សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ថ្កោលទោស​មេ​ប៉ូលិស​ខ្មែរ​រឿង​គាំទ្រ​ការ​បង្ក្រាប​បក្ស​ប្រឆាំង

ដោយ វ៉ែន សុមេធ
2019-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ថ្កោលទោស អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ដែល​បាន​ចេញ​សារ​គាំទ្រ និង​កោតសរសើរ​ដល់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង។ ពួកគាត់​ថា នេះ​ជា​សារ​ផ្គាប់ចិត្ត​លោក ហ៊ុន សែន ដើម្បី​ឱ្យ​បាន​បន្ត​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ​។ ចំណែក​អ្នកវិភាគ​យល់​ថា នេះ​ជា​សារ​គ្មាន​ប្រយោជន៍​ដល់​ជាតិ និង​ជា​សារ​ធ្វើ​ឱ្យ​ខ្មែរ​បែកបាក់​គ្នា។

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ដែល​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក ឃឹន រឿន ឱ្យ​អាស៊ីសេរី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ ថា អគ្គស្នងការ​នគរបាល​ជាតិ គឺ​លោក នេត សាវឿន គួរតែ​ផ្ញើ​សារ​ជូនពរ​ដែល​មាន​ប្រយោជន៍​ដល់​សង្គម ពីព្រោះ​លោក​ទទួល​ប្រាក់ខែ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​បង់ពន្ធ​ជូន​រដ្ឋ។ ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​ពួកគេ​ភៀសខ្លួន​ដោយសារ​រដ្ឋាភិបាល​ឯក​បក្ស​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ពុំ​មែន​ជា​ជន​ក្បត់ជាតិ​ដូច​ការចោទប្រកាន់​របស់​មេ​ប៉ូលិស​ខ្មែរ​នោះ​ទេ៖ «ហើយ​សារ​នេះ​ជា​សារ​តម្រូវ​ចិត្ត​លោក ហ៊ុន សែន ដែល​ថា​ការទប់ស្កាត់​សកម្មជន​បក្ស​ប្រឆាំង​ថា ជា​យុទ្ធសាស្ត្រ​របស់​លោក​ហ៊ុន សែន តែ​ផ្ទុយទៅវិញ​របប​ក្រុងភ្នំពេញ​ធ្វើបាប​ពលរដ្ឋ​របៀប​ណា​រំលោភ​យក​ដី​និង​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ​។​ក្នុង​នោះ​មិនមែន​ជា​ក្រុមហ៊ុន​បរទេស​ទេ សុទ្ធតែជា​មន្ត្រី​គ្រាក់ៗ​និង​ឧកញ៉ា​ចំនួន​ដែល​រំលោភ​យក​ដី​ប្រជាពលរដ្ឋ។ អីចឹង​ហើយ​សួរ​ថា ប្រជាពលរដ្ឋ​ហ្នឹង​បាន​សុខ​សប្បាយ​សន្តិភាព​ពេញលេញ​ដូច​ការ​ផ្ញើ​សារ​ហ្នឹង​ដែរ​ទេ​?»

ចំណែក មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក សួន ចំរើន ថ្លែង​ថា លិខិត​ជូនពរ​ចុង​ឆ្នាំ​របស់​លោក នេត សាវឿន នេះ មិន​ឆ្លុះបញ្ចាំង​ការពិត​នៅ​ក្នុង​ប្រទេស​ឡើយ ហើយ​សារ​នេះ​កាន់តែ​ធ្វើ​លោក​ឈឺចាប់​។ លោក​បញ្ជាក់​ថា ពួក​លោក​ជា​មនុស្ស​ស្លូតត្រង់ ធ្វើការ​ដើម្បី​ជាតិ​ពិតប្រាកដ ដែល​ខុស​ពី​ក្រុម​របស់​លោក ហ៊ុន សែន ដែល​លោក​ហៅថា ជា​អ្នក​ក្បត់ជាតិ ព្រោះ​បាន​បំផ្លាញ​ព្រៃឈើ ប្រព្រឹត្ត​អំពើពុករលួយ ចាប់​មនុស្ស​ដាក់គុក​ដោយ​អយុត្តិធម៌ និង​សម្លាប់​ប្រជាធិបតេយ្យ​ដើម្បី​បាន​គ្រប់គ្រង​អំណាច​ជាដើម៖ «ជោគជ័យ​ដែល​គាត់​បាន​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ហ្នឹង​គឺជា​រឿង​អាម៉ាស់​បំផុត របស់​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​ប្រកាស​កម្ទេច​ពលរដ្ឋ​ខ្លួនឯង ដែល​ពួកគាត់​ជា​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​ស្រលាញ់​សិទ្ធិ សេរីភាព​និង​ជា​អ្នក​ចង់​សង្គ្រោះជាតិ ពី​កណ្ដាប់ដៃ​ជន​ផ្ដាច់ការ។ នៅ​ស្រុក​ខ្មែរ​គឺ​អីចឹង​អ្នក​ដែល​ចេះ​ឈឺឆ្អាល​រឿង​ជាតិ មិន​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ទេ ប៉ុន្តែ​អ្នក​ដែល​កម្ទេច​អ្នកចេះ​ស្រលាញ់​ជាតិ អ្នក​ដែល​ចេះ​ផ្គាប់ចិត្ត​លោក ហ៊ុន សែន តែងតែ​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត»

ប្រតិកម្ម​របស់​សកម្មជន​គណបក្ស​ប្រឆាំង​នេះ បន្ទាប់ពី​មេ​ប៉ូលិស​កម្ពុជា​បាន​កោតសរសើរ​សមត្ថកិច្ច ដែល​បាន​បង្ក្រាប​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ពេល​កន្លង​ទៅ។ លោក នេត សាវឿន បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​ជូនពរ​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ឆ្នាំ​ថ្មី​នៅ​ថ្ងៃ​ទី​៣១ ធ្នូ​ថា រយៈពេល​កន្លង​ទៅ កងកម្លាំង​នគរបាល​ជាតិ បាន​ខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​​សាធារណៈ និង​សុវត្ថិភាព​សង្គម ជាពិសេស​ទប់ស្កាត់ និង​បង្ក្រាប​បាន​ទាន់​ពេល​វេលា​ចំពោះ​គម្រោង​ធ្វើ​រដ្ឋប្រហារ និង​ផែនការ​ធ្វើ​បដិវត្ត​ពណ៌​របស់​សកម្មជន​បក្ស​ប្រឆាំង ដែល​ចង់​ទម្លាក់​រដ្ឋាភិបាល​ពី​អំណាច។ មេ​ប៉ូលិស​រូប​នេះ​បាន​ហៅ សកម្មជន​បក្ស​ប្រឆាំង​ដែល​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ថា ជា​ក្រុម​ឧទ្ទាម​ក្បត់ជាតិ ដែល​ប៉ុនប៉ង​បង្ក​អសន្តិសុខ​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​។ ទន្ទឹម​នឹង​ការ​ចោទ​បក្ស​ប្រឆាំង​បែបនេះ លោក នេត សាវឿន បាន​ហៅ​លោក ហ៊ុន សែន ថា ជា​មេដឹកនាំ​ក្លាហាន ស្រលាញ់​សន្តិភាព និង​ស្មោះស្ម័គ្រ​ចំពោះ​ជាតិ សាសនា និង​ព្រះមហាក្សត្រ។

កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង។
កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង។ រូប​ហ្វេសប៊ុក Sreysors Ly

ផ្ទុយ​ពី​ការ​លើកឡើង​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​នេះ អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើង​ថា ផែនការ​វិល​ចូល​ស្រុក​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ គឺ​ជា​ការអនុវត្ត​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ពុំ​មែន​ជា​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ជា​ទង្វើ​ក្បត់ជាតិ​ឡើយ។ អ្នកវិភាគ​រូប​នេះ ចាត់​ទុក​លិខិត​ជូនពរ​របស់​មេ​ប៉ូលិស​នេះ ថា សារ​គ្មាន​ប្រយោជន៍​ដល់​សង្គម និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មើល​មុខ​គ្នា​មិន​ចំ ដោយសារ​មាន​និន្នាការ​នយោបាយ​ខុសគ្នា៖ «មកដល់​បច្ចុប្បន្ន​យើង​មិនទាន់​អាច​និយាយ​ថា អ្នកណា​មួយ ក្បត់ជាតិ​បានទេ។ ខ្ញុំ​គិត​ថា ការ​ចោទ​ប្រកាន់​​ទៅ​លើ​ក្រុម​ប្រឆាំង​ គឺជា​អ្នក​ក្បត់ជាតិ គឺ​ជា​ពួក​ឧទ្ទាម​ហ្នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​សន្តិភាព ខ្ញុំ​គិត​ថា ពាក្យ​ទាំងអស់​នេះ​គឺ ជា​ការ​ប្រើប្រាស់​ហួស​ទិដ្ឋភាព​ជាក់ស្ដែង​ហើយ ក៏​វា​បង្ហាញ​​ថា ភាព​យល់ដឹង​អំពី​ប្រជាធិបតេយ្យ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​មាន​កម្រិត»

កញ្ញា​សង្កត់ធ្ងន់​ថា ចំពោះ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល គួរតែ​ផ្ញើ​សារ​ជូនពរ​បែប​ផ្សះផ្សា​ជាតិ ដែល​ធ្វើ​ឱ្យ​ការ​ជាប់​គាំង​នយោបាយ​បាន​ធូរស្រាល ដូចជា​ការ​ជំរុញ​ឱ្យ​មេដឹកនាំ​គណបក្ស​កាន់អំណាច​និង​គណបក្សប្រឆាំង​ងាក​មក​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ជាដើម។

សកម្មជន​គណបក្ស​ប្រឆាំង​អះអាង​ថា ពួកគាត់​នៅតែ​បន្ត​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ទាមទារ​ឱ្យ​លោក ហ៊ុន សែន ឈប់​ធ្វើទុក្ខ​ទុក្ខបុកម្នេញ​ពួកគាត់ និង​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល