មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ពី​ការ​​ជោគជ័យ​របស់​លោក សម រង្ស៊ី នៅ​ប្រទេស​នូវែលហ្សេឡង់

0:00 / 0:00

មន្ត្រី​បក្ស​ប្រឆាំង​អះអាង ការ​បំពេញ​បេសកកម្ម​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) រយៈ​ពីរ​ថ្ងៃ ពី​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែ​សីហា​ ទទួល​ជោគជ័យ​ព្រោះ​មន្ត្រី​រដ្ឋាភិបាល និង​សមាជិក​សភា ប្រទេស​នេះ​គាំទ្រ​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី។

ថ្ងៃ​ចុងក្រោយ​នៃ​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ បាន​ជួប​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ប្រទេស​​នូវែលហ្សេឡង់​បី​រូប និង​អ្នកគាំទ្រ​របស់​លោក ជាង ៣០០​នាក់។

ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​នូវែលហ្សេឡង់ លោក ម៉េង លី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ សីហាថា មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​បី​រូប​នេះ​ដែល​ជួប​លោក សម រង្ស៊ី នោះ​រួមមាន​៖ លោក អេនឌ្រូ នីដ (Andrew Needs) ទទួលបន្ទុក​អគ្គនាយក​ទទួលបន្ទុក​អាស៊ី​ភាគ​អាគ្នេយ៍ លោក សារ៉ា វ៉លស៍ (Sarah Walsh) ទទួលបន្ទុក​ប្រធាន​ការិយាល័យ និង​លោក ប្រិនដាន ស្តេនប៊រី (Brendan Stanbury) ទទួល​បន្ទុក​អ្នក​រៀបចំ​គោល​នយោបាយ​អាស៊ី​ភាគ​អាគ្នេយ៍ ដែល​ជំនួប​នេះ​ធ្វើឡើង​នៅ​ក្នុង​ក្រសួង​ការបរទេស​តែម្ដង​។ លោក​ថា ភាគី​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន​៖ លោក សម រង្ស៊ី អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត។

លោក ម៉េង លី បន្ត​ថា ក្នុង​ជំនួប​នោះ លោក សម រង្ស៊ី លើកឡើង​ពី​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ ដែល​​បង្ក​ឡើង​​ដោយ​​របប​​ក្រុង​ភ្នំពេញ ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​(EBA) ​របស់​សហភាព​អឺរ៉ុប និង ​GSP របស់​អាមេរិក ព័ត៌មាន​ទាក់ទង​វត្តមាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះ​ខេត្ត​កុង និង​ផែន​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី៖ «គាត់​បាន​ជម្រាប​​ពី​គោល​ដី​នៃ​​ការ​វិល​ត្រឡប​ចូល​កម្ពុជា​វិញ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ ​ដើម្បី​ឱ្យ​ប្រទេស​នូវែលហ្សេឡង់​​ជួយ​​តាម​ដាន»។

លោក ម៉េង លី ដែល​មាន​វត្តមាន​ក្នុង​ជំនួប​នោះ ដែរ​នោះ ឱ្យ​ដឹង​ទៀត​ថា មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​រប​ស​ប្រទេស​នូវែលហ្សេឡង់ បាន​ឆ្លើយតប​វិញ​ថា ពួកគេ​បារម្ភ​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ព័ត៌មាន​ទាក់ទង​វត្តមាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះ​ខេត្ត​កុង​។ ចំណែក​ទាក់ទង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ពួកគេ​ចោទ​ជា​សំនួរ​យ៉ាងច្រើន និង​ចង់ដឹង​ពី​យុទ្ធសាស្ត្រ និង​ផែនការ​នៃ​ការ​វិល​ចូល​ស្រុក​វិញ​នេះ៖ «គេ​ចង់​ដឹង​ពី​គាត់​មាន​ផែនការ​អ្វីខ្លះ​ដែល​មុន​គាត់​ទៅ​ស្រុក​ខ្មែរ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​មក​គាំទ្រ​គាត់​ដែល​អាច​ទាក់ទង​អ្នកគាំទ្រ​នៅ​ក្នុង​ប្រទេស​ដូចជា​កងទ័ព»។

ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​នូវែលហ្សេឡង់ រូប​នេះ ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​ជួប​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​នូវែលហ្សេឡង់ លោក សម រង្ស៊ី បាន​ជួប​សំណេះសំណាល និង​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​របស់លោក នៅ​ប្រទេស​នេះ​ជាង​ ៣០០​នាក់​។

​ទាក់ទង​ការ​វិល​ស្រុក​របស់​លោក សម រង្ស៊ី នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្នុង​កិច្ច​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​នេះ បាន​លើក​ឡើង​ពី​រឿង​លោក សម រង្ស៊ី គ្រោង​វិល​ចូល​ស្រុក​ក្នុង​ប្រជុំ​នោះ​។ លោក សុខ ឥសាន ឱ្យ​ដឹង​ទៀត​ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​បន្ត​ជំហរ​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ចូល​ស្រុក​ពេល​នឹង​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​នោះ៖ «ទណ្ឌិត សម រង្ស៊ី ប្រកាស​ចូល​ស្រុក​ឬ​មិន​ចូល​ស្រុក​យើង​មិន​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ គឺថា​ពេល​មាន​វត្តមាន​គឺ​ត្រូវតែ​អនុវត្ត​ច្បាប់ ​ (​ ចាប់ខ្លួន )»។

មន្ត្រី​ជាន់ខ្ពស់​នៃ​របប​ក្រុងភ្នំពេញ​ពីរ​រូប ​គឺ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ទៀ បាញ់ បាន​ព្រមាន​ដល់​ពលរដ្ឋ​ថា កុំ​ឱ្យ​ចាញ់បោក​ក្រុម​បក្ស​ប្រឆាំង​ចូលរួម​ផ្ដួល​រំលំ​របប​ខ្លួន​។

សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា ការ​ធ្វើ​នយោបាយ​ការទូត​របស់​លោក សម រង្ស៊ី កំពុង​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ ដែល​ជា​ទុន ក្នុង​ការ​វិល​ចូល​ស្រុក​​របស់​​លោក​​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។

លោក សម រង្ស៊ី នឹង​វិល​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​អូស្ត្រាលី​វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ដែល​លោក​គ្រោង​ជួប​អ្នកគាំទ្រ និង​អ្នកនយោបាយ​ប្រទេស​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។