សកម្មជនគណបក្សប្រឆាំងមួយចំនួន រត់ភៀសខ្លួនទៅក្រៅប្រទេសជាថ្មី ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ សកម្មជនបក្សប្រឆាំងទាំងនោះអះអាងថា សមត្ថកិច្ចខេត្តនេះបន្តតាម និងធ្វើទុក្ខបុកម្នេញមកលើពួកគាត់ធ្វើឱ្យមិនអាចរស់នៅក្នុងស្រុកបាន។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា ការតាមដានសកម្មជនបក្សប្រឆាំងនេះ ដោយសារអាជ្ញាធរបារម្ភខ្លាចពួកគេធ្វើសកម្មជននយោបាយនាំឱ្យរង្គោះរង្គើដល់គណបក្សកាន់អំណាច។
យុវជនគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង លោក រុន ចន្ធី ថ្លែងនៅថ្ងៃទី២៨ វិច្ឆិកាថា ពួកលោកមិនមានសុវត្ថិភាពនោះទេ ព្រោះអាជ្ញាធរមូលដ្ឋាននៅតែបន្តតាមធ្វើទុក្ខបុកម្នេញមកលើពួកគាត់ដដែល។ លោកបន្តថា សកម្មជនដែលស្មោះស្ម័គ្រនឹងគណបក្សប្រឆាំងនៅខេត្តបាត់ដំបង ៦នាក់ហើយ បានភៀសខ្លួនជាថ្មីទៀត ដើម្បីរកទីកន្លែងមានសុវត្ថិភាព។ លោកបញ្ជាក់ថា មូលហេតុដែលរត់គេចខ្លួន ដោយសារប៉ូលិស និងអាជ្ញាធរមូលដ្ឋានតាមដានលោកគ្រប់ពេល ជាពិសេស នៅពេលដែលលោកជួបជុំគ្នាជាមួយសកម្មជននៅក្នុងហាងកាហ្វេ កាលពីថ្ងៃទី២១ វិច្ឆិកាកន្លងទៅ មានប៉ូលិសម្នាក់បានចូលទៅអង្គុយក្នុងហាងកាហ្វេសម្លឹងមុខពួកគាត់ និងនិយាយវិទ្យុទាក់ទងគ្នា ដោយបើកសំឡេងឮខ្លាំងបំភិតបំភ័យដល់ពួកគាត់ ធ្វើឱ្យភ័យខ្លាចហើយនាំគ្នារត់គេចរៀងៗ ខ្លួន៖ «ហើយនៅក្នុងហាងកាហ្វេខ្ញុំនៅទៅអង្គុយមិនដែលមានឮអាយកូមបើកទេ ប៉ុន្តែស្រាប់តែឃើញពួកខ្ញុំទៅគេនាំគ្នាចូលទៅហើយគេបើអាយកូមតែម្ដង។មកដល់ពេលនេះពួកខ្ញុំដែលជាសកម្មជនបក្សប្រឆាំងនៅតែមិនទាន់មានសុវត្ថិភាពទេ ព្រោះខ្ញុំផ្ទាល់ចូលទៅស្រុកខ្មែរមិនមានសុវត្ថិភាពមួយរយភាគរយទេ »។
លោកបន្តថា ពេលនេះលោកបានភៀសខ្លួនទៅដល់ប្រទេសថៃហើយ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។ លោកបន្តថា ក្រោយពីលោករត់គេចខ្លួនបានមួយថ្ងៃ អាជ្ញាធរមូលដ្ឋានបាននាំគ្នាចុះទៅសួររកលោកដល់ផ្ទះនៅសង្កាត់អូរចារក្រុងបាត់ដំបងម្ដងហើយម្ដងទៀត។ បញ្ហានេះ ធ្វើឱ្យសាច់ញាតិភ័យ ព្រោះខ្លាចលោកមិនមានសុវត្ថិភាព។ សកម្មជនបក្សប្រឆាំងរូបនេះបន្ថែមថា មូលហេតុដែលពួកគេរត់គេចខ្លួន ដោយសារពួកគេខ្លាចអាជ្ញាធរចាប់ បង្ខំឱ្យចូលសារភាពខុសពីឆន្ទៈរបស់ខ្លួន ដែលធ្វើឱ្យបាត់បង់ធនធានមនុស្ស ដើម្បីទៅទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញនៅពេលខាងមុខ។ កាលពីពេលថ្មីៗ នេះ មានសកម្មជនគណបក្សប្រឆាំងមួយចំនួន បានសារភាពចំពោះអាជ្ញាធរ ដែលភាគីគណបក្សប្រឆាំងអះអាងថា ការសារភាពទាំងនោះ ធ្វើឡើងដោយការបង្ខិតបង្ខំតាមការចង់បានរបស់អាជ្ញាធររបបក្រុងភ្នំពេញ។
ឆ្លើយតបនឹងបញ្ហាចោទប្រកាន់នេះ អភិបាលក្រុងបាត់ដំបងលោក ផេង សិទ្ធី ប្រាប់អាស៊ីសេរីថា អាជ្ញាធរពុំបានតាមធ្វើទុក្ខបុកម្នេញដល់សកម្មជនគណបក្សប្រឆាំងដូចការចោទប្រកាន់នោះឡើយ។ លោកបញ្ជាក់ថា ប្រសិនបើមានសមត្ថកិច្ចណាតាមយាយីដល់សកម្មជនបក្សប្រឆាំង គឺពួកគេអាច ប្ដឹងទៅសាលាក្រុងបាត់ដំបង ឬប្ដឹងទៅអាជ្ញាធរពាក់ព័ន្ធឱ្យមានវិធានការជុំវិញបញ្ហានេះបាន៖ «អ្នកដែលនិយាយនេះគឺបង្ខូចរដ្ឋាភិបាលទាំងស្រុងហើយ ព្រោះរដ្ឋាភិបាលមានច្បាប់មានទម្លាប់ ដូចនៅក្រុងបាត់ដំបងខ្ញុំជាមនុស្សអនុវត្តន៍ច្បាប់មិនមែនធ្វើអំពើថោកទាបណាទៅធ្វើទុក្ខបុកម្នេញពួកគាត់ទេ អាស្រ័យតែគាត់កុំប្រព្រឹត្តិខុសច្បាប់ »។
កាលពីពេលថ្មីៗនេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានបញ្ជាឱ្យតុលាការ និងក្រសួងយុត្តិធម៌ដោះលែងអ្នកទោសនយោបាយទាំងឡាយ ដែលពាក់ព័ន្ធនឹងគម្រោងធ្វើមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា កន្លងទៅ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក លោកបានព្រមានចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងជាច្រើននាក់ដាក់គុកវិញ ប្រសិនបើពួកគេហ៊ាននិយាយថា ការដោះលែងនេះដោយសារសម្ពាធពីអន្តរជាតិ ឬប្រសិនបើពួកគេនៅតែបន្តធ្វើសកម្មភាពគាំទ្របក្សប្រឆាំង។
ផ្ទុយពីការលើកឡើងរបស់លោក ហ៊ុន សែន នេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន ករុណា មានប្រសាសន៍ថា ថ្វីត្បិតតែថ្មីៗ នេះ តុលាការបានដោះលែង និងបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យដល់មន្ត្រីគណបក្សប្រឆាំងក៏ដោយ ក៏ស្ថានការណ៍នយោបាយនៅកម្ពុជាមិនទាន់បានធូរស្រាលនៅឡើយទេ ពីព្រោះពួកគេមិនទាន់មានសិទ្ធិពេញលេញ ក្នុងការដើរហើរ និងសិទ្ធិធ្វើនយោបាយដូចប្រជាពលរដ្ឋដទៃនៅឡើយ។ លោកកត់សំគាល់ថា មូលហេតុដែលអាជ្ញាធរបន្តធ្វើតាមឃ្លាំមើលសកម្មជនបក្សប្រឆាំង ដោយសារការព្រួយបារម្ភ ខ្លាចពួកគេធ្វើសកម្មភាពនយោបាយជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាថ្មីទៀត ដែលធ្វើឱ្យរង្គោះរង្គើដល់រដ្ឋាភិបាលសព្វថ្ងៃ៖ «យើងប្រកាន់ជំហរថារឿងទាំងអស់ហ្នឹងគាត់អត់មានអីខុសច្បាប់ទេ វាគ្រាន់តែជាការធ្វើសកម្មភាពផ្នែកនយោបាយទៅលើគណបក្សដែលគាត់ស្រលាញ់ទេ។អីចឹងរឿងទាំងនេះវាជារឿងជម្លោះនយោបាយ ព្រោះសកម្មភាពដែលពួកគាត់ទៅតាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិដែលកម្ពុជាបានឯកភាពយកមកអនុវត្តនោះ »។
បច្ចុប្បន្ននេះមានសកម្មជនគណបក្សប្រឆាំងប្រមាណ ១០០នាក់ហើយ ដែលកំពុងរស់នៅភៀសខ្លួននៅប្រទេសថៃ។ លោក រុន ចន្ធី អះអាងថា លោកនឹងសកម្មជនដទៃទៀតរត់ភៀសខ្លួន នៅតែប្រកាន់ជំហររង់ចាំទទួលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញដដែល ព្រោះពួកគាត់ជឿជាក់ថា នៅពេលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍នឹងអាចជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបានធូរស្រាលឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
