សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​មួយ​ចំនួន​បន្ត​យុទ្ធនាការ​ថ្លែង​សារ​ជំរុញ​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ

ដោយ សេក បណ្ឌិត
2019.08.16
អ្នក​គាំទ្រ​លោក សម រង្ស៊ី នៅ​ប៉ោយប៉ែត ៦២២ សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ដោយ​ប្រជាពលរដ្ឋ

សកម្មជន​គណបក្សប្រឆាំង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​បន្ត​ធ្វើ​យុទ្ធនាការ​ថ្លែង​សារ​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​រស់​ឡើងវិញ ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប។ សកម្មជន​ទាំងនោះ ព្រួយ​បារម្ភ​ថា ការ​ផ្ដាច់​ពន្ធ​EBA នាំ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជា ជាពិសេស​ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​រាប់​សែន​បាត់បង់​ប្រាក់ចំណូល។

មេឃុំ​ផ្ទះ​កណ្ដាល ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក វ៉ាន់ ម៉ាច ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១៥ សីហា ថា ពួកគាត់​ចំនួន​១០​នាក់ ជួប​ប្រជុំ​គ្នា​នៅផ្ទះ​សកម្មជន​គណបក្ស​លោក ថ្លែង​សារ​ព្រួយបារម្ភ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​EBA នៅ​រសៀល​ថ្ងៃ​ទី​១៥ សីហា។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ពួកគាត់​មិន​អាច​អត់​EBA​បានទេ ព្រោះ​ការ​អនុគ្រោះ​ពន្ធ​នេះ ជួយ​ឱ្យ​កូន​របស់​លោក​មានការ​ងារ​ធ្វើ បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​មិនបាច់​ធ្វើ​ចំណាកស្រុក​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ។ លោក​បន្ត​ថា ពួកគាត់​ព្រួយបារម្ភ​ជា​ខ្លាំង​នៅ​ពេល ដែល​សហភាព​អឺរ៉ុប​ផ្ដាច់​ពន្ធ EBA នឹង​ធ្វើ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​រាប់​សែន​នាក់​ប្រឈម​នឹង​ការបាត់បង់​ប្រាប់​ចំណូល​។​ពួកគាត់​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ត្រូវតែ​ប្រញាប់​ស្ដារ​ប្រជាធិបតេយ្យ​តាម​ការ​ស្នើ​សុំ​របស់​សហភាព​អឺរ៉ុប​ជាបន្ទាន់៖ «បើ​សិន​ណា​គេ​ផ្ដាច់​ពន្ធ EBA និង GSP នឹង​វា​ពាក់ព័ន្ធ​ទៅដល់​កម្មករ​រោងចក្រ​រហូតដល់​កសិករ​ទៀត ព្រោះ​សហភាព​អឺរ៉ុប​គេ​ដាក់​៤​ចំណុច​ឱ្យ​រដ្ឋាភិបាល​គោរព​តាម​សហភាព​អឺរ៉ុប​។​សហភាព​អឺរ៉ុប​គេ​ចង់​ឱ្យ​យើង​មាន​ប្រជាធិបតេយ្យ​ម្ល៉ោះហើយ គេ​ថា​យើង​អត់​មាន​ប្រជាធិបតេយ្យ គឺ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស អីចឹង​គេ​ចង់​បាន​ឱ្យ​យើង​គោរព​តាម​គោលការណ៍​របស់​គេ ៤​ចំណុច​នេះ»

ចំណែក​សកម្មជន​គណ​បក្ស​ប្រឆាំង​នៅ​បន្ទាយមានជ័យ និង​ខេត្ត​កណ្ដាល​ក៏​បាន​ជួប​ប្រជុំ​គ្នា​ថ្លែង​សារ​ជំរុញ​ដល់​របប​ក្រុងភ្នំពេញ ឱ្យ​ស្ដារ​ស្ថានការណ៍​នយោបាយ​ឱ្យ​បាន​ប្រសើរ​ឡើងវិញ​ដែរ​។​

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ស្រុក​ស្អាង ខេត្ត​កណ្ដាល​លោក លី ម៉េង ថ្លែង​ថា ពួកគាត់​រួម​ជាមួយ​កម្មករ​ធ្វើការ​រោងចក្រ​មាន​គ្នា​ប្រមាណ​២០​នាក់​ជួប​ប្រជុំគ្នា​នៅ​ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ថ្លែង​សារ​ជំរុញ​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ឱ្យ​គោរព​សិទ្ធិមនុស្ស និង​ប្រញាប់​ងាក​ទៅ​រក​តុ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ឡើងវិញ ដើម្បី​បញ្ចប់​បញ្ហា​នយោបាយ​នៅ​កម្ពុជា​។​លោក​បន្ថែម​ថា កម្មករ​រោងចក្រ​មួយ​ចំនួន​ចាប់ផ្ដើម​ជ្រួលច្របល់​រឿង​សហភាព​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធEBA នេះ​បណ្ដើរៗ​ហើយ ព្រោះ​ពួកគាត់​ភ័យខ្លាច​អត់​ការងារ​ធ្វើ​បន្ត​ទៀត៖ «ដល់​អ៊ីចឹង​គាត់​មាន​កង្វល់​ពួកគាត់​នាំគ្នា​ចូលរួម​ធ្វើ ហើយ​ក្នុងនាម​អ្នក​រស់នៅ​ក្នុង​សង្គម​មួយ បើ​យើង​មិន​ថ្លែង​សារ​អីចឹង​រំលឹក​ដល់​ថ្នាក់ដឹកនាំ​ជាតិ ឱ្យ​គាត់​ពិចារណា​ដើម្បី​រក​ដំណោះស្រាយ​រួម​ដើម្បី​ពលរដ្ឋ ហើយ​ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ការ​រស់នៅ​ត្រូវការ​ហូបចុក​ត្រូវ​សំលៀកបំពាក់ និង​ត្រូវ​ការ​សម្ភារៈ​ផ្សេង​ដើម្បី​ប្រើប្រាស់​គឺ ត្រូវការ​លុយ​ចាយ​ដូចគ្នា ហើយ​សិន​ណា​ផ្ដាច់​EBA នឹង​តៅ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​រួម»

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា របប​ដឹកនាំ​សព្វថ្ងៃ​មាន​ប្រជាធិបតេយ្យ​គ្រប់គ្រាន់​រួចហើយ ដោយ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​នោះ​ទេ​។ ផ្ទុយទៅវិញ គឺ​ក្រុម​បក្ស​ប្រឆាំង​ដែល​នៅ​ក្រៅ​ស្រុក​ទៅវិញ​ទេ ដែល​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ស្អប់ខ្ពើម​ចំពោះ​កម្ពុជា​នោះ៖ «សុទ្ធតែ​ពួក​អ្នក​វ៉ៃ​ឆ្នាំ​បាយ​របស់​កម្មករ រីឯ​រដ្ឋាភិបាល​ខំប្រឹង​ការពារ​ឆ្នាំងបាយ​កម្មករ វា​ជា​ការពិត មិនបាច់​គាត់​ថា​យ៉ាងម៉េច​ទេ។ អ្នក​ដែល​ដុត​ភ្លើង​ឱ្យ​ឆេះ​អ្នកនោះ​ត្រូវ​ចូលរួម​ពន្លត់ ខាង​រដ្ឋាភិបាល​បាន​ធ្វើ​គ្រប់​ជ្រុង​ហើយ ការងារ​របស់​មហាជន​តាំងពី​រក្សា ស្វែងរក​ទីផ្សារ​បន្ថែម ត្រូវ​បាន​យើង​កំពុងតែ​ជជែក​ជាមួយ​នឹង​ខាង​សហភាព​អឺរ៉ុប»

កាលពី​ថ្ងៃ​ទី​១២ សីហា សហភាព​អឺរ៉ុប​បិទ​បញ្ចប់​នីតិវិធី​៦ ខែ​ដំបូង​នៃ​ការពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុននឹង​ឈាន​ទៅ​ដល់​ការ​ផ្ដាច់​ពន្ធ​EBA ជា​ផ្លូវការ​នៅ​ពេល​ខាងមុខ​។ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ប្រាប់​របប​ក្រុងភ្នំពេញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា អឺរ៉ុប​នឹង​មិន​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន​នោះ​ទេ ហើយ​បើ​របប​នេះ​ចង់បាន​ការ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត ត្រូវតែ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ឱ្យ​បាន​ជា​ដាច់ខាត។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា លើកឡើង​ថា ការ​ជួប​ប្រជុំ​គ្នា​នេះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​មិន​ខុសច្បាប់​នោះ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក៏​យល់ស្រប​ទៅ​នឹង​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​នេះ​ដែរ ព្រោះ​កូនសោ​សំខាន់ ដើម្បី​កុំ​ឱ្យ​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA លុះត្រាតែ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ តាម​ការ​ស្នើសុំ​របស់​សហភាព​អឺរ៉ុប៖ «អ៊ីចឹង​គួរតែ​ពិនិត្យមើល​ឡើងវិញ​ទៅ​ថា អំពើ​ទាំងអស់​នឹង​កន្លង​មក​យើង​ចេះតែ​អះអាង​ថា យើង​អត់​បាន​ខុស​អត់​បាន​ឆ្គង ហើយ​គេ​នៅតែ​បន្ត​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​បន្ត​ទៀត អ៊ីចឹង​ដំណោះស្រាយ​វា​អត់​ទាន់​ចំ​នូវ​គោលដៅ​ដែល​គេ​ចង់បាន​នៅឡើយ​ទេ។ អ៊ីចឹង​គួរតែ​ពិនិត្យមើល​ហើយ​មានការ​ប្រែ​ឥរិយាបថ​នឹង​ខ្ញុំ​គិត​ថា វា​នឹង​អាច​ដោះស្រាយ​បាន​ហើយ»

លោក សឹង សែនករុណា យល់ថា នៅ​ពេល​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​ពន្ធ EBA នឹង​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ធំ​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ប៉ះពាល់​ដល់​ពលរដ្ឋ​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ នឹង​បាត់បង់​ប្រាក់ចំណូល​របស់​ពួក​គាត់។

មួយ​រយៈ​ចុងក្រោយ​នេះ សកម្មជន​គណបក្សប្រឆាំង​នៅ​តាម​ខេត្ត​មួយ​ចំនួន រួមមាន​ខេត្ត​បាត់ដំបង ខេត្ត​កំពង់ចាម និង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​កណ្ដាល ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​បង្ហោះ​តាម​ហ្វេសប៊ុក​រៀងៗ​ខ្លួន ដើម្បី​ជំរុញ​ទៅ​របប​លោក​ហ៊ុន សែន ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ឱ្យ​បាន​ឆាប់ ដើម្បី​រក្សា​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​បន្ត​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ។ សកម្មជន​ទាំងនោះ អះអាង​ថា ពួកគាត់​នឹង​ជួប​ប្រជុំ​គ្នា​ថ្លែង​សារ​ជំរុញ​ដល់​របប​ក្រុងភ្នំពេញ ជា​បន្តបន្ទាប់​ទៀត ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។