មន្ត្រី​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​បន្ត​ដាក់​កម្លាំង​គំរាមកំហែង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន

ដោយ វ៉ែន សុមេធ
2019.09.12
អ្នក​គាំទ្រ​លោក សម រង្ស៊ី នៅ​ប៉ោយប៉ែត ៦២២ សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ដោយ​ប្រជាពលរដ្ឋ

សកម្មជន​គណបក្សប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​អះអាង​ថា មន្ត្រី​ប៉ូលិស​ខេត្ត​នេះ​នៅតែ​បន្ត​ដាក់​កម្លាំង​អុកឡុក​រំខាន​នៅមុខ​ផ្ទះ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ភិតភ័យ​មិន​ហ៊ាន​ស្នាក់នៅ​ក្នុង​ផ្ទះ​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ ថា ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​មក​លើ​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់។

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆាំ សុភាន់ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ កញ្ញា​ថា ចាប់ពី​លោក​បាន​រត់​ភៀសខ្លួន​រក​ទី​សុវត្ថិភាព កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា​មក លោក​បាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ជុំវិញ​ផ្ទះ គឺ​ឃើញ​មាន​មន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​នៅតែ​បន្ត​តាម​យាយី​រំខាន​មុខ​ផ្ទះ​របស់​លោក​ដដែល។ លោក​បន្ត​ថា មន្ត្រី​ប៉ូលិស​បាន​ប្ដូរ​រូបភាព ពី​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស​មក​ស្លៀក​ស៊ីវិល​បន្លំ​ធ្វើជា​ពលរដ្ឋ​ធម្មតា​វិញ។ លោក​បញ្ជាក់​ថា ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​មាន​ប៉ូលិស​ទៅ​ឃ្លាំមើល​មុខ​ផ្ទះ​របស់​លោក​ពី​៤ ទៅ ៥​ដង​ដែរ និង​បាន​សួរនាំ​ពលរដ្ឋ​ក្បែរ​នោះ​រក​លោក​ជា​រៀងរាល់ថ្ងៃ​ទៀត​ផង៖ «ឥឡូវ​ប៉ូលិស​អត់​ហ៊ាន​យក​ឡាន​មក​ទេ គេ​ជិះ​ម៉ូតូ​ឈប់​ជក់បារី​ក្បែរ​ផ្ទះ​មួយ​សន្ទុះ ក៏​ចេញ​ទៅវិញ ហើយ​មួយសន្ទុះ​ក្រោយ​មក​វិញទៀត​។​កាលពី​ដើម​យូរៗ​គេ​មក​ម្ដង គឺ​មួយថ្ងៃ​ប្រហែល ៣​ទេ តែ​សព្វថ្ងៃ​ប៉ូលិស​មក​ញឹក​ពេក​ធ្វើ​ឱ្យ​អ្នកផ្ទះ​ចេះតែ​បារម្ភ ព្រោះ​បើ​មក​ស្លៀកពាក់​ប៉ូលិស មិនសូវ​ជា​បញ្ហា​ទេ តែ​គេ​មក​ឃ្លាំមើល​បែប​សំលៀកបំពាក់​ដូច​ប្រជាពលរដ្ឋ​អីចឹង​គាត់​ខ្លាច​គេ​បន្លំ​ធ្វើជា​ចោរ ឬមួយ​ខ្លាច​សមត្ថកិច្ច​យក​របស់​ខុសច្បាប់​ដូចជា​ថ្នាំញៀន​មក​បោះ​ចូល​ក្នុង​ផ្ទះ ហើយ​មក​ចាំ​ខ្លួន​អ្នក​នៅ​ក្នុង​ផ្ទះ»

លោក​បន្ត​ថា សកម្មភាព​របស់​សមត្ថកិច្ច​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការរស់នៅ​របស់​ក្រុម​គ្រួសារ​លោក ជាពិសេស​ធ្វើ​ឱ្យ​ប្រពន្ធ​និង​ម្ដាយក្មេក​ដែល​រស់នៅ​ផ្ទះ​ភ័យខ្លាច ហើយ​មិន​ហ៊ាន​ស្នាក់នៅ​ក្នុង​ផ្ទះ​ឡើយ ដោយសារ​ព្រួយបារម្ភ​ខ្លាច​ជនខិលខូច​មានបំណង​អាក្រក់​ធ្វើបាប​ពួកគាត់។

អាស៊ីសេរី​មិន​អាច​ទាក់ទង ស្នងការ​រង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក សិទ្ធ ឡោះ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១២ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​លោក សិទ្ធ ឡោះ បាន​ប្រាប់​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា ថា មន្ត្រី​ប៉ូលិស​របស់​លោក​មិន​បាន​ទៅ​អុក​រំខាន​ដល់​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ការ​ចោទ​ឡើយ។ លោក​បន្ត​ថា ផ្ទុយទៅវិញ គឺ​ប៉ូលិស​គ្រាន់តែ​ធ្វើដំណើរ​ឆ្លងកាត់​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដើម្បី​ការពារ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​និង​សន្តិសុខ​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា មន្ត្រី​ប៉ូលិស​តាម​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​នេះ ដោយសារតែ​លោក ឆាំ សុភាន់ ជា​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែង​ដឹកនាំ​សកម្មជន​ដទៃ​ទៀត ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​នយោបាយ និង​បាន​និយាយ​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ​។ ទោះជា​យ៉ាង​នេះ​ក្ដី លោក ស៊ុំ ច័ន្ទគា អះអាង​ថា ការ​ជួប​ជុំ​គ្នា​របស់​បក្ស​ប្រឆាំង​កន្លង​មក គឺ​ពុំ​មែន​ជា​ការ​ខុសច្បាប់​អ្វី​នោះ​ទេ ពីព្រោះ​សកម្មភាព​របស់​ពួកគាត់ គឺជា​ការ​ជួប​ប្រជុំ​ឈឺឆ្អាល​រឿង​នយោបាយ ដែល​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​ចាត់​ទុក​បញ្ហា​នេះ ថា ជា​ការ​គំរាមកំហែង​បំភ័យ​បំភ័យ​មក​លើ​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់៖ «យើង​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា ការពារ​សិទ្ធិមនុស្ស​ប្រសើរ​ជា​ការ​ពារ​អំណាច​ឱ្យ​បុគ្គល អីចឹង​ការ​ឃ្លាំមើល​មក​លើ​ផ្ទះ​សកម្មជន​បក្ស​ប្រឆាំង​ឈប់​មាន​ឈប់​អី​ទៅ មិន​គួរ​ណា​កើតឡើង​ទេ ពី​ព្រោះ​ថា សមត្ថកិច្ច​ស៊ីប្រាក់ខែ​រដ្ឋ​ត្រូវ​បម្រើ​រាស្ត្រ គួរតែ​ពិនិត្យមើល​តើ​ក្រុម​នោះ​ជា​ខ្លា ឬក៏​ជា​បិសាច​ចាំ​ចាត់ការ​គាត់ ប៉ុន្តែ​បើ​សិន​គ្រាន់តែ​ខុស​និន្នាការ​គណបក្ស​នយោបាយ​អី​បែរជា​យើង​លាប​ពណ៌​ក្រុម​ឧទ្ទាម​នេះ​ក្រុម​ឧទ្ទាម​នោះ​វា​អាក្រក់​ពេក»

កាលពី​ថ្ងៃ​ទី​៨ កញ្ញា​កន្លងទៅ មន្ត្រី​ប៉ូលិស​ក្រុង​សិរីសោភ័ណ​ប្រមាណ​២៥​នាក់ បាន​ទៅ​អុកឡុក​មុខ​ផ្ទះ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ក្រុង​សិរីសោភ័ណ គឺ លោក ឃ្លាំង ប៊ុនឡាយ ដើម្បី​សាកសួរ​រក​លោក។ លោក ឃ្លាំង ប៊ុន​ឡាយ អះអាង​ថា នៅ​ពេល​នោះ​លោក​មិន​បាន​នៅ​ផ្ទះ​នោះ​ទេ ហើយ​ប្រមាណ​កន្លះ​ម៉ោង​ក្រោយមក​ប៉ូលិស​ក៏​បាន​ដកថយ​ទៅវិញ​។ លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា ការ​ដាក់​កម្លាំង​នៅមុខ​ផ្ទះ​ពលរដ្ឋ​ដ៏​ច្រើន​បែបនេះ គឺ​មិនមែន​ជា​ការ​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ឡើយ តែ​ជា​ការ​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ធ្វើ​ឱ្យ​ពួកគាត់​មានការ​ភ័យខ្លាច​ទៅវិញ​ទេ។

កន្លងមក​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ​បាន​ព្រមាន​កម្ចាត់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ដែល​ហ៊ាន​ចេញមុខ​ធ្វើ​សកម្មភាព​ឱ្យ​គណបក្ស​ប្រឆាំង និង​ក្នុង​ករណី​ដែល​សហភាព​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​។ ក្រោយ​មាន​បញ្ជា​បែបនេះ អាជ្ញាធរ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក៏​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​យាយី​រំខាន និង​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់។

របាយការណ៍​អង្គការ​លីកាដូ (Licadho) បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១២ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​២១​នាក់​ហើយ ដែល​រដ្ឋាភិបាល​ចាប់ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​ដែល​អនុញ្ញាត​ដោយ​ច្បាប់​កម្ពុជា។

សកម្មជន​គណបក្សប្រឆាំង អះអាង​ថា បើ​ទោះ​បី​ជា​មានការ​គំរាមកំហែង​យ៉ាង​នេះ​ក្ដី ក៏​ពួកគេ​នៅតែ​ប្រកាន់​ជំហរ​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ពេល​ខាងមុខ​ដដែល ពីព្រោះ​ពួកគាត់​សង្ឃឹមថា នៅ​ពេល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​នឹង​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ជា​មិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។