សកម្មជន​បក្ស​ប្រឆាំង​នៅ​បន្ទាយមានជ័យ​ថា ខ្លួន​រង​ការ​រឹតត្បិត​សេរីភាព​ពី​សមត្ថកិច្ច​កាន់តែ​ខ្លាំង

0:00 / 0:00

សកម្មជន​គណបក្សប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទប្រកាន់​មន្ត្រី​ប៉ូលិស​ខេត្ត​នេះ​ថា ដាក់​កម្លាំង​តាមដាន​រឹតត្បិត​សិទ្ធិ​សេរីភាព​មក​លើ​ពួកគាត់​កាន់តែ​ខ្លាំង ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​ដើរហើរ និង​ការ​ជួប​ប្រជុំ​គ្នា​របស់​ពួកគាត់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា សកម្មភាព​របស់​សមត្ថកិច្ច​នេះ គឺជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ប្រជាពលរដ្ឋ ដោយ​ខុស​ពី​ច្បាប់​ចែង។

សកម្មជន​គណបក្សប្រឆាំង​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​លើកឡើង​ថា ចាប់​តាំង​ពី​ប្រធាន​ស្ដីទី គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​មក គឺ​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​បាន​ដាក់​កម្លាំង​តាមដាន​ពួកគាត់​កាន់តែ​ខ្លាំង​ឡើង។

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក ឆាំ សុភាន់ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៩ សីហា ថា សិទ្ធិ​រស់នៅ​របស់​គ្រួសារ​លោក​កាន់តែ​រួម​តូច ដោយ​មិន​អាច​ដើរហើរ​ទៅ​ជួបជុំ​សាច់ញាតិ ឬ​សហការី​ធ្លាប់​រួមការ​ងារ ដូច​ពេល​មិន​ទាន់​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ ព្រោះ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត តាមដាន​បំភិតបំភ័យ​ដល់​ផ្ទះ របស់​លោក​ជា​រៀងរាល់ថ្ងៃ។ ជាង​នេះ​ទៅ​ទៀត សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា កាលពី​ថ្ងៃ​ទី​៦ សីហា កន្លង​ទៅ ប៉ូលិស​ក្រុង​ប៉ោយប៉ែត ប្រមាណ​១០​នាក់ តាម​ធ្វើទុក្ខបុកម្នេញ មក​លើ​រូបលោក​តាំងពី​ចេញ​ពី​ផ្ទះ រហូតដល់​កន្លែង​ហូប​អាហារ​ជុំ​គ្នា​ជាមួយ​សកម្មជន​បក្សសង្គ្រោះជាតិ នៅ​ដុងអារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត៖ «វា​អត់​ដូច​ពីមុខ​យ៉ាងណា​ក៏​យើង​អាច​ជួបជុំគ្នា​បាន គ្រាន់​ថ្ងៃ​ណោះ​យើង​ជួបជុំគ្នា​ហូប​ចុង​ក៏​ប៉ូលិស​តាម​ប្រាំពីរ​ប្រាំបី​ឡាន មាន​អ្នក​នៅ​យាម​ចម្ងាយ​១០០​ម៉ែត្រ ក៏​មាន ៥០​ម៉ែត្រ​ពីរ​បី​នាក់​នៅ​យាម​ដូច​ពួក​ខ្ញុំ​ជា​ជនល្មើស។ វា​មានការ​ភ័យខ្លាច​មែន ប៉ុន្តែ​យើង​ខ្លាច​ដោយ​ហ៊ាន​បើ​សិន​លោក​ប្រធាន​មក​ដឹង​តែ​យើង​ចេញទៅ​ទទួល​គាត់​ទាំងអស់​គ្នា មិន​នៅ​ឱ្យ​គេ​បំភ័យ​អី​ទៀត ទោះបី​ចេញទៅ​មួយ​ជំហាន​ស្លាប់​ក៏​ចេញទៅ​ដែរ​ខ្ញុំ»។

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ស្រុក​អូរជ្រៅ ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក សៅ ពលក្ខណ៍ ប្រាប់​អាស៊ីសេរី​ថា សព្វថ្ងៃ​នេះ​សិទ្ធិ​ដើរហើរ និង​ការ​ជួបប្រជុំ​របស់​ពួកគាត់ មិន​ខុស​ពី​អ្នកទោស​នៅ​ក្នុង​គុក​នោះ​ទេ ព្រោះ​ប៉ូលិស​តាមដាន​ពួកគាត់​គ្រប់​ទីកន្លែង ជាពិសេស​នៅ​ពេល​ជួប​ប្រជុំ​គ្នា នៅ​ក្រុង​ប៉ោយប៉ែត ដោយ​គ្រាន់តែ​ពួកគាត់​ញាំ​អាហារ​ជុំ​គ្នា ក៏​សមត្ថកិច្ច​ដាក់​កម្លាំង​ជាច្រើន​នាក់​តាម​ធ្វើទុក្ខបុកម្នេញ​ដែរ៖ «សម្រាប់​ខ្ញុំ គឺ​ប្លែក​មែនទែន​ដោយសារ​យើង​ចេញពី​កន្លែង​យើង​រៀបចំ​កម្មវិធី​នៅ​ដុងអារញ្ញ​នោះ គឺ​ឡាន​ដាក់​ស្លាក​លេខ​ប៉ូលិស​តែម្ដង បើក​តាម​ពី​ក្រោយ​ឡាន​លោក ឆាំ សុភាន់។ខ្ញុំ​យល់ថា នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ គឺជា​បទបញ្ជា​ពី​ថ្នាក់លើ​ដែល​ប្រើ​ឱ្យ​ពួកគាត់​តាមមើល​ផ្ទះ​លោក ឆាំ សុភាន់ ទាំង​ព្រឹកល្ងាច ដែល​តែង​ទីតាំង​ដែល​គាត់​ឱ្យ​ពួក​ខ្ញុំ​បាន​ជួបជុំគ្នា​កន្លងមក»។

ទាក់ទង​នឹង​បញ្ហា​នេះ អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ធិន ស៊ិនដេត មិន​ទាន់​មាន​ប្រតិកម្ម​ជុំវិញ ការ​ចោទប្រកាន់​របស់​សកម្មជន​គណបក្សប្រឆាំង​នេះ​នៅឡើយ​ទេ ដោយ​លោក​ទទួល​ទូរស័ព្ទ​ហើយ​និយាយ​ថា​ស្ដាប់​មិន​ឮ រួច​ក៏​ចុច​ផ្ដាច់​ទៅវិញ។

ថ្មីៗ​នេះ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ប្រកាស​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ ក្នុង​ឆ្នាំ​២០១៩ នេះ ដើម្បី​ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ។

បន្ថែម​ពី​នេះ លោក សម រង្ស៊ី រំពឹង​ថា មាតុភូមិនិវត្តន៍​នេះ នឹង​មាន​ភាព​អធិកអធម ជាង​កាល​ពី​ឆ្នាំ ២០១៣ ទៅ​ទៀត ហើយ​នឹង​នាំ​មក​នូវ​ការផ្លាស់ប្ដូរ ដែល​លោក ហ៊ុន សែន មិន​អាច​ជៀសវាង​បាន​ឡើយ។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា សមត្ថកិច្ច​ធ្វើ​បែប​នេះ​ដោយសារ​ភ័យខ្លាច​សកម្មជន​គណបក្ស​ប្រឆាំង​ត្រៀម​កម្លាំង​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ ទោះជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា សមត្ថកិច្ច​តាមដាន​ប្រជាពលរដ្ឋ​បែបនេះ​គឺជា​អំពើ​ខុសច្បាប់ ដោយ​បាន​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរហើរ និង​ការ​ជួប​ប្រជុំ​គ្នា​របស់​ពលរដ្ឋ​ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៖ «សូម​កុំ​នាំគ្នា​តាមដាន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុកភូមិ ដូចជា​ខ្លាំង​បន្ត​ទៀត។ យើង​គិត​ថា សមត្ថកិច្ច​ជា​អ្នក​អព្យាក្រឹត្យ ព្រោះ​គណបក្ស​ណា​ឈ្នះ​ឆ្នោត​ក៏​ខ្លួន​នៅតែ​សមត្ថកិច្ច​ដដែល ព្រោះ​គេ​មិន​យក​អស់លោក​ទៅ​ធ្វើជា​នាយករដ្ឋមន្ត្រី ឬ​ព្រះមហាក្សត្រ​ទេ គួរតែ​ឈប់​ទៅ ព្រោះ​គ្មាន​អ្នក​ណាមួយ​ស្រលាញ់​មនុស្ស​ដោយ​ការ​គំរាម​ឱ្យ​គេ​ស្រលាញ់​ទេ ប៉ុន្តែ​បើ​សិន​ធ្វើ​គេ​ស្រលាញ់​គឺ​ស្រលាញ់​បាន​យូរ​អង្វែង​ជាង»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា មួយ​រយៈ​ចុងក្រោយ​នេះ មិនមែន​មានតែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ​ទេ ដែល​អាជ្ញាធរ​តាមដាន​សកម្មភាព​ក្នុង​ពេល​ជួប​ប្រជុំគ្នា​នោះ សូម្បី​អង្គការ​សង្គម​ស៊ីវិល​ក៏​ជួប​បញ្ហា​នេះ​ដែរ។

កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា​សមាគម​​អាដហុក​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា បញ្ហា​សិទ្ធិមនុស្ស​បាន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ក្នុង​នោះ​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៩ រក​ឃើញ​ករណី​អាជ្ញាធរ​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​ជួបជុំ​ដល់​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​ចំនួន ៧១​ករណី​ហើយ​។ សកម្មភាព​នៃ​ការ​រឹតត្បិត និង​ការ​គំរាមកំហែង​ទាំងនោះ​រួមមាន មេឃុំ និង​សង្កាត់​បន្ត​ទាមទារ​រក​លិខិតអនុញ្ញាត​ធ្វើ​សកម្មភាព​ការ​ជួបជុំ ពី​ស្រុក ឬ ពី​ខេត្ត មន្ត្រី​ប៉ូលិស​បាន​ចូល​មក​ថតរូប​ភាព​សកម្មភាព​ពេល​ជួប​ប្រជុំ ឬ​បាន​ស្រង់​ឈ្មោះ ឬ​ថត​បញ្ជី​ឈ្មោះ​អ្នកចូលរួម ការ​ដាក់​កម្លាំង​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ចូល​ស្ដាប់​ការប្រជុំ ការរៀនសូត្រ​របស់​សហគមន៍ បាន​ចេញ​លិខិត​កោះហៅ​តំណាង​សហគមន៍​ទៅ​ជួប​ផ្ទាល់ ឬ សាកសួរ​តាម​ទូរស័ព្ទ​នៅ​ពេល​ពួកគេ​ត្រឡប់​ពី​ការ​ជួបប្រជុំ​ជាមួយ​អង្គការ ឬ​សមាគម​ផ្សេងៗ​ជាដើម។

សមាគម​អាដហុក​យល់ថា សកម្មភាព​ការ​រឹតត្បិត​ទាំងនេះ គឺជា​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ លើ​គោលការណ៍​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាពិសេស លើ​មាត្រា​២១ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ភាគី​ហត្ថលេខី និង មាត្រា​៤១ រដ្ឋធម្មនុញ្ញ​កម្ពុជា​។ មិនតែប៉ុណ្ណោះ​ធ្វើ​ឱ្យ​ប៉ះពាល់ និង​បាត់បង់​តម្លៃ លើ​សេចក្ដី​ជូនដំណឹង​ផ្សេងៗ របស់​ក្រសួង​មហាផ្ទៃ​កន្លងមក ក៏ដូចជា​មិនបាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ឆន្ទៈ​ស្មោះត្រង់ ដូច​ការ​បញ្ជាក់​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​វេទិកា​ភាពជា​ដៃគូ​រវាង រាជរដ្ឋាភិបាល ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដែល​រៀបចំឡើង​ដោយ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ​២០១៩នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។