូល​ស្រុក​វិញ​បាន៖ «ខ្ញុំ​ទាមទារ​ការផ្លាស់ប្ដូរ​ព្រោះ​របប​នេះ ធ្វើបាប​ប្រជាពលរដ្ឋ​មិន​ឱ្យ​មាន​សិទ្ធិ​សេរីភាព និង​ចាប់ចង​មនុស្ស​តាម​អំពើ​ចិត្ត អីចឹង​យើង​ត្រូវការ​ផ្លាស់ប្ដូរ​របប​សិន​។​ម្យ៉ាងទៀត​មេដឹកនាំ​មុខ​ដដែល​ជាច្រើន​ឆ្នាំ​ហើយ​មិន​មាន​ការផ្លាស់ប្ដូរ​ទេ ខ្ញុំ​ចង់​ឱ្យ​មាន​ការផ្លាស់ប្ដូរ​មេដឹកនាំ​យ៉ាង​យូរ​ដឹកនាំ ២​អាណត្តិ ដូច​ប្រទេស​សហរដ្ឋអាមេរិក​ដែរ»។

លោក​បន្ត​ថា ការ​ជួប​ប្រជុំគ្នា​នេះ ដើម្បី​ជូនដំណឹង​ទៅ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ឱ្យ​ត្រៀមខ្លួន ទៅ​ចូល​អម​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ។

រីឯ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​បាន​ចូលរួម​ជួបជុំគ្នា​នេះ​ដែរ លោក ជីម ផាត ថ្លែង​ថា ពួកគេ​ត្រូវការ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ទៅ​ជួយ​រំដោះ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ពេញលេញ ពីព្រោះ​លោក ហ៊ុន សែន ចាប់ចង​មនុស្ស​តាម​អំពើ​ចិត្ត ដោយ​មិន​ព្រម​ដោះលែង​លោក ឱ្យ​មាន​សេរីភាព​ធ្វើ​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថា របប​ក្រុងភ្នំពេញ​ធ្វើ​បែប​នេះ ដើម្បី​បន្ត​អំណាច​ឱ្យ​បាន​យូរ​ទៅ​មុខ​ទៀត​។ ដូច្នេះ ពួកគេ​ដែល​ជា​ពលករ​នៅ​ប្រទេស​ថៃ មិន​អាច​នៅ​ស្ងៀម​បានទេ គឺ​ត្រូវ​ទៅ​ចូលរួម​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​វិល​ចូល​ស្រុក​ឱ្យ​ទាល់តែ​បាន ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៖ «ក្នុង​ការ​ថ្លែង​សារ​នោះ​ក្រុម​អ្នកគាំទ្រ​ស្រែក​ថា យើង​ជា​សម រង្ស៊ី ៣​ទៅ ៤​ដង​ក្នុង​ម្នាក់ ហើយ​ស្រែក​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី ។​ទោះបីជា​លោក​មិនបាន​កំណត់​ថ្ងៃខែ​មែន ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា មិន​យូរ​ទេ លោក​នឹង​ចូល​ទៅ​កម្ពុជា ដូច​ពួក​ខ្ញុំ​បាន​ប្រមូល​តួលេខ​ពលករ​និង​បាន​រៀបចំ​ពលករ​ជាស្រេច​ហើយ។ នៅ​ពេល​ដែល​លោក​ប្រធាន​ប្រកាស​ត្រឹម ២​ថ្ងៃ ខ្ញុំ​នឹង​ត្រៀម​តែម្ដង ហើយ​អត់ទ្រាំ​រស់​ក្រោម​របប​នេះ​តទៅ​ទេ ខ្ញុំ​នឹង​ស្ទុះស្ទា​គ្រប់បែប​យ៉ាង»។

ពាក់ព័ន្ធ​នឹង​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​ពលករ​នៅ​ប្រទេស​ថៃ គាំទ្រ​លោក សម រង្ស៊ី នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា ជា​រឿង​ធម្មតា ប៉ុន្តែ​លោក​ព្រមាន​ហាម​បញ្ចេញ​សកម្មភាព ព្រោះ​ការ​ធ្វើ​សកម្មភាព​នឹង​ត្រូវ​មានទោស​។ អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា ការ​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នឹង​ត្រូវ​មានទោស ហើយ​រដ្ឋាភិបាល​ថៃ នឹង​ចាប់​បញ្ជូន​ពួកគេ ទៅ​ទទួលទោស​នៅ​ប្រទេស​កម្ពុជា៖ «គេ​មាន​អារម្មណ៍​របៀប​ម្ដេច មានការ​ប្ដេជ្ញា​ស្លាប់​រស់​ជាមួយគ្នា​យ៉ាង​ម្ដេច ខ្ញុំ​អត់​មានការ​វាយតម្លៃ​ទេ អា​ហ្នឹង​ជា​សិទ្ធិ ជា​ជម្រើស​របស់​គាត់។ ក៏ប៉ុន្តែ​បើ​មាន​សកម្មភាព​គាត់​ត្រូវ​ទទួលទោស​។ ប្រទេស​ថៃ នឹង​ចាប់​ពួកគាត់​មក​ប្រទេស​ខ្មែរ ជាប់គុក»។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​គត់​សំគាល់​ថា ថ្វីត្បិតតែ​ថ្មី​នេះ​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​លក្ខ​ខណ្ឌ​មួយ​ចំនួន​ដល់​លោក កឹម សុខា និង​ដោះលែង​សកម្មជន​គណបក្សប្រឆាំង​ជាច្រើន​នាក់​ក្ដី ក៏​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ហាក់​មិន​ទាន់​បាន​ប្រសើរ​នៅឡើយ ពីព្រោះ​ពួកគេ​មិន​ទាន់​មាន​សិទ្ធិ​ពេញលេញ​ដូច​ប្រជាពលរដ្ឋ​ដទៃ​នៅ​ឡើយ៖ «យើង​ឃើញ​ការ​ដោះលែង​ទាំងអស់​ហ្នឹង​ដូចជា​សេរីភាព​មួយ​បណ្ដោះអាសន្ន​ទេ មិនមែន​ជា​សេរីភាព​ពេញលេញ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ឱ្យ​ពួកគាត់​ធ្វើ​សកម្មភាព​នយោបាយ​បាន​នៅឡើយ​ទេ អីចឹង​ដរាបណា​សេរីភាព​ដែល​មាន​លក្ខខណ្ឌ​បែបនេះ​យើង​យល់ថា កម្ពុជា​អត់​មានការ​បើក​សិទ្ធិ​សេរីភាព ទូលំទូលាយ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​អ្នកនយោបាយ​គ្រប់​ភាគី​បាន​ធ្វើ​នយោបាយ​ឱ្យ​បាន​ត្រឹមត្រូវ​ឱ្យ​បាន​ស្មើភាព និង​យុត្តិធម៌​អី​ហ្នឹង​នៅ​ឡើយ​ទេ»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា សង្គម​ប្រជាធិបតេយ្យ​ដែល​ល្អ ត្រូវ​មាន​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ប្រហាក់ប្រហែល​គ្នា ដើម្បី​មាន​អំណាច​តាមដាន​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព ដែល​ធ្វើ​ប្រទេស​អភិវឌ្ឍន៍​រីកចម្រើន​បាន​ឆាប់​រហ័ស។ ផ្ទុយ​ទៅ​វិញ​លោក​បញ្ជាក់​ថា ប្រទេស​ដែល​គ្រប់​ដោយ​របប​ឯក​បក្ស​នឹង​ធ្វើ​ឱ្យ​ប្រទេស​នោះ​អភិវឌ្ឍន៍​មាន​ចំណុច​ចន្លោះប្រហោង​ច្រើនជាង​សង្គម​ប្រជាធិបតេយ្យ។

អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​ប្រទេស​ថៃ អះអាង​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ជូនដំណឹង​ដល់​ពលករ​ខ្មែរ ឱ្យ​ត្រៀមខ្លួន​ទៅ​ទទួល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​ជា​បន្តបន្ទាប់​ទៀត​។ ពួកគេ​សង្ឃឹមថា លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ និង​អាច​រក​ច្រក​ចូល​ទៅ​កម្ពុជា​បាន​នៅ​ចុង​ឆ្នាំ​២០១៩ នេះ ពីព្រោះ​លោក សម រង្ស៊ី កំពុង​ធ្វើ​ការ​ទូត​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន និង​សហភាព​អឺរ៉ុប ដើម្បី​ឱ្យ​ដាក់​សម្ពាធ​ទៅ​របប​ក្រុងភ្នំពេញ​ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។