មន្ត្រីគណបក្សប្រឆាំងអះអាងថា ថ្វីត្បិតតែសកម្មជននៅក្នុងស្រុករបស់គណបក្សនេះរក្សាភាពស្ងប់ស្ងាត់ដោយសារខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញក្ដី ក៏ពួកគាត់ភាគច្រើននៅតែស្មោះស្ម័គ្រជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដដែល។ មន្ត្រីអង្គការសង្គមស៊ីវិល ហៅការគាំទ្ររបស់សកម្មជនបក្សប្រឆាំងនេះ ថា ជាការស្រលាញ់របស់ពលរដ្ឋកើតចេញពីបេះដូងពិតប្រាកដ ដែលមិនងាយរកបាន។
អនុប្រធានយុវជនគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ស៊ុម សីហា ថ្លែងនៅថ្ងៃទី៨ ធ្នូ ថា សកម្មជនគណបក្សប្រឆាំងនៅគ្រប់ស្រុកក្នុងខេត្តរបស់លោកនៅតែចាត់ទុកថា លោក កឹម សុខា និង លោក សម រង្ស៊ី ជាមនុស្សតែមួយ ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិដដែល។ លោកបន្ថែមថា ថ្វីត្បិតតែមួយរយៈនេះសកម្មជនគណបក្សប្រឆាំងនៅក្នុងស្រុកមិនបានធ្វើសកម្មជននយោបាយដោយសារខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញក្ដី ក៏ពួកគាត់នៅតែត្រៀមខ្លួនអនុវត្តតាមបញ្ជារបស់ថ្នាក់ដឹកនាំគណបក្សនេះជានិច្ច។ លោកបញ្ជាក់ថា មូលហេតុដែលពួកគាត់ស្មោះស្ម័គ្រជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំង ដោយសារចង់ឱ្យប្រទេសមានប្រជាធិបតេយ្យពេញលេញ ហើយពួកគាត់យល់ថា មានតែលោក កឹម សុខា និង លោក សម រង្ស៊ី ទេ ដែលអាចស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញបាន៖ «ដោយពួកគាត់បានឃើញប្រជាពលរដ្ឋនៅតាមខេត្តគាំទ្រលោក សម រង្ស៊ី ច្រើនជាក់ស្ដែងកាលពីថ្ងៃទី៩ វិច្ឆិកា មានប្រជាពលរដ្ឋជាច្រើននាក់ទៅចាំទទួលលោក សម រង្ស៊ី នៅច្រកព្រំដែនប៉ោយប៉ែត និងនៅរាជធានីភ្នំពេញ ទើបធ្វើឱ្យសកម្មជនមិនបោះបង់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ»។
លោកបន្តថា សកម្មជននៅតាមមូលដ្ឋានចង់ឱ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ ឱ្យបានឆាប់ ដើម្បីដឹកនាំអ្នកគាំទ្រទៅទាមទារអំណាចពីមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ដែលបានប្រមូលកៅអីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥ពាន់អាសនៈ (៥.០០៧) ដែលប្រជាពលរដ្ឋបោះឆ្នោតជូនកាលពីឆ្នាំ២០១៧ មកប្រគល់ជូនម្ចាស់ឆ្នោតវិញ។
រីឯប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ អ្នកស្រី គុណ ម៉ាច មានប្រសាសន៍ថា អ្នកគាំទ្រគណបក្សប្រឆាំងមិនពេញចិត្តនឹងការគ្រប់គ្រងរបស់លោក ហ៊ុន សែន នោះទេ ព្រោះរបប លោក ហ៊ុន សែន ប្រព្រឹត្តអំពើពុករលួយ បំផ្លាញធនធានធម្មជាតិ បក្សពួកនិយម និងចាប់មនុស្សតាមអំពើចិត្ត ជាពិសេសថ្មីៗនេះ ចាប់សកម្មជនគណបក្សប្រឆាំងជិត១០០នាក់ដាក់គុក ដោយអយុត្តិធម៌។ អ្នកស្រីបន្តថា សកម្មជនគណបក្សប្រឆាំងនៅខេត្តកំពង់ស្ពឺ និងខេត្តដទៃទៀត នៅតែបន្តរង់ចាំទទួលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញដដែល៖ «បងប្អូនយើងនៅថ្នាក់មូលដ្ឋានគាត់រឹងមាំគ្រប់ខេត្តក្រុងទាំងអស់ គឺគាត់ចង់ឱ្យមានការផ្លាស់ប្ដូរតាមរយៈ លោក កឹម សុខា និងលោក សម រង្ស៊ី រួមដៃគ្នាស្ដារប្រជាធិបតេយ្យ។ ពួកគាត់រង់ចាំឱ្យមានសម្ពាធពីសហគមន៍អន្តរជាតិ កៀបសង្កត់ធ្វើយ៉ាងម៉េចឱ្យលោក ហ៊ុន សែន ងាកទៅរករបបប្រជាធិបតេយ្យ ឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ហើយបើមានការបោះឆ្នោតត្រឹមត្រូវ យើងសង្ឃឹមថា មានការផ្លាស់ប្ដូរមួយរយភាគរយ»។
អ្នកស្រីបន្តថា អាជ្ញាធរមូលដ្ឋាននៅតំបន់ខ្លះកំពុងតែដើរអូសទាញសកម្មជនឱ្យឈប់គាំទ្រលោក សម រង្ស៊ី ហើយនាំគ្នាចុះចូលគណបក្សកាន់អំណាច។
ផ្ទុយពីការអះអាងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត ជឿថា អ្នកគាំទ្រគណបក្សប្រឆាំងនៅក្នុងស្រុកភាគច្រើនឈប់គាំទ្រមេដឹកនាំគណបក្សសង្គ្រោះជាតិហើយ ជាពិសេសលោក សម រង្ស៊ី តែម្ដង។ លោកបញ្ជាក់ថា មូលហេតុដែលពួកគេគាំទ្រកន្លងមក ដោយសារចាញ់បោកលោក សម រង្ស៊ី ដែលថានឹងវិលចូលស្រុកស្ដារប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែលោកមិនហ៊ានចូលស្រុកតាមការសន្យានោះទេ៖ «ពេលណាដែលគាត់និយាយគាត់កំពុងតែរឹងមាំពេលហ្នឹងគឺកំពុងតែទ្រុឌទ្រោមហើយ។ ឥឡូវយើងឃើញហើយក្រុម កឹម សុខា ជាមួយក្រុមសម រង្ស៊ី កំពុងតែវាយគ្នា ទោះបីថាមិនចេញជារូបភាពអំពើហិង្សាកម្លាំងបាយក៏ពិតមែន ប៉ុន្តែតាមហ្វេសប៊ុកហ្នឹងកំពុងថ្លែងសារដាក់គ្នា ប្រៀបបានរឿងព្រះ ជិនវង្ស និងយក្ស ហើយតួអង្គព្រះពោធិសត្វកំពុងថ្លែងសដាក់គ្នាហើយ»។
កាលពីដើមខែវិច្ឆិកាកន្លងទៅ អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែនគ្រប់ច្រក ដើម្បីរាំងខ្ទប់កុំឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្វើមាតុភូមិនិវត្តន៍ ធ្វើឱ្យលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សប្រឆាំងមិនអាចវិលចូលទៅកម្ពុជាបាន។
អ្នកសម្របសម្រួល និងអង្កេតអង្គការខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើងថា សកម្មជនគណបក្សប្រឆាំងបន្តសាមគ្គីគ្នាជាធ្លុងមួយនេះ គឺជារឿងល្អ ព្រោះជាក្ដីស្រលាញ់របស់អ្នកគាំទ្រដែលកើតចេញពីបេះដូង។ លោកបន្តថា ការស្រលាញ់បែបនេះនឹងធ្វើឱ្យគណបក្សនយោបាយដែលជាដៃគួរប្រកួតប្រជែងពិបាកទប់ទល់៖ «អ្វីដែលជាការទិញបេះប្រជាពលរដ្ឋគឺជាសកម្មភាពកិច្ចនយោបាយសម្រាប់ប្រជាពលរដ្ឋ ដែលលោកមានមានទុក្ខលំបាកនេះគឺជាមួយសំខាន់សម្រាប់ពួកគាត់។អីចឹងការគាំទ្រ វាជាឆន្ទៈរបស់ពួកគាត់មិនអាចអ្នកណាមកទិញដូរបានទេ ការទិញឆន្ទៈគឺមិនបានបេះដូងរបស់គាត់ទេ។ អីចឹងជារឿងប្រសើរណាស់ដែលគ្រប់គណបក្សនយោបាយណាក៏ដោយទិញបានបេះដូងរបស់គាត់ គឺទោះបីក្នុងកាលៈទេសៈក្នុងស្ថានភាពណាក៏ដោយនៅតែគាត់ពេញចិត្ត នៅតែគាត់ត្រូវការដដែល»។
មន្ត្រីគណបក្សប្រឆាំងដែលភៀសខ្លួននៅថៃ នៅតែមានជំនឿថា លោក សម រង្ស៊ី នឹងអាចរកផ្លូវចូលទៅដល់កម្ពុជានៅពេលខាងមុខ ហើយពួកគាត់ក៏បានត្រៀមខ្លួនរង់ចាំចូលរួមអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្វើមាតុភូមិនិវត្តន៍គ្រប់ពេលដែរ។ ពួកគាត់មានសង្ឃឹមថា វត្តមានរបស់លោក សម រង្ស៊ី ទៅដល់មាតុប្រទេសនឹងធ្វើឱ្យវិបត្តិនយោបាយនៅកម្ពុជាបានប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
