សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​បន្ត​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ

ដោយ ទីន ហ្សាការីយ៉ា
2019-07-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ជួបជុំគ្នា​ហូប​នំ​បញ្ចុក នៅ​ផ្ទះ​មេឃុំ​ជាប់ឆ្នោត ឃុំ​សាន់គរ លោក ជឹម ស៊ុនលី នៅ​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៩។
ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ជួបជុំគ្នា​ហូប​នំ​បញ្ចុក នៅ​ផ្ទះ​មេឃុំ​ជាប់ឆ្នោត ឃុំ​សាន់គរ លោក ជឹម ស៊ុនលី នៅ​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៩។
Photo provided

ក្រុម​សកម្មជន និង​មន្ត្រី​ជាប់ឆ្នោត​មូលដ្ឋាន របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បន្ត​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ដើម្បី​ពង្រឹង​ការ​សាមគ្គី។ សមត្ថកិច្ច​បាន​ឃ្លាំមើល និង​សួរនាំ​ពួកគេ​អំពី​កម្មវិធី​នេះ។ សង្គម​ស៊ីវិល​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ដើម្បី​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ដោយ​គ្មាន​ការ​រំខាន ឬ​អុកឡុក​កម្មវិធី​ឡើយ។

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ស្រុក​កំពង់ស្វាយ អះអាង​ថា ពួកគេ​នៅតែ រង​ការ​បំភិតបំភ័យ​ក្នុង​កម្មវិធី​ហូប​នំ​បញ្ចុក ព្រោះ​សមត្ថកិច្ច​បាន​ទៅ​ឃ្លាំមើល សួរនាំ និង​ថតរូប​របស់​ពួកគេ។

ជំទប់​ទី​២ ជាប់ឆ្នោត​នៃ​ឃុំ​ក្ដី​ដូង ស្រុក​កំពង់ស្វាយ លោក ជូ ភី ប្រាប់​អាស៊ីសេរី​ថា ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ បាន​ជួបជុំគ្នា​នៅផ្ទះ​របស់​មេឃុំ​ជាប់ឆ្នោត ឃុំ​សាន់គរ ដើម្បី​ហូប​នំ​បញ្ចុក​ជុំគ្នា ក្រោម​រូបភាព​កម្មវិធី​បង្កក់​ចៅ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២១ កក្កដា​។ លោក​ថា ដំបូង​មាន​អនុ​ប៉ុស្តិ៍​ឃុំ​សាន់គរ បាន​មក​សួរនាំ​អំពី​កម្មវិធី និង​ចំនួន​អ្នកចូលរួម ហើយ​ក្រោយមក សមត្ថកិច្ច​ឃុំ​សាន់គរ បាន​ទូរស័ព្ទ​ប្រាប់​ខាង​អធិការដ្ឋាន​ស្រុក​កំពង់ស្វាយ ទើប​មាន​ប៉ូលិស​ច្រើន​នាក់ បាន​ជិះ​ឡាន​មក​ឃ្លាំមើល​ពី​ផ្លូវជាតិ​ទៅ។

លោក ជូ ភី ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​បង្ករឿង និង​បំភិតបំភ័យ​ពលរដ្ឋ​ធ្ងន់ធ្ងរ​។ លោក​ទាមទារ​ឱ្យ​សមត្ថកិច្ច​បញ្ឈប់​ការ​ឃ្លាំមើល និង​សួរនាំ​បែបនេះ​តទៅទៀត ហើយ​ត្រូវ​គោរព​សិទ្ធិ​ពួក​លោក​ខ្លះ​ផង៖ «អាហ្នឹង​គំរាម គំរាម​ជាក់ស្ដែង​។ ពីមុន​ខ្ញុំ​អត់​គិត​ថា គំរាម​ទេ កន្លងមក ទោះបី​ក្នុង​រូបភាព​យ៉ាង​ម្ដេចក៏ដោយ មិន​ថា បង្កក់​កូន​ទេ​។ គ្រាន់​ថា កាលដែល​យើង​ទៅ​ហូប​នំ​បញ្ចុក គឺ​របៀប​ដែល​យើង​រួមគ្នា​ហៅថា សាមគ្គីភាព ស្នេហា​ជាតិ​។ ដល់ពេល​តាមតែ​គាត់​ទៅ​មើល​ហ្នឹង គឺ​គំរាម​។ គំរាម​ទាំងស្រុង​តែម្ដង ស្រស់​ហ្មង​គំរាម​។ គំរាម​សួរ ជីក​ឫស​ជីក​គល់ គឺ​គ្រាន់តែ​ហូប​នំ​បញ្ចុក​សួរ​ជីក​ឫស ជីក​គល់​។ វា​ហាក់បីដូចជា ខ្ញុំ​ថា នៅ​ក្នុង​របប​ ៣​ឆ្នាំ វា​ដកដង្ហើម​អត់​បាន។ វា​ហួសហេតុ។ វា​អត់​មាន​ច្បាប់​ណា​ចែងថា ស៊ី​នំ​បញ្ចុក​មក​ស៊ើប​អង្កេត។ តួនាទី​ប៉ូលិស​វា​មាន​ដល់​ថ្នាក់​ឯណា (​ដូច​) ជំនាន់​ ប៉ុល ពត ទៅ​ហើយ​។ វា​អស់​ហ្មង»

មេឃុំ​ជាប់ឆ្នោត ឃុំ​សាន់គរ ស្រុក​កំពង់ស្វាយ លោក ជឹម ស៊ុនលី ប្រាប់​ថា កម្មវិធី​ហូប​នំ​បញ្ចុក​នៅផ្ទះ​របស់​លោក ព្រឹក​មិញ មិនបាន​ថ្លែង​សារ​នយោបាយ​អ្វី​ឡើយ ដោយសារ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ព្រួយបារម្ភ​ខ្លាច​សមត្ថកិច្ច​រករឿង និង​ចោទ​ប្រកាន់​​ពួក​គាត់​។ លោក​ថា កម្មវិធី​នោះ បាន​បញ្ចប់​ទៅវិញ ក្រោយពេល​មានការ​សួរនាំ និង​ឃ្លាំមើល​ពី​សមត្ថកិច្ច៖ «គេ​ទៅ​សាកសួរ ទៅ​សួរ​។ សួរ​ថា​ធ្វើ​អ្វីៗ​? ខ្ញុំ​ស្ដាប់​លឺ ប្រាប់​ថា បង្កក់​ចៅ​ទេ អត់​មាន​កម្មវិធី​អ្វី​ទេ​? អត់​ទេ អត់​មាន​គាំទ្រ​អ្វី​ទេ បាទ​! ជួបជុំគ្នា ក៏​ថត​ទៅ​ណា»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ក្រុម​អាជ្ញាធរ​ដែល​រង​ការចោទប្រកាន់​ពី​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ កក្កដា ក៏ប៉ុន្តែ​ស្នងការ​ខេត្ត លោក អ៊ុក កុសល ធ្លាប់​អះអាង​ប្រាប់​អាស៊ីសេរី​ថា មិន​ដែល​មាន​ករណី​សមត្ថកិច្ច​ទៅ​ឃ្លាំមើល សួរនាំ ឬ​ថតរូប សកម្មជន​បក្ស​ប្រឆាំង​ឡើយ​៖ «មិន​មាន​ទេ​។ កិច្ចការងារ​ណា ទៅ​អ៊ី​ណា​។ ដូច​និយាយ​អ៊ីចឹង ខ្ញុំ​ឃើញ​តែ​ផ្សាយ​គ្រប់កន្លែង​អ៊ីចេះ អ៊ីចុះ អ៊ីចឹង​បាន​ថា​។ ក៏ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ដែរ​ណា​ថា ខាង​បង ចូលចិត្ត​ផ្សាយ​អ្វី ដែល​​បាន​និយាយ​ឱ្យ​ពិត​។ ចង់​បញ្ជាក់​អ៊ីចឹង​ដែរ​។ ចង់​បញ្ជាក់​។ កុំ​ឱ្យ​ខ្ញុំ​និយាយ​ជាមួយ​បង​ទៅ​រឿង​ផ្សេង។ បាទ​! ព្រោះ​មិន​មាន​ទេ ប្រជាពលរដ្ឋ គាត់​ហូប​អ្វី ធ្វើ​អ្វី មិន​មាន​នរណា​ទៅ​ហាមឃាត់​គាត់ ធ្វើ​អ្វី​ទេ​។ ដល់​អ៊ីចឹង​ទៅ ខ្ញុំ​ចង់​អស់សំណើច និយាយ​​អ៊ីចឹង»

ទោះជា​យ៉ាងណា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់អំណាច លោក ស ខេង ធ្លាប់​លើកឡើង កាលពី​ខែ​មិថុនា​ថា សមត្ថកិច្ច​សង្ស័យ និង​រក​ឃើញ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ខ្លះ បាន​យក​ឈ្មោះថា ជុំ​គ្នា​ហូប​នំ​បញ្ចុក ប៉ុន្តែ​ការពិត គឺ​ប្រជុំ​គ្នា ជជែក​រឿង​នយោបាយ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បាន​ណែនាំ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ ប្រជុំ​រឿង​នយោបាយ ត្រៀមខ្លួន​បោះឆ្នោត​ឆ្នាំ​២០២២ ឬ ឆ្នាំ ២០២៣ ទើប​គ្មាន​បញ្ហា និង​ជា​រឿង​ល្អ។

អ្នកការពារ​សិទ្ធិមនុស្ស អះអាង​ថា ពលរដ្ឋ​គ្រប់រូប​ត្រូវ​បាន​ច្បាប់​ធានា​ថា មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​ជួប​ប្រជុំគ្នា ទោះ​ជជែក​រឿង​នយោបាយ គាំទ្រ​នយោបាយ ឬ​ហូប​អ្វី​ក៏ដោយ ក៏​គ្មាន​ទោស​ដែរ។

អ្នក​សម្របសម្រួល​អង្គការ​ លីកាដូ (Licadho) ខេត្ត​កំពង់ធំ លោក ខន សុជា ឱ្យ​ដឹង​ថា ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​ជួប​ប្រជុំគ្នា ជជែក​រឿង​នយោបាយ ហើយ​ពួកគេ​មាន​សិទ្ធិ​សេរីភាព ក្នុង​ការ​គាំទ្រ​គោល​នយោបាយ​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​។ លោក​ថា បើ​ទោះ ក្រុម​សកម្មជន​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​ហូប​នំ​បញ្ចុក​ជជែក​រឿង​នយោបាយ ក៏​គ្មាន​ច្បាប់​ណា ហាមឃាត់​សិទ្ធិ​ពួកគេ​ដែរ​។ លោក​ថា បើ​សមត្ថកិច្ច​ទៅ​ហាមឃាត់​សិទ្ធិ​សេរីភាព​ពួកគេ ទើប​​ជា​រឿង​ខុស​ច្បាប់៖ «គាត់​និយាយ​រឿង​នយោបាយ គាំទ្រ​ហ្នឹង គាត់​បាន​ទៅ​ធ្វើ​សកម្មភាព​ឱ្យ​ខុសច្បាប់​ឬ​នៅ​? បើ​ត្រឹមតែ​ថា និយាយ​ក្នុង​ចិត្ត​របស់​គាត់​ថា គាត់​គាំទ្រ​គណបក្ស​នេះ គាំទ្រ​បុគ្គល​នេះ ខ្ញុំ​គិត​ថា ជា​សិទ្ធិ​របស់​គាត់»

ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ បាន​នាំគ្នា​រៀបចំ​កម្មវិធី ហូប​នំ​បញ្ចុក​ជុំ​គ្នា​រៀងរាល់​ចុង​សប្ដាហ៍ ដើម្បី​ជជែក​គ្នា និង​រំលឹក​អនុស្សាវរីយ៍ កាល​ធ្វើការ​ជាមួយគ្នា ជា​មន្ត្រី​របស់​គណបក្ស​សង្គ្រោះជាតិ​។ ការ​ជួប​ជុំគ្នា​ហូប​នំ​បញ្ចុក​រាល់​ចុង​សប្ដាហ៍​ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ភាគច្រើន​រង​ការ​ឃ្លាំមើល សួរនាំ និង​ថតរូប​ពី​សំណាក់​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​។ ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ មិនបាន​រារាំង​សកម្មភាព​ពួកគេ​ឡើយ។

បើ​ទោះ​យ៉ាងណា ក្រុម​សកម្មជន​បក្ស​ប្រឆាំង នៅ​ខេត្ត​កំពង់ធំ ប្ដេជ្ញា​ថា ពួកគេ​នឹង​នៅតែ​បន្ត​ធ្វើ​កម្មវិធី​ជួបជុំគ្នា ហូប​នំ​បញ្ចុក​រៀងរាល់​ចុង​សប្ដាហ៍​បន្ត​ទៀត ដោយ​មិន​ភ័យ​តក់ស្លុត​ឡើយ​។ ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ថា ការ​ឃ្លាំមើល ឬ​គំរាមកំហែង​ពួក​គេ មិនបាន​ផ្ដល់​ផល​ចំណេញ​ដល់​អាជ្ញាធរ និង​បក្ស​កាន់​អំណាច​ឡើយ​។ ផ្ទុយទៅវិញ ការ​​ធ្វើ​​បែប​នេះ នឹង​​ធ្វើ​​ឱ្យ​​ពលរដ្ឋ​​មិន​​ពេញ​​ចិត្ត​បក្ស​កាន់អំណាច កាន់តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល