សកម្មជន​បក្ស​ប្រឆាំង​នៅ​ថៃ​នៅ​តែ​រក្សា​ជំហរ​រឹងមាំ​រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី ចូល​កម្ពុជា

ដោយ ហេង រស្មី
2019.11.10
សម រង្ស៊ី ចូល​ស្រុក ៦២២ ២០១៤ លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ថៃ នៅតែ​រក្សា​ជំហរ​រឹងមាំ និង​ទន្ទឹង​រង់ចាំ​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​កម្ពុជា​វិញ​ដដែល​។ ពួកគេ​ចាត់​ទុក​ថា ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា គឺ​គ្រាន់តែ​ជា​ថ្ងៃ​ចាប់ផ្ដើម​ប៉ុណ្ណោះ។

ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ប្រកាស​ថា ពួកគេ​មិន​រាថយ​ឡើយ ហើយ​នៅតែ​រក្សា​ជំហរ​ប្ដូរផ្ដាច់​ក្នុង​ការ​រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់ការ ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ជួយ​ស្រោចស្រង់​ប្រទេសជាតិ​ឱ្យ​រីក ចម្រើន​ត្រឹមត្រូវ​។

ពលករ​គាំទ្រ​គណបក្ស​សង​គ្រោះ​ជាតិ​ម្នាក់ លោកស្រី សុខុម ប្រាប់​អាស៊ីសេរី​ថា លោកស្រី​និង ពលករ​រាប់​សិប​នាក់​ទៀត នៅតែ​បន្ត​ឈរជើង​និង​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិតៗ​ព្រំដែន​ខ្មែរ​-​ថៃ ដើម្បី​ទន្ទឹង រង់ចាំ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ៖ «ពួក​ខ្ញុំ​ជា​ពលករ​នៅតែ​មាន​ជំហរ​រឹងមាំ​រង់ចាំ​លោក​ប្រធាន សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​វិញ គ្រប់​តំបន់​គ្រប់ទិសទី គឺ​នៅតែ​រង់ចាំ​លោក​ប្រធាន ដើម្បី​ជួយ​ប្រទេស យើង​ឱ្យ​រួច​ផុត​ពី​កណ្ដាប់ដៃ​ផ្ដាច់ការ។ ពួកខ្ញុំ​មិន​ចុះចាញ់ និង​រាថយ​ទេ។ ពួក​ខ្ញុំ​ចង់បាន​សិទ្ធិ​សេរីភាព ខ្លាំង​មែនទែន។ ពួក​ខ្ញុំ​នៅ​ជិតៗ​សល់​តែ​ប៉ុន្មាន​ជំហាន​ទៀត​ទេ​ដល់​ដី​ខ្មែរ​ហើយ​។ ខ្ញុំ​សូម​ឱ្យ​ពលករ​ខ្មែរ គ្រប់គ្នា​ត្រូវ​មាន​ភាព​អង់អាច​ក្លាហាន ព្រោះថា បើ​យើង​មិន​ធ្វើ​ក៏​ស្លាប់​ហើយ​ធ្វើ​ក៏​ស្លាប់​ដូច​តែ​គ្នា»

ពលករ​ខ្មែរ​ម្នាក់​ទៀត គឺ​លោក មករា វីន លើកឡើង​ស្រដៀង​គ្នា​ថា លោក​នៅ​តែ​មាន​គោលជំហរ ដដែល។ ពលករ​ម្នាក់​បញ្ជាក់​ថា លោក និង​ពលករ​ដទៃ​ទៀត គ្មាន​ការ​អាក់អន់ស្រពន់ចិត្ត​អ្វី​ឡើយ ព្រោះ​សុទ្ធ​បាន​ដឹង​ថា លោក សម រង្ស៊ី បាន​ព្យាយាម​គ្រប់​បែប​យ៉ាង​ដើម្បី​ចូល​ប្រទេស​កម្ពុជា ប៉ុន្តែ របប​ក្រុងភ្នំពេញ​ទៅវិញ​ដែល​កំសាក និង​ប្រើ​ល្បិច​គ្រប់បែប​យ៉ាង​ដើម្បី​រារាំង​លោក សម រង្ស៊ី៖ «សម្រាប់​ខ្ញុំ​ក៏​នៅតែ​មាន​គោលជំហរ​ដដែល នៅតែ​ត្រៀម​អម​ដំណើរ លោក​ប្រធាន សម រង្ស៊ី។ ពួក​ខ្ញុំ​អត់​រាថយ​ទេ ព្រោះ​យើង​ដើរមក​ដល់​ចំណុច​នេះ​ហើយ។ ពួក​ខ្ញុំ​មួយ​ក្រុម​ទើបតែ​ទៅ​កន្លែង​ស្នាក់នៅ​រៀងៗ​ខ្លួន​សិន​ហើយ ប៉ុន្តែ​ប្រសិនបើ​លោក សម រង្ស៊ី ចុះ​មក គឺ​ពួកគាត់​ក៏​នឹង​មកវិញ​ភ្លាមៗ​ដែរ​។ ពួក​ខ្ញុំ​ផ្សេង​ទៀត​នៅតែ​ប្រមូល​ផ្តុំ​គ្នា​ដដែល​។ ខ្ញុំ​គិត​ថា លោក ប្រធាន សម រង្ស៊ី ជា​អ្នកនយោបាយ​ប្រជាធិបតេយ្យ ជា​មនុស្ស​រឹងមាំ​និង​ច្បាស់លាស់»

រីឯ​សកម្មជន​សង្គ្រោះ​ជាតិ​ម្នាក់ទៀត លោក អាត វិចិត្រ ថ្លែង​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ ទាំង មិន​បាក់​ស្មារតី​មិន​អស់សង្ឃឹម​នោះ​ទេ ផ្ទុយទៅវិញ​ពួកគេ​កាន់​តែ​មាន​ទឹកចិត្ត​មោះមុត​ថែមទៀត នៅ​ពេល​លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​រក​មធ្យោបាយ​វិល​ចូល​កម្ពុជា​។ សកម្មជន​រូប​នេះ បន្ត​ថា លោក​គ្មាន​គំនិត​សង្ស័យ​លើ​លោក សម រង្ស៊ី ថា ភូត​កុហក​មិន​ចូល​កម្ពុជា ឡើយ ព្រោះ​លោក បាន​ដឹង​បាន​ស្គាល់​ច្បាស់​ថា មួយ​ជីវិត​របស់​លោក សម រង្ស៊ី គឺ​ធ្វើ​នយោបាយ លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​ជាតិ និង​ប្រជាពលរដ្ឋ​សុទ្ធសាធ៖ «ពួក​ខ្ញុំ​នៅតែ​ប្ដូរផ្ដាច់​ហើយ​កាន់តែ​សង្ឃឹម​ឡើង​ព្រោះថា លោក ប្រធាន​សម រង្ស៊ី មកដល់​កៀកៗ​ប្រទេស​កម្ពុជា​ហើយ។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​មាន​ដំណោះ​ស្រាយ​ដូចជា លោក សម រង្ស៊ី ត្រូវ​បាន​ចូល​ទៅ​កម្ពុជា​វិញ​ដ៏​ខ្លី​ខាងមុខ។ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​សកម្មជន និង​ពលករ​នៅ​ក្រៅ​ប្រទេស​ទាំងអស់ រក្សា​គោលជំហរ​ឱ្យ​រឹងមាំ ដើម្បី​អម​ដំណើរ​លោក​ប្រធាន​វិល​ចូល​កម្ពុជា ទោះ​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាង​ណា​ក្តី ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ សង្គ្រោះ EBA និង​GSP ដើម្បី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ សកម្មជន​បក្ស​ប្រឆាំង​ដែល​រត់​ភៀសខ្លួន​ពី​ខេត្ត​កំពង់ស្ពឺ​នៅ​ប្រទេស​ថៃ គឺ​លោកស្រី ហែម ចន្នី និយាយ​ថា លោកស្រី នៅតែ​ស្មោះស្ម័គ្រ​ប្ដូរផ្ដាច់​ជាមួយ​គណបក្ស​សង្គ្រោះជាតិ និង​បាន​ត្រៀមខ្លួន​គ្រប់​ពេល ដើម្បី​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី ទៅ​សង្គ្រោះ​ប្រទេស​កម្ពុជា​៖ «សម្រាប់​ខ្ញុំ​ហែម ចន្ទី​នៅ​តែ​មាន​ជំហរ​រឹងមាំ ហើយ​នៅតែ​ប្ដេជ្ញា​ចិត្ត ដើរ​តាម​លោក​ប្រធាន ទោះបីជា​ថ្ងៃ​ទី​៩ វិច្ឆិកា មិន​ចូល​កម្ពុជា​ក្ដី ព្រោះ​ខុស​មួយថ្ងៃ​ពីរ​ថ្ងៃ​គឺ​អត់​បញ្ហា​។ ខ្ញុំ​ជឿជាក់​ថា លោក​ប្រធាន​នឹង​វិល​ចូល​ដល់​ស្រុក​ខ្ញុំ ដោយសារតែ​នៅ​ស្រុក​ខ្មែរ មានតែ​លោក​ប្រធាន​នោះ​ទេ ដែល​ទាមទារ​សិទ្ធិ​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ប្រជាពលរដ្ឋ ។ តាំងពី​ខ្ញុំ​ស្គាល់​គាត់ មក គាត់​អត់​ដែល​ធ្វើបាប​ប្រជាពលរដ្ឋ​ទេ ហើយ​គាត់​តស៊ូ​រាល់ថ្ងៃ​មិនមែន​តស៊ូ​ដើម្បី​គ្រួសារ​គាត់​នោះ​ទេ គឺ​ដើម្បី​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស»

ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ដែល​រស់នៅ​ទ្វីប​អឺរ៉ុប សហរដ្ឋអាមេរិក ព្រមទាំង​ប្រទេស​ជប៉ុន និង ប្រទេស​កូរ៉េ​ក្ដី ដែល​បាន​ទៅដល់​ប្រទេស​ថៃ​នោះ នៅតែ​បន្ត​ស្នាក់នៅ​ប្រទេស​ថៃ ដើម្បី​រង់ចាំ​អម ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​មួយ​រូប គឺ​លោក ខ្លូត វីរៈ មាន​ប្រសាសន៍​ថា ប៉ុន្មាន​ថ្ងៃនេះ លោក នៅតែ​ឋិត​ជិតៗ​ព្រំដែន​ខ្មែរ​ថៃ ដើម្បី​តាមដាន​សភាពការណ៍​តាម​ព្រំដែន​។ លោក​ឱ្យ​ដឹង​ថា នៅ តាម​ព្រំដែន​នោះ គឺ​របប​ក្រុងភ្នំពេញ បាន​ដាក់​កម្លាំង​សម្ងាត់​ជាច្រើន​នាក់​មាន​ទាំង​ជនជាតិ​ថៃ និង​ជន ជាតិខ្មែរ ដើម្បី​ឱ្យ​តាម​ស៊ើបការណ៍​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ទោះ​យ៉ាង​ណា​ក្តី លោក នៅតែ​ក្លាហាន និង​ប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ លោក សម រង្ស៊ី វិល​កម្ពុជា​ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ៖ «ខ្ញុំ​នៅ​ប្រទេស​ថៃ​នៅឡើយ​ទេ ហើយ​ឥឡូវ​ខ្ញុំ​នៅ​ច្រក​ឡែ​ម ព្រោះ ខ្ញុំ​មក​មើល​ស្ថានភាព​ដោយសារ​ប៉ុន្មាន​ថ្ងៃមុន​ខ្ញុំ​ទៅ​មើល​នៅ​ខាង​ប៉ោយប៉ែត។ ជំហរ​របស់ខ្ញុំ​នៅតែ ទន្ទឹង​រង់ចាំ​មើលផ្លូវ​របស់​គាត់​។ តែ​ថ្ងៃ​ទី​​១៣ ខ្ញុំ​បក​ទៅ​ប្រទេស​ជប៉ុន​វិញ​ដោយសារ​នាំ​កូន និង​គ្រួសារ​មក​ដែរ និង​ដោយសារ​រវល់​ការងារ​ផង ប៉ុន្តែ​បើ​សិន​មាន​បាតុកម្ម​ច្បាស់លាស់​ខ្ញុំ​នឹង​មក​ម្តង​ទៀត»

ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​ជប៉ុន​រូប​នេះ បន្ត​ថា មូលហេតុ​ដែល​លោក​ចូលរួម​ជាមួយ​លោក សម រង្ស៊ី នេះ ព្រោះ​លោក​ចង់​ផ្លាស់ប្ដូរ​មេដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ដែល​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់​ដើម្បី​រក្សា អំណាច​របស់​ខ្លួន មិន​គិត​ប្រយោជន៍​ជាតិ និង​ប្រជា​ពលរដ្ឋ៖ «ខ្ញុំ​នៅ​ប្រទេស​ជប៉ុន​មាន​សិទ្ធិ​សេរី​និង​គោរព​សិទ្ធិមនុស្ស គឺថា​អ្វីៗ ច្បាប់​អី​ស្មើភាព​គ្នា ហើយ​យើង​មើល​សង្គម​យើង អ្នក​មាន​អំណាច​ជិះជាន់​អ្នកក្រ រឹបអូស​យក​ដីធ្លី ហើយ​អំពើ​អយុត្តិធម៌​វា​ច្រើន​ដល់ពេល​អ៊ីចឹង​ទៅ ទោះបីជា​ខ្ញុំ​រស់នៅ​ជប៉ុន​សុខ ប៉ុន្តែ​បេះ​ដូង និង​សន្តាន​ចិត្ត​របស់​យើង​ជា​ជាតិខ្មែរ​មួយ​ដែរ ហើយ​ឆ្លងកាត់​ច្រើន​ជំនាន់​មក​ហើយ​ឃើញ​តែ​អំពើ អយុត្តិធម៌​នៅតែ​ដដែល ដូច្នេះ​ខ្ញុំ​ស្អប់ខ្ពើម​សង្គម​នេះ ម៉្លោះ​ហើយ​ខ្ញុំ​គិត​ថា ចង់​ជួយ​ខ្លះ​ប្រសិនបើ ខ្ញុំ​អាច​ជួយ​អ្វី​បាន»

ជាមួយ​គ្នា​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​មកពី​ប្រទេស​បារាំង​មួយ​ក្រុម​ទៀត រួម​មាន លោក ភឿន សុផល បាន​ថ្លែង​ថា ពួក​លោក​មិនទាន់​ត្រឡប់​ទៅ​ប្រទេស​បាំង​វិញ​ទេ ហើយ​ប្ដេជ្ញា​រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី វិល​កម្ពុជា​ឱ្យ​បាន​ជោគជ័យ។ លោក​បន្ត​ថា ផែនការ​ថ្ងៃ​ទី​៩ វិច្ឆិកា គ្រាន់តែ​ជា​ថ្ងៃ​ចាប់ផ្ដើម ប៉ុណ្ណោះ ហើយ​ទទួល​បាន​ជោគជ័យ​មួយ​ចំនួន​ទៅ​ហើយ ដូចជា​របប​ក្រុង​ភ្នំ​បន្ទាន់​ឥរិយាបថ​បន្ធូរបន្ថយ​លក្ខខណ្ឌ​លើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​មាន​សិទ្ធិ​ដើរហើរ​ក្នុង​រង្វង់​ប្រទេស​កម្ពុជា​ជាដើម៖ «យើង​ប្ដេជ្ញា​នៅ​ទីនេះ​លុះត្រាតែ​លោក ហ៊ុន សែន ផ្តាស់ប្តូរ ហើយ​ដោះលែង​លោក កឹម សុខា ឱ្យ​រួច​មាន​សេរីភាព​ពេញលេញ ព្រោះ​លោក កឹម សុខា អត់​មាន ទោស​អី​ទេ ។ ជាមួយ​គ្នា​នេះ​ពួក​យើង​ធ្វើ​នេះ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង»

ថ្វី​ដ្បិត លោក សម រង្ស៊ី មិនទាន់​សម្រេច​ផែនការ​វិល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ក្តី ប៉ុន្តែ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​នៅតែ​រក្សា​ជំហរ​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ ឱ្យ​បាន​ក្នុង​ពេល​ដី​ខ្លី​ខាង​មុខ​នេះ និង​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​តាំងចិត្ត​ឱ្យ​ខ្ពស់​ចូលរួម​ផ្លាស់ប្ដូរ​ជាមួយ លោក ។ លោក សម រង្ស៊ី ប្រកាស​ថា ថ្ងៃ​ទី៩ វិច្ឆិកា គ្រាន់តែ​ជា​ថ្ងៃ​ចាប់ផ្ដើម​ប៉ុណ្ណោះ ហើយ​ផែនការ នេះ​ទទួល​បាន​ជោគជ័យ ៧០​ភាគរយ​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។