សកម្មជនគណបក្សប្រឆាំងនៅស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ប្រមូលផ្ដុំគ្នាថ្លែងសារព្រួយបារម្ភខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសធ្វើឱ្យកម្មកររោងចក្របាត់បង់ប្រាក់ចំណូល។ មន្ត្រីសង្គមស៊ីវិលថា ការថ្លែងសារនេះ ជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដោយស្របច្បាប់។
សកម្មជនគណបក្សប្រឆាំងនៅខេត្តកំពង់ចាមថា ពួកគាត់ថ្លែងសារនេះដោយសារថ្ងៃកំណត់ពិនិត្យវាយតម្លៃការផ្ដាច់ ឬមិនផ្ដាច់ពន្ធEBA របស់សហគមន៍អឺរ៉ុបជិតដល់ហើយ ស្របពេលដែលរបបលោក ហ៊ុន សែន នៅតែមិនមានប្រជាធិបតេយ្យពេញលេញនៅឡើយទេ។
សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាមជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិ លោក វ៉ា គឹមហៀន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១១ សីហា ថា ពួកគាត់ប្រមាណ ១៥នាក់ គឺជាអ្នកស្រឡាញ់ប្រជាធិបតេយ្យ បានជួបប្រជុំគ្នាផ្ទះប្រជាពលរដ្ឋនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីថ្ងៃទី១០ សីហា ថ្លែងសារព្រួយបារម្ភខ្លាចសហភាពអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសប្រជាពលរដ្ឋក្រីក្រ មានកូនធ្វើការងារក្នុងកម្មកររោងចក្រនឹងបាត់បង់ប្រាក់ចំណូល។ លោកបន្តថា សារសំខាន់របស់ពួកលោក គឺទាមទារឱ្យរដ្ឋាភិបាលឯកបក្ស គោរពតាមការស្នើសុំរបស់សហភាពអឺរ៉ុប ជាពិសេសដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងបើកផ្លូវឱ្យគណបក្សនេះរស់ឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងបោះឆ្នោតជាថ្មី៖ «ព្រោះអីប្រជាធិបតេយ្យសព្វថ្ងៃមិនពេញលេញទេ ដោយសារមានការបិទសិទ្ធសេរីភាពពលរដ្ឋ ដល់អ៊ីចឹងហើយប្រទេសជឿនលឿនមួយចំនួនគេឃើញមិនសមស្របដូចតែពលរដ្ឋខ្មែរដែរ បានជាគេបង្ខំកាត់ EBA ។ កាលណាតែយើងនៅសំងំស្ងៀមទាំងអស់គ្នាកូនចៅយើងវេទនា ហើយខ្លួនយើងក៏វេទនាដែរមិនមែនវេទនាតែខ្លួនយើងទេ វាទាំងអស់តែគ្នានឹង សូម្បីតែខាងមន្ត្រីគណបក្សប្រជាជនកម្ពុជាក៏ព្រួយបារម្ភលើរឿងនេះដែរ តែពួកគាត់មិនហ៊ាននិយាយ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា របបដឹកនាំសព្វថ្ងៃមានប្រជាធិបតេយ្យត្រឹមត្រូវ ដោយមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ ផ្ទុយទៅវិញ គឺក្រុមបក្សប្រឆាំងដែលនៅក្រៅស្រុកទេ ដែលធ្វើឱ្យសហភាពអឺរ៉ុបស្អប់ខ្ពើមកម្ពុជានោះ៖ «សុទ្ធតែពួកអ្នកវ៉ៃឆ្នាំបាយរបស់កម្មករ រីឯរដ្ឋាភិបាលខំប្រឹងការពារឆ្នាំងបាយកម្មករ វាជាការពិតមិនបាច់គាត់ថាយ៉ាងម៉េចទេ។ អ្នកដែលដុតភ្លើងឱ្យឆេះអ្នកនោះត្រូវចូលរួមពន្លត់ ខាងរដ្ឋាភិបាលបានធ្វើគ្រប់ជ្រុងហើយ ការងាររបស់មហាជនតាំងពីរក្សា ស្វែងរកទីផ្សារបន្ថែម ត្រូវបានយើងកំពុងតែជជែកជាមួយនឹងខាងសហភាពអឺរ៉ុប»។
កាលពីថ្ងៃទី១០ សីហា សកម្មជនគណបក្សសង្គ្រោះជាតិនៅស្រុកចម្ការលើ ប្រមាណ ២០នាក់ និងក្រុងកំពង់ចាម ប្រមាណ ១៥នាក់ បានជួបប្រជុំគ្នាថ្លែងសារព្រួយបារម្ភអំពីEBA នៅតាមស្រុករៀងៗ ខ្លួន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើងថា ការជួបប្រជុំគ្នានេះជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ គឺមិនខុសច្បាប់នោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមទៀតថា ការបារម្ភរបស់ពលរដ្ឋ គឺជារឿងត្រឹមត្រូវ ព្រោះកូនសោសំខាន់ ដើម្បីកុំឱ្យអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA លុះត្រាតែរដ្ឋាភិបាលស្ដារប្រជាធិបតេយ្យឡើងវិញ តាមការស្នើសុំរបស់សហភាពអឺរ៉ុប៖ «បញ្ហាទាំងអស់នេះមិនមែនជាបញ្ហារបស់គណបក្សប្រឆាំងទេ គឺជាបញ្ហារបស់រដ្ឋាភិបាលខ្លួនឯងដែលចាប់ផ្ដើមបង្កឱ្យមានការរឹតត្បិតទៅលើការដាក់សម្ពាធពីខាងក្រៅប្រទេសមកនោះ។ អីចឹងហើយបើសិនជាយើងនៅតែមិនអាចធ្វើការដោះស្រាយបញ្ហានេះបានទេ អីចឹងវានៅតែបន្តអូសបន្លាយពេលទៀត»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា នៅពេលអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឱ្យខាតប្រយោជន៍ធំដល់សេដ្ឋកិច្ចជាតិ ជាពិសេសប៉ះពាល់ពលរដ្ឋធ្វើការក្នុងវិស័យកាត់ដេរ នឹងបាត់បង់ប្រាក់ចំណូល។
មួយរយៈចុងក្រោយនេះ សកម្មជនគណបក្សប្រឆាំងនៅតាមខេត្តមួយចំនួន ដូចជាខេត្តបាត់ដំបង និងខេត្តកំពង់ចាម បានជួបប្រជុំគ្នាថ្លែងសារបង្ហោះតាមហ្វេសប៊ុក ជំរុញរបបលោក ហ៊ុន សែន ឱ្យស្ដារប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ដើម្បីរក្សាពន្ធ EBA របស់សហភាពអឺរ៉ុបឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ សកម្មជនទាំងនេះអះអាងថា ពួកគាត់ត្រៀមជួបជុំគ្នាថ្លែងសារលើរឿងនេះ ជាបន្តបន្ទាប់ទៀត ក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។