សកម្មជន​បក្ស​ប្រឆាំង​នៅ​បាត់ដំបង​បន្ត​ពង្រឹង​សាមគ្គីភាព​ត្រៀម​ទទួល​លោក សម រង្ស៊ី

0:00 / 0:00

សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​នៅតែ​បន្ត​ជួបប្រជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​ពង្រឹង​សាមគ្គីភាព​ត្រៀមខ្លួន​ទៅ​ចូលរួម​អម​ដំណើរ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាងមុខ។ ពួកគេ​សង្ឃឹមថា នៅ​ពេល​លោក​សម រង្ស៊ី ចូល​ស្រុក​វិញ កម្ពុជា​នឹង​មាន​ដំណោះស្រាយ​នយោបាយ​ដាក់​ជា​មិនខាន។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង លោក រុន ចន្ធី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា ទោះបី​អាជ្ញាធរ​នៅ​តាម​ខេត្ត​មួយ​ចំនួន បាន​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ២០​នាក់ ដាក់​ពន្ធនាគារ ក៏​ពួកគេ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក​ទុក្ខបុកម្នេញ​នោះ​ឡើយ​។ លោក​អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​ពង្រឹង​សាមគ្គីភាព ដោយសារ​មិន​ពេញចិត្ត​នឹង​របប​ដឹកនាំ​សព្វថ្ងៃ ដែល​បាន​សម្លាប់​ប្រជាធិបតេយ្យ និង​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ លោក​បញ្ជាក់​ទៀត​ថា សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ភាគច្រើន​ពុះកញ្ជ្រោល បន់​ឱ្យ​តែ​ដល់​ថ្ងៃ​ទី​៩ វិច្ឆិកា​មកដល់ ដើម្បី​ទៅ​ទទួល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍ ដើម្បី​ស្ដារ​មុខមាត់​របស់​កម្ពុជា​ឱ្យ​បាន​ល្អ​ឡើងវិញ​នៅ​លើ​ឆាក​អន្តរជាតិ៖ «ពួក​ខ្ញុំ​គឺ​ច្រើន​មិនមែន​តែ​ពួក​ខ្ញុំ​ជា​សកម្មជន​ទេ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន គាត់​ថា​នៅ​ពេល​លោក សម រង្ស៊ី ចូល​ស្រុក ពួកគាត់​សម្រាក​ពី​ការងារ​ទៅ​ទទួល​លោក​ប្រធាន ព្រោះ​ពួកគាត់​ស្រលាញ់​លោក​ប្រធាន និង​ចង់​លោក​ចូល​មក​កម្ពុជា​ឆាប់ៗ»។

ចំណែក​សកម្មជន​គណ​បក្ស​ប្រឆាំង​នៅ​ស្រុក​បវេល លោក ឡុង នឹម ថ្លែង​ថា មួយ​រយៈ​ចុងក្រោយ​នេះ ពួកគាត់​បាន​ណាត់​សមាជិក​ប្រឹក្សា​ឃុំ និង​ក្រុមប្រឹក្សា​ស្រុក​ជាប់ឆ្នោត​គណបក្ស​លោក​ជួប​ប្រជុំគ្នា​ដើម្បី​ត្រៀម​កម្លាំង​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ លោក​បន្ត​ថា ពួកគាត់​បាន​ព្រមព្រៀងគ្នា​រួម​ជាស្រេច​ហើយ គឺ​រង់ចាំ​តែ​សញ្ញា​ភ្លើង​ខៀវ​ពី​ខាងក្រៅ​ប្រទេស​មកដល់ ដើម្បី​ប្រមូល​គ្នា​ចេញទៅ​ទទួល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លាម៖ «បាទ ! កម្លាំង​ទាំងអស់​នៅតែ​ស្អិតល្មួត ហើយ​យើង​នៅតែ​រឹងមាំ​បន្ត​ទៀត។ យើង​រឹងមាំ​តាំងពី​សតិអារម្មណ៍ និង​ការ​លះបង់​របស់​យើង​ទាំងអស់​គ្នា ។ អីចឹង​យើង​ពង្រឹង​សាមគ្គី​នេះ​ដោយសារ​ចង់បាន​ប្រជាធិបតេយ្យ​ពេញលេញ​នៅ​ក្នុង​ប្រទេស​របស់​យើង»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា លោក​មិន​ជឿ​ថា លោក សម រង្ស៊ី នឹង​វិល​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ទេ​។ លោក​បន្ថែម​ថា កន្លង​មក​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​រូប​នេះ ធ្លាប់​ប្រកូក​ប្រកាស​ជាច្រើន​ដង​រួច​មក​ហើយ តែ​លោក​មិន​បាន​ចូល​ស្រុក​ដូច​ការសន្យា​នោះ​ទេ​។ ប៉ុន្តែ​លោក​បាន​គំរាម​ថា ពលរដ្ឋ​ដែល​ទៅ​អម​ដំណើរ​ក្រុម​បក្ស​ប្រឆាំង​នោះ អាច​ប្រឈម​បញ្ហា​ផ្លូវច្បាប់ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​មាន​ដីកាចាប់ខ្លួន​ពី​តុលាការ៖ «អាហ្នឹង​វា​ជា​សិទ្ធិ​របស់​គាត់ ក៏ប៉ុន្តែ​ជា​សិទ្ធិ​ដែល​ខុសច្បាប់ ព្រោះថា ទណ្ឌិត​គ្មាន​តួនាទី​អី ហើយ​មាន​ដីកា​ចាប់ខ្លួន​ពី​តុលាការ​រួចហើយ។ អីចឹង ទៅ​ទទួល​មាន​ទោស​តើ​វា​ត្រូវ​ច្បាប់​ឬ​ខុសច្បាប់​ ?»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា សកម្មជន​គណបក្សប្រឆាំង​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំគ្នា​សម្ដែង​មតិ របស់​ពលរដ្ឋ​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ កត់​សំគាល់​ថា មូលហេតុ​ដែល​ពលរដ្ឋ​ទាំងនោះ​បន្ត​ជួប​ប្រជុំគ្នា​នេះ​ដោយសារ​ពួកគាត់​យល់​ថា វិធានការ​របស់​អាជ្ញាធរ​ប្រឆាំង​គណបក្ស​សង្គ្រោះជាតិ កន្លង​មក​គឺជា​រឿង​នយោបាយ៖ «បើសិនជា​រឿង​នយោបាយ​គាត់​ថា មិន​មាន​នរណា​ម្នាក់​អាច​រារាំង ឬ​មាន​អ្នកណាម្នាក់​ជាប់គុក​ច្រវាក់​ទេ អីចឹង​ចំពោះ​ថា​រឿង​នយោបាយ​មិន​នយោបាយ​មិនមែន​យើង​ជា​អ្នក​ថា​ទេ គឺ​គេ​អ្នកមើល​មក​គេ​ឱ្យ​តម្លៃ​លើ​រឿង​នេះ ។ ដូចជា​យើង​ថា យើង​ល្អ​ឬ​អាក្រក់​យើង​កុំ​ទៅ​អួត​ខ្លួនឯង ពាក្យចាស់​ធ្លាប់​និយាយ​ហើយ​ថា អត់​អាច​អង្គុយ​លើ​ចង្អេរ​អួត​ថា ខ្លួនឯង​ល្អ​ទេ គេ​ជា​អ្នកជា​អ្នក​វាយ​តម្លៃ គេ​ជា​អ្នក​ដាក់​ពិន្ទុ។ អីចឹង​អ្នក​វាយ​តម្លៃ​ដាក់​ពិន្ទុ​គឺ មតិ​ជាតិ​និង​អន្តរជាតិ គឺ​ប្រជាពលរដ្ឋ​នេះឯង»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​សុំ​ឱ្យ​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​មេដឹកនាំ​គណបក្សប្រឆាំង​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដើម្បី​ប្រយោជន៍​ជាតិ​ជា​ធំ ប្រសើរ​ជាង​ការ​យក​ឈ្នះ​យក​ចាញ់​រៀងខ្លួន​នាំ​ឱ្យ​ដល់​សេដ្ឋកិច្ច​ជាតិ។ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤​បាន​ស្នើ​ឲ្យ​ព្រះមហាក្សត្រ យាង​ជា​ព្រះអធិបតី​ដើម្បី​កោះ​ប្រជុំ​រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ចរចា​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ទាត់​ចោល​សំណើ​នេះ។

សកម្មជន​គណបក្សប្រឆាំង​ខេត្ត​បាត់ដំបង​អះអាង​ថា ចាប់​ពី​ពេល​នេះ​ទៅ ពួកគេ​នឹង​ជួបជុំគ្នា​ពង្រឹង​សាមគ្គី​នៅ​តាម​ហាង​កាហ្វេ និង​នៅ​ក្នុង​ពិធី​ផ្សេងៗ​បន្ត​ទៀត ដើម្បី​រៀបចំខ្លួន​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។